ប្រទេសចិន ប្រកាសបើកធ្វើសមយុទ្ធជាថ្មីទៀតដោយឡោមព័ទ្ធកោះតៃវ៉ាន់ ស្របពេលដែលប្រធានាធិបតីដែនកោះនេះបានទទួលជួបនឹងគណៈប្រតិភូសភាអាមេរិកនៅថ្ងៃចន្ទ ទី១៥ ខែសីហា នេះ។
ការមកដល់របស់ប្រតិភូសភាអាមេរិកមួយក្រុមថ្មីនេះ គឺរយៈពេល ១២ថ្ងៃបន្ទាប់ពីអ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកបានមកជួបប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ក្នុងដំណើរទស្សនកិច្ចដែលនាំឲ្យចិនធ្វើសមយុទ្ធយ៉ាងសម្បើមឡោមព័ទ្ធកោះតៃវ៉ាន់សឹងតែផ្ទុះសង្គ្រាម។
ទីភ្នាក់ងារសារព័ត៌មាន Associated Press បានចុះផ្សាយនៅថ្ងៃទី១៥ សីហា នេះថា ទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកមួយក្រុមថ្មីនេះ គឺជាការបង្ហាញកាន់តែច្បាស់ថែមទៀតនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះដែនអធិបតេយ្យតៃវ៉ាន់ ដែលប្រកាន់ខ្ជាប់នូវការប្រឈមមុខនឹងសម្ពាធរបស់ចិន។
គណៈប្រតិភូសភាអាមេរិកមួយក្រុមដែលមានគ្នា ៥នាក់ នឹងចាកចេញពីដែនកោះតៃវ៉ាន់វិញនៅល្ងាចថ្ងៃចន្ទ ទី១៥ សីហា តាមជើងយន្តហោះរបស់កងទ័ពអាកាសអាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់ បានឲ្យដឹងថា អំឡុងពេលដែលក្រុមសមាជិកសភាអាមេរិកាំងកំពុងស្ថិតនៅលើកោះតៃវ៉ាន់ ចិនបានបញ្ជូនយន្តហោះជាច្រើនគ្រឿងឲ្យហោះចូលដែនអាកាសតៃវ៉ាន់ ហើយនាវាចម្បាំងជាច្រើនគ្រឿងបានបើកឡោមព័ទ្ធដែនកោះនេះដោយបើកមកក្បែរនឹងច្រាំងសមុទ្ររបស់តៃវ៉ាន់តែម្ដង។
ចិនបានប្រកាសប្រាប់ពិភពលោកថា តៃវ៉ាន់ និងច្រកសមុទ្រតៃវ៉ាន់ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ចិន។ ក្រុងប៉េកាំងអះអាងថា នេះបើយោងតាមសេចក្ដីសម្រេចនៃដំណោះស្រាយលេខ ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានបោះឆ្នោតដកហូតអាសនៈនៃរបបសាធារណរដ្ឋចិន មកឲ្យរបបសាធារណរដ្ឋប្រជាមានិតចិន គឺបក្សកុម្មុយនីស្តចិន។
បក្សកុម្មុយនីស្តចិនប្រឆាំងដាច់ខាតចំពោះប្រទេសណាមួយដែលទទួលស្គាល់តៃវ៉ាន់ជាដែនដីឯករាជ្យពីចិន។ នៅពេលទទួលដំណឹងថា ប្រតិភូសភាអាមេរិកមកដល់កោះតៃវ៉ាន់មួយក្រុមថ្មីទៀតនេះ កងទ័ពរំដោះប្រជាជនចិនបានប្រកាសបើកសមយុទ្ធជាថ្មីទៀត។
ក្រសួងការពារជាតិចិន ប្រកាសថា ការធ្វើសមយុទ្ធនេះដោយចាត់ទុកថាជាការប្រឆាំងនឹងវត្តមានរបស់ប្រតិភូសភាអាមេរិក ដោយចោទថាសហរដ្ឋអាមេរិកកំពុងបង្ហាញការបង្ករឿងជាមួយចិនកាន់តែជាក់ស្ដែងហើយ។ គណៈប្រតិភូសភាអាមេរិកមួយក្រុមនេះដឹកនាំដោយសមាជិកព្រឹទ្ធសភាលោក Ed Markey។
ក្រុមសភាសហរដ្ឋអាមេរិកបានជួបសមាជិកសភាជាន់ខ្ពស់របស់កោះតៃវ៉ាន់ និងប្រធានាធិបតី អ្នកស្រី សាយ អ៊ឹងវិន។ មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ទទួលបន្ទុកគោលនយោបាយនៅតំបន់អាស៊ី បាននិយាយថា ចិនកំពុងយកលេសនៃការធ្វើទស្សនកិច្ចរបស់មន្ត្រីអាមេរិកដើម្បីបង្កឱ្យមានវិបត្តិនៅច្រកសមុទ្រតៃវ៉ាន់ ហើយគំរាមតៃវ៉ាន់ដោយមធ្យោបាយកម្លាំងទ័ព។

លោក Kurt Campbell ជំនួយការរងរបស់ប្រធានាធិបតី លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មានថា ចិនប្រតិកម្មគំរាមតៃវ៉ាន់ដូចនេះ គឺហួសព្រំដែនទៅហើយ។ លោកថា ចិន និងតៃវ៉ាន់គួរគោរពគ្នាទៅវិញទៅមកដោយឈរលើការផ្ដល់ការយោគយល់គ្នា។ នៅពេលស្ថានការណ៍នៅកោះតៃវ៉ាន់ឡើងកំដៅខ្លាំងកាលពីដើមខែសីហា ព្រោះតែចិនគំរាមអាមេរិកជុំវិញគម្រោងទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ហើយអ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានព្រមានចិនវិញថា អាមេរិកជាមហាអំណាច គឺមិនអាចទទួលយកបានទេនូវការព្រមានណាមួយមកលើអធិបតេយ្យភាពរបស់អាមេរិក។
លោកបញ្ជាក់ថា ឆាប់ៗនេះ កងនាវាចម្បាំង និងកងយន្តហោះចម្បាំងអាមេរិកនឹងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្ហាញថា ច្រកសមុទ្រតៃវ៉ាន់ជាផ្លូវនាវាចរណ៍អន្តរជាតិ។ លោកបន្តថា អាមេរិកមានផែនការធ្វើឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកជាលំហសមុទ្រអន្តរជាតិ។ ប៉ុន្តែចិនប្រកាសចោទសហរដ្ឋអាមេរិកថាមានផែនការលើកទឹកចិត្តតៃវ៉ាន់ឱ្យស្វែងរកសម្ពន្ធភាពផ្សេងៗទៀត ដើម្បីប្រកាសតៃវ៉ាន់ជារដ្ឋឯករាជ្យ។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានថ្លែងនៅក្នុងវេទិកាអន្តរជាតិមួយនៅប្រទេសបង់ក្លាដេស កាលពីថ្ងៃអាទិត្យ ទី៧ ខែសីហា នេះថា តៃវ៉ាន់មិនមែនជាផ្នែកមួយនៃអធិបតេយ្យភាពរបស់អាមេរិកនោះទេ គឺតៃវ៉ាន់ជាដែនដីអធិបតេយ្យរបស់ចិន។ លោកបន្តថា សហរដ្ឋអាមេរិកមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិននោះទេ ហើយក៏មិនមានច្បាប់ណាបញ្ជាក់ថា តៃវ៉ាន់ជាដែនដីផ្សេងពីចិននោះដែរ។
លោកទទូចឲ្យអាមេរិក និងប្រទេសមួយចំនួនបញ្ឈប់ការចូលខ្លួនពាក់ព័ន្ធ និងតាំងខ្លួនជាខ្នងបង្អែករបស់តៃវ៉ាន់។
នៅមុន និងអំឡុងអ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ កាលពីថ្ងៃទី២ ខែសីហា ចិនបានបញ្ជានាវាចម្បាំង ១៣គ្រឿង និងយន្តហោះចម្បាំងជាង ១០០គ្រឿងឱ្យធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់ និងបញ្ជាឲ្យយន្តហោះចម្បាំងហោះចូលដែនអាកាសតៃវ៉ាន់យ៉ាងសម្បើមរយៈពេលមួយសប្ដាហ៍។
មិនតែប៉ុណ្ណោះ ចិនបានបាញ់មីស៊ីលផ្លោងអន្តរទ្វីបចំនួន ១១គ្រាប់ឱ្យហោះរំលងកោះបតៃវ៉ាន់ ដោយធ្លាក់ទៅសមុទ្រចិនខាងកើត។ នៅអំឡុងពេលនោះ អាមេរិកបញ្ជូននាវាចម្បាំងជាច្រើនគ្រឿង និងក្រុមនាវាផ្ទុកយន្តហោះ USS Ronald Regan ទៅដាក់ពង្រាយភ្លាមៗនៅតំបន់សមុទ្រជាប់នឹងកោះតៃវ៉ាន់ ដែលត្រូវបានគេមើលឃើញថា អាមេរិកពង្រឹងស្មារតីរដ្ឋាភិបាល និងកងទ័ពតៃវ៉ាន់ឲ្យទប់ទល់នឹងសម្ពាធរបស់កងទ័ពចិន៕