កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានច្រានចោលការចោទប្រកាន់ថា ខ្លួននៅពីក្រោយឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវជាក្មួយប្រសារបស់លោក ហ៊ីង ប៊ុនហៀង ដែលជាមេអង្គរក្សលោក ហ៊ុន សែន ក្នុងគម្រោងដោះដូរដីភ្នំតាម៉ៅ។
ការចេញបកស្រាយរបស់លោក ហ៊ុន ម៉ាណែត បន្ទាប់ពីស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានមួយកាលពីពេលថ្មីៗនេះថា លោក ហ៊ុន ម៉ាណ៉ែត ជាអ្នកនៅពីក្រោយឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងការដោះដូរ និងឈូសឆាយដីព្រៃភ្នំតាម៉ៅ ជិត ៦០០ហិកតារ ក្រោយពីទទួលបានដីព្រៃចំនួន ១៥០០ហិកតារដើម្បីធ្វើការអភិវឌ្ឍ។
លោក ហ៊ុន ម៉ាណែត ចាត់ទុកការចោទប្រកាន់នោះថាជាចេតនាទុច្ចរិតក្នុងគោលបំណងកេងចំណេញនយោបាយ ទើបបង្កើត និងប្រឌិតរឿងដើម្បីវាយប្រហាររូបលោកដោយគ្មានភស្តុតាង ឬមួយដឹងហើយ ប៉ុន្តែធ្វើភ្លើទៅវិញ។ លោកបន្តថា លោក ឡេង ណាវ៉ាត្រា មានទ្រព្យសម្បត្តិ និងក្លាយជាឧកញ៉ាដោយសារការរកស៊ីចំណេញដីធ្លី បន្ទាប់ពីធ្វើជាពលករនៅប្រទេសកូរ៉េ មិនមែនដោយសារចូលរួមក្នុងក្រុមយុវជនដែលដឹកនាំដោយរូបលោក ទើបមានទ្រព្យសម្បត្តិឡើយ។
គួរកត់សម្គាល់ថា ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ចេញលុយចាយវាយ រៀបចំកម្មវិធីជួបជុំជប់លៀងនៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស។
លោក ហ៊ុន ម៉ាណែត បកស្រាយថា ខ្លួនមិនដែលធ្វើជាអ្នករត់ការដីរដ្ឋសូម្បីតែ ១ការ៉េ ឬតិចជាង ១០០០ការ៉េ ក៏ខ្លួនមិនដែលប៉ះពាល់ដែរ ទោះបីកន្លងមកមានឧកញ៉ាមួយបានមកពឹងពាក់ខ្លួនក៏ដោយ។
ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា លោក ហ៊ុន ម៉ាណែត ធ្វើជាប្រឹងការពារឧកញ៉ា ឡេង ណាវ៉ាត្រា ដែលគ្រាន់តែជាអ្នកចាំធ្វើតាមគ្រួសារ ហ៊ុន ប៉ុន្តែខ្លឹមសារពិតខំនិយាយការពារលោក ហ៊ុន សែន ជាឪពុក ការពារខ្លួនឯង និងប្រយោជន៍គ្រួសារហ៊ុន ព្រោះករណីឧក្រិដ្ឋកម្មព្រៃធម្មជាតិភ្នំតាម៉ៅនេះ លោក ហ៊ុន សែន សារភាពកាលពីថ្ងៃទី១៧ សីហា ថាជាកំហុសរបស់គាត់។
លោកបន្តថា រឿងព្រៃភ្នំតាម៉ៅ ត្រូវតែនាំខ្លួនលោក ហ៊ុន សែន ឲ្យទៅប្រឈមចំពោះមុខច្បាប់ដោយផ្អែកលើហេតុផលពីរ៖
- ទី១ លោក ហ៊ុន សែន សារភាពថា គាត់មានកំហុសដែលត្រូវកាត់ទោស
- ទី២ លោក ហ៊ុន សែន តែងតែអួតថា ប្រទេសកម្ពុជាជានីតិរដ្ឋ។
លោក គឹម សុខ ថាប្រទេសមាននីតិរដ្ឋ ត្រូវតែហ៊ានអនុវត្តច្បាប់នាំខ្លួនជនល្មើសទៅផ្ដន្ទាទោស ទោះអ្នកនោះមានឋានៈប៉ុនណាក្នុងតំណែងក៏ដោយ។ ជាឧទាហរណ៍ ដូចគំរូប្រទេសនីតិរដ្ឋកូរ៉េខាងត្បូង ដែលចាប់ខ្លួនប្រធានាធិបតីក្នុងតំណែងទៅកាត់ទោស។
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ លោក ហ៊ុន សែន ក៏សម្រេចលុបចោលវិញ និងបានឲ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទទួលខុសត្រូវដោយដាំដើមឈើឡើងវិញ ក្រោយពីក្រុមហ៊ុននេះបានឈូសឆាយដីព្រៃភ្នំតាម៉ៅជិត ៦០០ហិកតារ។ ការសម្រេចរបស់លោក ហ៊ុន សែន ក្រោយពីមានប្រតិកម្មខ្លាំងពីប្រជាពលរដ្ឋ និងសាធារណជនពាក់ព័ន្ធនឹងការកាត់ដីព្រៃតំបន់ភ្នំតាម៉ៅឲ្យក្រុមហ៊ុនឯកជនឈូសឆាយ៕