បុរសខ្លាំងកម្ពុជាសល់ពីរបបយង់ឃ្នងក្រាញអំណាច លោក ហ៊ុន សែន អះអាងថា បើលោក ហ៊ុន ម៉ាណែត ចង់ធ្វើជានាយករដ្ឋមន្ត្រី គឺត្រូវតែដឹកនាំឲ្យដូចរូបលោក ហើយអាចនឹងបណ្តេញចេញពីបក្ស បើធ្វើខុសពីគោលការណ៍របស់បក្សប្រជាជនកម្ពុជា ព្រោះលោកនឹងមិនបណ្តោយឲ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជាត្រូវបំផ្លាញដោយស្នាដៃរបស់លោក ហ៊ុន ម៉ាណែត ឡើយ។
មេដឹកនាំដែលវៀតណាមលើកបន្តុបជាង ៤ទសវត្សរ៍ លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ថា ប្រសិនបើកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត មិនមានលក្ខណៈសម្បត្តិគ្រប់លក្ខខណ្ឌអាចធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីបានទេ នោះក៏លោកមិនអនុញ្ញាតឲ្យធ្វើជានាយករដ្ឋមន្ត្រីដែរ ព្រោះថាលោកនឹងមិនឲ្យកម្ពុជា និងគណបក្សកាន់អំណាចសព្វថ្ងៃនេះត្រូវបំផ្លាញដោយស្នាដៃរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសបង្កើតរបស់លោកនោះឡើយ។
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា លោកមិនមែនអប់រំកូនឲ្យធ្វើចោរនោះទេ គឺឲ្យកូនរបស់លោកធ្វើជាអ្នកធំ ប៉ុន្តែបើលោក ហ៊ុន ម៉ាណែត មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទោះជាបក្សប្រជាជន កម្ពុជាព្រមឲ្យធ្វើជានាយករដ្ឋមន្ត្រី ក៏លោកមិនព្រមដែរ ព្រោះថាលក្ខណៈសម្បត្តិរបស់មេដឹកនាំខ្មែរ គឺត្រូវតែធានាឱ្យកម្ពុជាមានស្ថិរភាពបន្តពីការដឹកនាំរបស់លោក។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់បានចោទប្រកាន់លោក ហ៊ុន ម៉ាណែត ថាធ្លាប់ទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីសុំការគាំទ្រពីវៀតណាម ឲ្យបានធ្វើជាបេក្ខភាពជានាយករដ្ឋមន្ត្រី។ ត្រង់ចំណុចនេះ លោក ហ៊ុន សែន បានបដិសេធថាជារឿងមិនពិត។
លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនមានតម្រូវការទៅសុំការគាំទ្រពីបរទេសជិតខាងណាមួយ ដើម្បីឲ្យគាំទ្រខ្លួនធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅកម្ពុជានោះឡើយ ប៉ុន្តែគឺត្រូវមានការគាំទ្រពីគណបក្សប្រជាជនកម្ពុជាខ្លួនឯងតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ សីហា នេះថា នៅពេលដែលលោក ហ៊ុន សែន ចង់ឲ្យកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ឲ្យដឹកនាំដូចរូបលោក តើលោក ហ៊ុន សែន មានគំរូនយោបាយល្អសម្រាប់កូនប្រុសរបស់គាត់ឲ្យអនុវត្តតាមដែរឬទេ ស្របពេលដែលការដឹកនាំរបស់គាត់សព្វថ្ងៃនេះ រងនូវការរិះគន់ជុំទិសពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ការដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ ត្រូវគេមើលឃើញថាកំពុងតែដឹកនាំកម្ពុជាទៅរកការជិះជាន់សិទ្ធិពលរដ្ឋ ជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ បង្កើតឲ្យមានអំពើនិទ្ទណ្ឌភាពក្នុងសង្គម ប្រព្រឹត្តអំពើពុករលួយ និងដឹកនាំឆ្ពោះទៅរកការជំពាក់បំណុលបរទេសវ័ណ្ឌក ដែលអាចនឹងធ្វើឲ្យកម្ពុជាបាត់បង់អធិបតេយ្យជាតិរបស់ខ្លួននៅថ្ងៃអនាគតផងដែរ។
កម្ពុជានៅក្រោមការដឹកនាំរបស់បុរសខ្លាំងដើរបញ្ច្រាសទិស លោក ហ៊ុន សែន ជាង ៤០ឆ្នាំមកនេះ ត្រូវគេមើលឃើញថាកំពុងបោះជំហានធ្លាក់ក្នុងជ្រោះមរណៈដ៏សែនជ្រៅ ដែលគ្មានសង្ឃឹមនឹងអាចស្រោចស្រង់វិញបាននោះទេ ពីព្រោះលោក ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងខុសច្បាប់ដែលសុទ្ធសឹងតែជាសន្ធិសញ្ញាកាត់ទឹកដីខ្មែរឲ្យទៅវៀតណាមដោយស្របច្បាប់រហូតមក។ ជាងនេះទៀត ក៏បើកផ្លូវឲ្យនិគមជនវៀតណាមខុសច្បាប់ចូលទៅរស់នៅកម្ពុជាយ៉ាងអនាធិបតេយ្យថែមទៀត ជាថ្នូរនឹងការជ្រោមជ្រែងអំណាចពីរដ្ឋាភិបាលវៀតណាម។
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន សែន ប្រកាសជាសាធារណៈថា លោកគាំទ្រកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជនផ្សេងទៀតដែលនឹងឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោក ព្រោះថាក្នុងនាមលោកជាឪពុក មានតួនាទីគាំទ្រកូនរបស់ខ្លួនឲ្យធ្វើជាអ្នកធំ មិនមែនជារឿងដែលខុសនោះឡើយ៕