28 C
Phnom Penh

តើ​លោក ស ខេង ជា​នរណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​នយោបាយ​ចាស់ទុំ​មួយ​រូប​ក្នុង​ចំណោម​ឥស្សរជន​នយោបាយ​មួយ​ចំនួន​ទៀត​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​នៅ​កម្ពុជា។

ថ្វីបើ​ប្រធាន​គណបក្ស​នេះ គឺ​លោក ហ៊ុន សែន ត្រូវ​បាន​មហាជន​ចាត់ទុក​ថា​កំពុង​អនុវត្ត​អំណាច​ផ្ដាច់ការ ឃោរឃៅ និង​ហិង្សា​ទៅ​លើ​មន្ត្រី​របស់​បក្ស​ខ្លួន និង​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ក៏ដោយ ប៉ុន្តែ​ទស្សនៈ​ភាគច្រើន​តែង​មើល​ឃើញ​ថា លោក ស ខេង គឺជា​បុគ្គល​ដែល​មាន​លក្ខណៈ​សម្បត្តិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​បក្ស​កាន់​អំណាច ដែល​ជា​អតីត​បក្ស​កុម្មុយនីស្ត​មួយ​នេះ។

តើ​របៀប​ដឹកនាំ​របស់​លោក ស ខេង ដូច​លោក ហ៊ុន សែន ដែរ​ឬ​ទេ? តើ​គាត់​មាន​ប្រវត្តិ និង​ចរិត​នយោបាយ​យ៉ាង​ដូចម្តេច?

លោក ស ខេង កើត​នៅ​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​១៩៥១ ក្នុង​ភូម​អណ្តូងស្អាត ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង។ គេ​ពុំ​ឃើញ​មាន​ឯកសារ​ណា​បញ្ជាក់​អំពី​ប្រវត្តិ​នៃ​ការ​សិក្សា​របស់​គាត់​ច្បាស់លាស់​នោះ​ទេ ប៉ុន្តែ​ឯកសារ​ខ្លះ​បាន​ផ្តល់​ព័ត៌មាន​ដោយ​ខ្លី​ថា លោក ស ខេង រៀន​បាន​សញ្ញាបត្រ​មធ្យមសិក្សា​កម្រិត​១ នៅ​អនុវិទ្យាល័យ​ថ្នល់កែង ក្នុង​ខេត្ត​ព្រៃវែង ហើយ​ក្រោយ​មក លោក​ទទួល​បាន​សញ្ញាបត្រ​ថ្នាក់​ឧត្ដមសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ។

ឯកសារ​ពាក់ព័ន្ធ​ទាំងនោះ​ពុំ​បាន​បញ្ជាក់​អំពី​ប្រវត្តិ និង​ព័ត៌មាន​ពិស្ដារ​អំពី​ការ​សិក្សា​របស់​គាត់​ឡើយ ជាពិសេស​ថា​តើ​គាត់​រៀន​នៅ​ថ្នាក់​ឧត្ដមសិក្សា​ផ្អែក​វិទ្យាសាស្ត្រ​នយោបាយ​នោះ​នៅ​ពេល​ណា និង​នៅ​ទីណា​ជាដើម។ ជាទូទៅ មេដឹកនាំ​ដែល​មាន​វ័យ​ចំណាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឬ CPP ពុំ​សូវ​បាន​ទទួល​ការ​រៀនសូត្រ​ច្បាស់លាស់​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ។ នេះ​ប្រហែល​ជា​ស្ថានភាព​សង្គម ឬ​ផ្នត់​គំនិត​របស់​ពលរដ្ឋ​ខ្មែរ​នា​សម័យ​នោះ។

បច្ចុប្បន្ន​នេះ លោក ស ខេង មាន​មុខងារ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ឧបនាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ហើយ​ក៏​មាន​តួនាទី​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។

ភរិយា​របស់​លោក គឺ​អ្នកស្រី ញ៉ែម សាខន មាន​កូន​បី​នាក់ ប្រុស​ពីរ​នាក់ ស្រី​ម្នាក់។ កូនប្រុស​របស់​លោក ស ខេង គឺ​លោក ស សុខា និង​លោក ស រដ្ឋា ចំណែក​កូនស្រី គឺ​លោកស្រី ស ស៊ីណា។ កូនប្រុស​ទាំង​ពីរ​របស់​លោក ស ខេង កំពុង​កាន់​តួនាទី​នៅ​តាម​ក្រសួង និង​ស្ថាប័ន​របស់​រដ្ឋ។

លោក ស សុខា ជា​អតីត​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង ហើយ​បច្ចុប្បន្ន​លោក​មាន​តួនាទី​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មាន​ក្របខ័ណ្ឌ​ដើម​ជា​នាយ​នគរបាល​ជាតិ​ថ្នាក់​ឧត្តមសេនីយ៍​ក្រសួង​មហាផ្ទៃ។ លោក​ទទួល​បាន​ការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក (ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៩១៨/៩៩៣ ចុះ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨។

ការ​ដំឡើង​ឋានន្តរស័ក្តិ​ដល់​លោក ស សុខា ធ្វើឡើង​ក្រោយ​ការ​បង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ភ្លាមៗ។ ចំណែក​កូនប្រុស​ពៅ​របស់​លោក ស ខេង គឺ​លោក​ឧត្តមសេនីយ៍ឯក ស រដ្ឋា អត្តលេខ​៥៤៨៥៧ ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ។ រីឯ​លោកស្រី ស ស៊ីណា មិន​មាន​ប្រភព​បញ្ជាក់​ថា លោកស្រី​មាន​តួនាទី​នៅ​ក្រសួង ឬ​ស្ថាប័ន​ជាតិ​ណា​មួយ​នៅ​ឡើយ​ទេ។

លោក ស ខេង ក្រៅពី​តួនាទី​ជា​ថ្នាក់​ដឹកនាំ​នៅ​ក្រសួង​មហាផ្ទៃ និង​ជា​ឥស្សរជន​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ក៏​ជា​សមាជិក​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង។

ក្រោយ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៩៣ លោក ស ខេង បាន​ក្លាយ​ជា​សហរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រហូត​ដល់​ឆ្នាំ​២០០៦ ទើប​គាត់​បាន​កាន់​តួនាទី​នេះ​តែ​ម្នាក់ឯង។ ក្រៅពី​នេះ លោក ស ខេង ក៏​ជា​តំណាងរាស្ត្រ​ក្នុង​ខេត្ត​បាត់ដំបង ចាប់ពី​ឆ្នាំ​១៩៩៣ មក និង​ធ្លាប់​ជា​អនុប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​នៃ​រដ្ឋ​កម្ពុជា។

គេ​ពុំ​ឃើញ​មាន​កំណត់ត្រា​ណា​និយាយ​ច្រើន​អំពី​ប្រវត្តិ​តស៊ូ​នយោបាយ​របស់​លោក ស ខេង ឡើយ ក្រៅតែ​ពី​ការ​ពិពណ៌នា​ខ្លី​ថា ដូច​គ្នា​នឹង​មេដឹកនាំ CPP ដទៃ​ទៀត​ដែរ គាត់​ក៏​ជា​កម្មាភិបាល​មួយ​រូប​នៃ​របប​ខ្មែរក្រហម និង​ជា​ប្អូនថ្លៃ​របស់​លោក ជា ស៊ីម ដែល​ជា​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​សព្វថ្ងៃ។ លោក ជា ស៊ីម បាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥ ដោយ​ជរាពាធ​ក្នុង​ជន្មាយុ ៨៣​វស្សា។ លោក​ក៏​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​មួយ​រូប​ដែរ​ដែល​បាន​រត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម ហើយ​ក្រោយ​មក លោក​បាន​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​កងទ័ព​រណសិរ្ស​រំដោះ​ជាតិ​កម្ពុជា គាំទ្រ​ដោយ​កងទ័ព​វៀតណាម បាន​ទទួល​ជ័យជម្នះ​លើ​កងទ័ព​ខ្មែរក្រហម​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។ ក្រោយ​មក លោក ជា ស៊ីម បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩១ រហូត​មក​ទល់​ថ្ងៃ​ចុងក្រោយ​នៃ​ជីវិត​របស់​លោក។

ចំណែក​លោក ស ខេង ដែល​ជា​ប្អូនថ្លៃ​របស់​លោក ជា ស៊ីម រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​នយោបាយ​កណ្តាល ដែល​តែង​ស្វែងរក​កែ​ទម្រង់ និង​សម្របសម្រួល​ផ្ទៃក្នុង​បក្ស​ប្រជាជន​កម្ពុជា។

នៅ​ក្នុង​អំឡុង​ចុង​ទសវត្ស​ឆ្នាំ​១៩៩០ ពួក​អ្នក​សង្កេតការណ៍​មកពី​បណ្តា​ប្រទេស​លោក​ខាងលិច​គិត​ថា លោក ស ខេង អាច​ជា​អ្នក​នយោបាយ​កែទម្រង់​មួយ​រូប។ ជាមួយ​គ្នា​នេះ គេ​ក៏​កត់សម្គាល់​ដែរ​ថា ការ​ថ្លែង​សារ​នយោបាយ​របស់​លោក ស ខេង ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ហាក់​មាន​ភាព​ចាស់ទុំ និង​មាន​ការ​ទទួល​ខុសត្រូវ​ជាង​ចៅហ្វាយ​របស់​លោក គឺ​លោក ហ៊ុន សែន។

ក្នុង​ខណៈ​ដែល​លោក ហ៊ុន សែន តែងតែ​ថ្លែង​សារ​នយោបាយ​ដោយ​ហិង្សា គេ​ពុំ​ដែល​ឮ​លោក ស ខេង ថ្លែង​សារ​បែប​នោះ​ឡើយ។

នៅ​ពេល​ដែល​លោក ហ៊ុន សែន តែងតែ​គំរាម​ចាប់ និង​សម្លាប់​ក្រុម​បក្ស​ប្រឆាំង និង​ក្រុម​សិទ្ធិមនុស្ស គេ​ពុំ​ដែល​ឮ​លោក ស ខេង ធ្វើ​បែប​នោះ​ឡើយ។

លើស​ពី​នេះ​ទៅ​ទៀត នៅ​ពេល​ដែល​លោក ហ៊ុន សែន គំរាម​ក្រុម​ប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស​ថា​មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌ លោក ស ខេង ថ្លែង​ថា អំពើ​អយុត្តិធម៌​សង្គម គឺជា​ដើមចម​នៃ​ការ​បង្កើត​បដិវត្តន៍​ពណ៌។ ក្រៅតែ​ពី​ចំណុច​ទាំងនេះ គេ​តែងតែ​សង្កេត​ឃើញ​លោក ស ខេង រមែង​បង្ហាញ​នូវ​ជំហរ និង​ទស្សនៈ​ផ្ទុយ​ពី​លោក ហ៊ុន សែន។

កាលពី​ខែ​ធ្នូ ឆ្នាំ​២០២១ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សមាជិក​ជាន់ខ្ពស់​ចំនួន ៣៦​រូប បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់​លោក ហ៊ុន សែន ចំពោះ​ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី ដោយ​ចាត់ទុក​ថា​លោក ហ៊ុន ម៉ាណែត មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​កាន់​តំណែង​កំពូល​នា​ពេល​អនាគត។

ថ្លែង​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង កាលពី​ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ទោះបី​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មួយ​រូប​ក៏ដោយ ក៏​មិន​ទាន់​អាច​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នោះ​ដែរ។ លោក​ពន្យល់​ថា លោក ហ៊ុន ម៉ាណែត មិន​ទាន់​អាច​ដល់​ពេល​មក​ធ្វើ​នាយករដ្ឋមន្ត្រី​ភ្លាមៗ ខណៈ​មេដឹកនាំ​ចាស់ៗ​ដូចជា​លោក ហេង សំរិន លោក សាយ ឈុំ លោក ស ខេង លោក ទៀ បាញ់ ដែល​ជា​អ្នក​តស៊ូ​ពី​មុន​មក​កំពុង​ឈរជើង​នៅ​ក្នុង​ជួរ​បក្ស​នោះ​ទេ។

លោក​និយាយ​ថា ទោះបី​កូន​មេដឹកនាំ​កំពូលៗ​ដូចជា​កូន​របស់​លោក ស ខេង កូន​របស់​លោក ទៀ បាញ់ ឬ​កូនៗ​របស់​ឧបនាយករដ្ឋមន្ត្រី​ផ្សេង​ទៀត​ក៏ដោយ ហើយ​កូន​របស់​លោក ជាម យៀប ក្តី សូម​ដាក់​បេក្ខជន​ឲ្យ​ច្រើន រួច​ហើយ​នាំគ្នា​បោះឆ្នោត​នៅ​ក្នុង​បក្ស​ទៅ។ កូនប្រុស​របស់​លោក ស ខេង គឺ​លោក ស សុខា ចំណែក​កូន​របស់​លោក ទៀ បាញ់ គឺ​លោក ទៀ សីហា រីឯ​កូន​របស់​លោក ជាម យៀប គឺ​លោក ជាម ច័ន្ទសោភ័ណ្ឌ ជាដើម។

លោក ជាម យៀប បច្ចុប្បន្ន​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ដោយ​មាន​កូនប្រុស​របស់​លោក គឺ​លោក ជាម ច័ន្ទសោភ័ណ្ឌ ជា​អភិបាល​ខេត្ត​ត្បូងឃ្មុំ។ លោក ទៀ សីហា ជា​អភិបាល​ខេត្ត​សៀមរាប ខណៈ​លោក ស សុខា ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ។

ប្រាំ​ថ្ងៃ​ក្រោយ​ការ​ប្រកាស​របស់​នាយករដ្ឋមន្ត្រី​ក្នុង​ការ​គាំទ្រ​កូនប្រុស​ច្បង​របស់​លោក​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ពេល​អនាគត លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មួយ​រូប​ដែរ​នោះ បាន​សរសេរ​នៅ​ក្នុង​សារ​ផ្ញើ​ជូន​ជន​រួម​ជាតិ​ថា លោក​នឹង​គោរព​តាម​ការ​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ចំពោះ​ការ​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត ដែល​អ្នកវិភាគ​ចាត់ទុក​សារ​នោះ​ថា​ជា «សារ​បែប​កណ្តាល» ដែល​មិន​គាំទ្រ​បុគ្គល​នោះ​ទេ។

លោក ស ខេង ដែល​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ប្រភព​ដ៏​ជឿ​ទុកចិត្ត​ខ្លះ​ពី​បក្ស​កាន់​អំណាច​ធ្លាប់​ទម្លាយ​ឲ្យ​ដឹង​ថា លោក​តែង​ទទួល​បាន​ការ​គាំទ្រ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក ហ៊ុន សែន នៅ​ពេល​ណា​លោក ហ៊ុន សែន អស់​សមត្ថភាព​ក្នុង​ការ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។

យ៉ាងណាមិញ លោក ហ៊ុន សែន បាន​ថ្លែង​ថា លោក ស ខេង មិន​អាច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទេ ដោយសារ​នៅ​ពេល​លោក ហ៊ុន សែន ឈប់​ធ្វើ​នាយករដ្ឋមន្ត្រី​ក្នុង​រយៈពេល​យ៉ាងតិច ៨ ទៅ ១០​ឆ្នាំ​ទៀត លោក ស ខេង មាន​វ័យ​ចំណាស់​រួច​ទៅ​ហើយ។

ភាព​ខុស​គ្នា​នៃ​ចរិត និង​សារ​នយោបាយ​រវាង​លោក ស ខេង និង​លោក ហ៊ុន សែន ប្រហែល​អាច​ក្លាយ​ជា​ហេតុផល​មិន​ល្អ​ខ្លះ​សម្រាប់​លោក ស ខេង។ គេ​សង្កេត​ឃើញ​ការ​មិន​ផ្តល់​តម្លៃ ឬ​សេចក្តី​ទុកចិត្ត​ពី​សំណាក់​លោក ហ៊ុន សែន ចំពោះ​លោក ស ខេង បាន​កើន​ឡើង​ជា​បន្តបន្ទាប់ ជាពិសេស​គឺ​នៅ​ក្រោយ​មរណភាព​របស់​ប្រធាន​គណបក្ស​នេះ គឺ​លោក ជា ស៊ីម ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៥។

ជា​ធម្មតា នាយករដ្ឋមន្ត្រី​តែងតែ​ផ្តល់​សិទ្ធិ​ដល់​ឧបនាយករដ្ឋមន្ត្រី​មួយ​រូប​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​ក្នុង​គ្រា​ដែល​ខ្លួន​មាន​បេសកកម្ម​ក្រៅ​ប្រទេស។ លោក ហ៊ុន សែន តែងតែ​ធ្វើ​បែប​នេះ​ចំពោះ​លោក ស ខេង ប៉ុន្តែ​លោក ហ៊ុន សែន លែង​ធ្វើ​បែប​នោះ​ទៀត​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ក្រៅតែ​ពី​សញ្ញា​មិន​ផ្តល់​តម្លៃ និង​ការ​ទុកចិត្ត​នោះ លោក ហ៊ុន សែន ថែម​ទាំង​បង្ហាញ​អាកប្បកិរិយា​គំរាម​កំហែង​លោក ស ខេង ទៀត​ផង

ក្នុង​យុទ្ធនាការ​តែងតាំង​កូន​របស់​ខ្លួន​ជា​បេក្ខជន​ស្នង​តំណែង​របស់​ខ្លួន​នោះ លោក ហ៊ុន សែន បាន​និយាយ​ចំ​ឈ្មោះ​លោក ស ខេង តែ​ម្តង​ថា “ខ្ញុំ​មិន​គាំទ្រ ខេង ឯង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ទេ” ក្រោយ​មក​គេ​ឃើញ​លោក ស ខេង បាន​បង្ហាញ​ជំហរ​គាំទ្រ​លោក ហ៊ុន សែន ក្នុង​ការ​តែងតាំង​កូនច្បង​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​ស្នង​តំណែង​នាយករដ្ឋមន្ត្រី។

ក្រៅពី​នេះ គេ​ក៏​សង្កេត​ឃើញ​ព្រឹត្តិការណ៍​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បាន​កើតឡើង​ក្នុង​ឆ្នាំ​២០១៩។ នៅ​យប់​ថ្ងៃទី​១៣ ខែ​កុម្ភៈ នា​ឆ្នាំ​នោះ អតីត​ព្រះចៅ​អធិការ​វត្ត​ច្បារអំពៅ គឺ​ព្រះតេជព្រះគុណ ហោ សុខុន ត្រូវ​បាន​គេ​ចាប់​ផ្សឹក​ភ្លាមៗ​ទាំង​យប់​បន្ទាប់ពី​ព្រះអង្គ​បាន​មាន​ដីកា​លើក​តម្កើង​លោក ស ខេង។

សង្ឃ​ដីកា​នោះ​បាន​ចាត់ទុក​លោក ស ខេង ជា​ផ្កាយ​សំណាង​កម្ពុជា ជា​មេដឹកនាំ​ឈាម​ត្រជាក់ គ្មាន​បាតដៃ​ប្រឡាក់​ឈាម និង​គាំទ្រ​ឲ្យ​លើក​លោក ស ខេង ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដើម្បី​បញ្ចៀស​បញ្ហា​ផ្ទៃក្នុង​ជាតិ និង​រួច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ។

ក្រៅពី​ប្រវត្តិ​ការងារ និង​ការ​ស្ថិត​ក្នុង​តួនាទី​ដ៏​យូរ​អង្វែង​ដូច​បាន​លើកឡើង​ទាំងនេះ គេ​ពុំ​ឃើញ​មាន​តឹកតាង ឬ​ឯកសារ​ណា​ដែល​បញ្ជាក់​អំពី​គុណសម្បត្តិ ឬ​សមិទ្ធផល​អ្វី​ជាក់លាក់ ដូចជា​ការ​បង្រួប​បង្រួម​ជាតិ ឬ​ការ​កែទម្រង់​អ្វី​មួយ​ដែល​ជា​ស្នាដៃ​របស់​លោក ស ខេង នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស