30.7 C
Phnom Penh

ក្រសួង​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​កុំ​បោះបង់​ការងារ​វិល​មក​កម្ពុជា​តាម​ការ​ឃោសនា​របស់​លោក ខឹម វាសនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស កុំ​បោះបង់​ការងារ ហើយ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​តាម​ការ​ឃោសនា​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា ដែល​លោក​និយាយ​ថា​ទឹកសមុទ្រ​នឹង​លិច​ពិភពលោក​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ការ​បោះបង់​ចោល​ការងារ​នៅ​ប្រទេស​កូរ៉េ​ដែល​មនុស្ស​ជាច្រើន​ចង់​ទៅ តែ​ទៅ​មិន​បាន គឺជា​ការ​បោះបង់​ចោល​ប្រភព​ចំណូល​ដ៏​ធំ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​ខ្លួន ហើយ​ការ​ធ្វើ​បែប​នេះ គឺ​មិន​អាច​ធ្វើ​ឱ្យ​ពួកគេ​វិលត្រឡប់​ទៅ​ប្រទេស​កូរ៉េ​វិញ​បាន​ឡើយ នៅ​ពេល​ដែល​ពួកគេ​ភ្ញាក់​ខ្លួន ហើយ​ចង់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ​វិញ​នោះ។

លោក ហេង សួរ អះអាង​ថា ពលករ​ខ្មែរ​ដែល​នាំគ្នា​ត្រឡប់​មក​កម្ពុជា​វិញ​នេះ គឺ​ដឹង​ច្បាស់​ហើយ​ថា ពួកគេ​អាច​ទៅ​ដល់​ប្រទេស​កូរ៉េ ដោយសារ​ជិះ​យន្តហោះ មិនមែន​ដោយសារ​ដើរ​លើ​ខ្នង​របស់​ព្រះព្រហ្ម ឬ​ជ្រែក​តាម​ឆ្អឹងជំនីរ​របស់​បុគ្គល ខឹម វាសនា នោះ​ឡើយ។ ដូច្នេះ​ពួកគេ​ត្រូវតែ​នាំគ្នា​តាំង​ស្មារតី​យក​វិទ្យាសាស្ត្រ​ជា​គោល ហើយ​យក​អនាគត​របស់​ខ្លួន គ្រួសារ​ខ្លួន និង​សង្គម​ជាតិ​ខ្លួន​ជា​ធំ​មក​ពិចារណា​ជំនួស​វិញ ចៀសវាង​នូវ​ការ​ជឿ​ងប់ងុល​ទៅ​លើ​ជំនឿ​ដែល​គ្មាន​ហេតុផល។

រដ្ឋលេខាធិការ​ក្រសួង​ការងារ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​ពិភពលោក​នេះ​នឹង​ជួបប្រទះ​នូវ​គ្រោះ​មហន្តរាយ​កើត​ទៅ​ជា​ទឹកជំនន់​ជន់​លិចលង់​គ្រប់​ប្រទេស​ដូច​បុគ្គល​លោក ខឹម វាសនា បាន​អះអាង​មែន​នោះ អ្នក​វិទ្យាសាស្ត្រ​ច្បាស់​ជា​ប្រកាស​អាសន្ន​ទូទាំង​ពិភពលោក​ជាមិនខាន ហើយ​ដី​ចម្ការ​របស់​លោក ខឹម វាសនា ក៏​លិច​ដូច​គ្នា​ដែរ មិន​អាច​នៅ​ជា​ដីគោក​មិន​លិច​ទឹក​ដូច​បុគ្គល​រូប​នេះ​បាន​អះអាង​នោះ​ឡើយ។

ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើការ​នៅ​ប្រទេស​កូរ៉េ និង​ប្រទេស​ជប៉ុន ជាដើម បាន​នាំគ្នា​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ទាំង​មិន​ទាន់​ចប់​កុងត្រា​ជាមួយ​ក្រុមហ៊ុន ដោយសារ​ពួកគេ​ខ្លាច​ទឹកសមុទ្រ​ជន់​លិច​ពិភពលោក​តាម​ការ​អះអាង​របស់​ប្រធាន​គណបក្ស​ជួង​ដែល​ពួកគេ​កំពុង​មាន​ជំនឿ​នៅ​ពេល​នេះ។

ចំណែក​ឯ​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ម៉ៅ ហាក់ អះអាង​នៅ​ថ្ងៃទី​២៦ សីហា នេះ​ថា គ្មាន​គ្រោះ​មហន្តរាយ​លិចលង់​ពិភពលោក​ដូច​ការ​ឃោសនា​របស់​ប្រធាន​បក្ស​ជួង លោក ខឹម វាសនា នោះ​ឡើយ។ លោក​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​នេះ ដោយ​ស្នើ​ឲ្យ​ពលរដ្ឋ​កុំ​ជឿ​លើ​ពាក្យ​ឃោសនា​នេះ ក្រៅពី​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង។

រយៈពេល ២​ថ្ងៃ​ចុងក្រោយ​នេះ គឺ​នៅ​ថ្ងៃទី​២៥ និង​ទី​២៦ ខែ​សីហា មាន​ការ​ចែកចាយ​សកម្មភាព​ពលករ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េ រាប់​រយ​នាក់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​កំពុង​នាំគ្នា​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ទាំង​អ្នក​ទាំងនោះ​នៅ​ជាប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​នៅឡើយ ខណៈ​ថៅកែ​ក្រុមហ៊ុន​ខ្លះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ ដោយសារតែ​ពលករ​ទាំងនោះ​នាំគ្នា​ឈប់​ពី​ការងារ​ដោយ​រំលោភ​លើ​កិច្ចសន្យា។

ចាប់ពី​ខែ​សីហា ឆ្នាំ​២០២២ មក ប្រធាន​គណបក្ស​ជួង លោក ខឹម វាសនា បាន​បង្ហោះ​រូបភាព​គ្រោះ​ធម្មជាតិ​ដែល​បាន​កើតមាន​នៅ​តាម​ប្រទេស​នានា​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​ជាច្រើន​ដោយ​អះអាង​ថា ទឹកសមុទ្រ​នឹង​លិច​ពិភពលោក​នេះ រួម​ទាំង​ខេត្ត​ក្រុង​ទាំងអស់​នៅ​កម្ពុជា​ផង​ដែរ។

លោក ខឹម វាសនា កំពុង​រស់នៅ​លើ​ដី​ចម្ការ​មួយ​កន្លែង​ដែល​មាន​ទំហំ​ប្រមាណ​ជាង ១០​ហិកតារ ស្ថិត​ក្នុង​នៅ​ភូមិ​ថ្មជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ហើយ​នៅ​ពេល​នេះ អ្នកគាំទ្រ​ដែល​ជឿ​តាម​ការ​អំពាវនាវ​របស់​លោក បាន​នាំគ្នា​ទៅ​ស្នាក់នៅ​ក្នុង​ដី​ចម្ការ​នេះ​មាន​ចំនួន​ដល់​ទៅ​រាប់​រយ​នាក់​ឯណោះ ដោយសារតែ​ពួកគេ​បារម្ភ​ខ្លាច​គ្រោះ​ធម្មជាតិ​ដែល​លោក ខឹម វាសនា បាន​លើកឡើង​នោះ។

យ៉ាងណាក៏ដោយ លោក ខឹម វាសនា អះអាង​ថា សម្រាប់​ទីតាំង​ដែល​លោក​រស់នៅ​បច្ចុប្បន្ន នឹង​មិន​កើត​មាន​គ្រោះ​ធម្មជាតិ​នេះ​ទេ ដោយសារតែ​លោក​គឺជា​ព្រះព្រហ្ម។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ចម្ការ​របស់​លោក ខឹម វាសនា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ពួកគាត់​បាន​ឮ​អ្នកគាំទ្រ​លោក ខឹម វាសនា និយាយ​គ្នា​ថា អ្នក​ខ្លះ​មក​រស់នៅ​លើ​ដី​ចម្ការ​នេះ​ជា​គ្រួសារ ចំណែក​អ្នក​ខ្លះ​ទៀត​មក​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ដោយសារតែ​ក្រុម​គ្រួសារ​របស់​ពួកគេ​មិន​ជឿ​លើ​ការ​ឃោសនា​នេះ។

បញ្ហា​នេះ ក៏​បាន​បង្ក​ទៅ​ជា​ការ​ឈ្លោះ​ប្រកែក​រហូត​ឈាន​ដល់​មាន​ទំនាស់​ក្នុង​គ្រួសារ​របស់​ពួកគេ​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស