30.4 C
Phnom Penh

យុវជន​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​ដោយសារ​អន់ចិត្ត​នឹង​ឪពុក​ម្ដាយ​ណែនាំ​មិន​ចង់​ឲ្យ​ត្រឡប់​ទៅ​ចម្ការ​លោក ខឹម វាសនា វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អធិការ​នគរបាល​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង អះអាង​ថា យុវជន​ម្នាក់​បាន​ចង​ក​សម្លាប់​ខ្លួន​នៅ​នឹង​ដើមឈើ​ក្បែរ​វាលស្រែ បន្ទាប់ពី​អន់ចិត្ត​នឹង​ឪពុក​ម្ដាយ​ដែល​ណែនាំ​មិន​ចង់​ឲ្យ​ត្រឡប់​ទៅ​ចម្ការ​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ក្នុង​ខេត្ត​សៀមរាប វិញ។

អធិការ​នគរបាល​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង លោក ខែម វិបុល ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ស្រង់​សម្ដី​នៅ​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា យុវជន ម៉ាត ម៉ាន អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែចាន ឃុំ​ទួលខ្ពស់ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង បាន​ចង​ក​សម្លាប់​ខ្លួន​នៅ​នឹង​ដើមឈើ​ក្បែរ​វាលស្រែ វេលា​ម៉ោង ៦ និង ៣០​នាទី ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ។

ប្រភព​ដដែល​អះអាង​ថា យុវជន​រូប​នេះ​បាន​ទៅ​ស្នាក់នៅ​ចម្ការ​លោក ខឹម វាសនា ជាមួយ​នឹង​មិត្តភ័ក្ដិ​ដែល​មកពី​ប្រទេស​កូរ៉េ កាល​ថ្ងៃទី​២៧ ខែ​សីហា និង​បាន​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ នេះ។ ក្រោយ​ពេល​មក​ដល់​ផ្ទះ ឪពុក​ម្ដាយ​បាន​បាន​ណែនាំ និង​ស្ដីបន្ទោស​បន្តិចបន្តួច ប៉ុន្តែ​ដោយសារ​ខឹង​ឪពុក​ម្តាយ​ស្ដីបន្ទោស រូប​គេ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង​តែម្ដង។

អធិការ​នគរបាល​ស្រុក​ទឹកផុស​រូប​នេះ​អំពាវនាវ​ទៅ​កាន់​ពលរដ្ឋ​កុំ​ឱ្យ​ចាញ់បោក និង​ជឿ​តាម​ការ​អូស​ទាញ​របស់​ក្រុម​មនុស្ស​មួយ​ចំនួន​ឲ្យ​ទៅ​ស្នាក់នៅ​ក្នុង​ចម្ការ​របស់​លោក ខឹម វាសនា ដើម្បី​រក្សា​ជីវិត​ដោយសារតែ​មាន​ទឹក​លិច​ពិភពលោក។ លោក​បន្ថែម​ថា ការ​ជឿ​ដោយ​ភាព​ឆោត​បែប​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ចាកចោល​ផ្ទះសម្បែង និង​ចាកចោល​ក្រុម​គ្រួសារ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ជាមួយ​នឹង​ការ​ខាតបង់​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន​ផង​ដែរ។

នៅ​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ គឺជា​ថ្ងៃ​នៃ​ការ​ប្រមូលផ្ដុំ​លើ​ដី​ចម្ការ​របស់​លោក ខឹម វាសនា ចុងក្រោយ​សម្រាប់​អ្នក​ដែល​ជឿ​មេ​បក្ស​ជួង​ថា​មាន​ទឹក​លិច​ពិភពលោក បន្ទាប់ពី​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចុះ​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២២ ថា​ខ្លួន​នឹង​ប្រកាស​រំសាយ​ការ​ប្រមូលផ្ដុំ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២ ខែ​កញ្ញា សាលា​ដំបូង​ខេត្ត​សៀមរាប បាន​សម្រេច​ឃុំ​ខ្លួន​សមាជិក​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចំនួន ៦​នាក់​ជា​បណ្ដោះអាសន្ន​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប ពី​បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​តាម​មាត្រា​៥០៣ និង ៥០៥ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​ពួកគេ​បាន​បើក​រថយន្ត​គេច​ពី​បារ៉ាស់​ទី​១ រួច​ឆ្ពោះ​ទៅ​បុក​បារ៉ាស់​ទី​២ របស់​កម្លាំង​សមត្ថកិច្ច និង​ប្រឆាំង​សមត្ថកិច្ច​កំពុង​ប្រតិបត្តិការ។

ក្រៅពី​មាន​អ្នក​ស្លាប់ និង​អ្នក​ជាប់​ពន្ធនាគារ​ដោយសារ​ការ​ជឿ​លោក ខឹម វាសនា ក៏​មាន​ពាក្យ​បណ្តឹង​ពី​ពលរដ្ឋ​ពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៅកាន់​អាជ្ញាធរ​ខេត្ត​សៀមរាប រហូត​ដល់​ជាង ៧០០​បណ្តឹង​ផង​ដែរ ដែល​បាន​ប្តឹង​ស្វែងរក​សាច់ញាតិ​ថា​ត្រូវ​បាន​គេ​ពង្វក់ និង​អូសទាញ​ឱ្យ​ទៅ​នៅ​ក្នុង​ចម្ការ​របស់​លោក ខឹម វាសនា នៅ​ពេលនេះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បញ្ហា​នេះ​គឺ​បណ្តាល​មកពី​រដ្ឋាភិបាល​មិន​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​បាន​ទាន់​ពេលវេលា ព្រោះ​ថា​ការ​បណ្តែតបណ្តោយ​ឱ្យ​មាន​ការ​ប្រមូលផ្ដុំ​ខុស​ច្បាប់​បែប​នេះ គឺ​មាន​តែ​បង្ក​ផលវិបាក​ដល់​ពលរដ្ឋ និង​រដ្ឋាភិបាល​ខ្លួនឯង​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​មាន​សោកនាដកម្ម​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ទៅ​ថ្ងៃ​ក្រោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស