33.2 C
Phnom Penh

អាជ្ញាធរ​ខេត្ត​សៀមរាប​បដិសេធ​ការ​ចោទប្រកាន់​របស់​លោក ខឹម វាសនា ថា​ជា​រឿង​មិន​ពិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាល​ខេត្ត​សៀមរាប បដិសេធ​ការ​ចោទប្រកាន់​ពី​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា ដែល​ថា​អាជ្ញាធរ​ខេត្ត​បាន​យក​លុយ​ពី​ប្រជាពលរដ្ឋ​ពី ១០​ម៉ឺន​ទៅ ២០​ម៉ឺន​រៀល​ចំពោះ​ការ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ចេញពី​ចម្ការ​របស់​លោក​ត្រឡប់​ទៅ​ផ្ទះ​វិញ ថា​ជា​រឿង​មិន​ពិត និង​គ្រាន់តែ​ជា​ការ​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពលរដ្ឋ​ចំពោះ​ទង្វើ​បោកប្រាស់​របស់​ខ្លួន​តែប៉ុណ្ណោះ។

រដ្ឋបាល​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ ថា ការ​ចោទប្រកាន់​នេះ​គ្រាន់តែ​ជា​ការ​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពលរដ្ឋ​ចំពោះ​ទង្វើ​បោកប្រាស់​របស់​លោក ខឹម វាសនា ខ្លួនឯង​ប៉ុណ្ណោះ ព្រោះ​ថា​លោក ខឹម វាសនា នៅតែ​បន្ត​ចេតនា​អាក្រក់​ភូតភរ​កុហក​បោកប្រាស់ ចោទប្រកាន់ និង​ដាក់​បន្ទុក​ទៅ​លើ​ដំណោះស្រាយ​របស់​ប្រតិភូ​ក្រសួង​មហាផ្ទៃ និង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ក្នុង​ន័យ​បង្វែរ​ការ​ចាប់អារម្មណ៍​អ្នកគាំទ្រ​របស់​ខ្លួន និង​អ្នក​ដែល​បាន​ចាញ់​ឧបាយកល​បោកប្រាស់​របស់​គាត់​កន្លងមក។

ប្រភព​ដដែល​បាន​ទាមទារ​ឱ្យ​លោក ខឹម វាសនា និង​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ថា​អាជ្ញាធរ​យក​លុយ​របស់​ខ្លួន​អំឡុង​ពេល​ដឹកជញ្ជូន​ពួកគេ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​នោះ បង្ហាញ​ភស្តុតាង​ដល់​ក្រុម​ការងារ​របស់​រដ្ឋបាល​ខេត្ត​សៀមរាប ដែល​មាន​ស្នាក់ការ​បណ្ដោះអាសន្ន​នៅ​មុខ​ចម្ការ​ម្រេច​របស់​លោក ខឹម វាសនា ស្រាប់ ដែល​ស្ថិត​នៅ​ភូមិ​ថ្មជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ឬ​ផ្តល់​ភស្តុតាង​ដល់​សាលា​ខេត្ត​សៀមរាប​ដោយ​ផ្ទាល់​ក៏​បាន។

រដ្ឋបាល​ខេត្ត​សៀមរាប ត្អូញត្អែរ​ថា ការ​ប្រមូលផ្ដុំ​ប្រជាពលរដ្ឋ​ដែល​រៀបចំ​ឡើង​ដោយ​លោក ខឹម វាសនា បាន​បង្ក​ផលវិបាក​ជាច្រើន​សម្រាប់​សង្គម​ជាតិ និង​ប្រជាពលរដ្ឋ ដូចជា​បែកបាក់​ទំនាក់ទំនង​ក្នុង​គ្រួសារ ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​ធ្លាក់​ចុះ បាត់បង់​ការងារ ខាតបង់​ទ្រព្យសម្បត្តិ ខាតបង់​ពេលវេលា អាក់ខាន​ការ​សិក្សា​ក្មេងៗ មាន​បញ្ហា​សុខភាព ការ​ប្រឈម​នឹង​ជំងឺ​កូវីដ-១៩ និង​ជំងឺ​ផ្សេងៗ​ទៀត​ជាដើម។

កាលពី​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា អាជ្ញាធរ​បាន​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ដែល​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​លើ​ដី​ចម្ការ​របស់​គាត់​ក្នុង​ខេត្ត​សៀមរាប ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​អាជ្ញាធរ​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ការ​ចំណាយ​ក្នុង​ការ​ដឹកជញ្ជូន​ទាំងនោះ ប៉ុន្តែ​ពេល​អាជ្ញាធរ​ដឹក​ពួកគាត់​ដល់​ផ្ទះ ស្រាប់តែ​ទាមទារ​ថ្លៃ​ដឹកជញ្ជូន​ពី ១០​ម៉ឺន​ទៅ ២០​ម៉ឺន​រៀល​ក្នុង​មនុស្ស​ម្នាក់ តាម​ផ្ទះ​នៅ​ជិត និង​ផ្ទះ​នៅ​ឆ្ងាយ​ទៅវិញ។

ការ​ចោទប្រកាន់​លើ​អាជ្ញាធរ​បែប​នេះ ត្រូវ​គេ​មើល​ឃើញ​ថា មកពី​លោក ខឹម វាសនា ខឹង​នឹង​អាជ្ញាធរ​ដែល​បាន​បង្ហោះ​លិខិត​របស់​តំណាង​បក្ស​ជួង ដែល​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​ដី​ចម្ការ​របស់​ខ្លួន​ជា​សាធារណៈ​កាលពី​ថ្ងៃទី​៦ ខែ​កញ្ញា កន្លងទៅ​នេះ។ ការ​លើកឡើង​របស់​លោក ខឹម វាសនា ដែល​ចោទ​អាជ្ញាធរ​នោះ ក៏​បាន​ភ្ជាប់​លិខិត​នោះ​មក​ជាមួយ​ដែរ ដោយ​រៀបរាប់​ថា អាជ្ញាធរ​មាន​ល្បិច​អាក្រក់​ដែល​រៀន​មកពី​វៀតណាម ហ៊ាន​បង្ហោះ​លិខិត​របស់​ខ្លួន​ជា​សាធារណៈ​ទាំង​ដែល​អាជ្ញាធរ​បាន​សន្យា​ថា​នឹង​មិន​ទម្លាយ​លិខិត​នេះ​ចេញ​ទៅ​ក្រៅ​ទេ​នោះ។

កាលពី​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២២ តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​ជា​មនុស្ស​ជំនិត​របស់​លោក ខឹម វាសនា គឺ​លោក នី ចាន់ពិនិត្យ ហៅ​ជីង បាន​ធ្វើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ចំពោះ​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​ដែល​មិន​ព្រម​ចេញ​ពី​ដី​ចម្ការ​របស់​លោក ខឹម វាសនា វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ បន្ទាប់ពី​ពួកគេ​បាន​ប្រមូលផ្ដុំ​គ្នា​តាម​ការ​អំពាវនាវ​របស់​មេ​បក្ស​ជួង ឱ្យ​ទៅ​រស់នៅ​ទីនោះ ក្រោម​ការ​ឃោសនា​ថា​នឹង​មាន​គ្រោះ​ទឹកជំនន់​លិច​ពិភពលោក​កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២២ កន្លង​ទៅ​នោះ។

សមាគម​កម្ពុជា​សាមគ្គី (Khmer Solidarity Association) ក្នុង​ប្រទេស​កូរ៉េ បាន​ថ្លែង​ថា កម្មករ​ប្រមាណ​ជា ៤០០​នាក់​ទៅ ៥០០​នាក់ បាន​នាំគ្នា​ចាកចេញ​យ៉ាង​ប្រញាប់ប្រញាល់​កាលពី​ចុង​ខែ​សីហា កន្លងទៅ ព្រោះតែ​ជឿ​លើ​ការ​ឃោសនា​របស់​លោក ខឹម វាសនា។ គេ​បាន​ចាប់ផ្តើម​វិល​ត្រឡប់​មក​ធ្វើ​ការងារ​វិញ​ហើយ ដោយ​សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​ការងារ​ចាស់​របស់​ពួកគេ​ឡើងវិញ។

គិត​ត្រឹម​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ទាំង​សកម្មជន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​ពលរដ្ឋ​ដែល​ស្នាក់​នៅ​ក្នុង​ចម្ការ​លោក ខឹម វាសនា នៅ​មាន​ចំនួន​ប្រមាណ​ជា ២​ពាន់​នាក់​នៅឡើយ ចំណែក​ប្រជាពលរដ្ឋ​ដែល​ចាកចេញ​ពី​ដី​ចម្ការ​លោក ខឹម វាសនា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ កញ្ញា នេះ​មាន​ចំនួន​ជាង ៤០០​នាក់​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស