តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងជាមនុស្សជំនិតរបស់លោក ខឹម វាសនា គឺលោក នី ចាន់ពិនិត្យ ហៅជីង ស្នើឱ្យអាជ្ញាធរខេត្តសៀមរាប បណ្តេញ និងចាត់វិធានការច្បាប់ចំពោះពលរដ្ឋដែលបានចូលទៅស្នាក់នៅក្នុងដីចម្ការរបស់លោក ខឹម វាសនា ហើយមិនព្រមវិលត្រឡប់ទៅផ្ទះវិញ។
លោក នី ចាន់ពិនិត្យ ហៅជីង បានធ្វើលិខិតមួយច្បាប់ទៅកាន់អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឱ្យជួយអន្តរាគមន៍ចំពោះពលរដ្ឋទាំងឡាយណាដែលមិនព្រមចេញពីដីចម្ការរបស់លោក ខឹម វាសនា វិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។
លោក នី ចាន់ពិនិត្យ អះអាងថា លោកធ្លាប់បានធ្វើកិច្ចសន្យាម្តងរួចមកហើយថា នឹងប្រកាសរំសាយឱ្យពលរដ្ឋដែលមកស្នាក់នៅលើដីចម្ការរបស់លោក ខឹម វាសនា ទាំងពីរទីតាំងដែលទីតាំងទី១ មានទំហំដី ១២ហិកតារ និងទីតាំងទី២ មានទំហំដី ២៥ហិកតារ ស្ថិតក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឱ្យពួកគេត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនកាលពីចុងខែសីហា កន្លងទៅ។
តំណាងបក្សជួងរូបនេះបញ្ជាក់ថា រហូតដល់ថ្ងៃទី៦ ខែកញ្ញា មានពលរដ្ឋមួយចំនួនក្រៅពីក្រុមការងាររបស់គណបក្ស មិនព្រមចាកចេញពីដីចម្ការរបស់លោក ខឹម វាសនា ត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅឡើយទេ ដូច្នេះលោកស្នើឱ្យអាជ្ញាធរខេត្តចាត់វិធានការច្បាប់ ដើម្បីឱ្យពួកគេនាំគ្នាចេញពីដីចម្ការនេះឱ្យអស់។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋប្រមាណ ២ម៉ឺននាក់បានចូលទៅស្នាក់នៅលើដីចម្ការមេបក្សជួង តាមការអំពាវនាវរបស់លោក ខឹម វាសនា ដែលថានឹងមានគ្រោះទឹកជំនន់លិចពិភពលោកកាលពីចុងខែសីហា កន្លងទៅនេះ។
កាលពីថ្ងៃទី៥ ខែកញ្ញា កន្លងទៅនេះ គឺថ្ងៃនៃការប្រមូលផ្ដុំលើដីចម្ការលោក ខឹម វាសនា ជាលើកចុងក្រោយហើយសម្រាប់អ្នកដែលជឿមេបក្សជួងថាមានគ្រោះទឹកជំនន់លិចពិភពលោក បន្ទាប់ពីតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានចុះកិច្ចសន្យាជាមួយសមត្ថកិច្ចកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ថាខ្លួននឹងប្រកាសរំសាយការប្រមូលផ្ដុំនេះ ប៉ុន្តែក្រុមអ្នកជឿលោក ខឹម វាសនា ទាំងនោះនៅតែបន្តការប្រមូលផ្ដុំរហូតដល់ថ្ងៃអង្គារ ទី៦ កញ្ញា។
ជុំវិញការការជឿថាមានគ្រោះទឹកជំនន់លិចពិភពលោក និងនាំគ្នាទៅរស់នៅលើដីចម្ការតាមការអំពាវនាវរបស់លោក ខឹម វាសនា នេះ ត្រូវគេដឹងថាមានពលរដ្ឋជាច្រើនគ្រួសារបានលក់ដី និងផ្ទះសម្បែងរបស់ខ្លួន ខ្លះទៀតលក់រថយន្ត លក់គោក្របី និងអីវ៉ាន់ដែលជាមុខរបរប្រចាំថ្ងៃរបស់ខ្លួនក្នុងតម្លៃថោកៗ ដើម្បីប្រមូលលុយយកទៅរស់នៅលើដីចម្ការនោះ ព្រោះតែពួកគេជឿថាមានគ្រោះទឹកជំនន់តាមការអះអាងរបស់លោក ខឹម វាសនា។
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កន្លងទៅ មេបក្សជួង លោក ខឹម វាសនា បានបង្ហោះវីដេអូ និងរូបភាពជាច្រើនជុំវិញគ្រោះថ្នាក់ធម្មជាតិដោយទឹកជំនន់ដែលបានកើតមាននៅប្រទេសផ្សេងៗ ដោយភ្ជាប់នឹងការបកស្រាយថា គ្រោះធម្មជាតិទាំងនេះនឹងកើតមានលើពិភពលោក ប៉ុន្តែកន្លែងដែលគេចផុតពីគ្រោះធម្មជាតិនេះបាន គឺមានតែដីចម្ការរបស់គាត់ប៉ុណ្ណោះ ព្រោះគាត់គឺជាព្រះព្រហ្មដែលថែរក្សានៅទីនោះ ដែលធ្វើឱ្យអ្នកមានជំនឿលើរូបលោកនាំគ្នាទៅរស់នៅទីនោះប្រមាណជា ២ម៉ឺននាក់។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សកាន់អំណាច បានលើកឡើងថា ការសាបព្រោះមនោគមន៍វិជ្ជារបស់លោក ខឹម វាសនា រហូតនាំឱ្យមានការកាត់កាល់បងប្អូន និងឪពុកម្ដាយរបស់ខ្លួន គឺជារឿងហួសព្រំដែនសីលធម៌ដែលដូចគ្នាទៅនឹងរបបខ្មែរក្រហមដែរ។
ជុំវិញការឃោសនារបស់មេបក្សជួងនេះ បានធ្វើឱ្យគ្រួសារជាច្រើនដែលមកពីខេត្តចំនួន១៩ បានព្រាត់ប្រាសប្តី ប្រពន្ធ និងកូន ជាដើម ក្នុងនោះក៏មានពាក្យបណ្តឹងពីប្រជាពលរដ្ឋពីតាមបណ្តាខេត្តផ្សេងៗទៅកាន់អាជ្ញាធរខេត្តសៀមរាប រហូតដល់ជាង ៧០០បណ្តឹងឯណោះដែលបានប្តឹងស្វែងរកសាច់ញាតិ ថាបានធ្លាក់ចូលទៅក្នុងការអូសទាញឱ្យទៅរស់នៅក្នុងចម្ការរបស់លោក ខឹម វាសនា កាលពីពេលកន្លងទៅ៕