29 C
Phnom Penh

លោក ស ខេង ថា​រាល់​បណ្ដឹង​របស់​ពលរដ្ឋ​គឺជា​កញ្ចក់​សម្រាប់​មន្ត្រី​ឆ្លុះ​មើល​ដើម្បី​កែលំអ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថា​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវតែ​ខិតខំ​ដោះស្រាយ​កង្វល់​របស់​ប្រជាពលរដ្ឋ​ឲ្យ​អស់​ពី​លទ្ធភាព និង​មិន​ត្រូវ​លាក់​ទុក​បញ្ហា​ណា​មួយ​ចោល​ឡើយ ព្រោះ​រាល់​បណ្ដឹង សំណើ​របស់​ប្រជាពលរដ្ឋ គឺជា​កញ្ចក់​សម្រាប់​មន្ត្រី​ឆ្លុះ​មើល​បញ្ហា ដើម្បី​កែលំអ ខណៈ​ការ​កើនឡើង​នៃ​បណ្ដឹង​ករណី​ជួញដូរ​មនុស្ស​ដែល​អន្តរជាតិ​កំពុង​យកចិត្ត​ទុកដាក់។

អនុប្រធាន​បក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ ដល់​មន្ត្រី​ថ្មី​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២ ដោយ​បញ្ជាក់​ថា ការ​ខិតខំ​ប្រមូល និង​ទទួល​យក​សំណើ និង​សំណូមពរ រួម​ទាំង​ក្ដី​កង្វល់​នានា​របស់​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ទោះ​មាន​ប្រភព​ចេញពី​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ ឬ​ចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មក​តាម​ច្រក​ណា​ក៏ដោយ គឺ​ត្រូវ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​លឿន រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធភាព ត្បិត​មាន​បណ្ដឹង សំណើ និង​សំណូមពរ​ជាច្រើន​ទៀត​នៅ​មិនទាន់​បាន​ដោះស្រាយ​ចប់​នៅឡើយ។

លោក​បន្ថែម​ថា ក្រសួង​មហាផ្ទៃ​មាន​ភារកិច្ច​ធំៗ​ពីរ គឺ​ត្រូវ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ពី​អំពើ​ខុស​ច្បាប់​ផ្សេងៗ ដូចជា​អំពើ​ជួញដូរ​មនុស្ស និង​ត្រូវ​ផ្តល់​នូវ​កិច្ចការ​រដ្ឋបាល​មូលដ្ឋាន ឬ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ។

កាលពី​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ​បាន​បញ្ចេញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​ថា ចាប់ពី​ថ្ងៃទី​១៨ ខែ​សីហា ដល់​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ក្រសួង​បាន​ទទួល​ពាក្យ​បណ្តឹង​សរុប​ចំនួន ១២៥​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ជនបរទេស ដែល​ត្រូវ​បាន​គេ​អះអាង​ថា​បង្ខាំង និង​ជួញដូរ​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស​កម្ពុជា។

ជុំវិញ​អំពើ​ជួញដូរ​មនុស្ស​នេះ ប្រទេស​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​កម្រិត​៣ (Tier 3 Watch List) ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក្នុង​សេចក្តី​រាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស​ដែល​មាន​កម្រិត​ធ្ងន់ធ្ងរ កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ កន្លងទៅ។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន The Australian បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា​កំពុង​រង​នូវ​ការ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន ដោយ​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ក្មួយប្រុស​របស់​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ រួម​ទាំង​បញ្ហា​សង្គម​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ជំរុញ​ចរន្ត​សេដ្ឋកិច្ច​សង្គម​ជា​ចំណុច​អាទិភាព និង​ជា​ការ​ទទួល​ខុសត្រូវ​របស់​បក្ស​កាន់​អំណាច។ លោក​ថា ការ​ជំរុញ​ជា​ថ្មី​ទៀត​របស់​ថ្នាក់​ដឹកនាំ​កំពូល​នៅ​ក្រសួង​មហាផ្ទៃ​អំពី​បញ្ហា​នេះ អាច​ជា​ការ​តានតឹង​ចិត្ត​ចំពោះ​មន្ត្រី​ផ្តល់​សេវា​ដែល​មិនទាន់​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ។

លោក​ថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ទប់ស្កាត់​បទល្មើស​នានា រួម​ទាំង​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​គុណភាព ក្រសួង​គួរតែ​បង្កើត​យន្តការ​តាមដាន​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​ពី​ថ្នាក់​ជាតិ​រហូត​ឃុំ-សង្កាត់ និង​ត្រូវ​ភ្ជាប់​នូវ​វិធានការ​វះកាត់​មន្ត្រី​អសកម្ម និង​មន្ត្រី​ពុករលួយ​ផង​ដែរ ព្រមទាំង​ពង្រឹង​ធនធាន​មនុស្ស​ជំនាន់​ថ្មី​ដែល​មាន​សមត្ថភាព ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស