27 C
Phnom Penh

រដ្ឋាភិបាល​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​អំពើ​ជួញដូរ​និង​រត់ពន្ធ​មនុស្ស​គ្រប់​ទម្រង់​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​ព្រមាន​ចាត់​វិធានការ​ច្បាប់​ដោយ​ស្មើ​ភាព និង​ម៉ឺងម៉ាត់ និង​គ្មាន​ការ​លើកលែង ដើម្បី​ស្រាវជ្រាវ​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ទីតាំង និង​បុគ្គល​ដែល​ពាក់ព័ន្ធ​អំពើ​ជួញដូរ និង​រត់ពន្ធ​មនុស្ស​គ្រប់​ទម្រង់​ដែល​កំពុង​កើតមាន​យ៉ាង​ផុសផុល​នៅ​កម្ពុជា​សព្វថ្ងៃ។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​ផ្លូវការ​មួយ កាលពី​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៤ កញ្ញា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដើម្បី​សង្គ្រោះ​ជនរងគ្រោះ ស្រាវជ្រាវ​រក​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ និង​បង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់​ដែល​មាន​ការ​ពាក់ព័ន្ធ​ទាំងអស់។ ក្នុង​នោះ ចំពោះ​ករណី​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​ពិតប្រាកដ ឬ​ការ​ជួញដូរ​កម្លាំង​ពលកម្ម ឬ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ នឹង​ត្រូវ​ពន្លាត​ការ​ស្រាវជ្រាវ​ដើម្បី​សំដៅ​ទៅ​រក​បទល្មើស​សម្អាត​ប្រាក់​បន្ថែម​ទៀត។

ប្រភព​ដដែល ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​ត្រួតពិនិត្យ និង​រៀបចំ​របៀប​រៀបរយ​នៅ​តាម​បណ្ដា​ទីតាំង​ដែល​មាន​ការ​ប្រមូលផ្ដុំ​ការ​ស្នាក់នៅ ការ​ធ្វើ​អាជីវកម្ម និង​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ជនបរទេស​សំដៅ​ដល់​ការ​គ្រប់គ្រង​ជនបរទេស​ឱ្យ​បាន​ហ្មត់ចត់ និង​ទប់ស្កាត់​ការ​ជ្រៀត​ចូល​ដោយ​ខុស​ច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​ផង​ដែរ។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី បញ្ជាក់​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវតែ​ធ្វើការ​វាយបក និង​ឆ្លើយតប​ឱ្យ​បាន​ទាន់​ពេលវេលា​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​ចរិត​ញុះញង់ និង​ស្នើ​ឱ្យ​កែតម្រូវ​ចំណុច​ដែល​ផ្ទុយ​ពី​ការពិត ដើម្បី​បន្សាប​ឥទ្ធិពល​វាយប្រហារ​អវិជ្ជមាន​ពី​មជ្ឈដ្ឋាន​នានា ទាំង​ក្នុង និង​ក្រៅ​ប្រទេស ព្រមទាំង​បញ្ចៀស​ផល​ប៉ះពាល់​មក​លើ​បរិយាកាស​នយោបាយ និង​សន្តិសុខ​ក្នុង​សង្គម​កម្ពុជា​ផង​ដែរ។

កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ត្អូញត្អែរ​ថា កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ហា​ធំៗ​២ គឺ​កម្ពុជា​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​ក្នុង​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ខាង​ការ​លាង​លុយ​កខ្វក់ និង​ត្រូវ​គេ​ដាក់​ចំណាត់ថ្នាក់​ទី​៣ ក្នុង​បញ្ជីខ្មៅ​នៃ​ក្រុម​ប្រទេស​ជួញដូរ​មនុស្ស​ដែល​ពិភពលោក​បង្កើន​ការ​តាមដាន​សម្រាប់​ឆ្នាំ​២០២២ នេះ​ផង​ដែរ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មុខមាត់​របស់​កម្ពុជា។

កាលពី​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២ ក្រសួង​យុត្តិធម៌ ក៏​បាន​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​សម្របសម្រួល​ការ​ស៊ើបអង្កេត និង​ជួយ​សង្គ្រោះ​ជនបរទេស​នៅ​ក្នុង​ទីតាំង​គួរ​ឱ្យ​សង្ស័យ និង​ពង្រឹង​ការ​កាត់ទោស​ករណី​ជួញដូរ​មនុស្ស។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការងារ​នេះ​នឹង​ត្រូវ​បន្ថែម​លើ​ការងារ​កន្លងមក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​តាមរយៈ​តុលាការ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២២ ក្រុម​ការងារ​ហិរញ្ញវត្ថុ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង (Financial Action Taskforce) ហៅ​កាត់​ថា FATF បាន​សម្រេច​បន្ត​ដាក់​កម្ពុជា​ឱ្យ​ស្ថិត​ក្នុង «បញ្ជី​ប្រផេះ» នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​ការ​លាង​លុយ​កខ្វក់​អស់​រយៈពេល​ជាង ៣​ឆ្នាំ​ជាប់ៗ​គ្នា​តាំងពី​ឆ្នាំ​២០១៩ មក ដែល​ពិភពលោក​ត្រូវ​បង្កើន​ការ​តាមដាន​កាន់តែ​ខ្លាំង​ជាង​មុន​ក្នុង​ឆ្នាំ​២០២២ នេះ។

ក្រោយ​កម្ពុជា​ជាប់​ឈ្មោះ​ក្នុង «បញ្ជី​ប្រផេះ» នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ ទាំង​សហភាព​អឺរ៉ុប​ក្តី និង​ទាំង​ស្ថាប័ន​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ ឬ​ហៅ​កាត់​ថា FINCEN របស់​អាមេរិក​ក្តី សុទ្ធតែ​បាន​ដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ឃ្លាំមើល​របស់​ខ្លួន​ដែល​តម្រូវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវតែ​បង្កើន​ការ​ឃ្លាំមើល​ចំពោះ​ប្រភព​លុយ​ចេញចូល​ប្រទេស​កម្ពុជា​ទាំងអស់។

ទាក់ទិន​នឹង​អំពើ​ជួញដូរ​មនុស្ស​នេះ រដ្ឋាភិបាល​កម្ពុជា​មិនទាន់​បកស្រាយ​នៅឡើយ​ទេ​ចំពោះ​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន The Australian កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​កំពុង​រង​នូវ​ការ​សង្ស័យ​ថា កំពុង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន ដោយ​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ក្មួយប្រុស​របស់​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ។

សារព័ត៌មាន AP កាលពី​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​ដកស្រង់​សម្ដី​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក សាយហ្វូឌីន អាប់ឌូលឡាស៍ (Saifuddin Abdullah) ចុះផ្សាយ​ថា ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​ជា​ពលរដ្ឋ​ម៉ាឡេស៊ី ចំនួន ២៤​នាក់​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​កម្ពុជា ប៉ុន្តែ​យ៉ាងហោចណាស់ ៣០​នាក់​នៅតែ​បាត់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស