28 C
Phnom Penh

កូដករ​ស្ត្រី​ម្នាក់​សន្លប់​និង​បាក់​ធ្មេញ​ដោយ​រង​អំពើ​ហិង្សា​ពី​សំណាក់​ក្រុម​សន្តិសុខ​រាជធានី​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូដករ​ស្ត្រី​ម្នាក់​បាន​សន្លប់ និង​បាក់​ធ្មេញ និង​អ្នក​ផ្សេង​ទៀត​បាន​រង​អំពើ​ហិង្សា​ពី​សំណាក់​ក្រុម​សន្តិសុខ​រាជធានី​ភ្នំពេញ ខណៈ​ពួកគេ​បន្ត​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ដោះស្រាយ​វិវាទ​ការងារ​ដែល​បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​មក​នេះ។

នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា នេះ ក្រុម​កូដករ​ណាហ្គា​វើលដ៍​បន្ត​ចេញ​តវ៉ា​ដោយ​បាន​នាំគ្នា​ដាក់​ចង្ក្រាន ចាន​ឆ្នាំង ព្រមទាំង​កន្ទេល មុង ភួយ និង​យក​តង់​ទៅ​បោះ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​តែម្ដង។

ការ​ចេញ​ធ្វើ​កូដកម្ម​នា​ថ្ងៃទី​១៦ កញ្ញា នេះ ក៏​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​សន្តិសុខ​រាជធានី​ភ្នំពេញ​ជាមួយ​កូដករ ខណៈ​ដែល​ក្រុម​កូដករ​បាន​នាំគ្នា​សម្រុក​ទៅ​ឈរ​នៅ​ជាប់​របង​អគារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

កូដករ​ម្នាក់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា មូលហេតុ​ដែល​ពួកគាត់​នាំគ្នា​ទៅ​ឈរ​ទីនោះ ដោយសារ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ហាម​ពួកគាត់​មិន​ឲ្យ​ឈរ​នៅ​លើ​ផ្លូវ​ទេ ដោយ​ថា​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។ កូដករ​រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​ពួកគាត់​នាំគ្នា​សម្រុក​ទៅ​ឈរ​ជាប់​របង​ខាង​មុខ​ក្រុមហ៊ុន ក៏​មាន​ការ​ប៉ះទង្គិច​គ្នា​តែម្ដង។ ពេល​នោះ កូដករ​ជា​ស្ត្រី​ម្នាក់​បាន​សន្លប់ និង​បាក់​ធ្មេញ​ដោយសារ​ក្រុម​សន្តិសុខ​បាន​រុញ​បារ៉ាស់​ដែល​បាន​ដាក់​បាំង​ខាងមុខ មក​បុក​ចំ​ទ្រូង​របស់​នាង​តែម្តង។

ចំណែក​កូដករ​ផ្សេង​ទៀត​ដែល​ព្យាយាម​ចូល​ទៅ​ជួយ​អ្នក​ដួល​សន្លប់​នៅ​មុខ​ក្រុមហ៊ុន​នោះ ក៏​ត្រូវ​បាន​ក្រុម​សណ្ដាប់ធ្នាប់​រាជធានី​ភ្នំពេញ​រារាំង និង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពួកគេ​ផង​ដែរ។ ពួកគេ​អះអាង​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ក្រុម​សណ្ដាប់ធ្នាប់​រារាំង និង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពួកគេ ដើម្បី​ការពារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

សមាជិក​សហជីព​ម្នាក់​បាន​លើកឡើង​ថា ប្រសិនបើ​ពួកគាត់​បញ្ឈប់​ការ​តវ៉ា​ដោយ​ព្រម​ទទួលយក​សំណង ហើយ​ដើរ​ចេញពី​ក្រុមហ៊ុន​នេះ ច្បាស់​ណាស់​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នឹង​បន្ត​រំលោភ​សិទ្ធិ​ការងារ និង​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ជំនាន់​ក្រោយ​ទៀត។ ដូច្នេះ​ហើយ ទើប​ពួកគាត់​បន្ត​ធ្វើ​កូដកម្ម ទោះបី​ទទួល​រង​អំពើ​ហិង្សា ក្នុង​គោល​បំណង​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​គោរព​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ​តែប៉ុណ្ណោះ។

វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​កើតឡើង​ជាង ១​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ក្រុមហ៊ុន​នេះ​បញ្ឈប់​បុគ្គលិក​ចំនួន ១៣២៩​នាក់​ក្នុង​ចំណោម​បុគ្គលិក​សរុប​ជាង ៨​ពាន់​នាក់​ពី​ការងារ ក្រោម​ហេតុផល​ថា ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារតែ​បញ្ហា​ជំងឺ​កូវីដ-១៩។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែ​សីហា កន្លងទៅ អ្នក​រាយការណ៍​ពិសេស​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​ចុះ​ទៅ​ឃ្លាំមើល​ដល់​មុខ​ក្រុមហ៊ុន​ណាហ្គា ខណៈ​កូដករ​កំពុង​ធ្វើ​បាតុកម្ម។ នៅ​ពេល​មាន​វត្តមាន​លោក វីទិត ម៉ុនតាប៊ន នៅ​កម្ពុជា គេ​សង្កេត​ឃើញ​ថា​អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​បាន​ប្រើ​ហិង្សា​លើ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​នោះ​ទេ បើ​ទោះជា​កូដករ​បាន​ប្រមូលផ្ដុំ​តវ៉ា​នៅ​ពី​មុខ​ក្រុមហ៊ុន​ក្តី៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស