32 C
Phnom Penh

ចិន​កាន់តែ​ទាល់ច្រក​ព្រោះ​អាមេរិក​ព្រមាន​លើក​ទ័ព​ជួយ​តៃវ៉ាន់ ប្រសិនបើ​ចិន​ហ៊ាន​ឈ្លានពាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ ចិន​មើល​ទៅ​កាន់តែ​ដើរ​ដល់​ក្រឡា​ទាល់ច្រក​ហើយ ចំពោះ​សំណុំរឿង​តៃវ៉ាន់ ដែល​ខ្លួន​ព្យាយាម​រាំង​ខ្ទប់​មិន​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត​មាន​ទំនាក់ទំនង​នឹង​ដែន​កោះ​មួយ​នេះ ដែល​ក្រុង​ប៉េកាំង ចាត់ទុក​ថា​ជា​ដែនដី​ស្ថិត​ក្នុង​អធិបតេយ្យភាព​របស់​ចិន ស្រប​នឹង​ដំណោះស្រាយ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លេខ​២៧៥៨ កាលពី​ឆ្នាំ​១៩៧១។

ដំណោះស្រាយ​នេះ​ហើយ​ដែល​ជា​សេចក្ដី​សម្រេច​បើក​សិទ្ធិ​ឲ្យ​របប​បក្ស​កុម្មុយនីស្ត​ចិន មក​អង្គុយ​ជំនួស​សាធារណរដ្ឋ​ចិន​របស់​តៃវ៉ាន់​នៅ​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ​សម្រាប់​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត មិន​បាន​ចាត់ទុក​តៃវ៉ាន់​ជា​ដែនដី​ចំណុះ​ឲ្យ​របប​កុម្មុយនីស្ត​ចិន​ម្ដង​ណា​នោះ​ទេ ព្រោះ​តៃវ៉ាន់ គឺជា​រដ្ឋ​អធិបតេយ្យ​ប្រជាធិបតេយ្យ។

ប្រទេស​លោក​ខាងលិច​ភាគច្រើន រួម​មាន​ជប៉ុន ឥណ្ឌា អូស្ត្រាលី សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បើ​ទោះជា​ទទួលស្គាល់​គោល​នយោបាយ​ចិន​តែ​មួយ​ក៏​ពិត​មែន ប៉ុន្តែ​ប្រទេស​ទាំងនេះ​ក៏​ទទួលស្គាល់​កោះ​តៃវ៉ាន់​ជា​រដ្ឋ​អធិបតេយ្យ​ដែល​មាន​កម្លាំង​ប្រជាធិបតេយ្យ​រឹងមាំ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក ឈាន​មុខ​គេ​ក្នុង​ការ​ជួយ​ការពារ​ប្រជាធិបតេយ្យ​នៅ​តៃវ៉ាន់ ដោយ​សម្រេច​ជ្រើសរើស​យក​ភាព​តានតឹង​ជាមួយ​ចិន ទាំង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​យោធា។

ជា​ថ្មី​ម្ដង​ទៀត ក្រុម​បស្ចិម​ប្រទេស និង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​បាន​សម្រេច​បញ្ជូន​គណៈប្រតិភូ​របស់​ខ្លួន ទាំង​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​រហូត​ដល់​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​លើ​ដែន​កោះ​នេះ បន្ទាប់ពី​ថ្ងៃទី​២ កញ្ញា ដែល​ផ្ដើម​ដោយ​ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី បើ​ទោះបីជា​ចិន​គំរាមកំហែង​ដោយ​បង្ហាញ​កងទ័ព​ប្រឆាំង​នឹង​ទស្សនកិច្ច​របស់​ប្រតិភូ​ប្រទេស​ទាំងនោះ​ក៏ដោយ។

បន្ថែម​លើស​នេះ​ទៅ​ទៀត គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក កាលពី​សប្ដាហ៍​កន្លងមក​នេះ បាន​សម្រេច​អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​យោធា​ទៅ​ឱ្យ​តៃវ៉ាន់​ចំនួន ៦៥០០​លាន​ដុល្លារ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​អធិបតេយ្យភាព​កោះ​តៃវ៉ាន់​ដែល​ចិន​មាន​ផែនការ​វាយ​លេប​ដែន​កោះ​មួយ​នេះ។

បើ​តាម​សារព័ត៌មាន Defense News គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក បាន​សម្រេច​ដូចនេះ​ដោយ​ផ្អែកលើ​ច្បាប់​ស្ដីពី​គោលនយោបាយ​សម្រាប់​តៃវ៉ាន់​ឆ្នាំ​២០២២។

ប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធសភា Bob Menendez បាន​និយាយ​ថា ការ​សម្រេច​នេះ​ចាត់ទុក​ជា​ហេតុការណ៍​បន្ទាន់ ដើម្បី​ឆ្លើយតប​តាម​ក្ដី​កង្វល់​របស់​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ ប៉ុន្តែ​លោក​បញ្ជាក់​ថា កញ្ចប់​ជំនួយ​យោធា​ទៅ​ឲ្យ​តៃវ៉ាន់​នេះ គឺ​ចាប់​មាន​ពី​ចុង​ឆ្នាំ​នេះ​តទៅ​រហូត​ដល់​ឆ្នាំ​២០២៧ ទើប​ពិនិត្យ​ឡើងវិញ​ម្ដង​ទៀត។

បើ​តាម​ព្រឹទ្ធសភា Bob Menendez សភា​អាមេរិក​កំពុងតែ​ធ្វើ​ពង្រាង​ច្បាប់​ដើម្បី​អនុញ្ញាត​ឲ្យ​តៃវ៉ាន់ ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​អង្គការ​យោធា​ណាតូ (NATO) ទៀត​ផង។

ចាប់ពី​ចុង​ឆ្នាំ​២០២២ នេះ​តទៅ រដ្ឋការ​របស់​លោក​ប្រធានាធិបតី ចូ បៃដិន នឹង​បន្ត​បញ្ជូន​សព្វាវុធ​ធ្ងន់ធ្ងរ​មាន​ទាំង​ប្រព័ន្ធ​មីស៊ីល អេថាកខឹម (Atacm) និង​ប្រព័ន្ធ​រ៉ុក្កែត Himars រួម​ទាំង​យន្តហោះ​ចម្បាំង F-16 ជាច្រើន​គ្រឿង​ទៅ​ឱ្យ​តៃវ៉ាន់ ទៅ​តាម​សំណើ​សុំ​ទិញ​អាវុធ​ទាំងនេះ​បន្ថែម​ទៀត​របស់​ដែន​កោះ​នេះ។

ក្នុង​សំណុំរឿង​នេះ ចិន​កាន់តែ​ខកចិត្ត និង​ទាល់ច្រក។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មក​នេះ ចិន​បាន​ជំទាស់​តាម​ផ្លូវទូត​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ដោយសារតែ​ព្រឹទ្ធសភា​ប្រទេស​មហាអំណាច​មួយ​នេះ​បាន​អនុម័ត​សំណើ​ច្បាប់​មួយ​ដែល​ជំរុញ​ឱ្យ​មាន​ការ​គាំទ្រ​ផ្នែក​យោធា​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់។

អ្នកស្រី Mao Ning អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​ថា ប្រសិនបើ​សំណើ​ច្បាប់​នេះ​នឹង​បន្ត​ក្លាយ​ជា​ច្បាប់ វា​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​យ៉ាង​ខ្លាំង។ អ្នកស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​អនុម័ត​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក​លើ​សំណើ​ច្បាប់​ថ្មី​នេះ គឺជា​ការ​បញ្ជូន​សញ្ញា​ខុសឆ្គង​ធ្ងន់ធ្ងរ​ទៅ​កាន់​កងកម្លាំង​ផ្ដាច់ខ្លួន​ដែល​ចង់​ទាមទារ​ឯករាជ្យ​ឱ្យ​កោះ​តៃវ៉ាន់។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រឿង​នេះ និង​ជំទាស់​តាម​ផ្លូវទូត​ប្រឆាំង​នឹង​ភាគី​សហរដ្ឋ​អាមេរិក»។ អ្នកស្រី​ថា «នៅ​លើ​ពិភពលោក​នេះ មាន​ប្រទេស​ចិន​តែ​មួយ​ប៉ុណ្ណោះ ហើយ​ចំណែក​តៃវ៉ាន់ គឺជា​ផ្នែក​មួយ​ដែល​មិន​អាច​កាត់ផ្ដាច់​បាន​នៃ​ដែនដី​របស់​ប្រទេស​ចិន​បាន​ឡើយ»

ប្រតិកម្ម​របស់​ចិន គឺ​ពិត​ណាស់​ឆ្លើយតប​នឹង​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​ច្បាប់​គោលនយោបាយ​តៃវ៉ាន់​ឆ្នាំ​២០២២ ក្នុង​សំឡេង ១៧ ទល់​នឹង ៥ ដែល​បើក​ផ្លូវ​ឱ្យ​រដ្ឋការ​លោក បៃដិន ទាញ​យក​ថវិកា​របស់​សហរដ្ឋ​អាមេរិក​ពាន់​លាន​ដុល្លារ​ជួយ​បញ្ជូន​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់។

សំណើ​ច្បាប់​នេះ​បាន​ធ្វើឡើង​ក្នុង​រយៈពេល​ជាង​មួយ​ខែ​ក្រោយ​មក បន្ទាប់ពី​ប្រទេស​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី Nancy Pelosi ទៅកាន់​ទីនោះ។

ជា​ថ្មី​ម្ដង​ទៀត គឺ​ភាព​ប្រាកដប្រជា​កាន់តែ​ច្បាស់​ហើយ​ចំពោះ​អាមេរិក ដែល​ត្រូវ​អន្តរាគមន៍​ផ្នែក​យោធា​ជួយ​កោះ​តៃវ៉ាន់ បើ​ដែន​កោះ​នេះ​ធ្លាក់​ក្នុង​សង្គ្រាម​ពី​សំណាក់​ប្រទេស​ចិន។

លោក​ប្រធានាធិបតី ចូ បៃដិន បាន​បន្ត​ព្រមាន​ជា​ថ្មី​ទៀត​ថា នឹង​ជួយ​ការពារ​ដែន​កោះ​តៃវ៉ាន់ បើ​ដែន​កោះ​នេះ​ត្រូវ​ចិន​ឈ្លានពាន។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​បណ្ដាញ​ផ្សព្វផ្សាយ CBS ៦០​នាទី កាលពី​ថ្ងៃ​អាទិត្យ លោក បៃដិន បន្ត​ព្រមាន​ចិន​ថា សហរដ្ឋ​អាមេរិក​ពិត​ណាស់​នឹង​ជួយ​តៃវ៉ាន់​តាមរយៈ​កិច្ច​អន្តរាគមន៍​ផ្នែក​កងទ័ព។

លោក បៃដិន បញ្ជូន​សារ​ទៅ​ក្រុង​ប៉េកាំង​ថា កុំ​ឈ្លានពាន​ដែនដី​ប្រជាធិបតេយ្យ​មួយ​នេះ​ឱ្យ​សោះ។ លោក​បញ្ជាក់​ថា អាមេរិក​ទោះជា​ទទួលស្គាល់​គោលនយោបាយ​ចិន​តែ​មួយ​ក៏ដោយ ក៏​ក្រុង​វ៉ាស៊ីនតោន ត្រូវ​ការពារ​ប្រជាធិបតេយ្យ​របស់​ដែន​កោះ​មួយ​នេះ​ដែរ បើ​ដែន​កោះ​នេះ​ត្រូវ​ចិន​ឈ្លានពាន​មែន​នោះ។

បើ​តាម​អ្នក​សង្កេតការណ៍​អំពី​សំណុំរឿង​តៃវ៉ាន់ មើល​ឃើញ​ថា ចិន​កាន់តែ​ទាល់ច្រក​ដែល​គេ​ថា ចិន​អស់​ក្រឡា​ដើរ​ហើយ ព្រោះ​វិធានការ​របស់​ចិន រួម​ទាំង​ការ​លើក​ទ័ព​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ទាំង​វិធានការ​ការទូត ត្រូវ​បាន​អាមេរិក និង​សម្ពន្ធមិត្ត​អាមេរិក និង​តៃវ៉ាន់ វាយ​សំពង​ចិន​ចុងក្រោយ​នេះ​ប្រៀប​ដូច​រុញ​ចិន​ខ្ទប់​ជញ្ជាំង​ទៅ​ហើយ។ ចិន​នៅ​សល់​ក្រឡា​អុក​តែ​មួយ​គត់ គឺ​ត្រូវ​ធ្វើ​សេចក្ដី​សម្រេច​ក្នុង​ការ​លើក​ទ័ព​វាយ​កាន់កាប់​កោះ​តៃវ៉ាន់​នៅ​ចំពោះ​មុខ​ការ​ព្រមាន​របស់​អាមេរិក​តែប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស