28 C
Phnom Penh

តើ​ចលនា​កុម្មុយនីស្ត​និយម​និង​ក្រុម​បក្ស​កុម្មុយនីស្ត​លែង​មាន​ប្រជាប្រិយភាព​ចាប់ពី​ពេល​ណា​មក?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​កុម្មុយនីស្ត​និយម និង​ក្រុម​បក្ស​កុម្មុយនីស្ត​លែង​មាន​ប្រជាប្រិយភាព​នា​ចុង​ទសវត្ស​១៩៨០ គឺ​ឆ្នាំ​១៩៨៩ ក្រោយពី​សហភាព​សូវៀត​ដួល​រលំ។ គោលការណ៍​របស់​បក្ស​កុម្មុយនីស្ត​ចែង​ថា រំលាយ​វណ្ណៈ​ជិះជាន់ ហើយ​បង្កើត​របប​ថ្មី​ដោយ​យក​ទ្រព្យសម្បត្តិ​ឯកជន​ធ្វើជា​សម្បត្តិ​រួម ឬ​ជា​សមូហភាព​ជា​របស់​រដ្ឋ។

ដោយសារតែ​ចលនា​កុម្មុយនីស្ត​និយម​បាត់បង់​ប្រជាប្រិយភាព បក្ស​កុម្មុយនីស្ត​បាន​ប្រែ​រូប​បំភ័ន្ត​ភ្នែក​មនុស្ស​ដែល​ឱបក្រសោប​យក​ទ្រឹស្ដី​មូលធន​និយម​តាម​បស្ចិម​ប្រទេស គឺ​លោក​សេរី ដើម្បី​អូស​ទាញ​យក​រូបិយប័ណ្ណ​បរទេស​ចូល​ស្រុក។ រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​គេ​នៅ​ដដែល ថ្វីបើ​គេ​រៀបចំ​ខ្លួន និង​និយាយ​ស្តី​តាម​បែប​ប្រទេស​លោក​សេរី​ក្តី។

តើ​ការ​ប្រែ​រូប​របស់​ចលនា​កុម្មុយនីស្ត​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​យល់​ច្រឡំ​បែប​ណា​ខ្លះ?

លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​អំពី​របៀប​ពួក​ផ្ដាច់ការ​បបួល​គ្នីគ្នា​ដើម្បី​ការ​រស់រាន​យូរ​អង្វែង។

សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​ប្រទេស​ដឹកនាំ​ដោយ​ប្រព័ន្ធ​ដោយ​បក្ស​នយោបាយ​តែ​មួយ ឯក​បក្ស ឯកមគ្គ unitary system ប្រកាន់​តាម​មាគ៌ា​ទ្រឹស្ដី​កុម្មុយនីស្ត​និយម ដោយ​ច្នៃ​ការ​អប់រំ​មនោគមន៍វិជ្ជា​តាម​លំនាំ​ទស្សនវិទូ​អាល្លឺម៉ង់ កាល់ ម៉ាក្ស និង​ទស្សនវិទូ​រុស្ស៊ី ឡេ នីន។ ជា​ប្រទេស​ប្រកាន់​យក​អំណាច​ផ្ដាច់ការ​ផ្តាច់​មុខ​គ្មាន​បក្ស​នយោបាយ​ជំទាស់ គ្មាន​ក្រុម​ប្រឆាំង ឬ​ក្រុម​ជំទាស់។

ប្រទេស​ប្រកាន់​របប​ដឹកនាំ​ផ្ទុយ​ពី​ប្រទេស​ប្រកាន់​តាម​មាគ៌ា​ប្រជាធិបតេយ្យ អ្នក​ដឹកនាំ​ម្នាក់ ឬ​លើស​ពី​ម្នាក់ បង្កើត​ជា​ក្រុម​តូច​មួយ​ធ្វើជា​ក្បាលម៉ាស៊ីន បង្កើត​បណ្ដាញ​ដង្ហែ​បក្ស​ដោយ​ផ្តល់​លាភសក្ការៈ​ដល់​ពពួក​ជន​ដែល​ចេះ​លះបង់​ដាច់ខាត​ដើម្បី​បក្ស ពពួក​ជន​ស្ម័គ្រចិត្ត​ត្រៀម​ខ្លួន​គោរព​ប្រណិប័តន៍​ស្មោះស្ម័គ្រ​បម្រើ​ការពារ​មេ​បក្ស និង​ពពួក​ឃាតករ​ស្ម័គ្រចិត្ត willing executioners ឬ​ពពួក​សម្ងំ​សុខ​យក​ស្រួល​សម្រាប់​តែ​អត្តទត្ថភាព selfishness។

បញ្ញវន្ត អ្នកប្រាជ្ញ អ្នក​មាន​គតិបណ្ឌិត គេ​កំណត់​របៀប​ដឹកនាំ​មួយ​ថា​ផ្ដាច់ការ ឬ​មិន​ផ្ដាច់ការ​នៅ​ត្រង់​ថា តើ​របៀប​គ្រប់គ្រង​នោះ​ជា​របៀប​ដូចម្តេច។ មនុស្ស​ខ្លះ​ដែល​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ គេ​អាច​និយាយ​ថា ពលរដ្ឋ​ប្រទេស​ចិន​មាន​សេរីភាព មាន​គំនិត​មូលធន​និយម មាន​នាយទុន មាន​សេដ្ឋី​មាន​លុយ​គរ​ដូច​ដំបូក សប្បាយ​រីករាយ មាន​សុភមង្គល។ ផ្ទុយទៅវិញ អ្វីៗ​ដែល​គេ​មើល​ឃើញ​នេះ គ្រាន់តែ​ឃើញ​សម្បក​ក្រៅ​ប៉ុណ្ណោះ។

របៀប​ផ្ដាច់ការ​ម្យ៉ាង​ភាសា​អង់គ្លេស​ហៅថា authoritarianism គឺ​រដ្ឋ​អំណាច​ផ្តល់​សិទ្ធិ​សេរីភាព​ឲ្យ​ពលរដ្ឋ​ខ្លួន​ខ្លះៗ ប៉ុន្តែ​ត្រូវ​ស្ថិត​ក្នុង​រង្វង់​មាគ៌ា​បក្ស​ជា​ប្រភព​អំណាច ដែល​ដាក់​ទិស​ចេញ​ឲ្យ​រដ្ឋាភិបាល ហៅថា​អាជ្ញាបក ឬ​អ្នក​ដាក់​បង្គាប់ ឬ​អ្នក​ដាក់​អាជ្ញា​បញ្ញត្តិ authority ដើម្បី​អនុវត្ត និង​ឲ្យ​ប្រជាពលរដ្ឋ​ប្រតិបត្តិ​តាម ហៅថា​អាជ្ញាករ ឬ​អ្នក​ស្តាប់ អ្នក​ធ្វើ​តាម​បញ្ជា។

របៀប​ដឹកនាំ​បែប​នេះ ដឹកនាំ​ដោយ​មនុស្ស​មួយ​ក្តាប់​តូច ទោះជា​បោះឆ្នោត​ជ្រើសរើស​ដោយ​ពលរដ្ឋ​ក្តី មិន​បោះឆ្នោត​ដោយ​ពលរដ្ឋ​ក្តី គេ​មិន​អនុញ្ញាត​ឲ្យ​មាន​បក្ស ឬ​គំនិត​ជំទាស់ ប្រជែង ប្រឆាំង រិះគន់​ឡើយ។ មនុស្ស​គ្រប់​រូប​ត្រូវ​ដើរ​តាម​ផ្លូវ​គេ​កំណត់​ឲ្យ​ដើរ។ បើ​ប្រឆាំង គេ​កម្ទេច​ចោល។

របៀប​ដឹកនាំ​បែប​ផ្តាច់​មុខ​ទាំងស្រុង អង់គ្លេស​ហៅថា totalitarianism មេដឹកនាំ​មាន​អំណាច​គ្មាន​ដែន​កំណត់ គឺ​គេ​ក្តោប​ក្តាប់​អ្វីៗ​ទាក់ទង​នឹង​ជីវិត​ពលរដ្ឋ​ឲ្យ​នៅ​ក្នុង​កណ្ដាប់ដៃ​អ្នក​មាន​អំណាច៖ បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ មនុស្ស​ត្រូវ​រស់​របៀប​នេះ ឬ​របៀប​នោះ តាមដាន​ជីវភាព​រស់នៅ​ពលរដ្ឋ សកម្មភាព​កិច្ច​ការងារ ការ​ប្រើ​ពាក្យ​សម្ដី ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដែល​អ្នក​កាន់​អំណាច​គ្មាន​ព្រំដែន​នោះ​ខំ​ព្យាយាម​លាក់។ គេ​ធ្វើ​សេចក្តី​សម្រេច​លើ​បញ្ហា​អ្វី​មួយ​ដោយ​មិន​ចាំបាច់​ត្រូវការ​ប្រជាមតិ​ពី​ប្រជានិករ។

មេដឹកនាំ​របប​ទាំង​ពីរ​បែប​នេះ​តែងតែ​ចង់​កាន់​អំណាច ឬ​ធ្វើ​ច្បាប់​សម្រាប់​ខ្លួន​កាន់​អំណាច​រហូត​មិន​ផ្ទេរ​ឲ្យ​អ្នក​ណា​ឡើយ។ បើ​ត្រូវ​ផ្ទេរ គេ​ផ្ទេរ​ឲ្យ​តែ​អ្នក​ណា​អាច​ដើរ​តាម​ផ្លូវ​តែ​មួយ​គត់ ហៅថា​ឯកមគ្គ​ដែល​ខ្លួន​ធ្លាប់​រក្សា​អំណាច​នោះ​រហូត​ដល់​ស្លាប់​តែប៉ុណ្ណោះ។ ពួក​មេដឹកនាំ​ប្រភេទ​កាន់​អំណាច​ម្នាក់​ឯង​មួយ​ជីវិត ភាសា​អង់គ្លេស​ហៅថា dictator ឬ dictatorship ឬ despotism ភាសា​សាមញ្ញ​ខ្មែរ​ថា ច្បាប់​នៅ​នឹង​មាត់ ឬ​នីតិ​មាត់។

ពួក​ទាំងនេះ​និយម​អត្តាធិបតេយ្យ autocracy ដូច្នេះ​គេ​មិន​ចង់​បាន មិន​ត្រូវការ​ប្រជាធិបតេយ្យ democracy អ្វី​នោះ​ទេ។ គេ​យក​ការ​បោះឆ្នោត​មួយ​យ៉ាង​គត់ ដែល​គេ​គ្រប់គ្រង និង​កំណត់​លទ្ធផល​មក​អនុវត្ត ដើម្បី​បង្ហាញ​សកលលោក​ថា គេ​ដើរ​តាម​លទ្ធិប្រជាធិបតេយ្យ។

មេដឹកនាំ​ក្នុង​របប​គ្រប់គ្រង​ក្រៅពី​របប​ប្រជាធិបតេយ្យ ទាំង​របប​ផ្ដាច់ការ authoritarianism ទាំង​របប​ផ្តាច់​មុខ​ទាំងស្រុង totalitarianism គេ​ប្រឹងប្រែង​ប្រើ​ធនធាន​ជាតិ​ដើម្បី​តែ​ពង្រឹង​អំណាច ពង្រឹង​បក្ស​ពួក​របស់​គេ ហើយ​បន្តក់ ឬ​សម្រក់​ប្រយោជន៍​ជា​តំណក់ៗ​ពី​លើ​ទៅ​ក្រោម​តាម​ជាន់​ថ្នាក់ តាម​ឋានន្តរស័ក្តិ និង​អតីតភាព។ ដំណាល​ពេល​គ្នា​នោះ គេ​ប្រឹង​ទាញ​ផលប្រយោជន៍​ពី​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​សេរី មាន​ប្រជាធិបតេយ្យ​ពេញលេញ ព្រោះ​ថា​ប្រទេស​លោក​សេរី​ភាគច្រើន​លើសលប់​ជា​ប្រទេស​រីកចម្រើន ជឿនលឿន មាន​ទ្រព្យធន​ស្តុកស្តម្ភ។ គេ​គិត​ថា វិធី​បែប​នេះ​ជា​វិធី ជា​ផ្លូវ​ត្រូវ ផ្លូវ​ចំណេញ-ចំណេញ​ផ្លូវ​ឈ្នះ​ឈ្នះ គេ​ហៅថា win-win។

មេ​គំនិត​បដិវត្តន៍​សូវៀត ពី​សតវត្ស​ទី​១៩ ដល់​សតវត្ស​ទី​២០ Vladimir Ilich Lenin បាន​កត់ត្រា​ក្នុង​ទំនាក់ទំនង​ការបរទេស​ជាមួយ​បស្ចិម​ប្រទេស​ថា៖ «ពួក​មូលធន​និយម នឹង​លក់​ខ្សែពួរ​ឲ្យ​យើង ដែល​យើង​នឹង​យក​ទៅ​ព្យួរ​ក​គេ​វិញ»។ “The Capitalists will sell us the rope with which we will hang them.”

មួយ​វិញ​ទៀត Lenin និយាយ​សម្រាប់​គោលការណ៍​នយោបាយ​ក្នុង​ស្រុក​ថា៖ «ខណៈ​រដ្ឋ​នៅ​រស់រាន វា​នឹង​មិន​អាច​មាន​សេរីភាព​ទេ។ ពេល​ណា​មាន​សេរីភាព វា​នឹង​ពុំ​មាន​រដ្ឋ​ទេ»។ “While the State exists, there can be no freedom. When there is freedom there will be no State.” [State and Revolution (1919) ch. 5]

បន្ទាប់​មក មេដឹកនាំ​ផ្ដាច់ការ​ផ្តាច់​មុខ​ទាំងស្រុង ចាប់ផ្តើម​បង្ហាញ​ឥទ្ធិពល​ដែល​បាន​មកពី​ការ​រកស៊ី​ចំណេញ​កើន​ទ្រព្យធន​ពី​លោក​សេរី មូលធន​និយម ជាពិសេស​ពី​ប្រទេស​នៅ​អាមេរិក​ខាងជើង​ពីរ គឺ​សហរដ្ឋ​អាមេរិក និង​កាណាដា ព្រមទាំង​សហភាព​អឺរ៉ុប គេ​បាន​បញ្ជូន​មនុស្ស​ទៅ​រៀនសូត្រ​ក្រេប​យក​ចំណេះ​វិជ្ជា ជាពិសេស​ខាង​ផ្នែក​បច្ចេកវិជ្ជា ខាង​វិទ្យាសាស្ត្រ។ ចំពោះ​មុខវិជ្ជា​លាក់​ការណ៍​ដែល​ទាក់ទង​នឹង​ការសម្ងាត់​សម្រាប់​សន្តិសុខ​ប្រទេស​ជាតិ​លោក​សេរី ក្រុម​ផ្ដាច់ការ​ផ្តាច់​មុខ​ប្រើ​វិធី​លួច​ចម្លង ឬ​ប្រើ​លុយ ប្រើ​ចារបុរស spies ទិញ​ការសម្ងាត់​តាម​របៀប​ចារកម្ម spying។

រដ្ឋការ​នៃ​បក្ស​កុម្មុយនីស្ត​ចិន គេ​ប្រើ​និស្សិត សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ពាណិជ្ជករ វិនិយោគិន ឬ​សហគ្រិន អ្នកកាសែត ដែល​មាន​ប្រវត្តិ​ជា​នាយ​ទាហាន​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន។ មនុស្ស​ចេញ​ធ្វើការ ឬ​មាន​បេសកកម្ម​ការងារ​ក្រៅ​ប្រទេស ជា​សមាជិក​បក្ស ប្រើ​ធនធាន​បក្ស មាន​ភារកិច្ច​បម្រើ​បក្ស។

ចុង​ទសវត្ស​១៩៨០ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ស៊ីនហួ (Xinhua) រក​ជួល​អគារ​ធ្វើ​ទីស្នាក់ការ​ម្តុំ​ទីតាំង​ដី​ទួល​ក្បែរ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ហៅថា​មន្ទីរ​បញ្ចកោណ (The Pentagon) ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតុន ប៉ុន្តែ​សភា​ជំទាស់ ហើយ​សេតវិមាន​ក៏​មិន​អនុញ្ញាត។ ករណី​លួច លក់ ទិញ​ឯកសារ​សម្ងាត់​យោធា​ទាក់ទង​នឹង​រូបមន្ត​ផលិត​អាវុធ​យុទ្ធភណ្ឌ​សហរដ្ឋ​អាមេរិក​រវាង​ជនជាតិ​ចិន និង​អាមេរិកាំង ឬ​ចិន-អាមេរិកាំង ត្រូវ​បាន​អាជ្ញាធរ​ចាប់​បាន​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​ជាច្រើន​ករណី។

មាន​ក្រុមហ៊ុន​ចិន​ជាច្រើន​ដែល​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ស៊ើបការណ៍​សម្ងាត់​រក​ឃើញ​ថា​ជា​សហគ្រាស​ជួរ​មុខ បិទបាំង​កិច្ចការ​យក​ការណ៍​សម្ងាត់​ផ្តល់​ឲ្យ​យោធា និង​បក្ស​កុម្មុយនីស្ត​ចិន។ តាម​ស្ថិតិ​ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក នា​ឆ្នាំ​២០១៩ ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​កសិកម្ម​គ្រប់គ្រង​ផ្ទៃដី​ដាំដុះ​នៅ​សហរដ្ឋ​អាមេរិក​ទំហំ​ប្រមាណ​ជិត ៨​ម៉ឺន​ហិកតារ ដែល​មាន​ទឹកប្រាក់​ជិត ២​ពាន់​លាន​ដុល្លារ។

ក្នុង​ខែ​កក្កដា ឆ្នាំ​២០២២ ក្រុមហ៊ុន​ចិន​ខាង​រោងចក្រ​កិន​ពោត Fufeng ទិញ​ដី​ទំហំ ៣០០​ហិកតារ និង​បើក​ហាង​លក់ដូរ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មូលដ្ឋាន​ទ័ព​អាកាស Grand Forks រដ្ឋ North Dakota ដែល​ជា​ទីតាំង​ទុក​ឯកសារ​សម្ងាត់​បំផុត​ខាង​ផលិតកម្ម​យន្តហោះ​ដ្រូន។ សមាជិក​សភា​អាមេរិកាំង​សម្ដែង​ក្តី​បារម្ភ​ចំពោះ​សន្តិសុខ​ជាតិ និង​ផលិតផល​កសិកម្ម​ជា​សន្តិសុខ​ស្បៀង​សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​ដៃ​ក្រុមហ៊ុន​បរទេស។

កាលពី​ឆ្នាំ​២០១៧ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ស្នើ​ឧបត្ថម្ភ​ទុន ១០០​លាន​ដុល្លារ​ដើម្បី​ធ្វើ​សួនច្បារ​ចិន​លម្អ​ដោយ​ផ្កា​ចម្រុះ​ពណ៌​គ្រប់​មុខ និង​សង់​វិហារ​ចិន​លើ​ទំនួល​ដី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន សម្រាប់​ទេសចរ។ ការិយាល័យ​ភ្នាក់ងារ​ប៉ូលិស​សម្ងាត់ FBI បាន​ស្រាវជ្រាវ​រក​ឃើញ​ថា ទីតាំង​សួនច្បារ​នោះ​នឹង​ដំឡើង​បង្គោល​អង់តែន​ទូរគមនាគមន៍​ដោយ​ក្រុមហ៊ុន​អ៊ីនធឺណិត​ចិន Huawei ហើយ​គេ​ដឹង​ថា ចិន​បាន​បង្កើន​សកម្មភាព​យក​ការណ៍​សម្ងាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​យ៉ាង​ខ្លាំងក្លា។

គម្រោង​សួនច្បារ និង​វិហារ​ចិន ត្រូវ​បាន​គេ​លុប​ចោល​វិញ​ទាំងស្រុង។ ដូច្នេះ សកម្មភាព​ចារកម្ម​ចិន​នៅ​បរទេស​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា គឺ​វាតទី​ទឹកដី​បោះ​ទីតាំង​ស៊ើបការណ៍​សម្ងាត់​តាមរយៈ​ក្រុមហ៊ុន​ឯកជន និង​ស្ថាបនា​ទីតាំង​យោធា បើសិន​ជា​មាន​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍ​ពុករលួយ​ជំពាក់​បំណុល​ចិន​វ័ណ្ឌ​ក។

ចំពោះ​រដ្ឋ​ដែល​រណប​ចិន មាន​ដូចជា​ប្រទេស​លាវ រាជាណាចក្រ​កម្ពុជា ជាដើម ក្រុង​ប៉េកាំង​ងាយ​នឹង​បង្កើន​ឥទ្ធិពល​ណាស់ ព្រោះ​ថា​ជា​ប្រទេស​ត្រូវការ​ជំនួយ​ចិន​ចាំបាច់ ហើយ​ចិន​ក៏​មិន​ប្រិតប្រៀន​ការ​ចាយវាយ និង​អំពើពុករលួយ​ដែរ។

គេ​ផ្តល់​ជំនួយ តែ​គេ​ត្រូវការ​អ្វី​មួយ​ពី​ប្រទេស​ទាំងនេះ​វិញ មាន​ពី​ការ​ធ្វើ​សម្បទាន​ដី​សេដ្ឋកិច្ច​ធ្វើ​កសិកម្ម ដល់​ការ​អនុញ្ញាត​ឲ្យ​សង់​ទីតាំង​មូលដ្ឋាន​យោធា​ចិន។ ប្រទេស​លាវ មិនទាន់​លេច​មុខ​ជា​ប្រទេស​ផ្តល់​ទីតាំង​យោធា​ដល់​ចិន​ទេ មកពី​ក្រុង​ហាណូយ មាន​ឥទ្ធិពល​ក្រាស់ក្រែល​ក្តាប់​ជាប់​គ្រប់​ជ្រុងជ្រោយ ហើយ​អ្នក​ដឹកនាំ​សុទ្ធតែ​ទទួល​ការ​អប់រំ​ហ្វឹកហ្វឺន​នៅ​ហាណូយ។

ទោះជា​យ៉ាង​នេះ​ក្តី ចិន​ក៏​បាន​ទទួល​ដី​សម្បទាន​សម្បើម​ណាស់​ដែរ ដើម្បី​បង្កើន​ផលិតផល​កសិកម្ម​ចិន ដែល​អាច​នឹង​គ្រប់គ្រង​សន្តិសុខ​ស្បៀង​អាហារ​រយៈពេល​យូរ​អង្វែង។

បរទេស​គេ​លូក​ដៃ​សាកល្បង​ម្តង​បន្តិចៗ ថា​តើ​លូក​ជ្រៅ​ទៅ​ឆ្ងាយ​បាន​ដល់​ណា ដែល​ទាំងអស់​នេះ​វា​អាស្រ័យ​លើ​រដ្ឋាភិបាល និង​ពលរដ្ឋ​ប្រទេស​នោះ។ បើ​គ្រាន់តែ​ចង់​បាន​លុយ លុយ​ក្លាយ​ជា​អន្ទាក់​មិន​ខាន។

ក្រៅ​ពី​នេះ មន្ត្រី​រដ្ឋាភិបាល​ប្រទេស​ជាប់​បំណុល​ចិន ក៏​ងាយ​នឹង​ស្ម័គ្រចិត្ត​បម្រើ​ប្រយោជន៍​ឲ្យ​ចិន​កុម្មុយនីស្ត​ដែរ ជាពិសេស​តាមរយៈ​ស្ថានទូត​ដែល​មាន​អភ័យ​ឯកសិទ្ធិ​ទូត។ ក្នុង​ចំណោម​មនុស្ស​ដែល​ស្ម័គ្រចិត្ត​បម្រើ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក ពុំ​មាន​នរណា​ដឹង​ច្បាស់​ថា​អ្នក​ណា​ម្នាក់​ធ្វើការ​សម្ងាត់​ឲ្យ​ចិន​ឡើយ។

យើង​បាន​ដឹង និង​ផ្សាយ​ជាច្រើន​ភាគ​អំពី​ការ​ពង្រីក​វត្តមាន និង​ឥទ្ធិពល​បក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ដោយ​ប្រើ​ធនធាន​បាន​មកពី​ការ​ធ្វើ​ជំនួញ​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​បញ្ចុះបញ្ចូល​ទាក់ទាញ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​តាម​សហគមន៍​ខ្មែរ​ក្នុង​រដ្ឋ​នានា​ទូទាំង​សហរដ្ឋ​អាមេរិក។ អ្នក​គ្រប់គ្រង​ចាត់តាំង​សមាជិក​នៅ​បរទេស សុទ្ធសឹងតែ​ជា​កូនចៅ​មន្ត្រី​ជាន់ខ្ពស់​បក្ស ដែល​មាន​តំណែង មុខងារ មុខ​នាទី​ជា​នាហ្មឺន នាយ​ទាហាន​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ឯក​បក្ស។

ឆ្លើយតប​នឹង​ការ​រាតត្បាត​បង្ក​ក្តី​ព្រួយបារម្ភ​ដល់​សមាជិក​សហគមន៍​ខ្មែរ-អាមេរិកាំង រដ្ឋាភិបាល​អាមេរិកាំង​បាន​ផ្តើម​ពី​ការ​តាមដាន​ការ​បណ្ដាក់ទុន​ពី​ជនបរទេស​ដោយ​ផ្ទាល់​ខ្លួន ឬ​ដោយ​ប្រើ​តំណាង​ដើរ​តួ​ដាក់​ឈ្មោះ​ចុះបញ្ជី​ជំនួស​ម្ចាស់​ដើមទុន ព្រមទាំង​បង្កើន​ចំនួន​ទុន​វិនិយោគ​នៅ​សហរដ្ឋ​អាមេរិក កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ពី ២៥​ម៉ឺន​ទៅ ១​លាន​ដុល្លារ បើ​ធ្វើ​អាជីវកម្ម​ក្នុង​ទីក្រុង។

ក្នុង​ឆ្នាំ​២០២២ នេះ ប្រភព​ច្បាស់​ការណ៍​ពី​ខាង​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​អាមេរិកាំង​កំពុង​អង្កេត​ស្រាវជ្រាវ​លើ​ពលរដ្ឋ​អាមេរិកាំង​ណា​ដែល​បាន​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការ​ក្នុង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ គេ​បាន​បដិសេធ​បេក្ខជន​ដាក់​ពាក្យ​សុំ​ចូល​ធ្វើការ​ជា​កូនចៅ​ដែល​មាន​ឪពុក​ម្តាយ បងប្អូន​ស្ម័គ្រចិត្ត​បម្រើ​ប្រយោជន៍​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា ដោយ​គេ​មន្ទិល​សង្ស័យ​ក្រែង​មាន​អ្នក​ស្ម័គ្រចិត្ត​ធ្វើការ​ឲ្យ​បក្ស​កុម្មុយនីស្ត​ចិន​ផង​ដែរ​ជា​របៀប​ប្រើ​ដៃ​អ្នក​ដទៃ។

ប្រភព​បញ្ជាក់​ទៀត​ថា កូនចៅ​របស់​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ដែល​ក្រុម​គ្រួសារ​ជា​ឪពុក​ម្តាយ បងប្អូន​ជាប់​ជំពាក់ជំពិន​នឹង​បក្ស​ប្រជាជន​កម្ពុជា គេ​មិន​ចេញ​ប័ណ្ណ​សន្តិសុខ security clearance បញ្ជាក់​អំពី​ប្រវត្តិ​ស្អាតស្អំ​គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន​ទេ។ នេះ​ជា​កម្ម​នាំ​មក​នូវ​ផលវិបាក​ប៉ះពាល់​ដល់​អនាគត​កូនចៅ​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​នា​អនាគតកាល។

អ្នកនិពន្ធ ប្រវត្តិវិទូ ទស្សនវិទូ​បារាំង François-Marie Arouet មាន​រហស្សនាម​ថា Voltaire (គ.ស. ១៦៩៤-១៧៧៨) សួរ​ថា៖ «តើ​នយោបាយ​គ្មាន​អ្វី​លើស​ពី​ក្បាច់​ភូតភរ​កុហក​ដោយ​ចេតនា​នោះ​ទេ​ឬ? (is politics nothing other than the art of deliberately lying?)»

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស