31 C
Phnom Penh

បទវិភាគ៖ តើ​ពលរដ្ឋ​ត្រូវ​ចូលរួម​តស៊ូ​បែប​ណា ដើម្បី​ទទួល​បាន​នីតិរដ្ឋ​ពិតប្រាកដ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ឌិត ហ្គាហ្វា ពាងម៉េត ជា​អតីត​វីរជន​មួយ​រូប​បាន​លះបង់​គ្រួសារ​ទៅ​ចូលរួម​ចំណែក​តស៊ូ​រំដោះ​ជាតិ​មាតុភូមិ​នា​ទសវត្ស​១៩៨០ ក្នុង​ចលនា​តស៊ូ​មិនមែន​កុម្មុយនីស្ត ក្នុង​ពេល​ក្រោយ​កងទ័ព​កុម្មុយនីស្ត​យៀកណាម វាយ​លុកលុយ​ទន្ទ្រាន​ឈ្លានពាន ត្រួតត្រា​កាន់កាប់​ប្រទេស​ជាតិ​នា​ដើម​ឆ្នាំ​១៩៧៩។

មុន​ចាកចេញ​ទៅ​បង្រៀន​និស្សិត​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង ឯ​កោះ​ហ្គាម (Guam) ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​ក៏​ធ្លាប់​បាន​រួម​ចំណែក​ផ្តល់​គំនិត​ដល់​មេដឹកនាំ​ចលនា​តស៊ូ​ដែល​ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ផង​ដែរ។

ស្ថិត​ក្នុង​វ័យ​ចូល​និវត្តន៍ លោក​បាន​សរសេរ​អត្ថបទ​ជាច្រើន​ចុះផ្សាយ​លើ​គេហទំព័រ​របស់​លោក​ផ្ទាល់ ដោយ​ចែករំលែក​គំនិត បទពិសោធន៍ ចំណេះដឹង​របស់​លោក​ជា​វិភាគទាន​ដល់​ការ​គិតគូរ​ដឹកនាំ​កែប្រែ​សង្គម​ជាតិ ដើម្បី​នាំ​មក​នូវ​អធិបតេយ្យ​ជាតិ ឯករាជភាព បូរណភាព​មាតុភូមិ វឌ្ឍនភាព និង​សុភមង្គល​ពិតប្រាកដ​ដល់​ខ្មែរ​គ្រប់​រូប​ស្មើៗ​គ្នា។

លោក​បាន​ផ្តើម​សរសេរ​អត្ថបទ​អប់រំ​ឡើងវិញ​នៅ​ខែ​សីហា កន្លងទៅ​នេះ ក្រោយពី​បាន​សម្រាក​អស់​រយៈពេល​មួយ​ឆ្នាំ។

លោក ហាស់ សាន សូម​អាន​អត្ថបទ​វិភាគ​មួយ​របស់​លោក ហ្គាហ្វា ពាងម៉េត ថា​តើ​ពលរដ្ឋ​ត្រូវ​ចូលរួម​តស៊ូ​បែប​ណា ដើម្បី​ទទួល​បាន​នីតិរដ្ឋ​ពិតប្រាកដ?

ជា​បឋម ខ្ញុំ​សូម​ជម្រាប​ដល់​បងប្អូន​អ្នក​អាន និង​អ្នក​ស្តាប់​នៅ​ជិត​ឆ្ងាយ​ថា ខ្ញុំ​និង​គ្រួសារ​សុខ​សប្បាយ​ជា​ធម្មតា​ទេ។ ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​នេះ ខ្ញុំ​មិន​បាន​សរសេរ​ផ្សាយ​អត្ថបទ​ឡើយ។ អត្ថបទ​ចុងក្រោយ​របស់​ខ្ញុំ​ក្រោម​ចំណងជើង​ថា “កម្ពុជា​ក្នុង​គ្រា​ជំងឺ​រោគ​ឆ្លង” បាន​ចុះផ្សាយ​នៅ​ក្នុង​គេហទំព័រ “គំនិត​ខ្មែរ” www.kumnitkhmer.com នា​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១។

ដោយ​មាន​ការ​ទទូច​សុំ​ពី​សំណាក់​កូន និង​ចៅ​ខ្ញុំ​ឲ្យ​ខ្ញុំ​សរសេរ​អំពី​ប្រវត្តិ​របស់​ខ្ញុំ​ពី​កុមារភាព​រហូត​ដល់​បច្ចុប្បន្នកាល ដើម្បី​ទុក​ជា​កេរដំណែល​សម្រាប់​ពួកគេ ខ្ញុំ​ក៏​បាន​ដកឃ្លា​មួយ​រយៈ​ដើម្បី​សរសេរ​ជីវប្រវត្តិ​របស់​ខ្ញុំ។

ខ្ញុំ​រំភើប​ចិត្ត​ជា​ខ្លាំង ហើយ​ក៏​សូម​អរគុណ​ប្រិយមិត្ត​មួយ​ចំនួន​ដែល​បាន​ផ្ញើ​សារ​អ៊ីមែល​មក​សាកសួរ​អំពី​សុខទុក្ខ​របស់​ខ្ញុំ ថ្លែង​អំពី​ក្តី​បារម្ភ​ដល់​សុខភាព​ខ្ញុំ ព្រមទាំង​សម្ដែង​ការ​សោកស្តាយ​ដោយ​ខាន​បាន​អាន​អត្ថបទ​ខ្ញុំ​ជាច្រើន​ខែ​មក​ហើយ។ ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​នេះ ខ្ញុំ​មាន​ក្តី​សោមនស្ស​ជា​ពន្លឹក​ដោយ​សង្កេត​ឃើញ​មាន​អ្នក​អាន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​បាន​ចូល​ទស្សនា​គេហទំព័រ “គំនិត​ខ្មែរ” និង​ចំណាយ​ពេលវេលា​ជាច្រើន​ដើម្បី​អាន​អត្ថបទ​អប់រំ និង​អត្ថបទ​គំនិត​ផ្សេងៗ ព្រមទាំង​មើល​រូបភាព និង​មើល​ខ្សែ​វីដេអូ​ផង​ដែរ។

គឺ​កត្តា​ទាំងអស់​នេះ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ខិតខំ​បន្ត​បេសកកម្ម​សរសេរ​ផ្សព្វផ្សាយ​អត្ថបទ​ឲ្យ​រឹង​រឹតតែ​ទូលំទូលាយ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​ធ្វើ​កិច្ចការ​នេះ​បាន​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។

ដោយ​បាន​ឃើញ​ថា​មាន​អ្នក​អាន​មួយ​ចំនួន​បាន​ចំណាយ​ពេល​យូរ​បង្គួរ​ក្នុង​ការ​អាន និង​ស្តាប់​អត្ថបទ​អប់រំ និង​អត្ថបទ​គំនិត​នៅ​ក្នុង​គេហទំព័រ “គំនិត​ខ្មែរ” ខណៈ​ខ្ញុំ​បាន​សរសេរ​ផ្សាយ​អត្ថបទ​ទាំងនោះ​ស្តីអំពី​ប្រធានបទ​ផ្សេងៗ​ជាច្រើន​រួច​មក​ហើយ ជាពិសេស​អំពី​មុខនាទី​របស់​បុគ្គល​ម្នាក់ៗ​នៅ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​នយោបាយ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​នេះ ខ្ញុំ​សូម​ជូន​អត្ថបទ​មួយ​ក្នុង​គំនិត​ដាស់​ស្មារតី និង​លើក​ទឹកចិត្ត​អ្នក​អាន​ឲ្យ​ជឿ​ថា ខ្មែរ​អាច​កែប្រែ​សភាពការណ៍​នៅ​ប្រទេស​កម្ពុជា​បាន​នៅ​ក្នុង​គំនិត “កសាង​កម្ពុជា​នីតិរដ្ឋ” មួយ។

ប្រទេស​កម្ពុជា​សព្វថ្ងៃ​ស្ថិត​នៅ​ក្រោម​របប​អត្តាធិបតេយ្យ ដែល​ជា​របប​ជិះជាន់​ផ្ដាច់ការ​របស់​បុគ្គល​មួយ​រូប។ នៅ​ក្រោម​របប​នេះ ពលរដ្ឋ​ខ្មែរ​គ្មាន​សិទ្ធិ​សេរីភាព​ស្មើ​គ្នា​ទេ ហើយ​ក៏​គ្មាន​ឱកាស​រក​ទទួលទាន​នៅ​ក្នុង​សភាវៈ​ស្មើ​គ្នា​ដែរ​នៅ​ក្នុង​ជីវិត​រស់នៅ។ អ្នក​គ្រប់គ្រង​អត្តាធិបតី​មិន​ទទួលស្គាល់ និង​រាប់រក​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ដូចៗ​គ្នា​ឡើយ។

បើ​យើង​ក្រឡេក​មើល​ជុំវិញ​ខ្លួន យើង​នឹង​ឃើញ​ថា អ្នក​ដឹកនាំ​របប​អត្តាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ជា​មនុស្ស​ជិះជាន់​ដែល​ក្តោប​អំណាច​ទាំង​៣ គឺ​អំណាច​នីតិប្រតិបត្តិ អំណាច​នីតិប្បញ្ញត្តិ និង​អំណាច​តុលាការ ដែល​ផ្ទុយ​ពី​របប​ប្រជាធិបតេយ្យ។ អំណាច​ទាំង​៣ អនុញ្ញាត​ឲ្យ​ជន​អត្តាធិបតី​ធ្វើ​ជា​មេ​ប៉ូលិស​ចាប់ចង​ផង ជា​អ្នក​បង្កើត​ច្បាប់​ផង និង​ជា​អ្នក​កាត់ក្តី​ដាក់​ទោស​ទណ្ឌ​ដល់​មនុស្ស​ផង​ទាំងពួង។ នេះ​ហើយ​ដែល​យើង​ហៅ​អ្នក​គ្រប់គ្រង​របប​អត្តាធិបតេយ្យ​ថា​ជា​ជន​ផ្ដាច់ការ។

ជា​ឧទាហរណ៍ នៅ​ពេល​ពួកគេ​ភ័យខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត គេ​ក៏​ចេញ​ច្បាប់​រំលាយ​គណបក្ស​នោះ​ចោល​ទៅ។ បុគ្គល​ណា​មាន​ឥទ្ធិពល​នៅ​ក្នុង​គណបក្ស​ជំទាស់ ក៏​ត្រូវ​បាន​ជាប់​ចោទ​អំពី​បទល្មើស​តាម​តែ​ពួកគេ​នឹក​ឃើញ។ ថ្មីៗ​នេះ កញ្ញា សេង ធារី ដែល​ជា​សកម្មជន​សិទ្ធិមនុស្ស​មួយ​រូប ត្រូវ​បាន​ទាសករ​បម្រើ​មេដឹកនាំ​រំលោភ​អំណាច​នៅ​ក្រុង​ភ្នំពេញ​ចាប់​យក​ទៅ​ដាក់​គុក​តាម​តែ​មេដឹកនាំ​ជិះជាន់​គេ​បញ្ជា។

មេដឹកនាំ​ផ្ដាច់ការ​ដែល​អាច​បន្ត​កាន់​ក្តោប​អំណាច​ជិះជាន់​បាន ក៏​ដោយសារ​មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​សុខចិត្ត​លះបង់​សិទ្ធិ​សេរីភាព​របស់​ខ្លួន លះបង់​ឱកាស​ដែល​ខ្លួន​មាន​ដើម្បី​ភាព​ថ្កុំថ្កើង និង​យុត្តិធម៌ ហើយ​ទៅ​ស្ម័គ្រចិត្ត​ធ្វើ​ជា​ខ្ញុំកញ្ជះ​បម្រើ​ជន​អត្តាធិបតី​ដើម្បី​ជា​ថ្នូរ​នឹង​មុខនាទី​គ្មាន​ខ្លឹមសារ។ ជា​លទ្ធផល មនុស្ស​ទូទាំង​នគរ​រស់នៅ​ក្នុង​ស្ថានភាព​ជា​ចំណាប់ខ្មាំង​របស់​គេ។

នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះ រដ្ឋាភិបាល​អត្តាធិបតេយ្យ​ក្រុង​ភ្នំពេញ​នឹង​រៀបចំ​ឆាកល្ខោន​ប្រជាធិបតេយ្យ​ទៅ​តាម​កាលកំណត់ ដោយ​រៀបចំ​ធ្វើការ​បោះឆ្នោត​ជាតិ​ដែល​មាន​គណបក្ស​តូចៗ​ជាច្រើន​ចូល​ប្រឡូក​ផង។ គណបក្ស​ប្រជាជន​កម្ពុជា គេ​នឹង​ប្រកាស​ឈ្នះ​ឆ្នោត ពីព្រោះ​មាន​គណបក្ស​តូចៗ​ជាច្រើន​ចូលរួម​ប្រកួតប្រជែង។

ជន​ផ្ដាច់ការ​អត្តាធិបតី​មិន​ហ៊ាន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​ទេ។

បន្ទាប់ពី​ការ​បោះឆ្នោត​រួច ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នឹង​ប្រកាស​ថា គណបក្ស​របស់​ជន​អត្តាធិបតី​ទទួល​បាន​ជ័យជម្នះ។ អង្គការ​អន្តរជាតិ​នានា​នឹង​ផ្ដន្ទាទោស​របប​អត្តាធិបតេយ្យ​ក្រុង​ភ្នំពេញ អំពី​កង្វះ​សេរីភាព និង​យុត្តិធម៌​នៅ​ក្នុង​ការ​បោះឆ្នោត។ បន្ទាប់ពី​សម្ដែង​ល្ខោន​បោះឆ្នោត​រួច អ្វីៗ​នឹង​ដំណើរការ​ដូច​ប្រក្រតី។ គ្មាន​អ្វី​ប្លែក ឬ​ផ្លាស់ប្ដូរ​ឡើយ។

នៅ​ក្នុង​អត្ថបទ​ខ្ញុំ​នៅ​ថ្ងៃ​នេះ ខ្ញុំ​ចង់​រំឭក​ពលរដ្ឋ​ខ្មែរ​ថា ព្រះពុទ្ធ​បាន​បង្រៀន​មនុស្ស​ជាតិ​ជាង ២៥០០​ឆ្នាំ​មក​ហើយ​ថា គ្មាន​អ្វី​អាច​នៅ​គង់វង្ស​ឥត​ប្រែប្រួល​បាន​ទេ ក៏ប៉ុន្តែ​ការ​ប្រែប្រួល​ដែល​អាច​កើតមាន​ទៅ​រួច លុះត្រា​ណា​តែ​មនុស្ស​ប្រើ​គំនិត ហើយ​ធ្វើ​សកម្មភាព​កែប្រែ។

មេដឹកនាំ​ប្រទេស​ឥណ្ឌា លោក មហាត្មះ​គន្ធី ដែល​បាន​បណ្តេញ​ចក្រពត្តិ​និយម​អង់គ្លេស​ចេញពី​ប្រទេស ហើយ​យក​ឯករាជ្យ​មក​ជូន​ប្រទេស​ជាតិ​វិញ បាន​ថ្លែង​ថា “គឺ​តួ​ខ្លួន​អ្នក​ម្នាក់ៗ​នេះ​ហើយ​ដែល​ជា​រូបភាព​នៃ​ការ​ប្រែប្រួល​ដែល​អ្នក​ចង់​បាន”

អ្នកស្រី ម៉ាហ្គារិទ ម៊ីត (Margaret Mead) អ្នក​វិទ្យាសាស្ត្រ​វប្បធម៌​ជាតិ​អាមេរិកាំង​បាន​បញ្ជាក់​ថា “សូម​កុំ​សង្ស័យ​ថា ក្រុម​តូច​មួយ​នៃ​ប្រភព​ពលរដ្ឋ​ដែល​មាន​គំនិត និង​ប្ដេជ្ញាចិត្ត​អាច​ផ្លាស់ប្ដូរ​ពិភពលោក​បាន។ ជា​ការពិត​ថា វា​ជា​រឿង​តែ​មួយ​គត់​ដែល​ធ្លាប់​បាន​ផ្លាស់ប្ដូរ​ពិភពលោក”

គំនិត​វិជ្ជមាន និង​គំនិត​បង្កបង្កើត​ឲ្យ​មាន​អ្វី​ដែល​មិន​ធ្លាប់​មាន នឹង​បើក​ទ្វារ​ហុច​ឱកាស​ផ្សេងៗ​ឲ្យ​សកម្មជន​ដែល​ប្ដេជ្ញាចិត្ត​នាំ​មក​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន។ មេដឹកនាំ​អត្តាធិបតី​ខ្មែរ​បច្ចុប្បន្ន​មិនមែន​ជា​ធម្មិក​ជើង​ដីឥដ្ឋ​គាស់​រំលំ​មិន​បាន​នោះ​ទេ។ ពួក​ថីៗ​ទាំងនោះ​ជា​មនុស្ស​ចេះ​ភ័យ​ចេះ​ខ្លាច​ដូច​មនុស្ស​ឯ​ទៀត​ដែរ។ បើ​មិន​ជឿ ចូរ​បំភ័យ​ផង​បន្លាច​ផង​ទៅ​មើល បើ​មិន​ថីៗ​មេក្រមី​ស្ម័គ្រចិត្ត​ទាំង​ហ្វូង​រត់​ជាន់​គ្នា​រក​កន្លែង​ពួន​ក្រោម​តុ​ជា​មិនខាន។

ខ្ញុំ​ឃើញ​មាន​ខ្មែរ​ដែល​ស្អប់​របប​អត្តាធិបតេយ្យ​ហាក់ដូចជា​នៅ​មិនទាន់​អស់ចិត្ត​ថា ប្រទេស​នានា​ដែល​គាំទ្រ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ នៅ​មាន​សមានចិត្ត​ចេញ​ខ្លួន​មក “ប្រស់” កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ ហើយ​បង្ខំ​ឲ្យ​របប​ជិះជាន់​នៅ​ក្រុង​ភ្នំពេញ​គោរព​សន្ធិសញ្ញា​ដែល​ពួកគេ​បាន​យក​មក​ទ្រាប់​គូទ​អង្គុយ។ ខ្ញុំ​មិន​ដែល​សុបិន​អំពី​រឿង​នេះ​ទាល់​តែ​សោះ។ ខ្ញុំ​បន់​សុំ​ឲ្យ​បាន​ឃើញ​ប្រទេស​ហត្ថលេខី​ណា​មួយ​ចេញ​មុខ​បង្ហាញ​សាច់ដុំ​ថា គេ​នឹង​ចាត់​វិធានការ​ឲ្យ​មាន​ការ​គោរព​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ប៉ុន្តែ​មក​ទល់​ថ្ងៃ​នេះ ខ្ញុំ​ហាក់ដូចជា​មិនទាន់​ឃើញ​មាន​សញ្ញា​អ្វី​មួយ​គួរ​ជា​ទី​សង្ឃឹម​ឡើយ។

អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ហ្មងសៅ​ក្រៃលែង គឺ “រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា” ដែល​សភាធម្មនុញ្ញ​កម្ពុជា​បាន​អនុម័ត​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩៣ ដែល​មាន ១៥៨​មាត្រា​ថា​ជា​ច្បាប់​កំពូល​របស់​ប្រជាជាតិ​ខ្មែរ ត្រូវ​បាន​របប​ជិះជាន់​នៅ​ភ្នំពេញ​សព្វថ្ងៃ​យក​ជាន់ឈ្លី។ នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​នេះ ប្រទេស​កម្ពុជា​ជា​ប្រទេស​គោរព​នីតិរដ្ឋ ដែល​កំណត់​ច្បាស់លាស់ និង​ដាក់​លក្ខខណ្ឌ​លើ​ការ​ប្រើ​អំណាច​នានា។

នីតិរដ្ឋ​ឈរ​លើ​គោលការណ៍​ថា មនុស្ស​និង​ស្ថាប័ន​ទាំងអស់​នៅ​ក្នុង​រដ្ឋ​ត្រូវ​គោរព និង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដែល​ត្រូវ​អនុវត្ត​ដោយ​ត្រឹមត្រូវ និង​ដោយ​ស្មើ​ភាព។ នីតិរដ្ឋ គឺ​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​ដែល​ត្រូវ​ផ្អែកលើ​គោលការណ៍​ច្បាប់ មិនមែន​លើ​គោលការណ៍​មនុស្ស​ទេ។ នីតិរដ្ឋ​មាន​ន័យ​ថា ច្បាប់​ខ្ពស់​ជាងគេ និង​ខ្ពស់​ជាង​បុគ្គល​ទាំងអស់ គឺ​គ្មាន​បុគ្គល ឬ​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ណា​នៅ​ពី​លើ​ច្បាប់​ឡើយ។ អ្វី​ដែល​នៅ​ចំពោះ​មុខ គឺ​របប​ភ្នំពេញ​មិន​ឲ្យ​ខ្មែរ​មាន​សិទ្ធិ​ស្មើ​គ្នា មាន​ឱកាស​រស់នៅ​ដូច​គ្នា និង​មាន​ការ​ទទួលស្គាល់ និង​រាប់អាន​ដូច​គ្នា និង​ស្មើ​គ្នា។

គួរ​កត់​សម្គាល់​ថា ធម្មជាតិ​របស់​មនុស្ស​នៅ​ក្នុង​សង្គម​មិន​ដែល​ឈប់​ស្រេកឃ្លាន​សេរីភាព យុត្តិធម៌ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ទេ។ ការ​តស៊ូ​ទាមទារ​សេរីភាព យុត្តិធម៌ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស គឺ​គ្មាន​ទី​បញ្ចប់​ឡើយ។ យ៉ាង​ដូច្នេះ យើង​មិន​ត្រូវ​ឆ្ងល់ ឬ​ភ្ញាក់ផ្អើល​ទេ បើ​យូរ​ឬ​ឆាប់​នឹង​ឃើញ​មាន​ខ្មែរ​ដែល​នៅតែ​ស្រេកឃ្លាន និង​តស៊ូ​ទាមទារ​សេរីភាព យុត្តិធម៌ និង​សេចក្តី​ថ្លៃថ្នូរ​ដោយ​ឥត​ភ័យខ្លាច​អំណាច​មេដឹកនាំ​ផ្ដាច់ការ។

សិទ្ធិ សេរីភាព និង​ឱកាស​នានា​នៅ​ក្នុង​ការ​ប្រកប​កិច្ច​ការងារ មិនមែន​រក្សា​ទុក​សម្រាប់​តែ​គ្រួសារ និង​បក្សពួក​របស់​ជន​ផ្ដាច់ការ​ទេ។ វា​ជា​របស់​យើង​គ្រប់​គ្នា។ បើ​យើង​មិន​ក្រោក​ឈរ​ឡើង​ទាមទារ​ឲ្យ​ស្រុះ​គ្នា​ទេ​នោះ សេចក្តី​ទុក្ខវេទនា​នឹង​តាម​ចងពៀរ​យើង​ត​ជំនាន់៕

អំពី​អ្នកនិពន្ធ”៖

បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីត​យុទ្ធជន “កងទ័ព​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ” នា​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៨៩ បាន​បង្រៀន​វិទ្យាសាស្ត្រ​នយោបាយ​ចំនួន ១៣​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង នៅ​កោះ Guam ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០០៤ ដែល​ជា​ឆ្នាំ​លោក​បាន​ចូល​និវត្តន៍។

បច្ចុប្បន្ន​នេះ លោក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ លោក​អ្នក​អាច​ចូល​មើល​គេហទំព័រ “គំនិត​ខ្មែរ” របស់​លោក​តាម​អាសយដ្ឋាន www.kumnitkhmer.com ហើយ​អាច​ទាក់ទង​នឹង​លោក​បាន​តាមរយៈ​សារ​អេឡិចត្រូនិក [email protected]

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស