អនុប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី កាម៉ាឡា ហារីស បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងហើយនៅថ្ងៃព្រហស្បតិ៍ ទី២៩ កញ្ញា នេះ ដើម្បីពង្រឹងសម្ពន្ធភាពរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងសេអ៊ូល។
ទស្សនកិច្ចរបស់អនុប្រធានាធិបតីនៃប្រទេសមហាអំណាចនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោង ដែលជាសញ្ញានៃការព្រមានចំពោះវត្តមានអ្នកស្រី ហារីស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា នេះ។
ប្រភពដដែលឲ្យដឹងថា អ្នកស្រី ហារីស បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Osan ក្រោយពីបញ្ចប់ទស្សនកិច្ចនៅជប៉ុន ដោយបានចូលរួមពិធីបុណ្យសពថ្នាក់ជាតិនៃសពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ។ នៅក្នុងដំណើរទស្សនកិច្ចនេះ អ្នកស្រីត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យុល។
តាមដំណឹងមកថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី ហារីស ត្រូវធ្វើទស្សនកិច្ចទៅកាន់តំបន់គ្មានយោធានៅព្រំដែនរវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសេតវិមាន។
ដំណើរទស្សនកិច្ចរបស់អ្នកស្រី ហារីស ទៅកាន់តំបន់គ្មានយោធានេះ នឹងក្លាយជាដំណើរទស្សនកិច្ចដែលមានការចាប់អារម្មណ៍ខ្លាំងនៃមន្ត្រីសហរដ្ឋអាមេរិកទៅកាន់កូរ៉េខាងត្បូង ធ្វើឡើងបន្ទាប់ពីប្រធានរដ្ឋសភា អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី បានទៅកាន់ប្រទេសអាស៊ីខាងត្បូងនេះកាលពីថ្ងៃទី៣ សីហា។

អ្នកស្រី ហារីស បានចំណាយពេលទស្សនកិច្ចរបស់អ្នកស្រីនៅសប្ដាហ៍នេះនៅក្នុងប្រទេសជប៉ុន។
ទាំងប្រទេសជប៉ុន និងកូរ៉េខាងត្បូង គឺជាប្រទេសនៅតំបន់អាស៊ីខាងកើតដែលរដ្ឋការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) យល់ឃើញថាជាសម្ពន្ធមិត្តដ៏សំខាន់នៅក្នុងតំបន់នៅចំពេលដែលចិន កំពុងបង្ហាញឥរិយាបថអនុត្តរភាពខ្លាំងជាងមុន។
វត្តមានរបស់អ្នកស្រី ហារីស នៅលើទឹកដីនៃប្រទេសជប៉ុន ស្ថិតក្នុងចំណោមឥស្សរជនបរទេសជាច្រើនរូបដែលចូលរួមក្នុងពិធីបុណ្យសពផ្លូវរដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ កាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
នៅក្នុងដំណើរទស្សនកិច្ចរបស់អ្នកស្រីនៅក្នុងប្រទេសជប៉ុន អ្នកស្រីបានសង្កត់ធ្ងន់អំពីសារសំខាន់នៃសម្ពន្ធភាពរវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន នៅចំពេលដែលមានការប្រឈមនឹងឥទ្ធិពលរបស់ប្រទេសចិន។ អ្នកស្រីបញ្ជាក់ថា៖ «សម្ពន្ធភាពរវាងជប៉ុន និងសហរដ្ឋអាមេរិក គឺជាគ្រឹះនៃអ្វីដែលប្រទេសទាំងពីរជឿថាមានសារសំខាន់ចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
នេះគឺជាអាទិភាពនៃការផ្ដល់ប្រយោជន៍ខ្ពស់បំផុតដល់ពលរដ្ឋអាមេរិកាំងទាក់ទិននឹងសន្តិសុខ និងវិបុលភាពរបស់ពួកគេ ហើយសម្រាប់អាមេរិកក៏ជឿជាក់ថា បានផ្ដល់ប្រយោជន៍ដល់ពលរដ្ឋជប៉ុនដូចគ្នាដែរ។
ជាមួយគ្នានេះ អនុប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានវាយប្រហារគោលនយោបាយការបរទេសរបស់ចិន នៅក្នុងសុន្ទរកថាមួយនៅក្នុងប្រទេសជប៉ុន ដោយអ្នកស្រីនិយាយថា ឥរិយាបថបែបគឃ្លើនរបស់ចិន កំពុងគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិ។
អ្នកស្រី ហារីស បានលើកឡើងដូច្នេះនៅក្នុងការថ្លែងទៅកាន់កងទ័ពអាមេរិកនៅលើនាវាពិឃាត USS Howard នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលចតនៅឯមូលដ្ឋានកងទ័ពជើងទឹក Yokosuka ដែលជាមូលដ្ឋានកងទ័ពជើងទឹកធំជាងគេបង្អស់របស់អាមេរិកនៅលើពិភពលោក ហើយវត្តមានរបស់អ្នកស្រី ហារីស ក៏ដើម្បីសួរសុខទុក្ខកងទ័ពអាមេរិកដែរ។
ថ្លែងនៅចំពោះមុខទ័ពអាមេរិក អ្នកស្រីសង្កត់ធ្ងន់ថា៖ «ចិនបានបង្កឱ្យមានបញ្ហាប្រឈមចំពោះសេរីភាពដែនសមុទ្រ ហើយចិនបានដំឡើងអំណាចយោធា និងសេដ្ឋកិច្ចរបស់ខ្លួនដើម្បីបង្ខិតបង្ខំ និងគំរាមកំហែងប្រទេសជិតខាងរបស់ខ្លួន»។
អ្នកស្រី ហារីស បន្តវាយប្រហារប្រទេសចិន ថាមានឥរិយាបថបែបបង្កជម្លោះនៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង និងការបង្កហេតុកាលពីពេលថ្មីៗនេះនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
បើតាមអ្នកស្រី ហារីស សហរដ្ឋអាមេរិកជឿថា សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺជាកត្តាសំខាន់មួយរបស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរី និងបើកចំហ ហើយចំពោះអាមេរិកនឹងបន្តធ្វើការហោះហើរ ធ្វើនាវាចរណ៍ដោយមិនញញើត និងខ្លបខ្លាចអ្វីនោះទេ ព្រោះធ្វើឡើងស្របតាមច្បាប់អន្តរជាតិ។
សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃសុក្រក្នុងសប្ដាហ៍នេះ នឹងបើកធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងកើត។ សមយុទ្ធនេះមានទាំងនាវាចម្បាំង នាវាមុជទឹក និងយន្តហោះចម្បាំង។ សមយុទ្ធត្រីភាគីនេះ គឺដើម្បីឆ្លើយតបកូរ៉េខាងជើងដែលបន្តបាញ់មីស៊ីលផ្លោងគំរាមកូរ៉េខាងត្បូង និងជប៉ុន។
តាមដំណឹងមកថា អ្នកស្រី ហារីស បានទៅដល់តំបន់ព្រំដែនកូរ៉េខាងត្បូង ដែលជាប់នឹងព្រំដែនកូរ៉េខាងជើង ជាតំបន់ដែលគ្មានកងទ័ព។ អ្នកស្រីបានឡើងលើប៉មយាមព្រំដែន ដោយសម្លឹងទៅរកទឹកដីកូរ៉េខាងជើង។ ក្នុងឱកាសនោះ អ្នកស្រីនិយាយថា មិនខ្លាចញញើតការគំរាមកំហែងពីសំណាក់កូរ៉េខាងជើងនោះទេ។ អ្នកស្រីទទូចថា រដ្ឋផ្ដាច់ការមួយនេះគួរបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ ហើយលើកស្ទួយជីវភាពរបស់ប្រជាជន គឺជាការចាំបាច់។
វត្តមានរបស់អនុប្រធានាធិបតីអាមេរិករូបនេះនៅតំបន់ព្រំដែនគ្មានកងទ័ព បន្ទាប់ពីអ្នកស្រីបានជួបជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យុល នៅទីក្រុងសេអ៊ូល រួចទៅហើយ៕