នៅថ្ងៃទី៤ តុលា នេះ ស្ថានភាពតានតឹងនៅឧបទ្វីបកូរ៉េឡើងកំដៅយ៉ាងខ្លាំង បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងហោះរំលងប្រទេសជប៉ុន ដែលជាការគំរាមទាំងជប៉ុន និងកូរ៉េខាងត្បូង រួមទាំងសហរដ្ឋអាមេរិក។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ឲ្យដឹងថា កូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ហោះរំលងប្រទេសជប៉ុន ដែលជាលើកដំបូងក្នុងរយៈពេលជាង ៥ឆ្នាំមកនេះ។ ហេតុការណ៍នេះ បានរុញឲ្យរដ្ឋាភិបាលជប៉ុន ប្រកាសអាសន្នប្រាប់ពលរដ្ឋរបស់ខ្លួនឲ្យរត់រកទីសុវត្ថិភាព ខណៈមីស៊ីលមួយគ្រាប់បានហោះរំលងឆ្លងកាត់ទឹកដីរបស់ខ្លួន មុននឹងធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក។
មីស៊ីលផ្លោងដែលកូរ៉េខាងជើងបានបាញ់សាកល្បងថ្មីទៀតនេះ ត្រូវបានកងទ័ពជប៉ុនអះអាងថា អាចហោះបានចម្ងាយពី ៤៥០០ ទៅ ៤៦០០គីឡូម៉ែត្រក្នុងរយៈកម្ពស់ ១ពាន់គីឡូម៉ែត្រ។
ចំណែកឯកងទ័ពកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថា កូរ៉េខាងជើងពិតជាបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមជាប្រភេទមីស៊ីល IRBM មួយគ្រាប់ ដោយបាញ់ចេញពីខេត្ត Jagang របស់កូរ៉េខាងជើង។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada និយាយថា ជប៉ុនកំពុងពិចារណាអំពីជម្រើសទាំងអស់រាប់ទាំងការឆ្លើយតបដោយអាវុធផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ លោក Hamada បានបញ្ជាក់ថា៖ «ស្ថានភាពនេះ ជប៉ុនបន្តត្រួតពិនិត្យលើគ្រប់ជម្រើសទាំងអស់ ក្នុងនោះរួមមានទាំងសមត្ថភាពវាយបក ដោយមិនច្រានចោលនូវជម្រើសណាមួយ ខណៈជប៉ុនកំពុងបន្តពង្រឹងសមត្ថភាពការពារជាតិ»។
ការដែលកូរ៉េខាងជើង បាញ់មីស៊ីលផ្លោងដោយបាញ់ហោះរំលងប្រទេសជប៉ុន កំពុងទាញសញ្ញាអាសន្នថា ឧបទ្វីបកូរ៉េ និងដែនដីអាស៊ីខាងកើត អាចប្រឈមមុខនឹងការផ្ទុះសង្គ្រាមជាថ្មីម្ដងទៀត ដែលវាបានបិទបញ្ចប់កាលពីក្នុងឆ្នាំ១៩៥៣ ម្តងរួចមកហើយនោះ។
សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចយោធាលំដាប់ទី១ ពិភពលោក បានធ្វើការឆ្លើយតបភ្លាមៗដោយការបញ្ចេញយន្តហោះចម្បាំងហោះធ្វើសមយុទ្ធរួមគ្នាជាមួយយន្តហោះកូរ៉េខាងត្បូង។
ក្នុងការធ្វើសមយុទ្ធនេះ យន្តហោះសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានទម្លាក់គ្រាប់បែកខ្នាតធំចំនួន ២គ្រាប់។ កងទ័ពកូរ៉េខាងត្បូងនិយាយថា ការទម្លាក់គ្រាប់បែកត្រូវបានធ្វើឡើងនៅទីលានអនុវត្តសមយុទ្ធមួយកន្លែងស្ថិតនៅកោះ Jikdo ដែលពុំមានមនុស្សរស់នៅ លើផ្ទៃសមុទ្រលឿង ដោយមានការចូលរួមពីយន្តហោះចម្បាំង F-15K ចំនួន ៤គ្រឿងរបស់កូរ៉េខាងត្បូង ហើយនិងយន្តហោះចម្បាំង F-16 ចំនួន ៤គ្រឿងរបស់សហរដ្ឋអាមេរិក។
កាលពីសប្ដាហ៍មុននេះ អ្នកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិក កាម៉ាឡា ហារីស បានទៅកាន់ប្រទេសជប៉ុន មុននឹងទៅកូរ៉េខាងត្បូង។
នៅក្រុងតូក្យូ អ្នកស្រី ហារីស បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida។ មួយថ្ងៃក្រោយមក អ្នកស្រី ហារីស បានទៅដល់ក្រុងសេអ៊ូល ដោយបានជួបប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol។ ទោះបីជំនួបដាច់ដោយឡែកពីគ្នាមែន តែអ្នកស្រី ហារីស បានសន្យាជួយប្រទេសកូរ៉េខាងត្បូង និងជប៉ុន នៅគ្រប់ស្ថានការណ៍ទាំងអស់ដែលកូរ៉េខាងជើងបង្ករឿង។
ចំពោះកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងហោះរំលងប្រទេសជប៉ុន សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានថ្កោលទោសយ៉ាងខ្លាំង។ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានថ្លែងថា ការឆ្លើយតបរបស់កូរ៉េខាងត្បូង គឺជារឿងត្រឹមត្រូវ។ លោកបានហៅទង្វើរបស់កូរ៉េខាងជើងថាមិនអាចទទួលយកបានឡើយ។
ចំណែកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ព្រមានថា ជប៉ុនមិនចង់បង្ករឿងឆ្លើយតបនោះទេ។ តែលោកថា ជប៉ុនមានភាពអត់ធ្មត់ តែក៏មានព្រំដែនកំណត់ដែរ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានហៅទូរស័ព្ទទៅសមភាគីជប៉ុន និងកូរ៉េខាងត្បូង។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price។
បើតាមអ្នកនាំពាក្យរូបនេះ អាមេរិកបានបន្តសន្យាជួយការពារទាំងកូរ៉េខាងត្បូង និងប្រទេសជប៉ុន ប្រឆាំងនឹងការគំរាមពីសំណាក់កូរ៉េខាងជើង។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រាប់ថា អាមេរិកនឹងស្នើឱ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំជាបន្ទាន់ដើម្បីពិនិត្យស្ថានការណ៍ចុងក្រោយនៅលើឧបទ្វីបកូរ៉េដែលកំពុងរងការគំរាមយ៉ាងខ្លាំងពីសំណាក់ក្រុងព្យុងយ៉ាង។
ចំពោះស្ថានការណ៍ចុងក្រោយនេះ ដែលឧបទ្វីបកូរ៉េរងការបង្កសង្គ្រាមពីសំណាក់កូរ៉េខាងជើងជារដ្ឋកុម្មុយនីស្តផ្ដាច់ការ អ្នកជំនាញយោធាព្រមានថា បើសង្គ្រាមផ្ទុះឡើង គឺមិនមែនជាសង្គ្រាមលើឧបទ្វីបកូរ៉េនោះទេ គឺវាអាចសង្គ្រាម ៣ប្រទេសរួមគ្នាវាយលើកូរ៉េខាងជើង។ ប្រទេសបីនេះ គឺសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ ប្រទេសបីនេះបានកំពុងក្លាយជាសន្ធិសញ្ញាយោធាត្រីភាគីរួមគ្នា៕