31 C
Phnom Penh

រដ្ឋសភា​ឯក​បក្ស​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​ឱ្យ​លោក ឌិត ទីណា ធ្វើ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​ក្រោម​សំឡេង ១១១​លើ​១១១​សំឡេង ឲ្យ​លោក ឌិត ទីណា កូនប្រុស​បង្កើត​របស់​លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

រដ្ឋសភា​ឯក​បក្ស​របស់​បក្ស​កាន់​អំណាច បាន​បើក​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២២ នេះ ដែល​សមាជិក​រដ្ឋសភា​សរុប ១១១​រូប ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ផង​ដែរ បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​បេក្ខភាព​លោក ឌិត ទីណា ឱ្យ​ទទួល​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​ឯកច្ឆន្ទ​ពី​សមាជិក​រដ្ឋសភា​ឯក​បក្ស​ចំនួន ១១១​សំឡេង​លើ ១១១​សំឡេង។

អ្នក​នាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ប្រាប់​ក្រុម​សារព័ត៌មាន​ក្នុង​ស្រុក​ថា សមាជិក​សភា​ដែល​បាន​ចូលរួម​ប្រជុំ​ទាំង ១១១​រូប បាន​បោះឆ្នោត​គាំទ្រ​លោក ឌិត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ទាំងអស់​គ្នា។

កាលពី​ថ្ងៃទី​០៨ ខែ​តុលា ឆ្នាំ​២០២២ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ស្នើ​ទៅ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ឲ្យ​រៀបចំ​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​បំពេញ​បន្ថែម​នៃ​សមាសភាព​សមាជិក​រាជរដ្ឋាភិបាល​ដល់​លោក ឌិត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ការ​ស្នើ​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​គ្រប់គ្រង​អំណាច​តាម​ទំនើង​ចិត្ត លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​ព្រះមហាក្សត្រ​បញ្ចប់​មុខតំណែង​លោក វេង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០២២ បន្ទាប់ពី​អតីត​រដ្ឋមន្ត្រី​កសិកម្ម​រូប​នេះ​ត្រូវ​បាន​មេ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ស្ដីបន្ទោស​ខ្លាំងៗ​ថា​ជា​រដ្ឋមន្ត្រី​ដែល​មិន​ចេះ​ធ្វើ​ការងារ​សហការ​ជាមួយ​ក្រសួង-ស្ថាប័ន​ផ្សេងៗ និង​ជា​រដ្ឋមន្ត្រី​ជិះ​សេះ​មើល​ផ្កាយ កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ​នេះ។

លោក ឌិត ទីណា បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល គឺជា​កូនប្រុស​របស់​លោក ឌិត មុន្ទី សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​តុលាការ​កំពូល។

លោក ឌិត ទីណា បាន​បំពេញ​ការងារ​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ពី​ឆ្នាំ​២០១៤ ដល់​ពេល​បច្ចុប្បន្ន ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៤ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣។

អ្នកជំនាញ​ខាង​ផ្នែក​កសិកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា លោក​មិន​ដឹង​ថា តើ​សមាជិក​រដ្ឋសភា​ទាំងនោះ​ជ្រើសរើស​លោក ឌិត ទីណា តាម​សំណើ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ឬ​ជ្រើសរើស​ព្រោះ​តែ​គាត់​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ក្រសួង​កសិកម្ម​នោះ​ទេ ប៉ុន្តែ​រហូត​ដល់​ពេលនេះ លោក ឌិត ទីណា មិន​ដែល​បាន​បង្ហាញ​ពី​សមត្ថភាព​ដឹកនាំ​ខាង​គ្រប់គ្រង​វិស័យ​កសិកម្ម ឬ​បង្ហាញ​ផែនការ​ណា​មួយ ដើម្បី​លើក​ស្ទួយ​វិស័យ​នេះ​នៅឡើយ​ទេ។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា ការ​ជ្រើសរើស​រដ្ឋមន្ត្រី​មក​ដឹកនាំ​ក្រសួង​នីមួយៗ គឺ​ពិត​ជា​រឿង​សំខាន់​ណាស់ ដែល​ត្រូវ​រើស​យក​មនុស្ស​ដែល​មាន​សមត្ថភាព​ពិតប្រាកដ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​មុខងារ​នៃ​ស្ថាប័ន​ដែល​ខ្លួន​ដឹកនាំ។ ផ្ទុយទៅវិញ បើ​ការ​អនុម័ត​គាំទ្រ​សមាសភាព​លោក ឌិត ទីណា នេះ​ដោយ​ផ្អែក​ទៅ​លើ​ត្រឹមតែ​ការ​ស្នើ​របស់​លោក ហ៊ុន សែន នោះ គឺជា​បញ្ហា​កាន់តែ​ធ្ងន់​លើ​វិស័យ​មួយ​នេះ​នៅ​ពេល​ដែល​គាត់​គ្មាន​សមត្ថភាព​ដឹកនាំ​នោះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា បញ្ហា​ចម្បង​លើ​វិស័យ​កសិកម្ម​នៅ​ពេលនេះ គឺ​ការ​ដោះស្រាយ​ទីផ្សារ​កសិផល​របស់​ពលរដ្ឋ ចៀសវាង​ការ​ផលិត​បាន​ហើយ​លក់​មិន​ចេញ ឬ​លក់​បាន​ក្នុង​តម្លៃ​ថោក។ ជាង​នេះ​ទៀត ការ​បង្កើត​យន្តការ​ឱ្យ​មាន​មន្ត្រី​កសិកម្ម​នៅ​មូលដ្ឋាន ដើម្បី​ជួយ​ផ្នែក​បច្ចេកទេស​ដល់​ពលរដ្ឋ​ក៏​ជា​កត្តា​ចាំបាច់​ផង​ដែរ ដើម្បី​ជួយ​ជំរុញ​សង្វាក់​កសិកម្ម​របស់​ពលរដ្ឋ​ឱ្យ​ល្អ​ជាង​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០២២ កម្ពុជា​បាន​រង​នូវ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ២២​ខេត្ត ដែល​ធ្វើ​ឲ្យ​លិចលង់​ដំណាំ​កសិកម្ម​ជាច្រើន​ម៉ឺន​ហិកតារ ដូចជា​ដំណាំ​ស្រូវ​ជាង ១​សែន ៥​ម៉ឺន​ហិកតារ និង​ដំណាំ​រួម​ផ្សំ​ជាង ១​ម៉ឺន ៤​ពាន់​ហិកតារ​ផង​ដែរ ដូច្នេះ​មហាជន​កំពុងតែ​រង់ចាំ​មើល​ស្នាដៃ​នៃ​រដ្ឋមន្ត្រី​ថ្មី​រូប​នេះ ថា​តើ​នឹង​មាន​សមត្ថភាព​ដោះស្រាយ​កម្រិត​ណា​ចំពោះ​វិបត្តិ​កសិកម្ម​នៅ​ពេលនេះ។

ក្នុង​ផែនការ​ទី​៤ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ វិស័យ​កសិកម្ម​នៅតែ​ត្រូវ​បាន​ចាត់ទុក​ជា​វិស័យ​អាទិភាព​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ ធានា​សន្តិសុខ​ស្បៀង និង​ជំរុញ​ការ​អភិវឌ្ឍ​ជនបទ​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស