28.4 C
Phnom Penh

មេដឹកនាំ​ចិន​និង​តៃវ៉ាន់​គំរាម​ដាក់​គ្នា​នៅ​ចំពោះ​មុខ​ព្រឹត្តិការណ៍​ចិន​បើក​មហាសន្និបាត​បក្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បក្ស​កុម្មុយនីស្ត​ចិន បាន​បើក​មហាសន្និបាត​លើក​ទី​២០ រយៈពេល ៧​ថ្ងៃ ដោយ​ចាប់ផ្តើម​កាលពី​ថ្ងៃ​អាទិត្យ ទី​១៦ ដល់​ថ្ងៃទី​២២ ខែ​តុលា។ ថ្លែង​នា​ឱកាស​បើក​មហាសន្និបាត​ជា​ផ្លូវការ ប្រធានាធិបតី ស៊ី ជីនពីង បាន​លើកឡើង​នូវ​កិច្ចការ​បន្ទាន់​ជាច្រើន ប៉ុន្តែ​ករណី​តៃវ៉ាន់ គឺជា​របៀបវារៈ​ពិសេស​ជាងគេ។

មហាសន្និបាត​គណបក្ស​កុម្មុយនីស្ត​ចិន​នៅ​ឆ្នាំ​នេះ មាន​សមាជិក​ប្រតិភូ​ប្រមាណ​ជិត ២៣០០​នាក់​មកពី​គ្រប់​ខេត្ត​នៃ​ប្រទេស​ចិន។ អ្នក​តំណាង​ខេត្ត​នីមួយៗ​ស្លៀកពាក់​ឯកសណ្ឋាន​តំណាង​ខេត្ត​របស់​ពួកគេ ប៉ុន្តែ​ជាទូទៅ ពួកគេ​ភាគច្រើន​ស្លៀកពាក់​បែប​ប្រពៃណី​ចិន។ អ្នក​ចូលរួម​សុទ្ធតែ​ពាក់​ម៉ាស់ បិទ​មុខ លើកលែងតែ​ថ្នាក់​ដឹកនាំ​កំពូលៗ​ប៉ុណ្ណោះ​ដែល​គេ​ឃើញ​មាន​អតីត​ប្រធានាធិបតី ហូ ជីនតាវ ផង​ដែរ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ទីក្រុង​ប៉េកាំង ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ប្ដេជ្ញា​ប្រឆាំង​ការ​ចង់​ប្រែ​ក្លាយ​ដែន​កោះ​តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ។ លោក​ព្រមាន​ថា ចិន​មិន​បាន​បោះបង់​ចោល​ជម្រើស​ប្រើ​កម្លាំង​ដាច់ខាត​ដើម្បី​បង្រួបបង្រួម​គ្នា​វិញ​ជាមួយ​ដែន​កោះ​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP នៅ​ថ្ងៃទី​១៧ តុលា នេះ។

លោក ស៊ី បាន​លើកឡើង​ថា៖ «កន្លងមក​នេះ ប្រជាជន​ចិន​ខិតខំ​តស៊ូ​ប្រឆាំង​នឹង​ចលនា​ផ្តាច់​ខ្លួន​ក្នុង​ការ​រក្សា​អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​របស់​ចិន ហើយ​ប្រឆាំង​នឹង​ឯករាជភាព​តៃវ៉ាន់»

លោក ស៊ី បញ្ជាក់​ថា៖ «ចុងក្រោយ​នេះ ចិន​ព្យាយាម​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ស្វែងរក​ការ​បង្រួបបង្រួម​ដោយ​សន្តិវិធី ក្រោម​កិច្ចប្រឹងប្រែង​ដ៏​ស្មោះត្រង់​ក្នុង​រង្វង់​ជាតិ​សាសន៍​តែ​មួយ ប៉ុន្តែ​ប្រជាជន​ចិន​ប្ដេជ្ញា​ដាច់ខាត​នូវ​ការ​ប្រើប្រាស់​កម្លាំង បើ​ករណី​ចាំបាច់​ជាមួយ​នឹង​តៃវ៉ាន់»

តាម​លោក ស៊ី ជម្រើស​នៃ​ការ​ប្រើ​កម្លាំង គឺ​មាន​គោលដៅ​ចម្បង​ចំពោះ​តែ​ការ​ជ្រៀតជ្រែក​ពី​បរទេស ហើយ​ចំពោះ​ក្រុម​មួយ​ចំនួន​តូច​ដែល​គាំទ្រ​ចលនា​ឯករាជភាព​តៃវ៉ាន់ ជាជាង​ប្រជាជន​តៃវ៉ាន់​ទាំងមូល ដែល​ថា​ចិន​តែងតែ​គោរព យកចិត្ត​ទុកដាក់ និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​តៃវ៉ាន់​ជានិច្ច។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​បញ្ជា​ទៅ​ក្រសួង​ការពារ​ជាតិ ត្រូវ​បន្ត​ពង្រឹង​វិន័យ​កងទ័ព និង​បង្កើន​បច្ចេកវិទ្យា​សព្វាវុធ​ឱ្យ​ដល់​កម្រិត​ខ្ពស់​បំផុត។

សេចក្ដី​ថ្លែងការណ៍​រយៈពេល ៤៥​នាទី​របស់​លោក ស៊ី ជីនពីង ធ្វើឡើង​នៅ​ក្នុង​មហាសន្និបាត​បក្ស​ដែល​មាន​ប្រតិភូ​ទូទាំង​ប្រទេស គឺជា​ការ​បង្ហាញ​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​បុរស​វ័យ ៦៩​ឆ្នាំ​រូប​នេះ ដែល​គេ​រំពឹង​ថា មេដឹកនាំ​រូប​នេះ​អាច​នឹង​ទទួល​បាន​ការ​គាំទ្រ​ឲ្យ​កាន់​តំណែង ៥​ឆ្នាំ​ទៅ​មុខ​ទៀត ដែល​នាំ​ឲ្យ​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី​ផង និង​ជា​ប្រធាន​បក្ស​កុម្មុយនីស្ត​ចិន​ផង គឺ​រយៈពេល ១៥​ឆ្នាំ។

បើ​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ចិន គឺ​មេដឹកនាំ​ចិន​ដូចជា​លោក ស៊ី ជីនពីង នេះ អាច​កាន់​តំណែង​បាន​តែ ១០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​សម្រាប់​លោក ស៊ី ក៏​បាន​កាន់​តំណែង​ដ៏​កំពូល​នេះ​រយៈពេល ១០​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​បើក​មហាសន្និបាត​លើក​ទី​២០ នេះ។

មហាសន្និបាត​របស់​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​ភាព​តានតឹង​រវាង​ចិន និង​តៃវ៉ាន់ បាន​កើនឡើង​ខ្លាំង​កាលពី​ខែ​សីហា នៅ​ពេល​ទីក្រុង​ប៉េកាំង​បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ឡោមព័ទ្ធ​ដែន​កោះ​តៃវ៉ាន់ ឆ្លើយតប​ប្រធាន​សភា​សហរដ្ឋ​អាមេរិក អ្នកស្រី Nancy Pelosi ទៅ​ធ្វើ​ទស្សនកិច្ច​ដ៏​ចម្រូងចម្រាស​នៅ​ទីក្រុង​តៃប៉ិ របស់​តៃវ៉ាន់ ដោយ​មិន​ខ្វល់​ពី​ការ​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​របស់​ចិន។

យ៉ាងណា ចំពោះ​រដ្ឋាភិបាល​តៃវ៉ាន់ មិន​បាន​ចុះចាញ់​នឹង​ការ​គំរាម​របស់​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែល​នៅ​ប្ដេជ្ញា​ប្រើ​កម្លាំង​ទ័ព ប្រសិនបើ​តៃវ៉ាន់​ឈាន​ទៅ​ដល់​ការ​ប្រកាស​ដែនដី​របស់​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ។

ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា តៃវ៉ាន់​នឹង​មិន​ដកថយ​ជាដាច់ខាត​ជុំវិញ​បញ្ហា​អធិបតេយ្យ​របស់​ខ្លួន គឺ​មិន​សុខចិត្ត​ធ្វើការ​លះបង់​ណា​មួយ​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​លទ្ធិប្រជាធិបតេយ្យ​របស់​ដែន​កោះ​នេះ​ឡើយ។

សេចក្តី​ថ្លែងការណ៍​រដ្ឋាភិបាល​តៃវ៉ាន់ បញ្ជាក់​ថា ប្រជាជន​តៃវ៉ាន់​បាន​បង្ហាញ​ក្តី​ជំទាស់​យ៉ាង​ជាក់ច្បាស់​ហើយ​ចំពោះ​ទីក្រុង​ប៉េកាំង ដែល​ចង់​អនុវត្ត​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​មក​លើ​តៃវ៉ាន់។

សេចក្តី​ថ្លែងការណ៍​ដដែល​ក៏​បាន​សង្កត់​ធ្ងន់​ទៀត​ថា ការ​រក្សា​សុខ​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ក្នុង​តំបន់​ទាំងមូល គឺជា​ការ​ទទួល​ខុសត្រូវ​រួម​របស់​ភាគី​ទាំង​ពីរ គឺ​ចិន និង​តៃវ៉ាន់ ហើយ​ថា​ទោះ​ជា​ការ​ប្រឈមមុខ​ដាក់​គ្នា​លើ​សមរភូមិ​ដែល​មិនមែន​ជា​ជម្រើស​ក៏ដោយ ប៉ុន្តែ​តៃវ៉ាន់​ក៏​គ្មាន​ជម្រើស​ក្រៅពី​ការ​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ដែរ។

ស្រប​ពេល​នេះ​ដែរ ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន បាន​ថ្លែង​ថា ការ​ប្រឈមមុខ​ដាក់​គ្នា​ដោយ​អាវុធ​រវាង​តៃវ៉ាន់ និង​ចិន មិន​អាច​ជា​ជម្រើស​មួយ​ដ៏​ល្អ​នោះ​ទេ។

អ្នកស្រី​បញ្ជាក់​ថា៖ «មាន​តែ​តាមរយៈ​ការ​គោរព ការ​ប្ដេជ្ញាចិត្ត​របស់​ប្រជាជន​តៃវ៉ាន់ ចំពោះ​អធិបតេយ្យ ប្រជាធិបតេយ្យ និង​សេរីភាព​ប៉ុណ្ណោះ ទើប​អាច​ជា​មូលដ្ឋាន​ដើម្បី​បន្ត​ការ​ធ្វើ​ប្រាស្រ័យ​ទាក់ទង​គ្នា​ប្រកប​ដោយ​ភាព​ស្ថាបនា​ឡើងវិញ រវាង​ត្រើយ​ទាំង​សងខាង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់»

យ៉ាងណា ស្ត្រី​មេដឹកនាំ​តៃវ៉ាន់​រូប​នេះ​ព្រមាន​មេដឹកនាំ​ចិន​វិញ​ថា តៃវ៉ាន់​ប្រកាន់​ជំហរ​ពីរ គឺ​ការ​មិន​បង្ក​សង្គ្រាម​វាយ​ប្រយុទ្ធ​គ្នា និង​ការ​ការពារ​អធិបតេយ្យ​របស់​ខ្លួន​មិន​ឲ្យ​ចិន​ឈ្លានពាន​ដាច់ខាត។

សារ​ព្រមាន​របស់​អ្នកស្រី សាយ អ៊ឹងវិន ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ធ្វើការ​គំរាម​តៃវ៉ាន់​ឲ្យ​ជ្រើសរើស​ពេលវេលា​មក​នៅ​ជាមួយ​ក្រុង​ប៉េកាំង ជាជាង​បង្ខំ​ឱ្យ​ក្រុង​ប៉េកាំង ប្រើ​កម្លាំង​ទ័ព​ដើម្បី​សម្រេច​គោលដៅ​នៃ​ការ​បង្រួបបង្រួម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស