26 C
Phnom Penh

កម្ពុជា-វៀតណាម​ប្ដេជ្ញា​ជំរុញ​ការ​សហការ​រវាង​ខេត្ត​ជាប់​ព្រំដែន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​វៀតណាម និង​កម្ពុជា ប្ដេជ្ញា​ជំរុញ​ឲ្យ​ស្ថាប័ន​រដ្ឋ គណបក្ស​នយោបាយ និង​អង្គការ​មហាជន បន្ត​សហការ​គ្នា​ឱ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត ដើម្បី​ផលប្រយោជន៍​នៃ​សន្តិភាព មិត្តភាព និង​ការ​អភិវឌ្ឍ​នៃ​ប្រទេស​ទាំង​ពីរ​ទៅ​ថ្ងៃ​មុខ។

ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ក្រោយ​ជំនួប​រវាង​សមាជិក​ការិយាល័យ​នយោបាយ​ប្រចាំការ​គណៈ​លេខា​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក វ៉ូ វ៉ាន់ធឿង និង​អគ្គលេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ កាលពី​ថ្ងៃទី​១៧ តុលា នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​បាន​អបអរ​សាទរ​ខួប ៥៥​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ និង​ជា​ឆ្នាំ​នៃ​មិត្តភាព​រវាង​កម្ពុជា-វៀតណាម ដែល​គណបក្ស និង​ប្រទេស​ទាំង​ពីរ​បាន​សហការ​គ្នា​រហូត​មក។

ប្រភព​ដដែល​លើកឡើង​ថា កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​វៀតណាម បាន​ឯកភាព​បន្ត​ថែរក្សា និង​ពង្រឹង​គ្រប់​យន្តការ​ទំនាក់ទំនង​នៅ​គ្រប់​ថ្នាក់​រវាង​គណបក្ស និង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ការ​រីកចម្រើន​ឥត​ឈប់ឈរ​តាម​ទិស​ស្លោក ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្ត​ភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរ​អង្វែង។

នៅ​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២២ នេះ លេខា​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក វ៉ូ វ៉ាន់ធឿង បាន​ជួប​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន ផង​ដែរ ក្នុង​នោះ លោក វ៉ូ វ៉ាន់ធឿង បាន​អះអាង​ថា ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ពេលនេះ គឺ​ដើម្បី​រំឭក​ខួប ៥៥​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ផង និង​ដើម្បី​រំឭក​ខួប ៤៥​ឆ្នាំ​នៃ​ការ​ចូលរួម​របស់​កងទ័ព​វៀតណាម ក្នុង​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត សម្រាប់​ប្រជាជន​កម្ពុជា​ផង។

លោក វ៉ូ វ៉ាន់ធឿង បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ពេលនេះ គឺ​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​បក្ស និង​បក្ស​ឱ្យ​មាន​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត និង​ធ្វើ​យ៉ាង​ណា​ជំរុញ​ខេត្ត​នៃ​ប្រទេស​ទាំង​ពីរ​នៅ​តាម​បណ្តោយ​ព្រំដែន ឱ្យ​មាន​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ និង​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត។

ចំណែក​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ក្នុង​ជំនួប​នោះ​ដែរ​ថា លោក​គាំទ្រ​ឱ្យ​មាន​ការ​សហការ​រវាង​ខេត្ត​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​ទំនាក់ទំនង​កាន់តែ​ល្អ​ប្រសើរ ដើម្បី​សម្រួល​ដល់​ការ​ការពារ​សន្តិសុខ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ត្អូញត្អែរ​ថា ចំណង​មិត្តភាព​កម្ពុជា និង​វៀតណាម បច្ចុប្បន្ន​នេះ គឺ​មាន​ផល​ចំណេញ​សម្រាប់​ប្រទេស​វៀតណាម​តែ​មួយ​គត់។ ជាក់ស្តែង បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​បាន​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រួម​គ្នា កម្ពុជា​បាន​បាត់បង់​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​គឺ​ព្រៃឈើ និង​ដីធ្លី​រាប់​សិប​ម៉ឺន​ហិកតារ​ដែល​ក្រុមហ៊ុន​វៀតណាម​ទទួល​បាន​សិទ្ធិ​កាន់កាប់​ពី​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​លើកឡើង​ថា ក្រៅពី​បាត់បង់​ធនធាន​ធម្មជាតិ​ទៅ​ប្រទេស​វៀតណាម កម្ពុជា​ក៏​បាន​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​តាម​សំណើ​របស់​មេដឹកនាំ​វៀតណាម​ថែម​ទៀត។ ជាក់ស្តែង កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ​ចេញ​សេចក្ដី​ជូនដំណឹង​ស្ដីពី​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ឱ្យ​ជនបរទេស​អន្តោប្រវេសន៍​នៅ​កម្ពុជា ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ជនអន្តោប្រវេសន៍​ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ច្រើន​លើសលប់​សព្វថ្ងៃ​នេះ គឺ​មាន​តែ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ធ្លាប់​ព្រមាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​នឹង​ត្រូវ​រលាយ​បាត់​ពី​ផែនទី​ពិភពលោក​ទៅ​ថ្ងៃ​អនាគត​ជាមិនខាន​ឡើយ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​មិត្តភាព​ស៊ុមគ្រលុំ​ជាមួយ​វៀតណាម​ដូច​សព្វថ្ងៃ​នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស