33 C
Phnom Penh

កូរ៉េ​ខាងជើង​បាញ់​កាំភ្លើង​ធំ​២៥០​គ្រាប់​ទៀត​ឆ្លើយតប​កូរ៉េ​ខាងត្បូង​បាញ់​គ្រាប់​រ៉ុក្កែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ពេលនេះ ស្ថានការណ៍​សន្តិសុខ​នៅ​លើ​ឧបទ្វីប​កូរ៉េ​ឡើង​កំដៅ​ដ៏​ផុយ​ស្រួយ​បំផុត។ ប្រទេស​បងប្អូន​នឹង​គ្នា កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង កំពុង​បង្ហាញ​សញ្ញា​រត់​ទៅ​រក​សង្គ្រាម​សាជាថ្មី​ទៀត។

នៅ​ថ្ងៃទី​១៩ តុលា កូរ៉េ​ខាងជើង​បាន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់កាំភ្លើង​ធំ​ចំនួន ២៥០​គ្រាប់​ឲ្យ​ធ្លាក់​នៅ​ក្នុង​សមុទ្រ​លឿង​នៃ​សមុទ្រ​ឧបទ្វីប​កូរ៉េ។ តែ​ការ​បាញ់​គ្រាប់កាំភ្លើង​ធំ​របស់​ក្រុង​ព្យុងយ៉ាង គឺ​ជា​ការ​ឆ្លើយតប​យ៉ាង​ពិតប្រាកដ​ទៅ​នឹង​កូរ៉េ​ខាងត្បូង​ដែល​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាមួយ​នឹង​អាមេរិក ហើយ​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ជាច្រើន​គ្រាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ពុធ ទី​១៩ តុលា នេះ កូរ៉េ​ខាងជើង​បាន​បាញ់​កាំភ្លើង​ធំ​ចំនួន ១០០​គ្រាប់​ថែម​ទៀត បន្ទាប់ពី​បាន​បាញ់ ១៥០​គ្រាប់​កាលពី​យប់​ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា រំលង​ចូល​ថ្ងៃ​ពុធ ទី​១៩ តុលា នេះ។ ការ​បាញ់​គ្រាប់កាំភ្លើង​ធំ​នេះ គឺ​កូរ៉េ​ខាងជើង​បាន​បាញ់​ចេញពី​ភាគ​ខាងកើត និង​ខាងលិច​នៃ​ប្រទេស។ គ្រាប់កាំភ្លើង​ធំ​របស់​កូរ៉េ​ខាងជើង វា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ។

ទីក្រុង​ព្យុងយ៉ាង បាន​ហៅ​សកម្មភាព​របស់​ខ្លួន​ថា​ទុក​ជា​ការ​ព្រមាន​ដ៏​ធ្ងន់​មួយ​ចំពោះ​ទីក្រុង​សេអ៊ូល។

កងទ័ព​កូរ៉េ​ខាងត្បូង បាន​ឱ្យ​ដឹង​ថា ការ​បាញ់​កាំភ្លើង​ធំ ១០០​គ្រាប់​បន្ថែម​ទៀត​របស់​កូរ៉េ​ខាងជើង បាន​កើតឡើង​នៅ​វេលា​ម៉ោង ១២ និង ៣០​នាទី​នៅ​ថ្ងៃ​ពុធ នេះ។ ចំពោះ​ហេតុការណ៍​នេះ កូរ៉េ​ខាងត្បូង​បាន​ប្រាប់​ទៅ​ទីក្រុង​ព្យុងយ៉ាង ឲ្យ​បញ្ឈប់​សកម្មភាព ដែល​ក្រុង​សេអ៊ូល ហៅ​ថា​ជា​ការ​គំរាមកំហែង​ចំពោះ​សុខ​សន្តិភាព និង​ស្ថិរភាព​លើ​ឧបទ្វីប​កូរ៉េ។

តែ​យ៉ាងណា កងទ័ព​កូរ៉េ​ខាងជើង ចាត់ទុក​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​បាញ់​រ៉ុក្កែត​ជាង ១០​គ្រាប់​របស់​កូរ៉េ​ខាងត្បូង​នៅ​ក្បែរ​ព្រំប្រទល់​អន្តរ​កូរ៉េ កាលពី​ម៉ោង ៩​ព្រឹក​នៅ​ថ្ងៃទី​១៩ តុលា នេះ។ ទីក្រុង​ព្យុងយ៉ាង ក៏​បាន​ប្រាប់​ទៅ​ទីក្រុង​សេអ៊ូល បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​បង្ក​ហេតុ​ក្បែរ​ព្រំដែន។

ការ​បាញ់​កាំភ្លើង​ធំ និង​គ្រាប់​រ៉ុក្កែត​តបត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​ពុធ​នេះ គឺ​កើតឡើង​បន្ទាប់ពី​កូរ៉េ​ខាងជើង បាន​បាញ់​កាំភ្លើង​ធំ ១៥០​គ្រាប់​ទៀត​ចេញពី​ភាគ​ខាងកើត​ប្រទេស កាលពី​យប់​ថ្ងៃ​អង្គារ ហើយ​កាលពី​ថ្ងៃ​ចន្ទ កូរ៉េ​ខាងត្បូង​បាន​ចាប់ផ្តើម​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ហៅ​ថា ហូហ្គុក ដែល​មាន​គោលដៅ​ពង្រឹង​សមត្ថភាព​ឆ្លើយតប​ចំពោះ​ការ​គំរាមកំហែង​នៃ​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង។

តែ​យ៉ាងណា សមយុទ្ធ​របស់​កូរ៉េ​ខាងត្បូង នឹង​បន្ត​រហូត​ដល់​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ។ នេះ​ជា​សមយុទ្ធ​ថ្មី​ចុងក្រោយ​បង្អស់​របស់​កូរ៉េ​ខាងត្បូង ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ រួម​ទាំង​សកម្មភាព​យោធា​រួម​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក និង​ជប៉ុន​ផង​ដែរ។

បើ​តាម​នាយសេនាធិការ​ចម្រុះ​យោធា​កូរ៉េ​ខាងត្បូង សមយុទ្ធ​ដែល​មាន​ការ​ចូលរួម​ពី​កងទ័ព​អាមេរិក បាន​ផ្ដោត​លើ​ការ​ត្រៀម​ខ្លួន​ការពារ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​របស់​កងទ័ព​ក្នុង​ការ​អនុវត្ត​ប្រតិបត្តិការ​រួម​គ្នា ដើម្បី​ស្ថិរភាព​ក្នុង​តំបន់។

កូរ៉េ​ខាងជើង​ត្រូវ​បាន​រាយការណ៍​ថា បាន​និង​កំពុង​បង្កើន​ល្បឿន​ធ្វើ​តេស្ដ​មីស៊ីល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​ការ​បាញ់​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី និង​កាំភ្លើង​ធំ​រាប់​រយ​គ្រាប់​នៅ​ជិត​ព្រំដែន​អន្តរ​កូរ៉េ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា នៅ​ដំណាក់កាល​ចុងក្រោយ​នេះ កូរ៉េ​ខាងជើង​បាន​បាញ់​មីស៊ីល​ប្រមាណ​ជា ៣០​គ្រាប់​ហើយ ដោយ​មួយ​ចំនួន​បាន​ហោះ​រំលង​ប្រទេស​ជប៉ុន មុន​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក។ ជប៉ុន​បាន​ហៅ​ថា​ជា​ទង្វើ​បង្ក​សង្គ្រាម ដែល​នាំ​ឲ្យ​ជប៉ុន​សម្រេច​ធ្វើ​សមយុទ្ធ និង​ពង្រាយ​ប្រព័ន្ធ​មីស៊ីល​ត្រៀម​សង្គ្រាម​ជាមួយ​នឹង​កូរ៉េ​ខាងជើង ប្រសិនបើ​ស្ថានការណ៍​សឹក​ធ្លាក់​មក​ដល់។

ចុះ​ហេតុ​អ្វី​បាន​ជា​កូរ៉េ​ខាងជើង​បង្ក​បញ្ហា​ដូចនេះ?

គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​ដែល​រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​សឹក​នៅ​ថ្ងៃទី​២៤ កុម្ភៈ វាយលុក​លើ​ទឹកដី​អ៊ុយក្រែន គឺ​កូរ៉េ​ខាងជើង​ក៏​ចាប់ផ្ដើម​បង្ក​បញ្ហា​នៅ​លើ​ឧបទ្វីប​កូរ៉េ​ដូច​គ្នា។

ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​បាន​បាញ់​គ្រាប់​មីស៊ីល​ជា​ញឹកញាប់ ដែល​មួយ​សប្ដាហ៍​ម្ដង ឬ​ពីរ​សប្ដាហ៍​ម្ដង បាញ់​ចូល​ទៅ​សមុទ្រ​លឿង ហើយ​ពេល​ខ្លះ​គ្រាប់​មីស៊ីល​នោះ​ក៏​ហោះ​រំលង​លើ​ប្រទេស​ជប៉ុន​ទៀត​ផង។

កូរ៉េ​ខាងជើង​បាន​បាញ់​មីស៊ីល​ដូចនេះ ហើយ​ក៏​គំរាម​ថា បើ​ខ្លួន​គេ​នៅតែ​ទទួល​រង​ទណ្ឌកម្ម​ពី​ពួក​បស្ចិម​ប្រទេស គឺ​ក្រុង​ព្យុងយ៉ាង​មិន​ចុះ​ញ៉ម​នោះ​ទេ គឺ​ត្រូវតែ​ធ្វើការ​សងសឹក​ដូច​ករណី​នៃ​ការ​បាញ់​មីស៊ីល​ជា​ញឹកញាប់​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​អ៊ីចឹង​ដែរ។

ជាមួយ​គ្នា​នេះ កូរ៉េ​ខាងជើង​បាន​ចេញ​មុខ​ទទួលស្គាល់​សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ថា​ជា​សង្គ្រាម​ដែល​រុស្ស៊ី​ការពារ​សិទ្ធិ​របស់​ខ្លួន ព្រោះ​តែ​រុស្ស៊ី​ប្រឈមមុខ​នឹង​ក្រុម​ណាតូ​គំរាមកំហែង​សន្តិសុខ​របស់​រុស្ស៊ី។ បន្ថែម​ពី​នេះ ទីក្រុង​ព្យុងយ៉ាង​ប្រកាស​ទទួលស្គាល់​រុស្ស៊ី​អនុម័ត​យក​ទឹកដី​ចំនួន ៤​តំបន់​នៅ​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។

កូរ៉េ​ខាងជើង​ចាត់ទុក​ថា សេចក្ដី​សម្រេច​របស់​ប្រធានាធិបតី​រុស្ស៊ី ថា​ធ្វើឡើង​ដោយ​ភាព​ស្រប​ច្បាប់។ មិន​តែប៉ុណ្ណោះ ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​បាន​ស្រែក​គំរាម​អាមេរិក និង​ពួក​បស្ចិម​ប្រទេស​កុំ​ឲ្យ​ផ្ដល់​អាវុធ​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ទៀត​ផង ហើយ​ថា​ខ្លួន​គេ​ក៏​មាន​សិទ្ធិ​ផ្ដល់​អាវុធ​ទៅ​ឲ្យ​រុស្ស៊ី​ដែរ។

តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ទៀត​ថា កូរ៉េ​ខាងជើង​ដែល​បង្ក​បញ្ហា​អសន្តិសុខ​នៅ​លើ​ឧបទ្វីប​ដូចនេះ គឺ​រដ្ឋ​ផ្ដាច់ការ​មួយ​នេះ​ក៏​ចង់​ទាញ​អាមេរិក និង​ពួក​បស្ចិម​ប្រទេស​ឱ្យ​ងាក​ចេញពី​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន​ផង​ដែរ។ ទំនង​ដូចនេះ​ហើយ​បាន​ជា​ជប៉ុន និង​កូរ៉េ​ខាងត្បូង ជាពិសេស​គឺ​អាមេរិក ព្យាយាម​អត់ធ្មត់​ដោយសារតែ​មហាអំណាច​មួយ​នេះ​កំពុងតែ​ជាប់​ដៃ​ក្នុង​ការ​ផ្ដល់​អាវុធ​យ៉ាង​ច្រើន​ទៅ​ឲ្យ​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស