36 C
Phnom Penh

លោក ហ៊ុន សែន ថា​បើ​ចង់​ឱ្យ​កម្ពុជា​មាន​សុខ​សន្តិភាព​គឺ​ត្រូវ​បោះឆ្នោត​ឱ្យ​បក្ស​របស់​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន គំរាម​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជម្រើស​តែ​មួយ​គត់ បើ​ពិត​ជា​ចង់​ឲ្យ​ប្រទេស​កម្ពុជា​អាច​ធានា​នូវ​សន្តិភាព និង​អាច​រក្សា​នូវ​សន្តិភាព​បាន​យូរអង្វែង គឺ​មាន​តែ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

តើ​បុគ្គល​បក្សពួក​ណា​បង្ក​សង្គ្រាម?

លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​គ្រប់គ្រង​អំណាច​ដូច​សព្វថ្ងៃ​នេះ នោះ​គណបក្ស​នឹង​អាច​រក​សន្តិភាព​ជូន​ប្រទេស​ជាតិ​បាន ដែល​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​សុខសាន្ត​ពេញលេញ​ទាំងអស់​គ្នា។

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ចូលចិត្ត​គំរាម​បំផ្ទុះ​សង្គ្រាម​លើ​ពលរដ្ឋ​ខ្លួនឯង លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​មិន​ទៅ​ណា​ចោល​ប្រជាពលរដ្ឋ​ជាដាច់ខាត ហើយ​លោក​នឹង​បន្ត​ថែរក្សា​ការពារ​សន្តិភាព​ដែល​រក​បាន​ដ៏​លំបាក​នេះ​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត។ មេ​បក្ស​កាន់​អំណាច​ដែល​សល់​ពី​របប​ខ្មែរក្រហម លោក ហ៊ុន សែន ប្ដេជ្ញា​ការពារ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យខាងតែ​បាន ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ក្នុង​នោះ​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ផ្តល់​ឱកាស​ឲ្យ​គណបក្ស​របស់​លោក​មាន​លទ្ធភាព​បន្ត​ការពារ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​មុខ​ទៀត។

កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ដែល​បាន​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ដើម្បី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ទៅ​តាម​អាណត្តិ​របស់​ខ្លួន​ដែល​មាន​រយៈពេល ៥​ឆ្នាំ​ម្តង និង​មាន ២៥​មណ្ឌល​នៅ​ទូទាំង​ប្រទេស។

កាលពី​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប ប្រកាស​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​អាណត្តិ​ទី​៧ នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ គឺ​មាន​រយៈពេល ៥០​ថ្ងៃ​គត់ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២០ ខែ​តុលា នេះ រហូត​ដល់​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ ខាងមុខ ក្នុង​នោះ​ប្រជាពលរដ្ឋ​ក៏​អាច​ទៅ​ចុះឈ្មោះ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​បាន​ដែរ។

មន្ត្រី​ជាន់ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ធ្លាប់​បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ដើម្បី​ធានា​នូវ​ការ​បោះឆ្នោត​ខាងមុខ​នេះ​មាន​ភាព​ត្រឹមត្រូវ​ស្រប​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បើក​សិទ្ធិ​សេរីភាព​ដល់​អ្នក​នយោបាយ សកម្មជន​នយោបាយ និង​ប្រជាពលរដ្ឋ​ឱ្យ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ និង​មាន​សិទ្ធិ​អាច​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ពួកគេ​ពេញចិត្ត​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ និង​ការ​បំភិតបំភ័យ​ណា​មួយ​នោះ​ឡើយ។

លោក ស៊ឹង សែនករុណា ត្អូញត្អែរ​ថា កម្ពុជា​សព្វថ្ងៃ​នេះ​បាន​រង​នូវ​ការ​រិះគន់​ជាច្រើន​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ពី​ភាព​មិន​ឯករាជ្យ​របស់​ស្ថាប័ន​មួយ​ចំនួន ដូចជា​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ស្ថាប័ន​តុលាការ ជាដើម ជាពិសេស​មន្ត្រី​រាជការ​ស្ទើរតែ​ទាំងអស់​ដែល​គេ​មើល​ឃើញ​ថា ត្រូវ​បាន​រង​ការ​គាប​សង្កត់​ឱ្យ​គាំទ្រ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​ពិនិត្យ​លើ​សកម្មភាព​ទុច្ចរិត​ក្នុង​កិច្ចការ​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​ប្រើ​ឧបាយកល​លួច​សន្លឹកឆ្នោត​កាលពី​អាណត្តិ​កន្លងមក​ផង និង​ការ​រៀបចំ​ផែនការ​លុបបំបាត់​វត្តមាន​គណបក្ស​ប្រឆាំង និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​នេះ គេ​អាច​វាយតម្លៃ​បាន​ថា ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នេះ គឺជា​ការ​រៀប​ផែនការ​ប្លន់​របស់​គណបក្ស​កាន់​អំណាច​ដែល​កំពុង​បញ្ជា​ដោយ​លោក ហ៊ុន សែន តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស