34 C
Phnom Penh

អាមេរិក​ចង់​ឱ្យ​កម្ពុជា​ផ្តល់​សិទ្ធិ​នយោបាយ​ជូន​លោក កឹម សុខា ឡើងវិញ​ដើម្បី​ប្រយោជន៍​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Partick Murphy អះអាង​ថា សហរដ្ឋ​អាមេរិក​មាន​គោល​បំណង​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​សិទ្ធិ​ដល់​លោក កឹម សុខា ធ្វើ​នយោបាយ​ពេញលេញ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ឡើងវិញ។

លោក Partick Murphy បាន​សរសេរ​លើ​បណ្ដាញ​ធ្វីតធឺ​របស់​លោក បន្ទាប់ពី​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២២។

លោក Partick Murphy បន្ត​ថា វា​ដល់​ពេល​ហើយ​ដែល​ត្រូវ​ផ្ដល់​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ជា​ពលរដ្ឋ​ដល់​លោក កឹម សុខា ឲ្យ​បាន​ពេញលេញ​ឡើងវិញ ក្រោយ​រយៈពេល ៥​ឆ្នាំ​នៃ​ការ​ឃុំឃាំង និង​កាត់​ក្តី​លោក​នោះ។ លោក​បន្ត​ថា ការ​ផ្តល់​សិទ្ធិ​ជូន​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ​នេះ វា​នឹង​អាច​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា។

ឯកអគ្គរដ្ឋទូត​អាមេរិក​បញ្ជាក់​ថា លោក និង​លោក កឹម សុខា បាន​ប្ដេជ្ញា​ចិត្ត​ចំពោះ​សេចក្តី​ប្រាថ្នា​របស់​ពលរដ្ឋ​ខ្មែរ ដោយ​ចង់​ឲ្យ​ប្រទេស​រីកចម្រើន និង​មាន​ប្រជាធិបតេយ្យ។

ចំណែក​លោក កឹម សុខា វិញ​ក៏​បាន​បង្ហោះ​សា​រលើ​ទំព័រ​ហ្វេសប៊ុក​ថា រូបលោក​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Partick Murphy នៅ​គេហដ្ឋាន​របស់​លោក ដោយ​មាន​សហការី​ចូលរួម​ផង​ដែរ។ ក្នុង​ជំនួប​ពិភាក្សា​នោះ លោក និង​លោក Partick Murphy បាន​ផ្លាស់ប្ដូរ​ព័ត៌មាន និង​ទស្សនៈ​គ្នា​អំពី​ការ​វិវឌ្ឍ​នៃ​ដំណើរការ​សវនាការ និង​សិទ្ធិ​សេរីភាព​របស់​លោក ព្រមទាំង​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ស្រប​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ថ្នាក់​អន្តរជាតិ​សំខាន់ៗ​ផ្សេង​ទៀត នឹង​ធ្វើ​ឡើង​ក្នុង​ខែ​វិច្ឆិកា និង​ខែ​ធ្នូ ខាងមុខ​នៅ​កម្ពុជា។

ជាង​នេះ​ទៅ​ទៀត ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា ប្រជុំ APEC នៅ​ថៃ និង​ប្រជុំ G20 នៅ​ឥណ្ឌូនេស៊ី ផង​ដែរ។

លោក កឹម សុខា បន្ត​ថា មេដឹកនាំ​ប្រទេស​មហាអំណាច​ដែល​បាន​ជួប និង​គ្រោង​ជួប​ពិភាក្សា​ជាមួយ​លោក លើក​យក​ប្រធានបទ​សំខាន់ៗ​ដែល​មិនមែន​តែ​ជា​ប្រយោជន៍​ដល់​លោក​នោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​កម្ពុជា​ផង​ដែរ។

ជំនួប​រវាង​លោក Partick Murphy ជាមួយ​លោក កឹម សុខា បាន​ធ្វើ​ឡើង​បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​បិទ​បញ្ចប់​ការ​សួរ​ដេញដោល​លើ​សំណុំរឿង​របស់​លោក កឹម សុខា កាលពី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ ក្រោយពី​បើក​សវនាការ​ជំនុំជម្រះ​អស់ ៦៣​លើក។

ក្រោយពី​សវនាការ​ចំនួន ៦៣​លើក​មក តុលាការ​បាន​ប្រកាស​យក​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២ ខាងមុខ​នេះ ដើម្បី​ធ្វើ​សេចក្តី​សន្និដ្ឋាន​លើ​សំណុំរឿង «សន្ទិដ្ឋភាព​ត្រូវរ៉ូវ​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស» ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។

គិត​មក​ដល់​បច្ចុប្បន្ន​នេះ សំណុំរឿង​លោក កឹម សុខា បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ៥​ឆ្នាំ ប៉ុន្តែ​តុលាការ​មិន​បាន​រក​ឃើញ​កំហុស​លោក កឹម សុខា ទោះបី​បើក​សវនាការ​ជាង ៦០​លើក ហើយ​ឈាន​ទៅ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​ខែ​ធ្នូ ខាងមុខ​ក្ដី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស