31 C
Phnom Penh

សង្គម​ស៊ីវិល៖ ការ​បោះឆ្នោត​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌ ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​រក្សា​សន្តិភាព​ពិតប្រាកដ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​អះអាង​ថា ការ​បោះឆ្នោត​ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ជា​ប្រព័ន្ធ​ទប់ស្កាត់​ការ​រំលោភ​អំណាច ហើយ​មាន​ប្រព័ន្ធ​នៃ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​យ៉ាង​មាន​ប្រសិទ្ធភាព ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​រក្សា​សន្តិភាព​សម្រាប់​សង្គម​ជាតិ​យ៉ាង​ពិតប្រាកដ មិនមែន​បោះឆ្នោត​ឲ្យ​បក្ស​នេះ ឬ​បក្ស​នោះ ទើប​អាច​រក្សា​សន្តិភាព​បាន​នោះ​ទេ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២ ថា មាន​តែ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ទើប​អាច​ធានា​នូវ​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស និង​ជា​ម្ចាស់​ឆ្នោត​បាន​ត្រឹមត្រូវ ហើយ​ក៏​ជា​កត្តា​ក្នុង​ការ​រក្សា​សុខ​សន្តិភាព​ក្នុង​សង្គម​ជាតិ​ទាំងមូល​បាន​ស្ថិតស្ថេរ​រឹងមាំ​យូរអង្វែង​ផង​ដែរ។

លោក មឿន តុលា លើកឡើង​ថា នៅ​ពេល​ដែល​ពលរដ្ឋ​អាច​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ពេញលេញ​ក្នុង​ដំណើរការ​កសាង​ប្រជាធិបតេយ្យ​ជ្រើសរើស​មេដឹកនាំ​ដោយ​សេរី មាន​ការ​ធានា និង​មាន​តំណាង​ពិតប្រាកដ​នោះ មេដឹកនាំ​ឬ​មន្ត្រី​ជាប់​ឆ្នោត​នឹង​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ពលរដ្ឋ​យ៉ាង​ពេញលេញ។

លោក​បន្ត​ថា ពួកគេ​នឹង​ព្យាយាម​ប្រឡង​ប្រណាំង​គ្នា​ផ្តល់​សេវា​សាធារណៈ និង​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមភាព ខណៈ​ពលរដ្ឋ​នឹង​ទទួល​បាន​ផល​ពី​ការ​អភិវឌ្ឍ​ដូចៗ​គ្នា រស់នៅ​ដោយ​សុខដុមរមនា​ប្រកប​ដោយ​សុខ​សន្តិភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ជាមួយ​គ្នា​ក្នុង​សង្គម​ជាមិនខាន។

ចំណែក​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា (ADHOC) លោក ស៊ឹង សែនករុណា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ តុលា នេះ​ថា បើ​អំណាច​រដ្ឋ​កើនឡើង​ខ្ពស់ នោះ​សិទ្ធិ​របស់​ពលរដ្ឋ​នឹង​ធ្លាក់​ចុះ​ជាមិនខាន ប៉ុន្តែ​សង្គម​ប្រជាធិបតេយ្យ ពលរដ្ឋ​គឺ​ជា​ម្ចាស់​អំណាច ហើយ​រដ្ឋ​មាន​តួនាទី​ជា​អ្នក​បម្រើ​រាស្ត្រ​គ្រប់​ពេល មិនមែន​ជា​ចៅហ្វាយនាយ​របស់​ប្រជារាស្ត្រ​នោះ​ទេ។

កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២២ បុរស​ខ្លាំង លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ជួបជុំ​ជាមួយ​ពលរដ្ឋ​ខេត្ត​បាត់ដំបង ថា ពលរដ្ឋ​ខ្មែរ​មាន​ជម្រើស​តែ​មួយ​គត់ បើ​ពិត​ជា​ចង់​ឲ្យ​កម្ពុជា​អាច​ធានា​នូវ​សន្តិភាព និង​អាច​រក្សា​នូវ​សន្តិភាព​បាន​យូរអង្វែង គឺ​មាន​តែ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​លោក​កំពុង​ដឹកនាំ​សព្វថ្ងៃ​នេះ​ប៉ុណ្ណោះ។

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន បញ្ជាក់​ថា នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នៅតែ​អាច​បន្ត​គ្រប់គ្រង​អំណាច​ដូច​សព្វថ្ងៃ​នេះ នោះ​គណបក្ស​នឹង​អាច​រក​សន្តិភាព​ជូន​ប្រទេស​ជាតិ​បាន ដែល​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​សុខសាន្ត​ពេញលេញ​ទាំងអស់​គ្នា។

កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២ សមាគម​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ADHOC បាន​ជួប​ពិភាក្សា​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជាមួយ​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា លោក ដូមីនិក វិលលៀមស៍ (Dominic Williams) ជាពិសេស​ពិភាក្សា​ទៅ​លើ​ដំណើរការ​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ។

ក្នុង​កិច្ច​ពិភាក្សា​នេះ ក៏​មាន​ការ​ចូលរួម​ពិភាក្សា​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤ ផ្សេង​ទៀត​ដែរ ដូចជា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អង្គការ​តម្លាភាព​កម្ពុជា អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) និង​គណៈកម្មការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL) ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​ត្អូញត្អែរ​ថា កម្ពុជា​សព្វថ្ងៃ​នេះ​បាន​រង​នូវ​ការ​រិះគន់​ជាច្រើន​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ពី​ភាព​មិន​ឯករាជ្យ​របស់​ស្ថាប័ន​មួយ​ចំនួន ដូចជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ស្ថាប័ន​តុលាការ ហើយ​ជាពិសេស មន្ត្រី​រាជការ​ស្ទើរតែ​ទាំងអស់​ដែល​គេ​មើល​ឃើញ​ថា​បាន​រង​នូវ​ការ​គាប​សង្កត់​ឱ្យ​គាំទ្រ​បក្ស​កាន់​អំណាច ហើយ​ជាង​នេះ​ទៀត ពលរដ្ឋ​តែង​ទទួល​នូវ​ការ​គំរាមកំហែង​ពី​ការ​បំផ្ទុះ​សង្គ្រាម បើ​ពួកគេ​មិន​បោះឆ្នោត​ឱ្យ​បក្ស​ដែល​កំពុងតែ​កាន់​អំណាច​សព្វថ្ងៃ​នេះ​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស