38 C
Phnom Penh

ប្រធានាធិបតី​អ៊ុយក្រែន​អរគុណ​កម្ពុជា​ដែល​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​UN

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែង​អំណរ​គុណ​ដល់​កម្ពុជា​ជុំវិញ​ការ​ប្រកាន់​ជំហរ​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​អង្គការ​សហប្រជាជាតិ និង​មាន​បំណង​ផ្តល់​ជំនួយ​ផ្នែក​ការ​ដោះ​មីន​ដល់​អ៊ុយក្រែន ក្រោយពី​ជួប​ជាមួយ​លោក ហ៊ុន សែន តាម​ទូរស័ព្ទ។

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ​របស់​ខ្លួន​ក្រោយពី​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា លោក​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ខ្លាំង​ចំពោះ​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ​ក្នុង​ការ​ប្រកាន់​ជំហរ​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​អង្គការ​សហប្រជាជាតិ បន្ទាប់ពី​រុស្សី​បាន​ឈ្លានពាន​អ៊ុយក្រែន កាលពី​ដើម​ឆ្នាំ​២០២២ កន្លងទៅ​នោះ។

ប្រធានាធិបតី​អ៊ុយក្រែន​ដែល​កំពុង​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​មហា​អំណាច​កុម្មុយនីស្ត លោក Volodymyr Zelenskyy បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​ប្ដេជ្ញា​ថា​នឹង​នៅតែ​ធានា​សន្តិសុខ​ស្បៀង​សម្រាប់​បណ្តា​ប្រទេស​អាស៊ាន​បន្ត​ទៀត។

ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy កាលពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២ វិច្ឆិកា នេះ​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ការ​គោរព​គោលការណ៍​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ ប្រឆាំង​នឹង​ការ​ឈ្លានពាន ការ​គំរាម ឬ​ការ​ប្រើប្រាស់​កម្លាំង​លើ​អធិបតេយ្យភាព បូរណភាព​ដែនដី​របស់​រដ្ឋ​ឯករាជ្យ និង​មិន​គាំទ្រ​ដល់​ការ​បំបែក​រដ្ឋ ឬ​ការ​ទន្ទ្រាន​យក​ទឹកដី​ពី​ប្រទេស​ដទៃ​ឡើយ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​ស្នើសុំ​ថ្លែង​សុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​ក្នុង​ពេល​កិច្ចប្រជុំ​អាស៊ាន ដើម្បី​បញ្ជាក់​ពី​បំណង​របស់​អ៊ុយក្រែន ក្នុង​ការ​ចូល​ជា​ដៃគូ​សន្ទនា​តាម​វិស័យ​នានា​របស់​អាស៊ាន​ផង​ដែរ។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​លើក​សំណើ​នេះ​ទៅ​កាន់​មេដឹកនាំ​ប្រទេស​អាស៊ាន​ដទៃ​ទៀត ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ចំពោះ​ករណី​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា កម្ពុជា​នឹង​សហការ​ជាមួយ​ជប៉ុន ដើម្បី​បញ្ជូន​អ្នក​ដោះ​មីន​របស់​កម្ពុជា​ទៅ​ជួយ​ដល់​អ្នក​ដោះ​មីន​របស់​អ៊ុយក្រែន​ក្នុង​ពេលវេលា​សមស្រប។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ វិច្ឆិកា នេះ​ថា ការ​ដែល​លោក ហ៊ុន សែន ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន នៅ​ពេលនេះ មិន​មែន​ដោយសារតែ​លោក ហ៊ុន សែន មាន​ឆន្ទៈ​ប្រឆាំង​ការ​ឈ្លានពាន​នោះ​ឡើយ ប៉ុន្តែ​ដោយសារតែ​លោក ពូទីន និង​មហាអំណាច​កុម្មុយនីស្ត​រុស្ស៊ី ដែល​ជា​សម្ពន្ធមិត្ត​របស់​គាត់​បាន​ធ្លាក់​ដៃ​កាន់តែ​ខ្លាំង និង​មាន​ដំណើរ​ទៅ​រក​ការ​បរាជ័យ​នៅ​ក្រោម​ឥទ្ធិពល​នៃ​ការ​ប្ដេជ្ញា​ប្រយុទ្ធ​ការពារ​ទឹកដី​របស់​កងទ័ព​អ៊ុយក្រែន ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ​សេរី​ពេញ​ពិភពលោក​នៅ​ពេលនេះ។

លោក គឹម សុខ បញ្ជាក់​ថា លោក ហ៊ុន សែន ប្រឹង​សម្ដែង​ធ្វើការ​ទាក់ទង​ទៅ​ប្រធានាធិបតី​អ៊ុយក្រែន គឺ​មាន​គោលដៅ​ត្រឹមតែ​ព្យាយាម​សម្របសម្រួល​ស្ថានការណ៍​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ទៅ​កម្ពុជា នៅ​ថ្ងៃទី​១២ និង​ទី​១៣ ខែ​វិច្ឆិកា នេះ​ប៉ុណ្ណោះ ដើម្បី​លើក​មុខមាត់​រដ្ឋាភិបាល​របស់​គាត់​ផង និង​ដើម្បី​បញ្ចៀស​នូវ​សម្ពាធ​នានា​ផង​ដែរ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​សង្កត់​ធ្ងន់​ថា ដើម្បី​ប្រយោជន៍​ជាតិ​ខ្មែរ​ទាំងមូល លោក ហ៊ុន សែន គួរ​រៀនសូត្រ​ពី​ប្រធានាធិបតី​អ៊ុយក្រែន ដោយ​សេចក្ដី​ស្មោះត្រង់ ព្រោះ​ថា​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​ពិត​ជា​មាន​ឧត្តមគតិ​ជាតិ​ខ្ពស់​ណាស់​សម្រាប់​ជាតិ​មាតុភូមិ​របស់​គេ ដែល​ធ្វើ​ឲ្យ​ពិភពលោក​គោរព​ស្ញប់ស្ញែង​គ្រប់ៗ​គ្នា មិន​មែន​ដូច​លោក ហ៊ុន សែន ដែល​ចេះ​តែ​ប្រើ​អំណាច​ហួងហែង គំរាម សម្លុត បំភិត​បំភ័យ​ប្រជារាស្ត្រ​ខ្មែរ​ឲ្យ​ពិភពលោក​ធុញទ្រាន់​នោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ ក្រោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ កម្ពុជា​បាន​បោះឆ្នោត​នៅ​អង្គការ​សហប្រជាជាតិ ថ្កោលទោស និង​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​អ៊ុយក្រែន​ជាមួយ​ប្រទេស ១៤០ ទៀត​កាលពី​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស