សកម្មជនគណបក្សសង្គ្រោះជាតិ ចាត់ទុកជម្លោះដែលកើតឡើងរវាងក្រុមប្រឹក្សាសង្កាត់បក្សភ្លើងទៀន និងក្រុមប្រឹក្សាសង្កាត់គណបក្សប្រជាជនកម្ពុជា នៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាជាទង្វើបំផ្លាញផលប្រយោជន៍របស់ពលរដ្ឋនៅមូលដ្ឋាន។
សកម្មជនបក្សប្រឆាំង លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ វិច្ឆិកា នេះថា គ្រប់ភាគីដែលបង្ហាញឥរិយាបថគ្មានក្រមសីលធម៌ជាអ្នកតំណាងរបស់ពលរដ្ឋ ដែលម្នាក់បង្ហាញពីទង្វើហិង្សា ខណៈម្នាក់ទៀតព្យាយាមបញ្ឆេះកំហឹងឱ្យបង្កឡើងជាជម្លោះក្នុងចេតនាទាក់ទាញចំណាប់អារម្មណ៍ពីពលរដ្ឋបែបនេះ គ្រាន់តែជាស្ទីលនយោបាយចាស់គំរិលដែលធ្វើឲ្យសង្គមជាតិបែកបាក់ប៉ុណ្ណោះ។
លោក ហ៊ុន កុសល លើកឡើងថា ការដណ្តើមយកឈ្នះគ្នាដើម្បីប្រជាប្រិយភាពខ្លួនឯង ដោយមិនគិតពីផលប្រយោជន៍របស់ពលរដ្ឋនៅមូលដ្ឋាន គឺជាសកម្មភាពមួយដែលបង្កើតកំហឹងដាក់គ្នាទៅវិញទៅមកមិនចេះចប់ប៉ុណ្ណោះ។
លោកបន្តថា ទង្វើបែបនេះនឹងកាន់តែពង្រីកខ្លួនចូលទៅក្នុងសង្គមខ្មែរឥតឈប់ឈរ ដោយសារតែសមាជិកបក្សនយោបាយទាំងនោះគិតតែពីផលប្រយោជន៍បក្ស និងប្រយោជន៍បុគ្គលផ្ទាល់ខ្លួន ជាជាងប្រយោជន៍របស់ពលរដ្ឋដែលបានបោះឆ្នោតគាំទ្រខ្លួន។
សកម្មជនបក្សប្រឆាំងរូបនេះរិះគន់ថា បើជម្លោះនោះគឺជាការប្រកួតប្រជែងគ្នាដើម្បីរកភាពរីកចម្រើនឱ្យពលរដ្ឋនៅមូលដ្ឋាន វាគឺជារឿងល្អ ប៉ុន្តែបើជម្លោះនេះគ្រាន់តែដើម្បីផលប្រយោជន៍បក្សនយោបាយរៀងខ្លួនបែបនេះ វាជារឿងដែលគួរឱ្យអាម៉ាស់បំផុតដែលពួកគេក្នុងឋានៈជាអ្នកតំណាងឆន្ទៈរបស់ពលរដ្ឋ។
កាលពីពេលថ្មីៗនេះ ជំទប់ទី២ សង្កាត់អូរចារ របស់គណបក្សភ្លើងទៀន អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តបាត់ដំបង ហើយបន្ទាប់ពីសមាជិកបក្សភ្លើងទៀនរូបនេះអះអាងថា ខ្លួនបានរងនូវការប្រើអំពើហិង្សាពីសមាជិកក្រុមប្រឹក្សាសង្កាត់អូរចារ លេខរៀងទី៦ មកពីគណបក្សប្រជាជនកម្ពុជា អ្នកស្រី យាន រ៉ាស៊ីន កាលពីចុងខែតុលា ឆ្នាំ២០២២ កន្លងទៅនោះ។
ជុំវិញបញ្ហានេះ ចៅសង្កាត់អូរចារ ដែលមកពីគណបក្សប្រជាជនកម្ពុជា លោក ឯម សុផល បានលើកឡើងពីមូលហេតុនៃជម្លោះនេះថា ការទាស់ពាក្យសម្ដីគ្នារហូតឈានដល់ការប្តឹងផ្តល់នេះ កើតឡើងបន្ទាប់ពីអ្នកស្រី យាន រ៉ាស៊ីន បានស្នើឱ្យភ្នាក់ងារសង្កេតការណ៍បោះឆ្នោតមកពីគណបក្សភ្លើងទៀន ធ្វើជាសាក្សីសម្រាប់ពលរដ្ឋមួយរូបដែលសុំធ្វើសំបុត្រកំណើត ប៉ុន្តែអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត មិនព្រម ទើបបង្កទៅជាការប៉ះទង្គិចគ្នាបែបនេះ។
ចំណែកអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត បានអះអាងក្នុងការផ្សាយរបស់ខ្លួនកាលពីពេលថ្មីៗនេះថា ពលរដ្ឋដែលស្នើសុំធ្វើសំបុត្រកំណើតនោះ គឺជាស្ត្រីចំណាស់មួយរូបដែលត្រូវបានស្គាល់ថាជាអ្នកដែលមានសតិមិនប្រក្រតី ខណៈមន្ត្រីសង្កាត់មិនគួរយកករណីបែបនេះមកលេងសើចលើស្ត្រីរូបនោះទេ៕