មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ រិះគន់ថា បេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់បក្សកាន់អំណាច លោក ហ៊ុន ម៉ាណែត ចេះត្រឹមតែអួតពីសន្តិភាព និងនយោបាយឈ្នះឈ្នះបន្តពីឪពុក ដែលបង្ហាញថាជាបុគ្គលគ្មានចំណេះដឹងផ្ទាល់ខ្លួនក្នុងការដឹកនាំប្រទេស ក្រៅតែពីការគូសវាសរបស់ឪពុកដែលកាងពីក្រោយតែប៉ុណ្ណោះ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ វិច្ឆិកា នេះថា ក្នុងនាមជាបេក្ខជនអនាគតនៃអ្នកដឹកនាំរបស់គណបក្សមួយ គួរតែបង្ហាញពីសមត្ថភាពដឹកនាំដោយខ្លួនឯង ដើម្បីបង្ហាញពលរដ្ឋម្ចាស់ឆ្នោត មិនមែនគ្រាន់តែចេះនិយាយត្រឹមតែសមិទ្ធផលរបស់អ្នកដទៃទាំងដែលខ្លួនមិនបានចូលប្រឡូកជាមួយសូម្បីតែបន្តិចនោះទេ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ប្រសិនបើសន្តិភាព និងនយោបាយឈ្នះឈ្នះនោះ គឺជាសមិទ្ធផលពិតប្រាកដដែលពលរដ្ឋខ្មែរទទួលស្គាល់គ្រប់គ្នា នោះគ្រាន់តែជាសមិទ្ធផលរបស់បក្សកាន់អំណាចដែលអ្នកដឹកនាំចាស់ៗបានធ្វើប៉ុណ្ណោះ មិនមែនជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ខ្លួននោះឡើយ។ ប៉ុន្តែបើសន្តិភាព និងនយោបាយឈ្នះឈ្នះនេះពលរដ្ឋមិនទទួលស្គាល់វិញ នោះមានន័យថា លោក ហ៊ុន ម៉ាណែត កំពុងតែយកសមិទ្ធផលរបស់អ្នកដទៃមកដុតបំផ្លាញខ្លួនឯងតែប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា ដើម្បីក្លាយជាមេដឹកនាំដែលទទួលបានការគាំទ្រពីពលរដ្ឋ ត្រូវតែមានសមត្ថភាពក្នុងការគ្រប់គ្រងប្រទេសជាតិដោយពិតប្រាកដ នោះទើបប្រទេសជាតិរីកចម្រើនទៅមុខ ប៉ុន្តែបើគ្រាន់ចាំថាតាមគេ ឬធ្វើអ្វីតាមគេដែលប្រាប់ពីក្រោយខ្នងនោះ ប្រទេសនឹងមិនអាចលូតលាស់ ឬមានការអភិវឌ្ឍបានទេ។ លើសពីនេះ នឹងបង្កទៅជាវិបត្តិដល់ប្រទេសជាតិដូចសព្វថ្ងៃនេះថែមទៀតផង។
កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់បក្សកាន់អំណាច បានលើកឡើងក្នុងពិធីបើកសិក្ខាសាលាប្រវត្តិសាស្ត្រយោធាស្ដីពីនយោបាយឈ្នះឈ្នះ និងសន្តិភាព ថាសន្តិភាពមិនអាចទទួលបានដោយងាយៗនោះទេ ជាពិសេសក្នុងបរិបទដែលកម្ពុជាជាប្រទេសធ្លាប់ទទួលរងនូវសង្គ្រាម និងជម្លោះបែកបាក់នាពេលកន្លងមក។
លោក ហ៊ុន ម៉ាណែត លើកឡើងថា នយោបាយឈ្នះឈ្នះនៅកម្ពុជាមានអត្ថន័យយ៉ាងទូលំទូលាយដែលគ្របដណ្ដប់លើគ្រប់វិស័យនៃសង្គមជាតិទាំងមូល និងនាំមកនូវសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី រដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ដែលជាកត្តាអំណោយផលដល់ការធានាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីដូចសព្វថ្ងៃនេះ។
កាលពីដើមខែធ្នូ ឆ្នាំ២០២១ កន្លងទៅ លោក ហ៊ុន ម៉ាណែត ត្រូវបានឪពុករបស់ខ្លួន គឺលោក ហ៊ុន សែន ប្រកាសគាំទ្រជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី ខណៈបក្សកាន់អំណាចបានបោះឆ្នោតគាំទ្របេក្ខភាពនេះកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅផងដែរ ប៉ុន្តែការជាប់ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តពីឪពុកនេះ ត្រូវបានគេរិះគន់ថា ធ្វើឡើងក្រោមការគំរាមកំហែង និងការទិញទឹកចិត្តពីសមាជិកបក្សប្រជាជនកម្ពុជារបស់ខ្លួនប៉ុណ្ណោះ មិនមែនព្រោះតែលោក ហ៊ុន ម៉ាណែត មានសមត្ថភាពដឹកនាំប្រទេសនោះទេ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍សម្ដែងការសោកស្តាយដែលកម្ពុជានឹងទទួលបាននាយករដ្ឋមន្ត្រីដឹកនាំប្រទេសដែលគ្មានសមត្ថភាព និងគ្មានការគាំទ្រពីពលរដ្ឋ ផ្ទុយទៅវិញជាអនាគតនាយករដ្ឋមន្ត្រីដែលឡើងកាន់តំណែងដោយសារឪពុកជាអ្នករៀបចំឲ្យប៉ុណ្ណោះ។
ប្រភពដដែលអះអាងថា សមាជិកបក្សកាន់អំណាចដែលគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអនាគតនោះ មិនមែនដោយសារមើលឃើញពីគុណសម្បត្តិ ឬសមត្ថភាពដឹកនាំប្រទេសរបស់លោកនោះទេ គឺដោយសារលោក ហ៊ុន សែន ទិញទឹកចិត្តពួកគេតែប៉ុណ្ណោះ ដែលបានសន្យាថានឹងផ្តល់តំណែងខ្ពស់ៗក្នុងជួររដ្ឋាភិបាលដល់កូនមន្ត្រីសំខាន់ៗមួយចំនួន ដូចជាកូនរបស់លោក ស ខេង កូនលោក សាយ ឈុំ កូនលោក ទៀ បាញ់ និងកូនរបស់អ្នកស្រី ម៉ែន សំអន ជាដើម៕