26 C
Phnom Penh

បោះឆ្នោត​សភា​អាមេរិក៖ អាណត្តិ​លោក ចូ បៃដិន មាន​ភាព​ខ្លាំង​ជាង​អាណត្តិ​លោក ដូណាល់ ត្រាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​សមាជិក​សភា​ទាំង​ពីរ​ថ្នាក់​នៅ​អាមេរិក បាន​បង្ហាញ​អំពី​ភាព​ខ្លាំង​របស់​រដ្ឋការ​លោក ចូ បៃដិន បើ​ធៀប​នឹង​ការ​បោះឆ្នោត​ដូច​គ្នា​នេះ​នៅ​ក្នុង​អាណត្តិ​របស់​លោក ដូណាល់ ត្រាំ។

បើ​យោង​តាម​លទ្ធផល គណបក្ស​ប្រជាធិបតេយ្យ​នៅ​មាន​តុល្យភាព បើ​ធៀប​នឹង​លទ្ធផល​របស់​គណបក្ស​សាធារណរដ្ឋ ដោយ​ភាព​ឈ្នះ​ចាញ់​មិន​ដាច់​ណាត់។

បណ្ដាញ​សារព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា លទ្ធផល​បឋម​ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​រដ្ឋ​នីមួយៗ គឺ​គណបក្ស​ប្រជាធិបតេយ្យ​អាច​គ្រប់គ្រង​សភា​ជាន់​ខ្ពស់ ឬ​គេ​ហៅថា​ព្រឹទ្ធសភា ដោយ​ទទួល​បាន​សំឡេង ៤៨​អាសនៈ រីឯ​គណបក្ស​សាធារណរដ្ឋ ទទួល​បាន ៤៧​អាសនៈ។ អាសនៈ​សរុប​របស់​ព្រឹទ្ធសភា គឺ​មាន ១០០​អាសនៈ។

អ្នកវិភាគ​របស់ BBC ព្យាករ​ថា សំឡេង​ព្រឹទ្ធសភា​ទំនង​នឹង​ត្រូវ​បាន​គណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង តែ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់។

ចំណែក​ឯ​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​ជាន់​ទាប គឺ​គណបក្ស​សាធារណរដ្ឋ​ទទួល​បាន​សំឡេង​ច្រើន​ជាង​គណបក្ស​ប្រជាធិបតេយ្យ។ គណបក្ស​សាធារណរដ្ឋ​ទទួល​បាន ១៩៩​អាសនៈ រីឯ​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន ១៧៣​អាសនៈ។

យោង​តាម​រូបមន្ត​នៃ​ការ​បែងចែក​អាសនៈ គឺ​បក្ស​ដែល​អាច​ឈ្នះ​សំឡេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា ត្រូវ​ទទួល​បាន​អាសនៈ ២១៨​អាសនៈ។ សភា​ជាន់​ទាប​របស់​សហរដ្ឋ​អាមេរិក​មាន​ចំនួន ៤៣៥​អាសនៈ។

សហរដ្ឋ​អាមេរិក​មាន ៥០​រដ្ឋ បូក​ទាំង​រដ្ឋធានី​វ៉ាស៊ីនតុន។ យោង​តាម​លទ្ធផល​នេះ ការ​ប្រជែង​ដើម្បី​គ្រប់គ្រង​សភា​ទាំង​ពីរ​ថ្នាក់ គឺ​មាន​ភាព​តានតឹង​នឹង​គ្នា​យ៉ាង​ខ្លាំង ទាំង​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ ព្រោះតែ​ពុំ​មាន​គណបក្ស​ណា​មួយ​យក​អាសនៈ​បាន​ដាច់​ណាត់​នោះ​ទេ។

យ៉ាងណាក៏ដោយ អាសនៈ​ព្រឹទ្ធសភា​ដែល​មាន ១០០​អាសនៈ​នោះ នៅ​មាន ៥​អាសនៈ​ទៀត​មិន​ទាន់​រាប់​ដាច់ស្រេច បើ​គិត​ត្រឹម​ម៉ោង ៧​យប់​នៅ​ថ្ងៃ​ពុធ ទី​៩ ខែ​វិច្ឆិកា នេះ។ ចំណែកឯ​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​ជាន់​ទាប ឬ​សភា​តំណាងរាស្ត្រ ក៏​នៅ​មិនទាន់​បិទ​បញ្ចប់​នៅឡើយ​ទេ។ បើ​តាម​លទ្ធផល​បឋម គឺ​នៅ​សល់ ៦៤​អាសនៈ​ទៀត​ដែល​មិនទាន់​ប្រកាស​លទ្ធផល​ដាច់ស្រេច។ បក្ស​ណា​ដែល​ដណ្ដើម​បាន ២១៨​អាសនៈ​ឡើង​ទៅ គឺ​បក្ស​នោះ​ត្រូវ​គេ​ហៅថា​ជា​បក្ស​ឈ្នះ​ឆ្នោត​សំឡេង​ភាគច្រើន​ដាច់​ណាត់។

បើ​ប្រៀបធៀប​នឹង​រដ្ឋការ​របស់​លោក ដូណាល់ ត្រាំ ក្នុង​ការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ដូច​គ្នា គឺ​រដ្ឋការ​របស់​លោក ចូ បៃដិន មាន​ភាព​ខ្លាំង​ជាង ដោយ​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ បក្ស​ប្រជាធិបតេយ្យ​បាន​ឈ្នះ​អាសនៈ​ពី​គណបក្ស​សាធារណរដ្ឋ​ដល់​ទៅ ៤១​អាសនៈ នាំ​ឲ្យ​បក្ស​នេះ​ឈ្នះ​សំឡេង​ភាគច្រើន​ដាច់​ណាត់​ទទួល​បាន ២១៨​អាសនៈ​នៃ​អាសនៈ​សរុប ៤៣៥​អាសនៈ។ ចំពោះ​ការ​បោះឆ្នោត​សភា​ពាក់កណ្ដាល​អាណត្តិ​របស់​លោក បៃដិន គឺ​មាន​ន័យ​ថា សន្លឹកឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ បើ​ទោះ​ជា​បាត់បង់ ក៏​បាត់បង់​ក្នុង​កម្រិត​តិច​ជាង​រដ្ឋការ​របស់​លោក ដូណាល់ ត្រាំ ដែរ។

យោង​តាម​លទ្ធផល​នេះ អ្នកវិភាគ​ភាគច្រើន​យល់​ថា បក្ស​សាធារណរដ្ឋ​អាច​ជា​អ្នក​គ្រប់គ្រង​សំឡេង​សភា​ជាន់​ទាប ចំណែក​នៅ​ក្នុង​ព្រឹទ្ធសភា​ស្ថិត​ក្នុង​ស្ថានភាព​ប្រទាញប្រទង់​បន្តិច តែ​រំពឹង​ថា​អាច​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​សំឡេង​ភាគច្រើន។

តែ​យ៉ាងណា បើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​មាន​ការ​ប្រែប្រួល ហើយ​បក្ស​សាធារណរដ្ឋ​មាន​លទ្ធភាព​ឈ្នះ​សំឡេង​ភាគច្រើន មាន​ន័យ​ថា​បក្ស​ជំទាស់​នៅ​សហរដ្ឋ​អាមេរិក​នេះ​នឹង​គ្រប់គ្រង​ទាំង​សភា​ជាន់​ទាប និង​សភា​ជាន់​ខ្ពស់ ដែល​នាំ​ឲ្យ​ផែនការ​មួយ​ចំនួន​របស់​រដ្ឋការ​លោក បៃដិន អាច​នឹង​ជាប់​គាំង​ដែរ។ លើស​ពី​នេះ អតីត​ប្រធានាធិបតី ដូណាល់ ត្រាំ អាច​នឹង​មាន​ឱកាស​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ទៀត​ផង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស