34 C
Phnom Penh

អ៊ីរ៉ង់​បញ្ជូន​សំណើ​បញ្ឈប់​ការ​ឡោមព័ទ្ធ​ច្រក​សមុទ្រ​ហ័រមូស និង​បញ្ចប់​សង្គ្រាម​ទៅ​កាន់​សហរដ្ឋ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ បាន​ផ្ដល់​សំណើ​ថ្មី​មួយ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដើម្បី​បើក​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ឡើងវិញ និង​បិទ​បញ្ចប់​សង្គ្រាម ទើប​អ៊ីរ៉ង់​យល់ព្រម​បើក​កិច្ចចរចា​នុយក្លេអ៊ែរ​នៅ​ពេល​ក្រោយ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាមេរិក Axios កាលពី​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មេសា បាន​ឱ្យ​ដឹង​ថា សំណើ​ថ្មី​របស់​អ៊ីរ៉ង់ ដូចនេះ ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​សហរដ្ឋ​អាមេរិក​តាមរយៈ​ប្រទេស​ប៉ាគីស្ថាន គឺ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​ដោះស្រាយ​វិបត្តិ​ច្រក​សមុទ្រ Hormuz និង​ការ​បិទ​ខ្ទប់​របស់​សហរដ្ឋ​អាមេរិក​ជា​មុន​សិន ទើប​អ៊ីរ៉ង់​ព្រម​ចរចា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ប៉ុន្តែ​ក្នុង​នោះ ទីក្រុង​តេហេរ៉ង់ បញ្ជាក់​ថា ការ​ចរចា​អំពី​ការ​បញ្ចប់​សង្គ្រាម ក៏​ត្រូវ​ធ្វើឡើង​ជាមួយ​គ្នា​នឹង​ករណី​បើក​ឡើងវិញ​ច្រក​សមុទ្រ​ដែរ។

តាម​ប្រភព​ព័ត៌មាន Axios សំណើ​ថ្មី​របស់​អ៊ីរ៉ង់ អំពី​បទ​ឈប់​បាញ់ នឹង​ត្រូវ​ពន្យារ​បន្ថែម​រយៈពេល​វែង ឬ​មួយ​ភាគី​ទាំង​ពីរ​ត្រូវ​យល់ព្រម​លើ​ការ​បិទ​បញ្ចប់​សង្គ្រាម​ជា​អចិន្ត្រៃយ៍។ ចំណែក​កិច្ចចរចា​នុយក្លេអ៊ែរ អាច​ធ្វើ​បាន​បន្ទាប់ពី​ច្រក​សមុទ្រ Hormuz ត្រូវ​បាន​បើក​ឡើងវិញ ហើយ​នាវាចម្បាំង​អាមេរិក​ក៏​បញ្ឈប់​ការ​ដាក់​ពង្រាយ​នៅ​តំបន់​សមុទ្រ​មជ្ឈិមបូព៌ា​ដែរ។

បើ​តាម​ប្រភព​ដដែល​នេះ សេតវិមាន​បាន​ទទួល​សំណើ​ថ្មី​របស់​អ៊ីរ៉ង់ ហើយ តែ​មិន​ច្បាស់​ថា​តើ​សហរដ្ឋ​អាមេរិក​ចាប់អារម្មណ៍​នឹង​ពិចារណា​លើ​សំណើ​នេះ​ឬ​ក៏​យ៉ាងណា​នោះ​ទេ។

យ៉ាងណា ការ​ចរចា​ស្វែងរក​សន្តិភាព​កំពុង​ជាប់​គាំង ដោយសារតែ​ការ​បិទ​ខ្ទប់​ច្រក​សមុទ្រ Hormuz និង​សំណុំរឿង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ បន្ទាប់ពី​ភាគី​សហរដ្ឋ​អាមេរិក​បាន​សម្រេច​លុបចោល​ការ​បញ្ជូន​ប្រតិភូ​ទៅ​ចរចា​នៅ​ប៉ាគីស្ថាន ព្រោះតែ​ភាគី​អ៊ីរ៉ង់ មិន​ព្រម​បើក​ចរចា​ផ្ទាល់​ជាមួយ​សហរដ្ឋ​អាមេរិក។

តែ​បើ​តាម​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ អ៊ីរ៉ង់​អាច​ទាក់ទង​ទៅ​កាន់​សហរដ្ឋ​អាមេរិក​បាន ប្រសិនបើ​ពួកគេ​ចង់​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​បណ្ដាញ​ទូរទស្សន៍ Fox News លោក ត្រាំ បាន​បង្ហាញ​ពី​ជំហរ​បើកចំហ​សម្រាប់​ការ​ចរចា ប្រសិនបើ​ទីក្រុង​តេហេរ៉ង់ មាន​ឆន្ទៈ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ដែល​កំពុង​កើតមាន។

ការ​លើកឡើង​របស់​លោក ត្រាំ បន្ទាប់ពី​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​ដើម្បី​ស្ដារ​ការ​ចរចា​សន្តិភាព​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​នេះ ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា ព្រោះ​ប្រតិភូ​អ៊ីរ៉ង់ មិន​ព្រម​រង់ចាំ​ចរចា​ជាមួយ​ភាគី​អាមេរិក ដោយ​ប្រមុខ​ការទូត​អ៊ីរ៉ង់ លោក Abbas Araghchi ដូចជា​ឆ្លេឆ្លា​បន្តិច​ធ្វើ​ទៅ​ជួប​មេដឹកនាំ​ប្រទេស​អូម៉ង់ ខណៈ​ប្រតិភូ​អាមេរិក​កំពុង​រៀបចំ​ចេញ​ទៅ​ប៉ាគីស្ថាន។ ក្រោយ​មក​ទៀត​មាន​ដំណឹង​ចុះផ្សាយ​ថា លោក Abbas Araghchi ត្រឡប់​ទៅ​ប៉ាគីស្ថាន វិញ ដែល​បាន​តែ​ប៉ុន្មាន លោក Abbas Araghchi ឡើង​យន្តហោះ​ទៅ​កាន់​ទីក្រុង​មូស្គូ។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Abbas Araghchi បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​រុស្ស៊ី ជា​ទី​ដែល​រូបលោក​នឹង​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​លោក វ្ល៉ាឌីមៀ ពូទីន អំពី​សង្គ្រាម​នៅ​អ៊ីរ៉ង់ ផ្ដើម​ដោយ​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល។

លោក Araghchi បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង St Petersburg នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែ​មេសា នេះ បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​កាលពី​ចុង​សប្តាហ៍​នៅ​ឯ​ប្រទេស​ប៉ាគីស្ថាន និង​អូម៉ង់ ដែល​ជា​ប្រទេស​ជួយ​សម្រុះសម្រួល​ការ​ចរចា​អ៊ីរ៉ង់-អាមេរិក។

ភ្លាមៗ​ពេល​ទៅ​ដល់​ទីក្រុង​មូស្គូ កំពូល​អ្នក​ការទូត​អ៊ីរ៉ង់ រូប​នេះ បាន​និយាយ​ថា លោក​ធ្វើ​ដំណើរ​មក​រុស្ស៊ី នា​ពេលនេះ គឺ​ក្រោម​គោលបំណង​បន្ត​កិច្ច​ពិគ្រោះ​យោបល់​រវាង​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​មូស្គូ ស្ដីពី​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ។

តាម​លោក Araghchi ជំនួប​របស់​លោក​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី គឺជា​ឱកាស​ល្អ​មួយ ដោយ​ផ្ដោត​ខ្លាំង​អំពី​ស្ថានការណ៍​ចុងក្រោយ​នៃ​សង្គ្រាម​អាមេរិក​នៅ​អ៊ីរ៉ង់។

ចំណែក​ប្រទេស​ប៉ាគីស្ថាន ដែល​ដើរតួ​ជា​អ្នក​សម្របសម្រួល បាន​អះអាង​ថា បេសកកម្ម​របស់​ខ្លួន​កំពុង​បង្រួញ​គម្លាត​នៃ​ការ​ខ្វែង​គំនិត​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ ទោះបីជា​កិច្ចចរចា​ដោយ​ផ្ទាល់​មិន​អាច​ធ្វើ​បាន​ក៏ដោយ។

ស្រប​ពេល​ដែល​ក្តី​សង្ឃឹម​សន្តិភាព​កំពុង​ជាប់​គាំង តម្លៃ​ប្រេង​ឆៅ​ពិភពលោក​បាន​ហក់​ឡើង​ប្រមាណ ២,៥​ភាគរយ ដល់ ១០៨​ដុល្លារ​ក្នុង​មួយ​ធុង​នា​ថ្ងៃ​ចន្ទ​នេះ។ ការ​បន្ត​ឡើង​តម្លៃ​ប្រេង​ឆៅ​ពិភពលោក ព្រោះតែ​ច្រក​សមុទ្រ Hormuz ដែល​ជា​ផ្លូវទឹក​ដ៏​សំខាន់​មួយ​នៅ​តំបន់​មជ្ឈិមបូព៌ា នៅតែ​បន្ត​រាំង​ខ្ទប់​ដោយ​នាវាចម្បាំង​សហរដ្ឋ​អាមេរិក។

យោង​តាម​ទីបញ្ជាការ​កណ្ដាល​សហរដ្ឋ​អាមេរិក កប៉ាល់​ដឹក​ប្រេង​ឆៅ​យ៉ាងតិច ៣៧​គ្រឿង ត្រូវ​រុញ​ឱ្យ​ត្រឡប់​ទៅ​កំពង់ផែ​នៅ​ឆ្នេរសមុទ្រ​អ៊ីរ៉ង់ វិញ ដែល​កប៉ាល់​ទាំងនោះ​ត្រូវ​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz ដើម្បី​ទៅ​ចែកចាយ​ប្រេង​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

អាស៊ី​ប៉ាស៊ីហ្វិក ជា​ប្រភព​បញ្ជា​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ និង​តំបន់​មជ្ឈិមបូព៌ា​ដល់​ទៅ ៨០​ភាគរយ ក្នុង​នោះ ចិន​ជា​ប្រទេស​នាំ​ប្រេង​ច្រើន​ធំ​ជាងគេ បន្ទាប់​មក​គឺ​ប្រទេស​ឥណ្ឌា។

តាម​ទីបញ្ជាការ​កណ្ដាល​សហរដ្ឋ​អាមេរិក អ៊ីរ៉ង់​បាត់បង់​ចំណូល​ពី​ការ​បញ្ជូន​ប្រេង​ទៅ​ក្រៅ​ប្រទេស​ក្នុង​មួយ​ថ្ងៃ​ពី ៤៣០​លាន​ដុល្លារ​ទៅ ៥០០​លាន​ដុល្លារ​អាមេរិក។

លោក ត្រាំ បញ្ជាក់​ថា ការ​ឡោមព័ទ្ធ​ច្រក​សមុទ្រ Hormuz កំពុង​មាន​ប្រសិទ្ធភាព​ខ្លាំង ព្រោះ​ធ្វើ​ឱ្យ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ជួប​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស