ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងទទួលបានផែនការថ្មីអំពីជម្រើសយោធាប្រឆាំងនឹងអ៊ីរ៉ង់ ពីមេបញ្ជាការនៃទីបញ្ជាការកណ្ដាលអាមេរិក ដែលទទួលបន្ទុកលើតំបន់មជ្ឈិមបូព៌ា ឬហៅកាត់ថា CENTCOM ឧត្ដមនាវី Brad Cooper។
ក្រុមមន្ត្រីអាមេរិក បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដល់បណ្ដាញផ្សាយព័ត៌មានអាមេរិក Axios បានឱ្យដឹងថា ការដាក់បង្ហាញផែនការថ្មីអំពីជម្រើសយោធាជូនលោក ត្រាំ នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦។
បើតាមសេចក្ដីរាយការណ៍របស់ Axios ទីបញ្ជាការអាមេរិក CENTCOM បានរៀបចំផែនការមួយសម្រាប់រលកនៃការវាយប្រហារតាមផ្លូវអាកាសមានរយៈពេលខ្លី តែមានឥទ្ធិពលប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងនោះរួមមានទាំងការកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពល ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ ដោយសង្ឃឹមថាទីក្រុងតេហេរ៉ង់ នឹងមានភាពបត់បែនជាងមុននៅឯតុចរចាស្ដីពីបញ្ហានុយក្លេអ៊ែរ។
សេចក្ដីរាយការណ៍របស់ Axios ក៏បានឱ្យដឹងដែរថា ជម្រើសផ្សេងទៀតរបស់យោធាអាមេរិកដែលដាក់បង្ហាញជូនលោក ត្រាំ ក្នុងនោះក៏ផ្ដោតលើការគ្រប់គ្រងផ្នែកមួយចំនួននៃច្រកសមុទ្រហ័រមូស (Hormuz) ដើម្បីបើកការធ្វើចរាចរណ៍របស់កប៉ាល់ដឹកប្រេងឡើងវិញ តែការធ្វើប្រតិបត្តិការរបៀបនេះនឹងត្រូវឱ្យមានការដាក់ពង្រាយកងទ័ពថ្មើរជើង។
លើសពីនេះទៅទៀត យោធាអាមេរិកក៏មានជម្រើសផ្សេងផងដែរ គឺការធ្វើប្រតិបត្តិការរយៈពេលខ្លីរបស់កុម្ម៉ង់ដូអាមេរិក ដើម្បីចូលទៅរឹបអូសយកអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់រួចនៅក្នុងប្រទេសអ៊ីរ៉ង់។
បើតាម Axios នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកនាយឧត្ដមសេនីយ៍ Dan Caine ក៏ត្រូវបានរំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ផងដែរ។
ក្នុងស្ថានភាពនៅច្រកសមុទ្រ Hormuz កំពុងប្រុងប្រៀបផ្ទុះសង្គ្រាម តម្លៃប្រេងបានហក់ឡើងយ៉ាងខ្លាំងនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា។
សន្ទស្សន៍ប្រេងឆៅប្រភេទ Brent បានកើនឡើងជិត ៥% ដល់តម្លៃជាង ១២៣ដុល្លារក្នុងមួយបារ៉ែល រីឯសន្ទស្សន៍ប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើងជាង ២% ដល់តម្លៃជិត ១១០ដុល្លារក្នុងមួយបារ៉ែល។ នេះជាតួលេខខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ៤ខែ។
បណ្ដាញផ្សាយព័ត៌មានអាមេរិក Axios បានរាយការណ៍ថា សហរដ្ឋអាមេរិកក៏អាចពន្យារពេលបិទផ្លូវទឹកអ៊ីរ៉ង់ ក្នុងរយៈពេលជាច្រើនខែទៀត។ នេះបើតាមនាយកប្រតិបត្តិក្រុមហ៊ុនប្រេងនៅក្នុងកិច្ចប្រជុំមួយជាមួយលោក ត្រាំ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកបានបដិសេធសំណើចុងក្រោយរបស់អ៊ីរ៉ង់ សុំបើកច្រកសមុទ្រ Hormuz ឡើងវិញ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៩ ខែមេសា នេះ បានជំរុញឱ្យប្រទេសអ៊ីរ៉ង់ ត្រូវប្រើភាពឆ្លាតវៃឱ្យបានឆាប់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ បន្ទាប់ពីការចរចាបានជួបភាពជាប់គាំងជាច្រើនថ្ងៃ។
ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងត្រៀមលក្ខណៈពន្យារវិធានការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ បន្ថែមទៀត ដើម្បីដាក់សម្ពាធឱ្យកាន់តែខ្លាំង។
បើតាមសារព័ត៌មាន The Wall Street Journal លោក ត្រាំ បានបង្គាប់ឱ្យក្រុមជំនួយការរៀបចំផែនការពន្យារការបិទខ្ទប់កំពង់ផែសមុទ្ររបស់អ៊ីរ៉ង់ ក្នុងគោលបំណងបង្ខំឱ្យទីក្រុងតេហេរ៉ង់ ចុះចាញ់។
ក្រុមមន្ត្រីបានបង្ហើបថា លោក ត្រាំ បានជ្រើសរើសយកមធ្យោបាយរឹតបន្តឹងសេដ្ឋកិច្ច និងការរាំងខ្ទប់ការនាំចេញប្រេងតាមរយៈការបិទខ្ទប់នេះ ជាជាងការបន្តទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់។
លោក ត្រាំ អះអាងថា ប្រទេសអ៊ីរ៉ង់ កំពុងស្ថិតក្នុងសភាពដួលរលំ ទើបទីក្រុងតេហេរ៉ង់ បានស្នើឱ្យទីក្រុងវ៉ាស៊ីនតោន បើកដំណើរការច្រកសមុទ្រ Hormuz ឡើងវិញឱ្យបានឆាប់។
តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social លោក ត្រាំ បានបញ្ជាក់ថា អ៊ីរ៉ង់បានផ្តល់ដំណឹងមកលោកថា ពួកគេកំពុងស្ថិតក្នុងស្ថានភាពដួលរលំ និងចង់ឱ្យអាមេរិកបើកច្រកសមុទ្រដ៏សំខាន់នេះឡើងវិញ ខណៈពួកគេកំពុងព្យាយាមដោះស្រាយបញ្ហានៅក្នុងជួរថ្នាក់ដឹកនាំរបស់ខ្លួន។
ការលើកឡើងនេះ ធ្វើឡើងចំពេលមានសេចក្តីរាយការណ៍ថា លោក ត្រាំ មិនពេញចិត្តនឹងសំណើរបស់អ៊ីរ៉ង់ ដែលទាមទារឱ្យអាមេរិក បញ្ចប់ការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ជាមុន រួចទើបចាប់ផ្តើមការចរចានុយក្លេអ៊ែរនៅពេលក្រោយ ដែលលោក ត្រាំ បានហៅជាសំណើមួយមានភាពស្មុគស្មាញមិនគួរទុកចិត្តឡើយ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

