25.9 C
Phnom Penh

ច្រក​សមុទ្រ​ហ័រមូស នៅតែ​មិន​ទាន់​មាន​សេរីភាព​ធ្វើ​នាវាចរណ៍​សម្រាប់​កប៉ាល់​ដឹក​ប្រេង​ពី​មជ្ឈិមបូព៌ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទិន្នន័យ​តាមដាន​ការ​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ​នៃ​ប្រទេស​អង់គ្លេស បាន​ឱ្យ​ដឹង​ថា កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់ ចំនួន ៦​គ្រឿង ត្រូវ​បាន​បង្ខំ​ឱ្យ​ត្រឡប់​ចូល​កំពង់ផែ​អ៊ីរ៉ង់ វិញ ដោយ​ការ​រុញច្រាន​ពី​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក។

ការ​ឡោមព័ទ្ធ​ច្រក​សមុទ្រ Hormuz ដោយ​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​នាវាចរណ៍​តាម​ច្រក​សមុទ្រ Hormuz ដែល​ជា​ផ្លូវ​នាំចេញ​ប្រេង​ដ៏​សំខាន់​ពី​មជ្ឈិមបូព៌ា​ទៅ​កាន់​ពិភពលោក។

យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នា​ថ្ងៃ​អង្គារ ទី​២៨ ខែ​មេសា ជា​ធម្មតា​ក្នុង​រយៈពេល​មួយ​ខែ កប៉ាល់​ចន្លោះ​ពី ១២៥​គ្រឿង​ទៅ ១៤០​គ្រឿង​បាន​ចេញ-ចូល​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz ប៉ុន្តែ​ក្រោយ​អាមេរិក-អ៊ីស្រាអែល ចាប់ផ្តើម​ធ្វើ​សង្គ្រាម​វាយប្រហារ​អ៊ីរ៉ង់ នា​ថ្ងៃទី​២៨ ខែ​កុម្ភៈ មាន​តែ​កប៉ាល់ ៧​គ្រឿង​ប៉ុណ្ណោះ​ដែល​បាន​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz ដោយ​សុវត្ថិភាព។

ផ្កាយរណប​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវទឹក TankerTrackers បាន​បង្ហាញ​ថា​កប៉ាល់​ដឹក​ប្រេង ៦​គ្រឿង​ត្រូវ​បាន​បង្ខំ​ឱ្យ​ត្រឡប់​ទៅ​កំពង់ផែ​អ៊ីរ៉ង់ វិញ​ក្នុង​រយៈពេល ៣​ថ្ងៃ​មក​នេះ ដែល​ដឹក​ប្រេង​ប្រមាណ​ជាង ១០​លាន​បារ៉ែល។

កងកម្លាំង​អាមេរិកាំង​ដែល​កំពុង​ស្ថិត​នៅ​តំបន់​ឈូងសមុទ្រ​អូម៉ង់ បាន​ប្រាប់​ឱ្យ​កប៉ាល់​ទាំងនោះ​ត្រូវ​បក​ក្រោយ​វិញ តែ​កប៉ាល់​ផ្សេង​ទៀត​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ដំណើរ​ទៅ​មុខ ព្រោះតែ​កប៉ាល់​ទាំងនោះ​មិន​ប្រើ​ទង់ជាតិ​អ៊ីរ៉ង់។ តែ​ភាគតិច​ដែល​កប៉ាល់​ទាំងនោះ​បាន​ឆ្លងកាត់​រួច​ច្រក​សមុទ្រ Hormuz។

ជាទូទៅ កងកម្លាំង​ទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​បញ្ចេញ​នាវាចម្បាំង​ទៅ​បញ្ជា​ឱ្យ​កប៉ាល់​ទាំងនោះ​បង្វែរ​ទិស​ទៅ​កំពង់ផែ​ពួកគេ​វិញ បើ​កប៉ាល់​ទាំងនោះ​មាន​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ឬ​ដោត​ទង់ជាតិ​អ៊ីរ៉ង់។ ពេល​ខ្លះ កង​នាវាចម្បាំង​អាមេរិក​តាម​រឹបអូស​កប៉ាល់​ទាំងនោះ រហូត​ដល់​ភាគ​ខាងកើត​នៃ​ច្រក​សមុទ្រ​ម៉ាឡាកា តំបន់​សមុទ្រ​អារ៉ាប់ មហាសមុទ្រ​ឥណ្ឌា ដែល​យ៉ាងតិច​កប៉ាល់​ដោត​ទង់ជាតិ​អ៊ីរ៉ង់ ចំនួន ៥​គ្រឿង​ត្រូវ​បាន​រឹបអូស។

សហរដ្ឋ​អាមេរិក បាន​ដាក់​ពង្រាយ​នាវាចម្បាំង​ឡោមព័ទ្ធ​ច្រក​សមុទ្រ Hormuz មាន​ការ​កើន​ឡើង​ជា​លំដាប់ ដែល​មក​ដល់​ថ្ងៃទី​២៨ មេសា នេះ មាន ១៦​គ្រឿង និង​នាវា​ផ្ទុក​យន្តហោះ​ចំនួន ៣​គ្រឿង បូក​នឹង​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង រួម​នឹង​យន្តហោះ​ចម្បាំង ១០០​គ្រឿង និង​មាន​កងទ័ព​សរុប ៣០០០០​នាក់។ គោលដៅ​ដែល​ត្រូវ​ដាក់​ពង្រាយ​នាវាចម្បាំង គឺ​នៅ​តំបន់​ឈូងសមុទ្រ​អូម៉ង់ សមុទ្រ​ក្រហម និង​ឈូងសមុទ្រ​ពែក្ស។

ក្នុង​ស្ថានភាព​ដ៏​តានតឹង​នេះ ត្រូវ​បាន​រាយការណ៍​ថា​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ អាច​មិន​ទទួលយក​សំណើ​បើក​ផ្លូវ​ចរចា​ពី​ភាគី​អ៊ីរ៉ង់ នោះ​ទេ។

មន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែ​មេសា ឆ្នាំ​២០២៦ ថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ មិន​ពេញចិត្ត​ចំពោះ​សំណើ​ថ្មី​មួយ​របស់​អ៊ីរ៉ង់ ក៏​ព្រោះតែ​សំណើ​នោះ​មិន​បាន​ដោះស្រាយ​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាមេរិក Axios កាលពី​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មេសា បាន​ឱ្យ​ដឹង​ថា សំណើ​ថ្មី​របស់​អ៊ីរ៉ង់ ដូចនេះ ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​សហរដ្ឋ​អាមេរិក​តាមរយៈ​ប្រទេស​ប៉ាគីស្ថាន គឺ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​ដោះស្រាយ​វិបត្តិ​ច្រក​សមុទ្រ Hormuz និង​ការ​បិទ​ខ្ទប់​របស់​សហរដ្ឋ​អាមេរិក​ជា​មុន​សិន ទើប​អ៊ីរ៉ង់ ព្រម​ចរចា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ប៉ុន្តែ​ក្នុង​នោះ ទីក្រុង​តេហេរ៉ង់ បញ្ជាក់​ថា ការ​ចរចា​អំពី​ការ​បញ្ចប់​សង្គ្រាម​ក៏​ត្រូវ​ធ្វើឡើង​ជាមួយ​គ្នា​នឹង​ករណី​បើក​ឡើងវិញ​ច្រក​សមុទ្រ​ដែរ។

តាម​ប្រភព​ព័ត៌មាន Axios សំណើ​ថ្មី​របស់​អ៊ីរ៉ង់ អំពី​បទ​ឈប់​បាញ់ នឹង​ត្រូវ​ពន្យារ​បន្ថែម​រយៈពេល​វែង ឬ​មួយ​ភាគី​ទាំង​ពីរ​ត្រូវ​យល់ព្រម​លើ​ការ​បិទ​បញ្ចប់​សង្គ្រាម​ជា​អចិន្ត្រៃយ៍។ ចំណែក​កិច្ចចរចា​នុយក្លេអ៊ែរ​អាច​ធ្វើ​បាន បន្ទាប់​ពី​ច្រក​សមុទ្រ Hormuz ត្រូវ​បាន​បើក​ឡើងវិញ ហើយ​នាវាចម្បាំង​អាមេរិក​ក៏​បញ្ឈប់​ការ​ដាក់​ពង្រាយ​នៅ​តំបន់​សមុទ្រ​មជ្ឈិមបូព៌ា​ដែរ។

តាម​មន្ត្រី​អាមេរិក លោក ត្រាំ បាន​ពិភាក្សា​លើ​សំណើ​ថ្មី​របស់​អ៊ីរ៉ង់ ជាមួយ​ក្រុម​មន្ត្រី​សន្តិសុខ​កំពូលៗ​របស់​លោក។ លោក ត្រាំ នៅតែ​បន្ត​ទាមទារ​ថា អ៊ីរ៉ង់​មិន​អាច​មាន​អាវុធ​នុយក្លេអ៊ែរ​ជាដាច់ខាត ទោះជា​កាលៈទេសៈ​ណាក៏ដោយ។

ចាប់តាំងពី​ផ្ទុះ​សង្គ្រាម នៅ​ថ្ងៃទី​២៨ កុម្ភៈ មក​នេះ របប​សាធារណរដ្ឋ​ឥស្លាមិក​អ៊ីរ៉ង់ ខាតបង់​ទ្រព្យសម្បត្តិ​ប្រមាណ​ជា ៣០០​ពាន់​លាន​ដុល្លារ ដោយសារ​អគារ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​រង​ការ​បំផ្លាញ​ដោយ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល។

យ៉ាងណាមិញ ព័ត៌មាន​ចេញ​ដោយ​សេតវិមាន ដោយ​អ្នកកាសែត​ស៊ើបអង្កេត និង​អ្នកវិភាគ​អាមេរិកាំង​មួយ​ចំនួន ដូចជា លោក David Rhode ជាដើម បង្ហាញ​ថា​មន្ត្រី​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិកាំង ហាក់ដូចជា​មិន​និយាយ​ការពិត​ទាំងស្រុង​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​ប្រធានាធិបតី ហើយ​មាន​ករណី​ខ្លះ​ផ្ទុយ​គ្នា​ផង។

លោក David Rhode ប្រាប់​ទូរទស្សន៍ MS NOW នៅ​ថ្ងៃទី​២៨ មេសា ថា សេចក្តី​ថ្លែង​អះអាង​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Pete Hegseth បាន​ធ្វើ​ឱ្យ​អនុប្រធានាធិបតី JD Vance មាន​ចម្ងល់​អំពី​បរិមាណ​អាវុធ​យុទ្ធភណ្ឌ​មីស៊ីល​ក្នុង​ឃ្លាំង ថា​តើ​មាន​គ្រប់គ្រាន់ ឬ​ស្រកស្រុត។ រីឯ​សេចក្តី​រាយការណ៍​ថា​រដ្ឋអំណាច​អ៊ីរ៉ង់ នឹង​រលំ​ឆាប់ៗ​នោះ ក៏ដូចជា​ប៉ាន់ប្រមាណ​មិន​ប្រាកដ​ដែរ ព្រោះ​ថា អ៊ីរ៉ង់​នៅតែ​មាន​សមត្ថភាព​រស់​រាន​ដល់​ម៉ោង​នេះ នៅតែ​ប្រកាន់​ជំហរ​រឹង​មិន​ព្រម​ចុះញ៉ម​សហរដ្ឋ​អាមេរិក​ដដែល ថ្វីបើ​ទីបញ្ជាការដ្ឋាន​កណ្ដាល​ប៉ង់តាហ្គោន អះអាង​ថា​ក្នុង​រយៈពេល​ដែល​ច្រក​សមុទ្រ Hormuz ធ្លាក់​ក្នុង​ការ​ឡោមព័ទ្ធ​ដោយ​កង​នាវាចម្បាំង​សហរដ្ឋ​អាមេរិក ក្រុង​តេហេរ៉ង់ ប្រឈមមុខ​នឹង​ការ​បាត់បង់​ចំណូល​ពី​ការ​បញ្ចេញ​ប្រេង និង​ឧស្ម័ន រួម​ទាំង​ផលិតផល​ឧស្សាហកម្ម​ផ្សេងៗ​ទៀត គឺ​មួយ​ថ្ងៃ​ពី ៤៣០​លាន​ដុល្លារ​ទៅ ៥០០​លាន​ដុល្លារ​អាមេរិក​យ៉ាងណាក្ដី៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស