26.6 C
Phnom Penh

លោក ដូណាល់ ត្រាំ ព្រមាន​ពី​រលក​នៃ​ការ​វាយប្រហារ​ថ្មី ប្រសិនបើ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​បរាជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងកម្លាំង​យោធា​អាមេរិក កំពុង​រៀបចំ​ផែនការ​បន្ទាន់​ដើម្បី​វាយប្រហារ​លើ​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​អ៊ីរ៉ង់ ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ប្រសិនបើ​ការ​ចរចា​ជា​ថ្មី​ម្ដង​ទៀត​បន្ត​ជួប​រឿង​បរាជ័យ។

មន្ត្រី​អាមេរិក​កំពុង​ផ្ដោត​លើ​ការ​រំដោះ​មីន​សមុទ្រ ការ​ទប់ស្កាត់​ទូក​វាយប្រហារ​ល្បឿន​លឿន និង​ការ​គំរាមកំហែង​តាម​ឆ្នេរសមុទ្រ ដើម្បី​ធានា​ថា​ផ្លូវ​ដឹកជញ្ជូន​ប្រេង​សំខាន់​នេះ​នៅតែ​បើកចំហ​សម្រាប់​ពាណិជ្ជកម្ម​ពិភពលោក។

ទោះបីជា​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​បដិសេធ​មិន​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​ផែនការ​នា​ពេល​អនាគត ដោយសារ​ហេតុផល​នៃ​ការ​ការពារ​សន្តិសុខ​ប្រតិបត្តិការ​ក៏ដោយ ក៏​ពួកគេ​បាន​បញ្ជាក់​ថា យោធា​អាមេរិក​នៅតែ​បន្ត​គោរព​ទៅ​តាម​ជម្រើស​របស់​ប្រធានាធិបតី ហើយ​ជម្រើស​ទាំងអស់​នៅតែ​ត្រូវ​បាន​រក្សាទុក​សម្រាប់​ការ​សម្រេច​ចិត្ត​ក្នុង​ស្ថានភាព​ដែល​អាច​កើតមាន។

ជាមួយ​គ្នា​នេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក៏បាន​លើកឡើង​ថា សកម្មភាព​បិទ​ផ្លូវ​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក កំពុង​ដាក់​អ៊ីរ៉ង់ ឱ្យ​ស្ថិត​នៅ​ក្រោម​សម្ពាធ​ពេលវេលា ដោយ​បញ្ជាក់​ថា ប្រសិនបើ​អ៊ីរ៉ង់ មិន​អាច​ធ្វើ​ឱ្យ​ប្រេង​របស់​ខ្លួន​ហូរ​ចេញ​បាន​ទេ ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​ទាំងមូល អាច​នឹង​ប្រឈមមុខ​នឹង​ការ​ខូចខាត​ធ្ងន់ធ្ងរ ព្រោះ​វា​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ផ្ទុក​ប្រេង​នោះ​ឡើយ ហើយ​បើ​ត្រូវ​បង្ខំ​ឱ្យ​មាន​ការ​បញ្ឈប់​ផលិតកម្ម​ប្រេង​នេះ។ វា​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ខាង​ក្នុង​ដែនដី​ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ក្នុង​ការ​ផលិត​ប្រេង​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​យ៉ាង​ខ្លាំង ដែល​មិន​អាច​ស្ដារ​ឡើងវិញ​បាន​ពេញលេញ​ទេ ទោះបី​អាច​ស្ដារ​ឡើងវិញ​បាន​ត្រឹម​ប្រហែល​ពាក់កណ្តាល​ប៉ុណ្ណោះ។

លោក ត្រាំ ក៏បាន​ព្រមាន​ថា អ៊ីរ៉ង់​មាន​ពេល​តិចតួច​ប៉ុណ្ណោះ​មុន​ពេល​បញ្ហា​ធ្ងន់ធ្ងរ​នេះ​កើតឡើង ហើយ​បាន​បញ្ជាក់​ថា ខ្លួន​មិន​ស្ថិត​ក្រោម​សម្ពាធ​ណា​មួយ​ឡើយ​ក្នុង​ស្ថានភាព​នេះ។

ប្រធានាធិបតី ត្រាំ ក៏បាន​លើកឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ មេសា ថា ពេលវេលា​របស់​អ៊ីរ៉ង់ កំពុងតែ​អស់​ទៅ​ហើយ។ លោក​ថា កិច្ចព្រមព្រៀង​ណា​មួយ​នឹង​ត្រូវ​បាន​អនុវត្ត លុះត្រាតែ​វា​បម្រើ​ផលប្រយោជន៍​របស់​អាមេរិក​តែប៉ុណ្ណោះ។

នៅ​ក្នុង​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម Truth Social លោក ត្រាំ បាន​ច្រានចោល​ការ​អះអាង​មួយ​ថា លោក​កំពុង​ប្រញាប់​បញ្ចប់​សង្គ្រាម តែ​លោក​និយាយ​ថា សហរដ្ឋ​អាមេរិក​មាន​ពេលវេលា​គ្រប់គ្រាន់ ប៉ុន្តែ​អ៊ីរ៉ង់ វិញ​មិន​មាន​ទេ ព្រោះ​ស្ថានភាព​កំពុង​រីក​រាលដាល​ទៅ​មុខ​យ៉ាង​លឿន​រហ័ស។

លោក ត្រាំ ក៏បាន​អះអាង​ថា សមត្ថភាព​យោធា​របស់​អ៊ីរ៉ង់ ត្រូវ​បាន​វាយ​បង្ក្រាប​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង ដែល​លោក​លើកឡើង​ថា កងទ័ព​ជើងទឹក​របស់​អ៊ីរ៉ង់ ត្រូវ​បាន​បំផ្លាញ កងទ័ព​អាកាស និង​ប្រព័ន្ធ​ការពារ​អាកាស​ត្រូវ​បាន​កម្ទេច ហើយ​ការ​បិទ​ផ្លូវទឹក​ដឹកជញ្ជូន​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក នៅតែ​មាន​ភាព​តឹងរ៉ឹង ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់ យ៉ាង​ខ្លាំង។

ជាមួយ​គ្នា​នេះ លោក ត្រាំ បាន​បញ្ជាក់​ថា ការ​ចរចា​នឹង​ត្រូវ​ដំណើរការ​យ៉ាង​តឹងរ៉ឹង​តាម​លក្ខខណ្ឌ​របស់​អាមេរិក ហើយ​កិច្ចព្រមព្រៀង​ណា​មួយ​នឹង​ត្រូវ​ធ្វើឡើង លុះត្រាតែ​វា​ល្អ​សម្រាប់​អាមេរិក សម្ព័ន្ធមិត្ត និង​ស្ថិរភាព​របស់​ពិភពលោក។

ក្រៅតែ​ពី​ការ​ព្រមាន​ពី​ហានិភ័យ​ធ្ងន់ធ្ងរ​នៃ​គ្រោះថ្នាក់​យោធា និង​សេដ្ឋកិច្ច​ដែល​អាច​កើតមាន​សម្រាប់​អ៊ីរ៉ង់ លោក ត្រាំ ក៏បាន​អះអាង​ថា ពេលនេះ​ស្ថានភាព​នយោបាយ​ផ្ទៃក្នុង​របស់​មេដឹកនាំ​អ៊ីរ៉ង់ កំពុង​រង​ការ​បាក់បែក​ផង​ដែរ។

ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា មេដឹកនាំ​នៃ​ប្រទេស​អ៊ីរ៉ង់ កំពុង​មាន​ជម្លោះ​ផ្ទៃក្នុង​យ៉ាង​ខ្លាំង ដោយ​លោក​បាន​ពិពណ៌នា​ថា ពួកគេ​កំពុង​ប្រយុទ្ធ​គ្នា​ដូច​ឆ្មា និង​ឆ្កែ ដើម្បី​កំណត់​ថា​នរណា​នឹង​កាន់​អំណាច ខណៈ​ដែល​លោក​អះអាង​ថា សកម្មភាព​របស់​សហរដ្ឋ​អាមេរិក​បាន​បង្កើត​ស្ថានភាព​រញ៉េរញ៉ៃ​បែប​នេះ​សម្រាប់​ពួកគេ។

លោក ត្រាំ ក៏បាន​បន្ថែម​ថា អ៊ីរ៉ង់​មាន​បំណង​ចង់​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​ថា ពួកគេ​មិន​ច្បាស់​ថា​នរណា​ជា​អ្នក​ដឹកនាំ​ពិតប្រាកដ​ក្នុង​ប្រទេស​នេះ​ទេ ដែល​ធ្វើ​ឱ្យ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ស្ថិត​ក្នុង​ភាព​ចលាចល ហើយ​ដោយ​ហេតុ​នេះ សហរដ្ឋ​អាមេរិក​គិត​ថា​នឹង​ផ្តល់​ពេលវេលា​បន្តិច​ដល់​អ៊ីរ៉ង់ ដើម្បី​ដោះស្រាយ​បញ្ហា​ខាង​ក្នុង​របស់​ខ្លួន មុន​ពេល​បន្ត​ដំណើរការ​ទៅ​រក​ដំណោះស្រាយ។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​អះអាង​របស់​លោក ត្រាំ អំពី​ភាព​បែកបាក់​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​នៃ​អ៊ីរ៉ង់ គេ​បាន​ដឹង​ថា គណនី​បណ្ដាញ​សង្គម X ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​របស់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ Mojtaba Khamenei បាន​បង្ហោះ​ដោយ​ព្រមាន​ថា សត្រូវ​កំពុង​ព្យាយាម​បំផ្លាញ​ឯកភាព​ជាតិ និង​សន្តិសុខ​របស់​ប្រទេស ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​កុំ​អនុញ្ញាត​ឱ្យ​គោលបំណង​អាក្រក់​នោះ​ទទួល​បាន​ជោគជ័យ​ដោយសារតែ​អ៊ីរ៉ង់​ធ្វេសប្រហែស ឬ​ការ​បាត់បង់​ការ​យកចិត្ត​ទុកដាក់​ក្នុង​ស្ថានភាព​ដែល​កំពុង​មាន​ភាព​តានតឹង។

ជាមួយ​គ្នា​នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​អះអាង​របស់​លោក ដូណាល់ ត្រាំ អំពី​ភាព​ច្របូកច្របល់​ក្នុង​ជួរ​ដឹកនាំ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ឥស្លាម ប្រធានាធិបតី​អ៊ីរ៉ង់ លោក Masoud Pezeshkian ក៏បាន​ប្រកាស​ថា មិន​មាន​ការ​បែងចែក ឬ​បែកបាក់​រវាង​ក្រុម “អ្នក​រឹងរូស” ឬ “អ្នក​កណ្តាល​និយម” នៅ​ក្នុង​នយោបាយ​ផ្ទៃក្នុង​អ៊ីរ៉ង់ ទេ ប៉ុន្តែ​ប្រជាជន​ទាំងអស់​ត្រូវ​បាន​ចាត់ទុក​ថា​ជា “ជនជាតិ​អ៊ីរ៉ង់” និង “អ្នក​បដិវត្តន៍” តែ​មួយ។

លោក Pezeshkian បាន​បន្ថែម​ថា ដោយ​ផ្អែកលើ​សាមគ្គីភាព​រឹងមាំ​រវាង​ប្រទេស និង​រដ្ឋ ព្រមទាំង​ការ​គោរព​យ៉ាង​ពេញលេញ​ចំពោះ​មេដឹកនាំ​កំពូល អ៊ីរ៉ង់​នឹង​អាច​ឆ្លើយតប​យ៉ាង​រឹងមាំ​ចំពោះ​សត្រូវ និង​ធ្វើ​ឱ្យ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រឆាំង​នឹង​ខ្លួន​ត្រូវ​សោកស្តាយ។

សារ​នេះ​ក៏​ត្រូវ​បាន​គាំទ្រ​ដោយ​មន្ត្រី​ជាន់ខ្ពស់​ផ្សេងៗ រួម​មាន​ប្រធាន​សភា​អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ប្រធាន​តុលាការ លោក Gholamhossein Mohseni Ejei និង​រដ្ឋមន្ត្រី​ការបរទេស​លោក Abbas Araghchi ដែល​បង្ហាញ​ពី​ការ​សម្របសម្រួល​ក្នុង​ស្ថាប័ន​រដ្ឋ ខណៈ​ដែល​អ៊ីរ៉ង់ អះអាង​ថា​ការ​បរាជ័យ​នៃ​ការ​វាយប្រហារ​ដោយ​អ៊ីស្រាអែល ដែល​មិន​បាន​បំផ្លាញ​ស្ថិរភាព​របស់​ខ្លួន​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​បាន​បង្ហាញ​ពី​សាមគ្គីភាព គោលបំណង និង​វិន័យ​របស់​រដ្ឋ ដែល​ភ្ជាប់​ទាំង​សមរភូមិ និង​ការទូត​ជា​រណសិរ្ស​តែ​មួយ​ក្នុង​សង្គ្រាម។

ទោះ​បែប​នេះ​ក្ដី គណៈប្រតិភូ​ជាន់ខ្ពស់​អ៊ីរ៉ង់ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការបរទេស លោក Abbas Araghchi ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ប៉ាគីស្ថាន នៅ​យប់​ថ្ងៃ​សុក្រ ទី​២៤ មេសា ដើម្បី​ត្រៀម​ចូលរួម​កិច្ចចរចា​សន្តិភាព​ជាមួយ​សហរដ្ឋ​អាមេរិក។

យោង​តាម​ប្រភព​ពី​រដ្ឋាភិបាល​ប៉ាគីស្ថាន កិច្ចចរចា​សន្តិភាព​ជុំ​ទី​ពីរ​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តេហេរ៉ង់ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់ផ្ដើម​ឡើង​បន្ទាប់ពី​មាន​កិច្ចពិភាក្សា​សំខាន់ៗ​ជាមួយ​ក្រុម​ការងារ​សម្របសម្រួល​របស់​ភាគី​ប៉ាគីស្ថាន។ ការ​សម្រេច​បញ្ជូន​ប្រតិភូ​របស់​អ៊ីរ៉ង់ នៅ​ពេលនេះ គឺជា​សញ្ញា​វិជ្ជមាន​ថ្មី​មួយ​សម្រាប់​កិច្ចប្រឹងប្រែង​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

ជាមួយ​គ្នា​នេះ ក្រុម​ការងារ​ផ្នែក​ភស្តុភារ និង​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក ក៏បាន​និង​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ រួច​ជា​ស្រេច​ហើយ ដើម្បី​ជួយ​សម្របសម្រួល​ដល់​ដំណើរការ​នៃ​កិច្ចចរចា​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់​បំផុត​សម្រាប់​ភាគី​ទាំង​សងខាង។

កាលពី​ថ្ងៃទី​២៣ មេសា លោក ត្រាំ ដាក់​ជំនឿ​ថា ការ​ចរចា​អាមេរិក-អ៊ីរ៉ង់ លើក​ទី​២ អាច​ចាប់ផ្ដើម​ចុង​សប្ដាហ៍​នេះ។ លោក ត្រាំ ជឿ​ទៀត​ថា ភាគី​អ៊ីរ៉ង់ នឹង​មិន​ធ្វើ​ឱ្យ​ភាគី​អាមេរិក ខកចិត្ត​ទៀត​នោះ​ទេ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស