លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រាប់ក្រុមអ្នកសារព័ត៌មាន New York Post កាលពីថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ ថា ការចរចាជុំទីពីររវាងអាមេរិក និងអ៊ីរ៉ង់ អាចនឹងធ្វើឡើងក្នុងពេល ៣ថ្ងៃទៀត។
បើតាមលោក ត្រាំ ប្រទេសប៉ាគីស្ថាន កំពុងតែសម្របសម្រួលឱ្យមានកិច្ចចរចាជុំទី២ ដែលរំពឹងថាអាចនឹងធ្វើឡើងក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងពេល ៣៦ ទៅ ៧២ម៉ោងខាងមុខ។
លោក ត្រាំ កាលពីថ្ងៃអង្គារ បានប្រកាសពីការពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដោយគ្មានការកំណត់កាលបរិច្ឆេទ។ ក្រោយពីលោក ត្រាំ ប្រកាសបន្តបទឈបបាញ់ គេសង្កេតឃើញប្រធានាធិបតីសហរដ្ឋអាមេរិក ចង់បានការចរចាជាថ្មីធ្វើឡើងឱ្យបានឆាប់បំផុត ខណៈនៅតែដាក់សម្ពាធយោធាលើអ៊ីរ៉ង់ ដូចជាការដាក់ពង្រាយនាវាចម្បាំងឡោមព័ទ្ធច្រកសមុទ្រហ័រមូស (Hormuz) ជាការបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចនៃរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។
យ៉ាងណា ទីក្រុងតេហេរ៉ង់ បានអះអាងថា ខ្លួនមិនអាចបញ្ជូនក្រុមអ្នកចរចាទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីចូលពិភាក្សាក្នុងជុំថ្មីបានទេ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តរាំងខ្ទប់ផ្លូវទឹកដឹកជញ្ជូន ក៏ដូចជាការរឹបអូសកប៉ាល់អ៊ីរ៉ង់ ជាដើម។
យោងតាមការចេញផ្សាយដោយសារព័ត៌មាន Iran international ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានថ្លែងថា ការរំលោភលើការប្ដេជ្ញាចិត្ត ការបិទផ្លូវ និងការគំរាមកំហែងពីទីក្រុងវ៉ាស៊ីនតោន គឺជាឧបសគ្គសំខាន់ដែលរារាំងការចរចាពិតប្រាកដជាមួយសហរដ្ឋអាមេរិក។
លោក Pezeshkian បានបញ្ជាក់ថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នៅតែស្វាគមន៍ការសន្ទនា និងកិច្ចព្រមព្រៀង ហើយបន្តរក្សាជំហរប្រឆាំងនឹងវិធានការយោធាពីសហរដ្ឋអាមេរិក ប៉ុន្តែបរិយាកាសបច្ចុប្បន្នមិនអំណោយផលសម្រាប់ការចរចាដោយស្មោះត្រង់ឡើយ។ លើសពីនេះ លោកក៏បានរិះគន់ថា មានភាពផ្ទុយគ្នារវាងការអះអាង និងសកម្មភាពយោធាពីភាគីអាមេរិក ដែលលោក Pezeshkian ថាពិភពលោកកំពុងមើលឃើញវោហារសាស្ត្រលាក់ពុតរបស់សេតវិមាន។
លោកប្រធានាធិបតីអ៊ីរ៉ង់ ទាមទារឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការឡោមព័ទ្ធច្រកសមុទ្រ Hormuz ដើម្បីបើកផ្លូវទៅរកតុចរចាឡើងវិញ។
ចំពោះការទាក់ទងនឹងការពន្យារពេលបទឈប់បាញ់ជាមួយអ៊ីរ៉ង់ សេតវិមានក៏បានចេញមុខអះអាងថា មិនទាន់មានការកំណត់ពីថ្ងៃផុតកំណត់នៃបទឈប់បាញ់នេះពិតប្រាកដឡើយ។
អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt បានបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំ មិនទាន់បានកំណត់ថ្ងៃផុតកំណត់ច្បាស់លាស់ឱ្យអ៊ីរ៉ង់ ដាក់សំណើសុំចរចាឡើងវិញជាមួយអាមេរិក ខណៈសេតវិមានកំពុងរង់ចាំការឆ្លើយតបពីភាគីអ៊ីរ៉ង់។
អ្នកស្រី Karoline Leavitt ពន្យល់ថា ទោះបីមានការរំពឹងអំពីកាលកំណត់ក៏ដោយ ការសម្រេចចិត្តចុងក្រោយអំពីពេលវេលា នឹងស្ថិតនៅក្នុងដៃប្រធានាធិបតីផ្ទាល់ ក្នុងនាមជាអគ្គមេបញ្ជាការកងទ័ព។
អ្នកសង្កេតការណ៍យល់ថា សាររបស់លោក ត្រាំ បង្ហាញថាទីក្រុងវ៉ាស៊ីនតោន នៅតែរក្សាភាពបត់បែនក្នុងយុទ្ធសាស្ត្ររបស់ខ្លួន ខណៈកំពុងវាយតម្លៃការឆ្លើយតបពីអ៊ីរ៉ង់ មុនពេលមានការកំណត់ជំហានបន្ទាប់។
ចំពេលដែលមានភាពមិនច្បាស់លាស់ពីការផុតកំណត់នៃសុពលភាពបទឈប់បាញ់ជាមួយអ៊ីរ៉ង់ អាមេរិកនៅពេលនេះបានដាក់លក្ខខណ្ឌឱ្យអ៊ីរ៉ង់ ត្រូវតែប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់របស់ខ្លួនមកឱ្យសហរដ្ឋអាមេរិក ដែលត្រូវបានចាត់ទុកថាជាផ្នែកមួយសម្រាប់ការចរចាបញ្ចប់សង្គ្រាម។
យោងតាមអង្គការប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានអះអាងថា ការអនុវត្តវិធានការបិទផ្លូវទឹកសមុទ្រដោយសហរដ្ឋអាមេរិក ដែលចាប់ផ្តើមពីថ្ងៃទី១៣ ខែមេសា កំពុងប៉ះពាល់ដល់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។
អង្គការនេះបញ្ជាក់ថា មានកប៉ាល់ ៣១គ្រឿងត្រូវបានបញ្ជាឲ្យបង្វែរទិសដៅ ឬត្រឡប់ទៅកំពង់ផែវិញ ដែលជាផ្នែកមួយនៃការអនុវត្តវិធានការផ្ដោតលើនាវាដឹកប្រេងឆៅរបស់ប្រទេសអ៊ីរ៉ង់។
តាមការវាយតម្លៃរបស់អង្គការនេះ វិធានការនេះ ជុំវិញបរិបទនេះគេមើលឃើញថាការដាក់សម្ពាធរបស់សហរដ្ឋអាមេរិកដោយការប្រើប្រាស់វិធីសាស្ត្រក្នុងការបិទច្រកសមុទ្រ Hormuz កំពុងមានឥទ្ធិពលខ្លាំងទៅលើសេដ្ឋកិច្ចរបស់ទីក្រុងតេហេរ៉ង់។
អតីតទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន Larry Kudlow បានថ្លែងថា សម្ពាធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ តាមរយៈអ្វីដែលលោកហៅថា “ការបិទផ្លូវនៃច្រកសមុទ្រ Hormuz” គឺជាឧបករណ៍ហិរញ្ញវត្ថុដ៏មានឥទ្ធិពលខ្លាំងមួយ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអ៊ីរ៉ង់។
លោកបានលើកឡើងក្នុងកម្មវិធីទូរទស្សន៍ Fox News ថា គោលនយោបាយសម្ពាធសេដ្ឋកិច្ចក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ត្រូវបានគេចាត់ទុកថាជាវិធីសាស្ត្រមានឥទ្ធិពលខ្លាំងបំផុតក្នុងការប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ីរ៉ង់។
លោក Kudlow បានអះអាងថា ស្ថានការណ៍តានតឹងនៅច្រកសមុទ្រ Hormuz អាចក្លាយជាឧបករណ៍សម្ពាធសេដ្ឋកិច្ចធំមួយ ហើយអាចបង្ខំឲ្យអ៊ីរ៉ង់ ប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរ ប្រសិនបើការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ ត្រូវបានរំខានខ្លាំង៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

