28 C
Phnom Penh

កូនស្រី​លោក កឹម សុខា៖ កម្ពុជា​ត្រូវតែ​បង្កើត​ភាព​ចម្រុះ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ផ្សេងៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនស្រី​ច្បង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា អះអាង​ថា កម្ពុជា​ត្រូវតែ​បង្កើត​ឱ្យ​មាន​ភាព​ចម្រុះ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផ្សេងៗ មិន​គួរ​ពឹង​លើ​តែ​ប្រទេស​ណា​តែ​មួយ​នោះ​ទេ ហើយ​ក៏​គ្មាន​ប្រទេស​ណា​ផ្តល់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា​ដូច​បណ្តា​ប្រទេស​លោក​ខាងលិច​នោះ​ឡើយ។

កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​កញ្ញា​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​ត្រូវតែ​បង្កើត​ឱ្យ​មាន​ភាព​ចម្រុះ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផ្សេងៗ ដែល​មិន​គួរ​ពឹង​តែ​ទៅ​លើ​ប្រទេស​ណា​តែ​មួយ​នោះ​ទេ ជាពិសេស​ការពិត​ជាក់ស្តែង គ្មាន​ប្រទេស​ណា​ផ្តល់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា​ដូច​បណ្តា​ប្រទេស​លោក​ខាងលិច​នោះ​ឡើយ។

កញ្ញា​អះអាង​ថា កម្ពុជា​មាន​ឱកាស​កសាង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​ឡើងវិញ ហើយ​កម្ពុជា​ក៏​គួរតែ​ចាប់​យក​ឱកាស​ថ្មី​នេះ​ដែរ ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប ក្នុង​គោលដៅ​វែងឆ្ងាយ​ក្រោយពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ត្រូវ​បាន​បញ្ចប់​នា​ពេល​ខាងមុខ​នេះ។

កូនស្រី​ច្បង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា មុខមាត់ និង​ភាព​លូតលាស់​របស់​កម្ពុជា​នា​ពេល​អនាគត អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ដឹកនាំ​ជំនាន់​នេះ​ទាំងស្រុង ថា​តើ​ពួកគេ​នឹង​បន្សល់​នូវ​កេរដំណែល​បែប​ណា​ដល់​អ្នក​ជំនាន់​ក្រោយ ស្រប​ពេល​ដែល​កម្ពុជា​ក៏​មាន​ឱកាស​ថ្មី​សម្រាប់​កសាង​ទំនាក់ទំនង​ជាមួយ​សហគមន៍​អឺរ៉ុប​នៅពេល​នេះ​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​តែង​ប្រកាស​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​តែ​មួយ​មុខ ក្នុង​នាម​ជា​មិត្ត​ដែកថែប​របស់​ខ្លួន ដោយ​ច្រាន​ចោល​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​ដូចជា​អឺរ៉ុប និង​អាមេរិក ជាដើម ដែល​តែង​ជំរុញ​ឱ្យ​កម្ពុជា​លើក​កម្ពស់​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​សិទ្ធិ​ការងារ​របស់​កម្មករ​រហូត​មក។

កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក លី ខឺឈាង (Li Keqiang) តាម​ប្រព័ន្ធ​វីដេអូ​ដែល​បាន​ឯកភាព​គ្នា​ដាក់​ឱ្យ​ចូល​ជាធរមាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន នៅ​ខែ​មករា ឆ្នាំ​២០២២ កន្លង​ទៅ ក្នុង​ផែនការ​បង្កើន​ទំហំ​ទឹកប្រាក់​ឱ្យ​បាន​ដល់ ១០​ពាន់​លាន​ដុល្លារ​ក្នុង ១​ឆ្នាំ។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក សុខ សុគន្ធ ធ្លាប់​បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ ប៉ុន្តែ​បញ្ហា​គឺ​ស្ថិត​នៅ​ត្រង់​ថា កម្ពុជា​មិន​មាន​ផលិតផល​សម្រាប់​នាំចេញ​ទៅ​ប្រទេស​ចិន​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ផល​ចំណេញ​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ នឹង​ទទួល​បាន​ផល​តិចតួច​សម្រាប់​កម្ពុជា ប៉ុន្តែ​ចិន​នឹង​ទទួល​បាន​ផល​ចំណេញ​ធំធេង​លើ​ការ​សហការ​នេះ។

លោក សុខ សុគន្ធ លើកឡើង​ថា សព្វថ្ងៃ​នេះ​កម្ពុជា​ពឹង​លើ​ផល​ចំណេញ​ពី​ពាណិជ្ជកម្ម​បី​ធំៗ គឺ៖

  • ទី​១ ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន (Asian China Free Trade Area) ដែល​ចិន​បាន​បន្ធូរបន្ថយ​ពន្ធ​លើ​មុខទំនិញ ៣០០​មុខ។
  • ទី​២ គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន (China-Cambodia Free Trade Agreement)។
  • ទី​៣ គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP។

ប៉ុន្តែ​ពាណិជ្ជកម្ម​ទាំង ៣ នេះ បើ​ធៀប​នឹង​ផល​ចំណេញ​ដែល​កម្ពុជា​ទទួល​បាន​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក គឺ​នៅ​មាន​ចំនួន​តិចតួច​បំផុត។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ផល​ចំណេញ​ដែល​កម្ពុជា​ទទួល​បាន​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​សរុប​ប្រមាណ​ជិត ២០​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ ដូច្នេះ​បើ​គិត​ពី​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​សហភាព​អឺរ៉ុប និង​អាមេរិក ដោយ​ប្រៀបធៀប​ជាមួយ​កម្ពុជា-ចិន កម្ពុជា​ពិត​ជា​ខាតបង់​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​កម្ពុជា​ព្យាយាម​ចាប់​យក​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ដូច​ដែល​កម្ពុជា​កំពុង​អនុវត្ត​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​ទៅ​អាមេរិក​នូវ​ទំនិញ​ដែល​មាន​តម្លៃ​ប្រមាណ​ជា ៥,៤​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៩ ដដែល​នោះ សហរដ្ឋ​អាមេរិក​វិញ​បាន​នាំ​ទំនិញ​ចូល​មក​កម្ពុជា​វិញ​ត្រឹមតែ​ជាង ៥០០​លាន​ដុល្លារ​ប៉ុណ្ណោះ។

ផ្ទុយទៅវិញ សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ចិន ដោយ​ផ្អែក​លើ​របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០២១ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​ចិន​មាន​ទឹកប្រាក់​ត្រឹមតែ ១​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​រយៈពេល ៨​ខែ​ដំបូង ប៉ុន្តែ​ក្នុង​រយៈពេល ៨​ខែ​ដូច​គ្នា ចិន​បាន​នាំចូល​ទំនិញ​មក​កម្ពុជា​វិញ​មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់​ទៅ​ជាង ៥៩០០​លាន​ដុល្លារ​អាមេរិក​ឯណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស