អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស CNRPO ព្រមានថា យុទ្ធសាស្ត្រនយោបាយបង្កជម្លោះឆ្លើយឆ្លងគ្នាទៅវិញទៅមករវាងលោក សម រង្ស៊ី និងលោក ហ៊ុន ម៉ាណែត គឺល្បែងបង្កើតឥទ្ធិពលនយោបាយឱ្យគ្នាទៅវិញទៅមក ប៉ុន្តែការឆ្លើយឆ្លងរបស់អ្នកទាំងពីរនេះគ្មានប្រយោជន៍សម្រាប់ជាតិនោះទេ។
លោក ប៉ុន សៅរី បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅមុននេះបន្តិចថា ការណ៍ដែលលោក សម រង្ស៊ី បន្តរិះគន់វាយប្រហារទៅលើលោក ហ៊ុន ម៉ាណែត កាន់តែខ្លាំង គឺជាមធ្យោបាយក្នុងការជួយឱ្យកូនប្រុសច្បងលោក ហ៊ុន សែន រូបនេះកាន់តែមានឥទ្ធិពល កាន់តែខ្លាំងឡើងៗនៅក្នុងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។
លោកអះអាងថា ការឆ្លើយឆ្លងពីលោក ហ៊ុន ម៉ាណែត ទៅកាន់លោក សម រង្ស៊ី វិញក៏ជាការជួយឱ្យអតីតមេដឹកនាំប្រឆាំងរូបនេះអាចនៅមានឥទ្ធិពលនយោបាយខ្លះៗរបស់គាត់ទៅថ្ងៃមុខបន្តទៀតដែរ ហើយល្បែងនយោបាយបែបនេះកំពុងតែបិទផ្លូវអ្នកប្រជាធិបតេយ្យជំនាន់ក្រោយនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិក្រៅប្រទេស CNRPO លោក ប៉ុន សៅរី បញ្ជាក់ថា ល្បែងនយោបាយរបស់លោក ហ៊ុន សែន ព្រមទាំងកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ជាមួយនឹងលោក សម រង្ស៊ី នៅពេលនេះនឹងជួយឱ្យលោក ហ៊ុន ម៉ាណែត អាចស្នងតំណែងបន្តត្រកូលរបស់គាត់ដោយរលូនផង និងអាចជួយឱ្យលោក ហ៊ុន ម៉ាណែត បន្តកាន់តំណែងដឹកនាំកម្ពុជាបានយ៉ាងរឹងមាំទៅថ្ងៃអនាគតផងដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី និងបេក្ខជននាយករដ្ឋមន្ត្រីបក្សកាន់អំណាចលោក ហ៊ុន ម៉ាណែត បានឈ្លោះឆ្លើយឆ្លងគ្នាទៅវិញទៅមក ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកព្រោងព្រាតនៅពេលនេះ។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានហៅកូនប្រុសច្បងបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ថាជាមនុស្សពាលដូចឪពុករបស់ខ្លួនដែរ ដែលហ៊ានយកជីវិតនយោបាយរបស់ខ្លួនមកភ្នាល់គ្នាជាមួយនឹងរូបលោក។
អតីតមេដឹកនាំប្រឆាំងរូបនេះលើកឡើងថា អ្នកនយោបាយដែលមានការទទួលខុសត្រូវ គេមិនដែលបបួលគ្នាភ្នាល់នោះទេ ប៉ុន្តែការដែលលោក ហ៊ុន ម៉ាណែត ចង់តែភ្នាល់បែបនេះ គ្រាន់តែបង្ហាញពីសារជាតិជាជនពាលដែលកើតចេញមកពីត្រកូលបាតផ្សារប៉ុណ្ណោះ។
ការលើកឡើងរបស់លោក សម រង្ស៊ី បែបនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បបួលលោក សម រង្ស៊ី ភ្នាល់គ្នាដាក់ជីវិតនយោបាយបន្ទាប់ពីលោក សម រង្ស៊ី បានចោទថា លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥លានដុល្លារទិញទឹកចិត្តពលរដ្ឋខ្មែរដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ដើម្បីអាចចុះចូលជាមួយបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន ម៉ាណែត លើកឡើងថា បើអ្វីដែលលោក សម រង្ស៊ី និយាយគឺជាការពិតមែននោះ លោកសុខចិត្តចុះចេញពីឆាកនយោបាយអស់មួយជីវិត ប៉ុន្តែបើមិនពិតវិញ លោក សម រង្ស៊ី ក៏ត្រូវដកខ្លួន និងឈប់ធ្វើនយោបាយមួយជីវិតដូចគ្នាដែរ។
ជុំវិញបញ្ហានេះ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៧ វិច្ឆិកា នេះថា មនុស្សអសមត្ថភាពតែងតែយកជម្លោះបុគ្គល និងគ្រួសារដើម្បីបង្ហាញពីភាពអស្ចារ្យរៀងៗខ្លួន ខណៈការភ្នាល់គ្នានេះវាជាចរិតរបស់អ្នកចូលចិត្តលេងល្បែងស៊ីសងប៉ុណ្ណោះ ហើយជំពូកមនុស្សបែបនេះមិនស័ក្តិសមធ្វើជាអ្នកនយោបាយជាតិ ឬអ្នកដឹកនាំសង្គមឡើយ។
លោក សេក សុជាតិ បញ្ជាក់ថា ជម្លោះអ្នកនយោបាយដែលរកផលប្រយោជន៍ឱ្យជាតិ គឺគេយកបញ្ហាជាតិ ដូចជាអយុត្តិធម៌សង្គម និងបញ្ហាប្រឈមនានាដែលកំពុងកើតមាន មកដាក់លើតុ បបួលដៃគូនយោបាយមកជជែកគ្នាដេញដោលរកដំណោះស្រាយជូនជាតិ និងពលរដ្ឋ មិនមែនយករឿងផ្ទាល់ខ្លួនមកឈ្លោះដើម្បីបង្ហាញថាខ្លួនអស្ចារ្យនោះទេ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា កម្ពុជាជាប្រទេសមួយដែលអភ័ព្វដោយសារតែមានអ្នកនយោបាយដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ជាជាងគិតពីប្រយោជន៍ជាតិជាធំ ហើយអ្នកនយោបាយជំពូកនេះនឹងបង្កបញ្ហាឱ្យប្រទេសជាតិមិនចេះចប់នោះឡើយ ឱ្យតែពួកគេនៅតែមានឥទ្ធិពលលើការជឿទុកចិត្តរបស់ពលរដ្ឋ៕