លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាជាមួយអតីតប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ និងមន្ត្រីម្នាក់ទៀត និយាយអំពីការងារកសិកម្ម ក្រោយពីស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកអមនឹងរូបភាពជាច្រើនសន្លឹកជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា និងបណ្ឌិត យ៉ង សាំងកុមារ ព្រមទាំងលោក ឡឹក សុធារ នៅថ្ងៃទី២៨ ខែវិច្ឆិកា នេះ។
លោក ហ៊ុន សែន ថាទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា និងបណ្ឌិត យ៉ង សាំងកុមារ ព្រមទាំងលោក ឡឹក សុធារ លើការងារកសិកម្មដែលលោកទាំងពីរនាក់ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងលិខិតដាច់ដោយឡែកពីគ្នាដែលមានឈ្មោះប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ និងអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ ដែលត្រូវបានផ្សព្វផ្សាយថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកទាំងពីរបានស្នើសុំលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សដែលកំពុងកាន់អំណាចជិត ៤០ឆ្នាំមកនេះ។
ការដាក់លិខិតសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានេះ ដោយលោក យ៉ង សាំងកុមារ សំអាងថា ក្នុងគោលបំណងបានបម្រើការងារជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ពិសេសស្រូវអង្ករ។
លោក យ៉ង សាំងកុមារ បានសរសេរលើទំព័ររបស់លោកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ថា គ្រួសារកសិករខ្មែរដែលភាគច្រើនបំផុតជាកសិករអ្នកធ្វើស្រែកំពុងជួបការលំបាកជាច្រើន ដែលបញ្ហានេះនាំមកនូវផលប៉ះពាល់អវិជ្ជមានដល់សង្គមជាតិទាំងមូល ដូច្នេះតម្រូវឲ្យមានការសហការគ្នាដើម្បីចូលរួមដោះស្រាយបញ្ហាកសិករតាមគោលការណ៍ ទុក្ខវេទនារបស់កសិករជាទុក្ខវេទនារបស់ជាតិទាំងមូល។
ក្រោយពីមានការសម្រេចចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក យ៉ង សាំងកុមារ អ្នកប្រើប្រាស់បណ្ដាញសង្គមបានសរសេរលើហ្វេសប៊ុកបែបចំអកថា បន្ទាប់ពីលោក យ៉ង សាំងកុមារ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយ តម្លៃស្រូវរបស់កសិករ និងផលិតផលផ្សេងៗមានទីផ្សារទៅចុះ។
ចំណែកប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក យ៉េង វីរៈ បានចេញសេចក្តីថ្លែងការណ៍ផ្ទាល់មាត់មួយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយលោក យ៉ង សាំងកុមារ ប្រកាសសុំចុះចូលគណបក្សប្រជាជនកម្ពុជានោះ។
លោក យ៉េង វីរៈ បានប្រាប់ឲ្យសមាជិកសមាជិកា រួមទាំងអ្នកគាំទ្រគណបក្សទាំងអស់រក្សាភាពស្ងៀមស្ងាត់លើបញ្ហាមន្ត្រីជាន់ខ្ពស់របស់ខ្លួនចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចនេះ ដោយបន្តតាមដានលើការវិវឌ្ឍបន្ថែមទៀត៕