31.4 C
Phnom Penh

ពលរដ្ឋ​ចិន​ខឹងសម្បា​នឹង​ប្រធានាធិបតី ស៊ី ជីនពីង រឿង​ផែនការ​គ្មាន​កូវីដ​រហូត​ទាមទារ​ឱ្យ​ចេញពី​តំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បាតុករ​ចិន កំពុង​ទាមទារ​ឱ្យ​លោក ស៊ី ជីនពីង ចុះ​ចេញពី​តំណែង និង​រំលាយ​បក្ស​កុម្មុយនីស្ត​ករណី​ប្រឆាំង​នឹង​វិធានការ​កូវីដ​សូន្យ​នៅ​ប្រទេស​ចិន ៥​ថ្ងៃ​មក​ហើយ ខណៈ​ពលរដ្ឋ​រាប់​ពាន់​នាក់ ទាំង​យុវជន និស្សិត កម្មករ អាជីវករ មេផ្ទះ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​រហូត​ទាមទារ​ឲ្យ​លោក ស៊ី ចុះ​ចេញពី​តំណែង និង​រំលាយ​បក្ស​កុម្មុយនីស្ត។

រូបភាព និង​វីដេអូ​ដែល​បាន​បញ្ចេញ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខាង​លោក​សេរី មាន​ដូចជា​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ជាដើម ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ទូទាំង​ពិភពលោក ដោយ​ឃើញ​ប្រជាជន​ចិន​ប្រមូលផ្ដុំ​គ្នា​ប្រឆាំង​នឹង​រដ្ឋអំណាច និង​របប​កុម្មុយនីស្ត ដែល​ព្យាយាម​បិទ​សិទ្ធិ​ប្រជាជន​ក្រោម​ហេតុផល​អនុវត្ត​គោល​នយោបាយ​កូវីដ​សូន្យ ឬ​មិន​ឲ្យ​មាន​កូវីដ​របស់​លោក ស៊ី ជីនពីង។

កាលពី​ថ្ងៃ​អាទិត្យ បាតុកម្ម​រៀបចំ​ធ្វើ​នៅ​ទីក្រុង​សៀងហៃ នៅ​ក្រុង​ប៉េកាំង និង​នៅ​តាម​សាកលវិទ្យាល័យ​នានា​នៅ​ក្រុង​ជាច្រើន​នៅ​ទូទាំង​ប្រទេស។

តាម​ដំណឹង​ពី BBC បាតុកម្ម​បាន​អូស​ពេល ៥​ថ្ងៃ​ហើយ គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី​២៨ វិច្ឆិកា ដែល​ការ​តវ៉ា​នៅ​បន្ត ហើយ​កាន់តែ​រីក​រាលដាល​ដល់​ទីក្រុង​ជាច្រើន​ទៀត។

យោង​តាម​ប្រភព​ដដែល​នេះ មូលហេតុ​ដែល​នាំ​ឲ្យ​ប្រជាជន​ចិន​ងើប​ឡើង​ប្រឆាំង​រដ្ឋអំណាច​របស់​ខ្លួន គឺ​ដោយសារតែ​មនុស្ស​ស្លាប់ ១០​នាក់​ដោយ​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​របស់​ពួកគាត់។ អគ្គិភ័យ​នេះ​បាន​ឆេះ​លំនៅឋាន​មួយ​កន្លែង​ក្នុង​តំបន់​ស៊ីនជាំង គឺ​នៅ​ក្រុង Urumqi តំបន់​ដែល​ជនជាតិ​អ៊ុយហ្គឺរ​រស់នៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​នេះ។

ករណី​ស្លាប់​មនុស្ស​ដែល​ក្រុម​អគ្គិភ័យ​មិន​អាច​ចូល​បាញ់​ទឹក​ពន្លត់​ទាន់​ហេតុការណ៍​នេះ គឺ​ដោយសារ​តំបន់​នោះ​បិទ​ខ្ទប់​ក្នុង​ការ​ចាត់​វិធានការ​កូវីដ បណ្ដាល​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ពុំ​អាច​ចូល​ទៅ​ដល់។

ក្រុម​បាតុករ​បាន​រិះគន់​វិធានការ​កូវីដ​សូន្យ​របស់​រដ្ឋាភិបាល​លោក ស៊ី ជីនពីង ដែល​ដាក់​ចំណាត់ការ​តឹងតែង​ពេក និង​បង្ខំ​ឲ្យ​មនុស្ស​នៅ​ក្នុង​ផ្ទះ​រហូត​អាជ្ញាធរ​ចាក់​សោ​របង និង​លំនៅឋាន​ពលរដ្ឋ​ទៀត​ផង។

រថយន្ត​នៃ​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​បើក​ចូល​ទៅ​កន្លែង​កើតហេតុ តែ​មិន​ទាន់​សភាពការណ៍ ហើយ​ម្យ៉ាង​ទៀត​នៅ​ម្តុំ​កន្លែង​ភ្លើង​ឆេះ គឺ​មាន​រថយន្ត​ចត​ច្រើន​ពេក​ដែល​ជា​រថយន្ត​របស់​ម្ចាស់​ផ្ទះ និង​កន្លែង​ធ្វើ​ចត្តាឡីស័ក បណ្ដាល​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ពុំ​អាច​រុល​ចូល​ទាន់​សភាពការណ៍។

បាតុករ​បាន​ហៅ​វិធានការ​នេះ​ថា​ជា​ការ​ធ្វេសប្រហែស​ក្នុង​ការ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​គ្រោះថ្នាក់​ក្នុង​ករណី​អគ្គិភ័យ ហើយ​ទម្លាក់​កំហុស​លើ​យុទ្ធនាការ​កូវីដ​សូន្យ​របស់​លោក ស៊ី។ មរណភាព​របស់​មនុស្ស ១០​នាក់​នេះ បាន​រុញ​កំហឹង​ចិត្ត​របស់​ប្រជាជន​ចិន​ផ្ទុះឡើង។ ពលរដ្ឋ​ចិន​បាន​សម្ដែង​ក្តី​សោកស្តាយ​ជា​ខ្លាំង។ ពួកគេ​បញ្ចេញ​កំហឹង​នៅ​ក្នុង​បណ្ដាញ​សង្គម ហើយ​ក៏​សម្រេច​ចេញពី​ផ្ទះ​មក​ប្រមូលផ្ដុំ​តាម​ផ្លូវ និង​ទី​សាធារណៈ តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​គោល​នយោបាយ​កូវីដ​សូន្យ។

តាម​ការ​ផ្ដល់​រូបភាព​ពី BBC ពលរដ្ឋ​ចិន​នៅ​ក្នុង​តំបន់​នោះ​បាន​យក​ផ្កា និង​អុជ​ទៀន​ទៅ​ដាក់​នៅ​កន្លែង​អគ្គិភ័យ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ និង​រំលែកទុក្ខ​សោក​ជាមួយ​គ្រួសារ​សព។

នៅ​ពេល​រូបភាព​បង្ហោះ​ពេញ​បណ្ដាញ​សង្គម​អំពី​ប្រជាជន​ចេញពី​ផ្ទះ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល គេ​សង្កេត​ឃើញ​ការ​ផ្ទុះ​ការ​តវ៉ា​នៅ​តាម​ខេត្ត​ផ្សេងៗ​ជាច្រើន។ បាតុកម្ម​ធ្វើឡើង​នៅ​តំបន់​ស៊ីនជាំង ទីបេ ណាន់នីង វូហាន់ គាន់តុង សៀងហៃ និង​ប៉េកាំង។

នៅ​ក្រុង​ប៉េកាំង និង​នៅ​សៀងហៃ ក្រុម​និស្សិត​នៅ​សាកលវិទ្យាល័យ​បាន​ចេញ​ធ្វើការ​តវ៉ា​ទ្រង់ទ្រាយ​ធំ។ ក្រុម​និស្សិត បាតុករ​បាន​ច្រៀង​ចម្រៀង​ជាតិ​ចិន ដែល​មាន​សេចក្ដី​ថា យើង​ត្រូវតែ​ងើប​ឡើង គឺ​មិន​ត្រូវ​ធ្វើ​ជា​ទាសករ​នៃ​របប​ផ្ដាច់ការ​ទេ។

អ្នក​តវ៉ា​រាប់​ពាន់​បាន​ស្រែក​ថា ឈប់​ធ្វើ​តេស្ដ​កូវីដ​ទៅ ឈប់​ធ្វើ​ចត្តាឡីស័ក​ទៅ បញ្ឈប់​ទៅ​យុទ្ធនាការ​កូវីដ​សូន្យ គឺ​វា​គ្មាន​សារសំខាន់​អ្វី​ទៀត​ទេ។ ពិភពលោក​គេ​លែង​បារម្ភ​ហើយ​ករណី​កូវីដ​នេះ។ បាតុករ​បាន​ស្រែក​ទាមទារ​សេរីភាព។ មិន​តែប៉ុណ្ណោះ បាតុករ​ខ្លះ​ក៏​ស្រែក​ខ្លាំងៗ​ទាមទារ​ឲ្យ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ចុះ​ចេញពី​តំណែង ហើយ​ថា​ត្រូវ​រំលាយ​បក្ស​កុម្មុយនីស្ត​ចោល​ទៅ។

អ្នក​ចូលរួម​បាតុកម្ម​ភាគច្រើន​ជា​យុវជន និង​និស្សិត​បញ្ញវន្ត គឺ​ដូច​គ្នា​នឹង​ចលនា​និស្សិត​នៅ​ទីលាន​ធានអានម៉ិន កាល​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​១៩៨៩។ ព្រឹត្តិការណ៍​ពេល​នោះ គឺ​យុវជន​បាតុករ​ទាមទារ​ឲ្យ​មាន​ការ​កែទម្រង់​ប្រព័ន្ធ​ដឹកនាំ​នៃ​របប​បក្ស​កុម្មុយនីស្ត តែ​ត្រូវ​បាន​ប៉ូលិស និង​កងទ័ព​បក្ស​កុម្មុយនីស្ត​ចិន បាញ់​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​ដោយ​ការ​បើក​រថក្រោះ​បុក​កិន​បាតុករ​ទៀត​ផង។

បាតុករ​ស្លាប់​យ៉ាង​រង្គាល​ជិត​មួយ​ម៉ឺន​នាក់។ ពិភពលោក ជាពិសេស​ពួក​លោក​សេរី​ថ្កោលទោស​របប​ផ្ដាច់ការ​ចិន​យ៉ាង​ខ្លាំង។ ចំពោះ​ការ​តវ៉ា​លើក​នេះ ដែល​ចិន​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ស៊ី ជីនពីង ថា​តើ​អាច​មាន​ការ​បង្ក្រាប​ដែរ​ឬ​ទេ។ ប៉ុន្តែ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាតុករ​ជាច្រើន​រយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​ពួក​ប៉ូលិស​លើក​បាតុករ​បោះ​ចូល​រថយន្ត ហើយ​ដឹក​យក​ទៅ​បាត់។

ចិន​ជា​ប្រភព​ផ្ទុះ​កូវីដ​មុនគេ​នៅ​ចុងឆ្នាំ​២០១៩ ដែល​ត្រូវ​បាន​អ្នកជំនាញ​សង្ស័យ​ថា​វា​ផ្ទុះ​ចេញពី​មន្ទីរ​ពិសោធន៍​នៅ​ក្រុង​វូហាន់ ហើយ​ប្រទេស​នេះ​ក៏​ជា​អ្នក​ផលិត​វ៉ាក់សាំង​កូវីដ​បាន​មុនគេ​ដែរ តែ​វ៉ាក់សាំង​ចិន​ពុំ​មាន​ប្រសិទ្ធភាព​ច្រើន​ទេ បើ​ប្រៀបធៀប​នឹង​វ៉ាក់សាំង​ពី​សហរដ្ឋ​អាមេរិក និង​អង់គ្លេស។

រដ្ឋអំណាច​ក្រុង​ប៉េកាំង មិន​អនុញ្ញាត​ឲ្យ​នាំចូល​ថ្នាំ​ចាក់​បង្ការ ឬ​វ៉ាក់សាំង​ពី​សហរដ្ឋ​អាមេរិក ដូចជា Pfizer Moderna ឬ Johnson & Johnson ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស