38 C
Phnom Penh

សកម្មជន​បក្ស​ប្រឆាំង​ថា​ផែនការ​បណ្ឌិត យ៉ង សាំងកុមារ ជួយ​កសិកម្ម​កម្ពុជា​ជា​រឿង​យល់សប្តិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ផែនការ​របស់​បណ្ឌិត យ៉ង សាំងកុមារ ចង់​កែប្រែ​តម្លៃ​ស្រូវ និង​តម្លៃ​សត្វ​ចិញ្ចឹម​ក្នុង​ស្រុក គឺជា​ផែនការ​ដែល​ប្រៀប​បាន​នឹង​ដេក​យល់សប្តិ​ចែវ​ទូក​ក្នុង​ពាងទឹក។

លោក ហ៊ុន កុសល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​កាល​ពី​ថ្ងៃ​ចន្ទ ទី​២៨ វិច្ឆិកា ថា គំនិត​ទាំង ១២​ខ របស់​គាត់​ជា​ផែនការ​ល្អ​ចំពោះ​យុទ្ធសាស្ត្រ​ជួយ​លើកស្ទួយ​វិស័យ​កសិកម្ម​ខ្មែរ ប៉ុន្តែ​នឹង​មិន​មាន​កិច្ច​សហការ​ពី​ក្រសួង​ពាក់ព័ន្ធ​ទេ ព្រោះ​រឿង​ដែល​ល្អ​ចំពោះ​ពលរដ្ឋ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​មន្ត្រី​រដ្ឋាភិបាល​ជាមិនខាន។ ដូច្នេះ ពួកគេ​នឹង​មិន​យក​ទៅ​អនុវត្ត​ដាច់ខាត ព្រោះ​នេះ​គឺជា​ទម្លាប់​របស់​មន្ត្រី​ទាំងនោះ​ជាង ៤០​ឆ្នាំ​មក​ហើយ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​លើកឡើង​ថា ពិតមែន​តែ​បណ្ឌិត យ៉ង សាំងកុមារ ជា​អ្នកជំនាញ​ខាង​កសិកម្ម ប៉ុន្តែ​បក្ស​កាន់​អំណាច​នឹង​ទុក​គាត់​ឱ្យ​ធ្វើ​តាម​តែ​បញ្ជា​គេ​ប៉ុណ្ណោះ ហើយ​គាត់​នឹង​មិន​អាច​ធ្វើ​តាម​ផែនការ​របស់​គាត់​បាន​ទេ។ លោក ហ៊ុន កុសល បញ្ជាក់​ថា គាត់​មាន​មនសិការ​ល្អ ប៉ុន្តែ​គាត់​បាន​យក​មនសិការ​នេះ​ទៅ​ប្រើ​ជាមួយ​រដ្ឋាភិបាល​ដែល​គ្មាន​ឆន្ទៈ។

កាលពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ដាក់​លិខិត​មួយ​ច្បាប់​រួម​ជាមួយ​សហការី​របស់​លោក គឺ​លោក ឡឹក សុធា បាន​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​គោល​បំណង​ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ជាង​ពេល​បច្ចុប្បន្ន។

ក្រោយ​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច​បាន​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ បណ្ឌិត យ៉ង សាំងកុមារ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខណៈ​លោក ឡឹក សុធា អតីត​អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​ប្រតិបត្តិ​រាជធានី​ភ្នំពេញ និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ខាត់ សុធី ក៏​បាន​ដាក់​លិខិត​លាលែង​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ និង​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ក្រោម​ហេតុផល​ថា ដើម្បី​ចូលរួម​បម្រើ​ជាតិ​មាតុភូមិ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៩ វិច្ឆិកា នេះ​ថា មធ្យោបាយ​រួបរួម​តែ​មួយ​គត់​ពី​ក្រុម​អ្នក​មាន​និន្នាការ​ប្រជាធិបតេយ្យ ទើប​អាច​ជួយ​សង្គ្រោះ​ប្រទេស​កម្ពុជា​បាន ចំណែកឯ​វិធី​ចូលរួម​បម្រើ​បក្ស​កាន់​អំណាច​ដើម្បី​លើកស្ទួយ​ជីវភាព​ពលរដ្ឋ គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ហើយ​វិធី​នេះ​មិន​អាច​ជួយ​អ្វី​ដល់​ពលរដ្ឋ​បាន​ទេ ប៉ុន្តែ​ជា​វិធី​ជួយ​បក្ស​កាន់​អំណាច​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស