28 C
Phnom Penh

អត្ថាធិប្បាយ៖ យុវជន​ចិន​បង្ហាញ​ឆន្ទៈ​ចង់​បាន​សេរីភាព​ដោយ​មិន​ចង់​រស់​ក្នុង​របប​កុម្មុយនីស្ត​ផ្ដាច់ការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទោះបី​អាជ្ញាធរ​នៅ​តំបន់​ផ្សេងៗ​ចាប់​បាតុករ និង​ចាប់​ពង្រត់​មនុស្ស​រាប់​រយ​នាក់​បាន​ដោយ​ជោគជ័យ​ក្នុង​ការ​បង្ក្រាប​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​នៃ​បក្ស​កុម្មុយនីស្ត​ចិន តែ​សារព័ត៌មាន​មួយ​នៃ​ប្រទេស​ជប៉ុន Asia Times បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ដាក់​ចំណងជើង​ថា យុវជន​ចិន​បាន​បង្ហាញ​ឆន្ទៈ​របស់​ពួកគេ គឺ​មិន​ចង់​រស់នៅ​ក្រោម​របប​កុម្មុយនីស្ត​ផ្ដាច់ការ​នោះ​ទេ។

ដូច្នេះ​ការ​ងើប​ឡើង​ប្រឆាំង​នឹង​វិធានការ​កូវីដ-១៩ ដែល​ទម្លាក់​ដោយ​បក្ស​កុម្មុយនីស្ត​ចិន និង​លោក ស៊ី ជីនពីង វា​ពិត​ណាស់​ជា​ឧបករណ៍​មួយ​ដែល​នាំ​ឲ្យ​យុវជន​ចិន​ផ្ទុះ​បាតុកម្ម​រយៈពេល ៥​ថ្ងៃ​មក​នេះ។ អំឡុង​នៃ​បាតុកម្ម​ប្រាំ​ថ្ងៃ​មក​នេះ យុវជន​ចិន​បាន​ផ្ញើ​សារ​យ៉ាង​សម្បើម​ទៅ​ឲ្យ​បក្ស​កុម្មុយនីស្ត​ចិន ហើយ​សារ​របស់​ពួកគេ​បាន​ទាមទារ​ដោះដូរ​របប​ដឹកនាំ គឺ​រំលាយ​បក្ស​កុម្មុយនីស្ត​ចិន ហើយ​ទាមទារ​ឱ្យ​លោក ស៊ី ជីនពីង ចុះ​ចេញពី​តំណែង​ទៀត​ផង។

យុវជន​ភាគច្រើន​បាន​ចេញ​ដើរ​តាម​ដងផ្លូវ និង​ខ្លះ​ទៀត​ប្រមូលផ្ដុំ​គ្នា​នៅ​ទី​សាធារណៈ ខ្លះ​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ មាន​នៅ​ទីក្រុង​ជាច្រើន​នៅ​ប្រទេស​ចិន ហើយ​ជាពិសេស​គឺ​នៅ​ទីក្រុង​ប៉េកាំង ក្រុង​សៀងហៃ នៅ​តំបន់​ស៊ីនជាំង ដែល​ជា​តំបន់​ផ្ទុះ​បាតុកម្ម​ដំបូង​គេ​នៅ​ទីនោះ។

ដើមចម​ដែល​នាំ​ឱ្យ​យុវជន​ចិន ប្រជាជន​ចិន​ដើរ​ចេញពី​ផ្ទះ​ដោយ​បំពាន​ច្បាប់​កូវីដ-១៩ ដោយសារតែ​អគ្គិភ័យ​បាន​លេប​ត្របាក់​លំនៅឋាន​របស់​ប្រជាជន​មួយ​កន្លែង​នៅ​ទីក្រុង​អូរ៉ាប់គី នៃ​ខេត្ត​ស៊ីនជាំង បណ្ដាល​ឱ្យ​ប្រជាជន​ក្នុង​លំនៅឋាន​នោះ​យ៉ាងតិច​ណាស់ ១០​នាក់​បាន​ស្លាប់​ដោយសារតែ​ពួកគេ​មិន​អាច​រត់​ចេញពី​ផ្ទះ​បាន ខណៈ​ភ្លើង​កំពុង​ឆាបឆេះ ហើយ​សោ​របង និង​សោ​ទ្វារ​ផ្ទះ​របស់​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ចាក់​សោ​ជាប់។

ម្យ៉ាង​ទៀត រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​មិន​អាច​មក​ទាន់​សភាពការណ៍ ព្រោះតែ​ការ​ចត​រថយន្ត​នៅ​តាម​ចិញ្ចើម​ថ្នល់ ខណៈ​ដែល​ម្ចាស់​រថយន្ត​ជាប់​ចត្តាឡីស័ក្ត។ ប្រជាជន​នៅ​ក្រុង​សៀងហៃ នៅ​តំបន់​មួយ​ចំនួន​នៃ​ខេត្ត​ស៊ីនជាំង និង​តំបន់​ជាច្រើន​ទៀត​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឱ្យ​នៅ​ក្នុង​ផ្ទះ ដោយសារតែ​តំបន់​នោះ​ផ្ទុះ​ជំងឺ​កូវីដ-១៩។

គោល​នយោបាយ​ដែល​លោក ស៊ី ជីនពីង ដាក់​ចុះ គឺ​គោល​នយោបាយ​សូន្យ​កូវីដ ហើយ​ដែល​គោល​នយោបាយ​នេះ​ហើយ​ដែល​អាជ្ញាធរ​មូលដ្ឋាន​យក​ទៅ​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅ​លើ​ប្រជាជន​របស់​ពួកគេ គឺ​តំបន់​ទាំងមូល​បិទ​ស្ងាត់ឈឹង​មិន​ឱ្យ​មាន​ការ​ចាកចេញ​សូម្បី​ទៅ​កាន់​ទីផ្សារ ទៅ​កាន់​មន្ទីរពេទ្យ​ក៏​មិន​ឲ្យ​ចាកចេញ​ផង​ដែរ គឺ​ឲ្យ​រស់​ក្នុង​ស្ថានភាព​ចត្តាឡីស័ក្ត ដែល​ទីបំផុត​វា​ប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​សេរីភាព​របស់​ប្រជាជន។ នៅ​ពេល​ដែល​ទទួល​ដំណឹង​ថា​មនុស្ស​ស្លាប់ ១០​នាក់​ដោយសារ​អគ្គិភ័យ និង​ដោយសារ​ចេញពី​ផ្ទះ​ពុំ​បាន​ព្រោះតែ​អាជ្ញាធរ​ចាក់​សោ​ជាប់​នោះ គឺ​ដំណឹង​បាន​សាយភាយ​លើ​បណ្ដាញ​សង្គម​នៅ​ក្នុង​ប្រទេស​ចិន ដោយ​រុញ​ឲ្យ​យុវជន​ចិន​ប្រជាជន​ចិន​ទាំង​ចាស់​ទាំង​ក្មេង​អាណិត​អាសូរ​ដល់​ជនរងគ្រោះ។

ដើមឡើយ ពួកគេ​ដាក់​ត្រឹម​កម្រងផ្កា និង​អុជ​ទៀន​ប៉ុណ្ណោះ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ប្រជាជន ១០​នាក់​ដែល​បាន​ស្លាប់ តែ​រូបភាព​នេះ​បាន​បាញ់​ស្រោច​ពេញ​បណ្ដាញ​សង្គម​នៅ​លើ​ប្រទេស​ចិន គឺ​ទីបំផុត តំបន់​ផ្សេងៗ​ទៀត​ដែល​ជាប់​បម្រាម​មិន​ឲ្យ​ចាកចេញ​ពី​លំនៅឋាន ក៏​នាំគ្នា​ដើរ​ចេញពី​ផ្ទះ​រៀងៗ​ខ្លួន គឺ​លែង​ស្ដាប់​បង្គាប់​អាជ្ញាធរ។

បន្ថែម​លើ​នោះ យុវជន​និស្សិត​នៅ​តាម​សាកលវិទ្យាល័យ វិទ្យាល័យ​មួយ​ចំនួន ក៏​មិន​បាន​ចូល​រៀន​ផង​ដែរ គឺ​ពួកគេ​ជួបជុំ​គ្នា​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ស្រែក​ទាមទារ​ឲ្យ​របប​ទីក្រុង​ប៉េកាំង បញ្ចប់​ជាបន្ទាន់​នូវ​គោល​នយោបាយ​កូវីដ​សូន្យ។

បាតុករ​ទាំងនោះ​ស្រែក​ថា គោល​នយោបាយ​នេះ​វា​ហួស​ពេល​សម័យ​ទៅ​ហើយ ព្រោះ​ពិភពលោក​គេ​លែង​ឲ្យ​ការ​ធ្វើ​ចត្តាឡីស័ក្ត​ទៀត​ទៅ​ហើយ​នោះ ចុះ​ហេតុ​អ្វី​បាន​ជា​ចិន​នៅតែ​មាន​វិធានការ​ដូចនេះ។

ក្រុម​បាតុករ​ជា​យុវជន​បាន​ហៅថា​ជា​ល្បែង​យុទ្ធសាស្ត្រ​របស់​បក្ស​កុម្មុយនីស្ត​ចិន និង​លោក ស៊ី ជីនពីង មិន​ចង់​ឃើញ​ប្រជាជន​ចិន​យុវជន​ចិន​មាន​សេរីភាព​ដូច​យុវជន​របស់​ពួក​បស្ចិម​ប្រទេស​នោះ​ទេ។ ដូច្នេះ​ហើយ គេ​សង្កេត​ឃើញ​ផ្ទាំង​បដា​របស់​បាតុករ​បាន​សរសេរ​រៀបរាប់​អំពី​បំណង​របស់​ពួកគេ គឺ​ចង់​បាន​សេរីភាព​ក្នុង​របប​មួយ​ដែល​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាជន។

សារព័ត៌មាន Asia Times បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា បើ​ទោះជា​អាជ្ញាធរ​បង្ក្រាប​បាតុករ​យុវជន​បាន​ជោគជ័យ​ក៏ដោយ គឺ​ពិត​ណាស់​សេចក្ដី​ស្រែក​ឃ្លាន​របស់​យុវជន​ចិន​ដើម្បី​របប​នៃ​សង្គម​មួយ​បើក​ចំហ​សេរីភាព៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស