នៅទីបំផុត របបកុម្មុយនីស្តផ្ដាច់ការប្រទេសចិន សម្រេចយល់ព្រមបន្ធូរបន្ថយការរឹតបន្តឹងវិធានការរាំងខ្ទប់កូវីដ-១៩ នៅបណ្ដាក្រុង-ខេត្តដែលផ្ទុះការឆ្លងជំងឺផ្លូវដង្ហើមនេះ ក្រោមសម្ពាធរបស់បាតុកររាប់ម៉ឺននាក់ផ្ទុះបាតុកម្មប្រឆាំងគោលនយោបាយកូវីដសូន្យដែលដាក់ទិសដោយប្រធានាធិបតី ស៊ី ជីនពីង។
បណ្ដាញផ្សាយព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃទី១ ធ្នូ ថា រដ្ឋអំណាចនៅបណ្ដាក្រុង-ខេត្តដែលផ្ទុះកូវីដបានសម្រេចបន្ថយការបិទខ្ទប់ ដោយអនុញ្ញាតឲ្យប្រជាជនអាចចេញក្រៅផ្ទះបានខ្លះ ហើយទៅកាន់ទីផ្សារបានទៀតផង។
តាមប្រភពដដែលនេះ នៅក្រុង Shanghai ខេត្ត Guangzhou និងក្រុងប៉េកាំង នៅតំបន់ស៊ីជាំង និងតំបន់ផ្សេងៗទៀត រដ្ឋអំណាចចិនបានលើករបាំងតាមផ្លូវ និងបើកឲ្យមានការធ្វើចរាចរឡើងវិញ ប៉ុន្តែមិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំគ្នាទេ។ តែយ៉ាងណា ការដែលរបបកុម្មុយនីស្តចិនទម្លាក់ការរឹតបន្តឹងនៃការបិទខ្ទប់នេះ គឺជាការឆ្លើយតបចំពោះកម្លាំងមហាជនមានសិស្សនិស្សិត ដែលបានប្រមូលផ្ដុំគ្នានៅបណ្ដាខេត្ត-ក្រុង រួមទាំងក្រុងប៉េកាំង រយៈពេល ៥ថ្ងៃ ប្រឆាំងនឹងគោលនយោបាយកូវីដសូន្យរបស់លោក ស៊ី ជីនពីង។
មិនតែប៉ុណ្ណោះ បាតុករបានទាមទារឲ្យលោក ស៊ី ជីនពីង ចុះចេញពីតំណែង និងរំលាយរបបកុម្មុយនីស្តចិនទៀតផង។
បាតុករផ្ទុះកំហឹងបន្ទាប់ពីស្លាប់មនុស្ស ១០នាក់ដោយអគ្គិភ័យលេបត្របាក់លំនៅឋានមួយរបស់ជនរងគ្រោះនៅក្រុងអ៊ូរុមជី ក្នុងខេត្តស៊ីជាំង កាលពីព្រហស្បតិ៍សប្ដាហ៍មុន។ ក្រោយពីមានមនុស្សស្លាប់ ១០នាក់នេះ កំហឹងប្រជាជនក្នុងតំបន់ដែលរាំងខ្ទប់ បានហៅការស្លាប់មនុស្សទាំងនេះបណ្ដាលមកពីវិធានការដែលរាំងខ្ទប់មានភាពរឹតបន្តឹងជ្រុលហួសហេតុរហូតរថយន្តពន្លត់អគ្គិភ័យពុំអាចបើកចូលទៅលំនៅឋានដែលត្រូវអគ្គិភ័យលេបត្របាក់ បានបណ្ដាលឲ្យលំនៅឋាននោះឆេះខ្ទេចទាំងស្រុង ហើយស្លាប់មនុស្សទាំងអស់នៅក្នុងផ្ទះនោះ។ អំឡុងនៃការតវ៉ារបស់ប្រជាជនប្រឆាំងនឹងកូវីដដែលផ្ទុះជាច្រើនក្រុង និងខេត្ត របបកុម្មុយនីស្តបានចាប់បាតុកររាប់រយនាក់ក្នុងហ្វូងមនុស្ស និងតាមចាប់ខ្លួនតាមផ្ទះ ដែលតាមប្រភពក្រុមសិទ្ធិមនុស្សថាមនុស្សរាប់ពាន់នាក់ត្រូវចាប់ពង្រត់យកទៅឃុំខ្លួន រហូតដល់ការតវ៉ាត្រូវបានបង្ក្រាប ទើបដោះលែងមកវិញ។ មកដល់ថ្ងៃនេះ នៅតាមទីក្រុងធំៗដូចជាក្រុងសៀងហៃ និងក្រុងប៉េកាំង កម្លាំងប៉ូលិសចិនត្រូវបានពង្រាយយ៉ាងសន្ធឹកសន្ធាប់គ្រប់ច្រកផ្លូវគ្រប់កន្លែងដែលមានបាតុកម្មនៅឡើយ។
ចលនាបាតុកម្មប្រឆាំងវិធានការកូវីដសូន្យ និងការទាមទារសិទ្ធិសេរីភាព គឺជារឿងកម្រកើតមាននៅប្រទេសចិន ជាទីដែលសំឡេងប្រឆាំងរដ្ឋអំណាចត្រូវតែរងការបង្ក្រាបយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែព្រឹត្តិការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ។
អ្នកនាំពាក្យរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថាលោកប្រធានាធិបតី ចូ បៃដិន បានតាមដានជាប់ជានិច្ចចំពោះស្ថានការណ៍បាតុកម្មនៅប្រទេសចិន និងថាសេតវិមានគាំទ្រសិទ្ធិធ្វើបាតុកម្មរបស់ប្រជាជនចិន។
ក្រសួងការបរទេសអាមេរិកបានវាយតម្លៃថា ជាមួយយុទ្ធសាស្ត្រកូវីដសូន្យ ចិនពិបាកទប់ទល់ការឆ្លងរាលដាលជំងឺកូវីដ។ អ្នកនាំពាក្យថាមានតែវ៉ាក់សាំង ការធ្វើតេស្ដ និងការព្យាបាលដែលមានប្រសិទ្ធភាពជាងវិធានការរឹតបន្តឹងបំបិទសេរីភាពរបស់ប្រជាជន។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បន្តថា រដ្ឋាភិបាលចិនគួរតែបន្ធូរបន្ថយការរាំងខ្ទប់ខ្លាំងហួសហេតុដែលនាំឲ្យប្រជាជនបាត់បង់សេរីភាព។ ការផ្ទុះបាតុកម្មជាច្រើនទីតាំងនៅប្រទេសចិន ដែលប្រឆាំងរបបកុម្មុយនីស្តចិនដូចនេះមិនដែលធ្លាប់មានទេ ចាប់តាំងពីមហាបាតុកម្មប្រជាធិបតេយ្យនៅទីលានទៀនអានម៉ិន កាលពីឆ្នាំ១៩៨៩។
អតីតមេដឹកនាំចលនានិស្សិតចិនប្រឆាំងរបបកុម្មុយនីស្ត លោក Wang Dan បានសរសេរលើបណ្ដាញហ្វេសប៊ុករបស់លោកថា ការបន្ធូរបន្ថយការរឹតបន្តឹង និងការបើកសេរីភាពឡើងវិញដល់ប្រជាជននៅតំបន់បិទខ្ទប់ ព្រោះតែលោក ស៊ី ជីនពីង បារម្ភពីការផ្ទុះខ្លាំងដូចបាតុកម្មនៅឆ្នាំ១៩៨៩ ដែលនិស្សិតស្រុះគ្នាខ្លាំងណាស់ទាមទារឲ្យរបបផ្ដាច់ការមួយនេះកែទម្រង់ការដឹកនាំប្រទេសចិន។
លោក Wang Dan ដែលកំពុងរស់នៅនិរទេសខ្លួននៅអាមេរិកបានបញ្ជាក់ថា លោក ស៊ី ជីនពីង គាត់ដឹងថានៅក្នុងទសវត្សនេះ បើមានការបាញ់បង្ក្រាបបាតុករយ៉ាងសាហាវដូចថ្ងៃទី៤ មិថុនា នៅទៀនអានម៉ិន គឺអាក្រក់ខ្លាំងណាស់ ហើយប្រជាជននឹងងើបឡើងទូទាំងប្រទេសផ្ដួលរំលំរបបកុម្មុយនីស្តតែម្ដង។
នៅក្នុងការវាយបង្ក្រាបមហាបាតុកម្មរបស់និស្សិតចិនកាលពីថ្ងៃទី៤ មិថុនា ឆ្នាំ១៩៨៩ នៅទីលានទៀនអានម៉ិន គឺនៅពេលនោះរបបកុម្មុយនីស្តបានបញ្ចេញរថក្រោះរាប់សិបគ្រឿង និងកងទ័ពរាបពាន់នាក់ ដោយរថក្រោះបើកបុក និងកិនបាតុករទាំងរស់ដែលយ៉ាងហោចណាស់បាតុករជិតមួយម៉ឺននាក់បានស្លាប់ និងរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ លោក ស៊ី ជីនពីង និងបក្សកុម្មុយនីស្តចិន មិនបានសម្ដែងប្រតិកម្មនឹងការទាមទារពីបាតុករដែលសុំឱ្យលោក ស៊ី ជីនពីង លាលែងពីតំណែង និងរំលាយរបបកុម្មុយនីស្តចិន។ នេះជាលើកដំបូងហើយក្នុងរយៈពេលជាង ១០ឆ្នាំនៃការកាន់អំណាចរបស់លោក ស៊ី ដែលជួបរឿងអាក្រក់ចំពោះរូបលោកបណ្តាលឲ្យរងភាពអាម៉ាស់ដោយបាតុករទាមទារឲ្យចុះចេញពីតំណែងប្រធានាធិបតី៕