31 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង៖ លោក សម រង្ស៊ី រៀប​ផែនការ​ឱ្យ​បក្ស​ភ្លើង​ទៀន​ចូលរួម​បោះឆ្នោត​ផ្ទុយ​ពី​ការ​អំពាវនាវ​កន្លង​មក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប​ថា លោក សម រង្ស៊ី កំពុង​រៀប​ផែនការ​ដាក់​មនុស្ស​ជំនិត និង​ក្រុម​គ្រួសារ​ខ្លួនឯង​ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ក្នុង​គណបក្ស​ភ្លើង​ទៀន ដើម្បី​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣ ខណៈ​ដែល​លោក​តែងតែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ងើប​បះបោរ​ប្រឆាំង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប ឬ CNRP-O លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី និង​មនុស្ស​ជំនិត​របស់​គាត់ ដូចជា​លោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ និង​អ្នកស្រី មូរ សុខហួរ ជាដើម ដែល​កំពុង​កេង​ចំណេញ​នយោបាយ​ពី​អ្នកគាំទ្រ​របស់​ពួកគេ​នៅ​ពេលនេះ គឺ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ពួក​សក្ដិភូមិ ដែល​តែង​រកស៊ី​កេងប្រវ័ញ្ច​ជញ្ជក់​ឈាម​ពលរដ្ឋ​ក្រីក្រ​កាលពី​សម័យ​មុន​ដូច្នេះ​ដែរ។

លោក ប៉ុន សៅរី លើកឡើង​ថា បន្ទាប់ពី​ការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បះបោរ​ប្រឆាំង​ផ្តួល​រំលំ​លោក ហ៊ុន សែន រហូត​មាន​អ្នក​ជាប់​គុក​រហូត​ដល់​ពេលនេះ លោក សម រង្ស៊ី ព្រមទាំង​មនុស្ស​ជំនិត​របស់​គាត់​បែរ​ជា​នាំគ្នា​រៀបចំ​ដាក់​មនុស្ស​ជំនិត និង​ក្រុម​គ្រួសារ​របស់​ពួកគាត់​ដែល​ជា​អ្នក​រកស៊ី​មាន​ទ្រព្យធន​នៅ​ក្នុង​ប្រទេស​កម្ពុជា ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ក្នុង​គណបក្ស​ភ្លើង​ទៀន ដែល​មាន​ពួកគេ​នៅ​ពីក្រោយ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាមួយ​លោក ហ៊ុន សែន ដោយ​ស្ងាត់ៗ​ទៅវិញ។

ប្រភព​ដដែល​រៀបរាប់​ថា កាលពី​មុន ពួក​វណ្ណៈ​សក្ដិភូមិ​តែងតែ​បង្កើត​នូវ​វិធី​ផ្សេងៗ​ដើម្បី​រកស៊ី​កេងប្រវ័ញ្ច​ជញ្ជក់​ញើស​ឈាម​ប្រជាពលរដ្ឋ​ក្រីក្រ ដើម្បី​ជួយ​ឱ្យ​ពួកគេ​ក្លាយ​ជា​អ្នក​មាន​ទ្រព្យធន​ស្តុកស្តម្ភ សម្បូរ​ហូរហៀរ​ក្រោម​តំណក់​ទឹកភ្នែក និង​ការ​ឈឺចាប់​ឥត​គណនា​របស់​ពលរដ្ឋ​ក្រីក្រ​ទាំងនោះ ស្រប​ពេល​ដែល​ការ​ដឹកនាំ​របស់​ក្រុម​លោក សម រង្ស៊ី នៅ​ពេលនេះ ក៏​មិន​ខុស​ពី​ពួក​សក្ដិភូមិ​ទាំងនោះ​ដែរ ខណៈ​ក្រុម​អ្នក​កាន់​អំណាច​កំពុង​អនុវត្ត​ទង្វើ​បែប​នេះ​យ៉ាង​ស្ទាត់​ជំនាញ​ទៅ​ហើយ​នោះ។

កាលពី​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២២ អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​កងកម្លាំង​ប្រដាប់​អាវុធ​ធ្វើការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ ប៉ុន្តែ​ការ​អំពាវនាវ​នេះ លោក សម រង្ស៊ី មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ដោយ​ការ​ផ្តួល​រំលំ​ដូច​ដែល​គាត់​ធ្លាប់​ប្រកាស​កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ឬ​ដោយ​ការ​បោះឆ្នោត​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក៏​មាន​ការ​អំពាវនាវ​ដែរ​ក្នុង​ផែនការ​មាតុភូមិ​និវត្តន៍ «៩ វិច្ឆិកា ឆ្នាំ​២០១៩» របស់​លោក សម រង្ស៊ី ដែល​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​កងកម្លាំង​ប្រដាប់​អាវុធ​ងើប​ឡើង​ផ្តួល​រំលំ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ប៉ុន្តែ​អ្នក​ដែល​បាន​ប្រកាស​ចូលរួម​យុទ្ធនាការ​នេះ ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទប្រកាន់ និង​ចាប់​ខ្លួន​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ហើយ​អ្នក​ទាំងនោះ​កំពុង​ត្រូវ​ឃុំ​ខ្លួន​រហូត​ដល់​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២២ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា បាន​ទម្លាយ​ថា លោក សម រង្ស៊ី បាន​យល់ព្រម​ធ្វើ​តាម​ការ​បញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គ្រប់​បែប​យ៉ាង ដោយ​បញ្ចេញ​គណបក្ស​ភ្លើង​ទៀន​ឲ្យ​មក​ធ្វើ​សកម្មភាព​នយោបាយ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាមួយ​បក្ស​កាន់​អំណាច​នៅ​ឆ្នាំ​២០២៣ ខាងមុខ ជា​ថ្នូរ​នឹង​ការ​សន្យា​របស់​លោក ហ៊ុន សែន ដែល​ព្រម​ផ្អាក​ការ​ដាក់​លក់​ឡាយឡុង​ផ្ទះ​របស់​លោក សម រង្ស៊ី ដែល​បាន​ដាក់​ប្រើប្រាស់​ជា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស