29 C
Phnom Penh

ពិភពលោក​ចាប់ផ្ដើម​បារម្ភ​ចិន​ផ្ទុះ​កូវីដ​ដោយ​ធ្វើ​តេស្ដ​ចំពោះ​អ្នក​ដំណើរ​មកពី​ប្រទេស​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក គឺជា​ប្រទេស​ថ្មី​ចុងក្រោយ​គេ​ដែល​ចាប់ផ្ដើម​អនុវត្ត​ការ​ធ្វើ​តេស្ដ​កូវីដ​លើ​អ្នក​ដំណើរ​ដែល​មកពី​ប្រទេស​ចិន បន្ទាប់ពី​ប្រទេស​ចិន​ដ៏​ធំ​នេះ​ត្រូវ​បាន​សារព័ត៌មាន​បស្ចិម​ប្រទេស​ទម្លាយ​ឱ្យ​ដឹង​ថា តំបន់​ខ្លះ​មនុស្ស​ឆ្លង​កូវីដ​មាន​ពី ១​លាន​នាក់​ឡើង​ទៅ ហើយ​គិត​ត្រឹម​ថ្ងៃទី​២៨ ធ្នូ រយៈពេល ២៨​ថ្ងៃ​ក្នុង​ខែ​នេះ ប្រជាជន​ចិន​ជិត ២៦០​លាន​នាក់​បាន​ឆ្លង​កូវីដ ខណៈ​មន្ទីរពេទ្យ​នៅ​ក្រុង​ប៉េកាំង​ពោរពេញ​ដោយ​អ្នកជំងឺ​កូវីដ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ចុះផ្សាយ​ថា ប្រទេស​ដែល​ចាប់ផ្ដើម​ធ្វើ​តេស្ត​អ្នក​ដំណើរ​មកពី​ចិន​មុនគេ គឺ​ប្រទេស​ជប៉ុន ឥណ្ឌា ម៉ាឡេស៊ី កោះ​តៃវ៉ាន់ អ៊ីតាលី ខណៈ​អង់គ្លេស និង​អូស្ត្រាលី ក៏​ចាប់​ពិនិត្យ​ពលរដ្ឋ​ចិន​ចូល​ប្រទេស​ពួកគេ​ដែរ។ បន្ទាប់ពី​បិទ​ពិភពលោក​រយៈពេល ៣​ឆ្នាំ រដ្ឋាភិបាល​ចិន​អួតអាង​ថា​ខ្លួន​កំពុង​ឈ្នះ​សង្គ្រាម​រាតត្បាត​នៃ​ជំងឺ​កូវីដ។ ប្រទេស​នេះ​បាន​បើក​ឱ្យ​ប្រជាជន​របស់​ខ្លួន​ចេញពី​ប្រទេស​ដោយ​សេរី ទោះ​ជា​ទៅ​ប្រទេស​ណា​ក៏​បាន ហើយ​អួតអាង​ថា​ប្រជាជន​របស់​ខ្លួន​ភាគច្រើន​បំផុត​បាន​ចាក់​វ៉ាក់សាំង​សឹងតែ​ទាំងអស់​ទៅ​ហើយ។ តែ​ពេលនេះ ពិភពលោក​ត្រៀម​ប្រកាស​អាសន្ន​ថា​ចិន​កំពុងតែ​ជា​ប្រភព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​ជា​ថ្មី​ម្ដង​ទៀត​ហើយ។

វិធានការ​ធ្វើ​តេស្ដ​លើ​អ្នក​ដំណើរ​មកពី​ប្រទេស​ចិន ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ជប៉ុន ឥណ្ឌា និង​ម៉ាឡេស៊ី បាន​ប្រកាស​ថា អ្នក​ធ្វើ​ដំណើរ​មកពី​ប្រទេស​ចិន​កំពុងតែ​ក្លាយ​ជា​មុខសញ្ញា​បារម្ភ​ពី​ការ​នាំ​កូវីដ​ចូល​ប្រទេស​របស់​ពួកគេ ព្រោះ​ចុងក្រោយ​នេះ​ការ​កើនឡើង​នូវ​អត្រា​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ចិន ហក់​ឡើង​ខ្លាំង។

ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ថា ខ្លួន​នឹង​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​មកពី​ប្រទេស​ចិន បង្ហាញ​តេស្ដ​អវិជ្ជមាន​ចំពោះ​ជំងឺ​កូវីដ-១៩ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់។ ចំណែក​ឯ​ប្រទេស​ម៉ាឡេស៊ី​វិញ បាន​ដាក់​វិធានការ​តាមដាន​ដិតដល់​បន្ថែម​ទៀត​ទៅ​លើ​អ្នក​ដំណើរ​មកពី​ចិន ដោយ​តាម​តាំងពី​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ និង​ពួកគេ​មាន​ការ​ទំនាក់ទំនង​នឹង​មនុស្ស​ណា​ខ្លះ។

មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​នៃ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ថា ពិភពលោក​ចាំបាច់​ត្រូវ​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺឆ្លង​នេះ​ពី​ប្រទេស​ចិន។

ពួក​ក្រុម​មន្ត្រី​របស់​នៃ​មជ្ឈមណ្ឌល​នេះ​បង្ហាញ​ក្ដី​បារម្ភ​អំពី​ការ​កើនឡើង​នៅ​ក្នុង​សហគមន៍​អន្តរជាតិ ទាក់ទិន​នឹង​ករណី​កើន​ឡើង​ជា​បន្ត​នៃ​អត្រា​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ប្រទេស​ចិន និង​កង្វះ​ទិន្នន័យ​ប្រកប​ដោយ​តម្លាភាព ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទិន្នន័យ​នៃ​ដំណើរការ​កំណត់​ការ​កកើត​វីរុស​ដែល​ប្រទេស​ចិន​កំពុង​លាក់​ការណ៍។

មន្ត្រី​មន្ទីរពេទ្យ និង​កន្លែង​រៀបចំ​ពិធី​បុណ្យ​សព​ខ្លះ​នៅ​ក្នុង​ប្រទេស​ចិន ថា​មាន​សភាព​ច្រើន​លើសលប់​ហួស​សមត្ថភាព ស្រប​ពេល​ដែល​វីរុស​ជំងឺ​កូវីដ-១៩ បាន​ឆ្លង​រាលដាល​ភាគច្រើន​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​នៅ​ទូទាំង​ប្រទេស​ចិន ដែល​មាន​ប្រជាជន​សរុប​ចំនួន ១៤០០​លាន​នាក់។

ទោះជា​យ៉ាងនេះ​ក្ដី អាជ្ញាធរ​ចិន​បង្ហាញ​ស្ថិតិ​ផ្លូវការ​ថា​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​តែ​មួយ​ករណី​ប៉ុណ្ណោះ​នៅ​ក្នុង​រយៈពេល ៧​ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​មក​ដល់​ថ្ងៃ​នេះ ដែល​នេះ​បណ្ដាល​ឱ្យ​មាន​ការ​សង្ស័យ​ក្នុង​ចំណោម​អ្នកជំនាញ​ផ្នែក​សុខាភិបាល និង​ពលរដ្ឋ​អំពី​ទិន្នន័យ​របស់​រដ្ឋាភិបាល​ចិន​ដែល​គេ​ថា​គឺជា​ការ​លាក់​ការពិត។

ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​ចុះ​ទៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​ប៉េកាំង កាលពី​សប្ដាហ៍​មុន ដោយ​បាន​ជួប​សាច់ញាតិ​គ្រួសារ​សាកសព​ដែល​ពួកគេ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​ដែល​បាន​ឱ្យ​ដឹង​ថា អំឡុង ២​ម៉ោង អ្នកជំងឺ​ស្លាប់​ដល់​ទៅ ៤០​នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ។ អ្នក​រាយការណ៍​ព័ត៌មាន​របស់ AFP បាន​ឃើញ​សាកសព​ត្រូវ​គេ​រុំ​នឹង​ក្រណាត់​កៅស៊ូ​រាប់​សិប​នាក់ មុន​នឹង​ដឹក​យក​ទៅ​បញ្ចុះ។

អ្នកជំនាញ​ព្រមាន​ថា ពលរដ្ឋ​ចិន​ដែល​កំពុង​ឆ្លង​ជំងឺ​កូវីដ ពួកគេ​ភាគច្រើន​មាន​អាយុ​ចាប់ពី ៦៥​ឆ្នាំ​ឡើង​ទៅ ហើយ​អ្នក​ស្លាប់​ភាគច្រើន​ចាប់ពី ៧០​ឆ្នាំ​ឡើង​ទៅ។ អ្នកជំនាញ​ព្រមាន​ថា​នៅ​ឆ្នាំ​២០២៣ បើ​ចិន​ទប់ស្កាត់​មិន​ទាន់​ទេ អ្នកជំងឺ​អាច​នឹង​ស្លាប់​ដល់​ទៅ ២​លាន​នាក់។ ចិន​ប្រកាន់​គោល​នយោបាយ​មួយ​មិន​សូវ​ជួយ​រក្សា​សុខភាព​សម្រាប់​មនុស្ស​វ័យ​ចាស់​ជរា​នោះ​ទេ។ ក្រុម​មនុស្ស​ប្រភេទ​នេះ​មិន​ទទួល​បាន​វ៉ាក់សាំង​ចាក់​គ្រប់គ្រាន់​នោះ​ទេ។ អ្នក​ខ្លះ​ចាក់​បាន​មួយ​ដូស និង​អ្នក​ខ្លះ​ពុំ​បាន​ចាក់​តែម្ដង។

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​ឈប់​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​ចិន ធ្វើ​ចត្តាឡីស័ក ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៨ ខែ​មករា ខាងមុខ​នេះ​តទៅ ដែល​នេះ​គឺជា​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះ​ទៅ​ការ​បន្ធូរបន្ថយ​ការ​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន​របស់​ខ្លួន ដែល​ភាគច្រើន​ត្រូវ​បាន​បិទ​តាំងពី​ឆ្នាំ​២០២០។

អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា ចំនួន​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​ត្រូវ​បាន​រាយការណ៍​ប្រចាំ​សប្ដាហ៍​បាន​ធ្លាក់​ចុះ​ជិត ៩០% នៅ​ទូទាំង​ពិភពលោក​ចាប់តាំងពី​ពេល​ដែល​មាន​អត្រា​ឆ្លង​ខ្ពស់​បំផុត​នៃ​ជំងឺ​នេះ​កាលពី​ចុង​ខែ​មករា កន្លងទៅ​នេះ។

លោក Tedros Adhanom Ghebreyesus ដែល​ចូលរួម​ក្នុង​សន្និសីទ​ព័ត៌មាន​ស្ដីពី​បញ្ហា​សុខភាព​សកលលោក រួម​ទាំង​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ពេល​ថ្មីៗ​នេះ​បាន​ថ្លែង​ថា លោក​បន្ត​អំពាវនាវ​ឱ្យ​ប្រទេស​ចិន​ចែករំលែក​ទិន្នន័យ និង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​អ្វី​ដែល WHO បាន​ស្នើ​ឡើង និង​នៅតែ​បន្ត​ស្នើ​ឡើង ដែល​លោក​បាន​និយាយ​ជា​ច្រើន​ដង​រួច​មក​ហើយ​សម្មតិកម្ម​ទាំងអស់​អំពី​ប្រភព​នៃ​ជំងឺ​រាតត្បាត​នេះ គឺ​មាន​នៅ​ប្រទេស​ចិន។

លោក​ទាមទារ​ឱ្យ​ចិន បង្ហាញ​តួលេខ​ពិតប្រាកដ​អំពី​អ្នក​ឆ្លង និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ និង​អ្នក​ស្លាប់។

ដោយឡែក​សហភាព​អឺរ៉ុប​ប្រកាស​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​គណៈកម្មាធិការ​ជំនាញ​សុខភាព​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ និង​វាយតម្លៃ​ជាក់ស្ដែង​អំពី​ស្ថានភាព​ជំងឺ​កូវីដ កំពុង​ឆ្លង​រាលដាល​នៅ​ប្រទេស​ចិន ហើយ​ព្រមាន​ថា​សហភាព​អឺរ៉ុប​ទាំងមូល​នឹង​ធ្វើ​តេស្ដ​ពលរដ្ឋ​ដែល​មកពី​ប្រទេស​ចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស