38 C
Phnom Penh

សង្គម​ស៊ីវិល៖ វត្តមាន​លោក ហ៊ុន សែន នៅ​ទូត​អាមេរិក​មិន​ប្រាកដ​ថា​កម្ពុជា-អាមេរិក​មាន​ទំនាក់ទំនង​ល្អ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល​អះអាង​ថា បើ​ទោះបី​លោក ហ៊ុន សែន បង្ហាញ​វត្តមាន​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដែល​ជា​វត្តមាន​ដ៏​កម្រ​ក៏ដោយ ក៏​នៅ​មិន​ទាន់​អាច​វាយតម្លៃ​បាន​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក​មាន​ភាព​ល្អ​ជាង​មុន​នៅ​ពេល​នេះ​ដែរ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា ដើម្បី​ឱ្យ​គេ​ទទួលស្គាល់​ដោយ​ពិតប្រាកដ​ជុំវិញ​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក ថា​នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​កន្លងមក​នោះ លុះត្រា​កម្ពុជា​បង្ហាញ​ពី​ការ​អនុវត្ត​របស់​ខ្លួន​តាម​ការ​ស្នើសុំ​របស់​អាមេរិក ជុំវិញ​ការ​គោរព​សិទ្ធិមនុស្ស ដូចជា​ការ​ដោះលែង​កញ្ញា សេង ធារី និង​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ដែល​ខ្លួន​បាន​ចាប់​ដាក់​ពន្ធនាគារ​នា​ពេល​កន្លងមក ជាដើម។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ក្រៅពី​ការ​គោរព​សិទ្ធិមនុស្ស កម្ពុជា​ក៏​ត្រូវ​បើក​លំហ​សេរីភាព​នយោបាយ​ជុំវិញ​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​នយោបាយ ដើម្បី​ធានា​នូវ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដែរ។ ជាង​នេះ​ទៀត កម្ពុជា​ក៏​ត្រូវ​បង្ហាញ​ជំហរ​របស់​ខ្លួន​ប្រកប​ដោយ​តម្លាភាព ជុំវិញ​ឯកភាព​របស់​កម្ពុជា​ទាក់ទិន​នឹង​មូលដ្ឋាន​យោធា​ទ័ព​ជើងទឹក​រាម​ថែម​ទៀត។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​បញ្ជាក់​ថា បើ​ទោះបីជា​ការ​ធ្វើ​ទស្សនកិច្ច​នេះ​បង្ហាញ​ពី​រូបភាព​វិជ្ជមាន​ជុំវិញ​ទំនាក់ទំនង​របស់​កម្ពុជា​ជាមួយ​សហរដ្ឋ​អាមេរិក​ក៏ដោយ ប៉ុន្តែ​មក​ទល់​នឹង​ពេលនេះ កម្ពុជា​មិន​ទាន់​បាន​អនុវត្ត​តាម​ការ​ស្នើសុំ និង​ការ​អំពាវនាវ​ណា​មួយ​របស់​សហរដ្ឋ​អាមេរិក​នៅឡើយ​ទេ ទាក់ទិន​នឹង​ការ​បើក​លំហ​សេរីភាព​នយោបាយ និង​ការ​ដោះលែង​សកម្មជន​នានា។

កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២២ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ធ្វើ​ទស្សនកិច្ច​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ជាមួយ​មន្ត្រី​របស់​ខ្លួន និង​កូនប្រុស​របស់​លោក​ផង​ដែរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក Patrick Murphy និង​លោក ហ៊ុន សែន បាន​ពិភាក្សា​លើ​វិធី​កែលំអ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា-អាមេរិក ឱ្យ​កាន់តែ​ល្អ និង​បន្ត​ការ​ខិតខំ​ក្នុង​ការ​ពង្រឹង​មិត្តភាព​រវាង​ពលរដ្ឋ​អាមេរិកាំង និង​ប្រជាជន​កម្ពុជា​ថែម​ទៀត។

ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​មេដឹកនាំ​កម្ពុជា​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ទំនាក់ទំនង​កម្ពុជា-អាមេរិក​ស្ថិត​ក្នុង​ភាព​រកាំរកូស​ជុំវិញ​ការ​ជំរុញ​របស់​អាមេរិក​ឱ្យ​កម្ពុជា​ធានា​ឱ្យ​បាន​នូវ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ដែល​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​សព្វថ្ងៃ​នេះ ជាពិសេស​ជុំវិញ​ការ​ជំរុញ​ឱ្យ​កម្ពុជា​ធ្វើ​ឱ្យ​មាន​តម្លាភាព​លើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​ខ្លួន​ផង​ដែរ។

កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ សេតវិមាន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន បើក​លំហ​សិទ្ធិ​នយោបាយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ឡើងវិញ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាងមុខ​នេះ និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ព្រមទាំង​អំពាវនាវ​ឱ្យ​ដោះលែង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង កញ្ញា សេង ធារី ផង​ដែរ។

ទោះជា​បែបនេះ​ក្តី លោក ហ៊ុន សែន អះអាង​កាលពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ​ថា លោក​មិន​បាន​ឮ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន លើកឡើង​អំពី​ការ​ជំរុញ​ឱ្យ​លោក​ដោះលែង​សកម្មជន​ដែល​កំពុង​ជាប់​ពន្ធនាគារ​នោះ​ទេ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​រូបលោក អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា កន្លងទៅ​នេះ។

កាលពី​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​មួយ ដែល​បាន​កំណត់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ជាដើម ព្រមទាំង​បាន​កំណត់​អនុវត្ត​ឱ្យ​បាន​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​ធានា​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស