26 C
Phnom Penh

ព្រះមហាក្សត្រ​បន្ត​ផ្តល់​គោរមងារ​អ្នកឧកញ៉ា​៥​នាក់​ទៀត​ស្រប​ពេល​ឧកញ៉ា​មាន​ជាង​១​ពាន់​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ផ្តល់​គោរមងារ​ជា​អ្នក​ឧកញ៉ា​ដល់​ឧកញ៉ា​ចំនួន ៥​នាក់ នៅ​ដើម​ឆ្នាំ​២០២៣ នេះ ស្រប​ពេល​ដែល​បុគ្គល​មាន​គោរមងារ​ជា​ឧកញ៉ា​នៅ​កម្ពុជា​មាន​ប្រមាណ​ជាង ១​ពាន់​នាក់ បើ​គិត​ត្រឹម​ចុង​ឆ្នាំ​២០២២ កន្លងទៅ​នេះ។

ព្រះករុណា​ព្រះបាទ នរោត្តម សីហមុនី សម្រេច​ផ្តល់​គោរមងារ​ជា​អ្នក​ឧកញ៉ា​ជា​បន្តបន្ទាប់​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២៣ នេះ ដូចជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា ឧកញ៉ា លី ឃុនថៃ អគ្គនាយក​ក្រុមហ៊ុន BS Land and Home និង​ជា​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ឧកញ៉ា លី សេងឃាង។

លើស​ពី​នេះ​នៅ​មាន​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខាង ស៊ាងលី ប្រផឹធី ឌីវេឡុបមិន និង​ជា​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ឧកញ៉ា ចាប ហុងលី អគ្គនាយក​ក្រុមហ៊ុន SUN & MOON Group ឧកញ៉ា ជា រតនា និង​ភរិយា​របស់​លោក ក៏​ត្រូវ​បាន​តែងតាំង​ជា​អ្នក​ឧកញ៉ា​ថែម​ទៀត ខណៈ​កូនស្រី​បង្កើត និង​កូនប្រសា​របស់​ពួកគេ​ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​គោរមងារ​ជា​ឧកញ៉ា​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២៣ នេះ​ផង​ដែរ។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ។
អគ្គនាយក​ក្រុមហ៊ុន BS Land and Home និង​ជា​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា អ្នកឧកញ៉ា លី សេងឃាង។
ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខាង ស៊ាងលី ប្រផឹធី ឌីវេឡុបមិន និង​ជា​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា អ្នកឧកញ៉ា ចាប ហុងលី។
អគ្គនាយក​ក្រុមហ៊ុន SUN & MOON Group អ្នកឧកញ៉ា ជា រតនា និង​ភរិយា​របស់​លោក អ្នកឧកញ៉ា លី លីហៀក។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា គោរមងារ​ឧកញ៉ា ឬ​អ្នក​ឧកញ៉ា​អាច​ផ្តល់​ជូន​តែ​មនុស្ស​ណា​ដែល​មាន​ស្នាដៃ​ខ្ពស់​ដាច់​គេ​ជូន​ជាតិ​ប៉ុណ្ណោះ ដូចជា​ស្នាដៃ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​នយោបាយ​ជាតិ​ឲ្យ​រីកចម្រើន ជួយ​សេដ្ឋកិច្ច​ជាតិ​ឲ្យ​លូតលាស់ និង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ប៉ុន្តែ​ត្រូវ​ភ្ជាប់​ជាមួយ​នឹង​អត្តចរិត មារយាទ និង​ចរិយា​សម្បត្តិ​ថ្លៃថ្នូរ ដែល​អាច​ធ្វើ​ជា​មនុស្ស​គំរូ​សម្រាប់​ជាតិ​ទាំងមូល​ផង​ដែរ។

បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់​ថា បើ​អ្នក​ដែល​មាន​គោរមងារ​ជា​ឧកញ៉ា ឬ​អ្នក​ឧកញ៉ា ហើយ​ប្រព្រឹត្ត​អំពើ​អគុណធម៌​ដូច​ដែល​ឧកញ៉ា និង​អ្នក​ឧកញ៉ា​មួយ​ចំនួន​កំពុង​ប្រព្រឹត្ត​សព្វថ្ងៃ​នេះ គោរមងារ​សក្ដិភូមិ​នេះ​គួរតែ​ត្រូវ​បាន​ចោល ព្រោះ​ថា​គោរមងារ​ដែល​បាន​ផ្តល់​ទៅ​ឲ្យ​មនុស្ស​អសីលធម៌​ទាំងនោះ គឺជា​ឧបសគ្គ​មួយ​ដល់​ការ​កសាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ​ដែល​ធានា​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​តែងតាំង​ឧកញ៉ា ឬ​អ្នក​ឧកញ៉ា​នៅ​កម្ពុជា​មិន​មែន​ដោយសារ​ពួកគេ​ចូលរួម​កសាង​សង្គម​ជាតិ​ទេ ប៉ុន្តែ​ដោយសារ​ពួកគេ​បំផ្លាញ​ជាតិ និង​ធ្វើ​ជា​អ្នក​រក​លុយ​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ ដូចជា​ឧកញ៉ា ទ្រី ភាព ដែល​មាន​រហស្សនាម​ថា​ស្តេច​គ្រញូង បាន​ទទួល​គោរមងារ​ជា​អ្នក​ឧកញ៉ា​កាលពី​ចុង​ឆ្នាំ​២០២១ ស្រប​ពេល​ដែល​បុគ្គល​រូប​នេះ​ត្រូវ​គេ​ដឹង​ឮ​ពេញ​ប្រទេស​ថា​ជា​ឈ្មួញ​ឈើ​ខុស​ច្បាប់​នៅ​ស្រុក​ខ្មែរ ដែល​មាន​គ្រួសារ​លោក ហ៊ុន សែន នៅ​ពីក្រោយ។

ចំណែក​ឧកញ៉ា លី យ៉ុងផាត់ ដែល​មាន​រហស្សនាម​ថា​ស្តេច​កោះកុង (King of Koh Kong) ក៏​បាន​ទទួល​ងារ​ជា​អ្នក​ឧកញ៉ា​កាលពី​ចុង​ឆ្នាំ​១៩៩៨ ផង​ដែរ ប៉ុន្តែ​ក្រោយ​ទទួល​គោរមងារ​ជា​ឧកញ៉ា និង​ទទួល​បាន​ការ​ពេញចិត្ត​ពេញ​ថ្លើម​ពី​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឧកញ៉ា លី យ៉ុងផាត់ បាន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​បញ្ជូន​កម្លាំង​កងរាជ​អាវុធហត្ថ​ទៅ​ទន្ទ្រាន​ឈូស​ឆាយ​យក​ដីធ្លី​ប្រជាពលរដ្ឋ​ខ្មែរ រួច​ដុត​ផល​ដំណាំ និង​បណ្តេញ​អ្នក​ស្រុក​ចេញពី​ផ្ទះ​សម្បែង​ផង​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ក្រៅពី​ឧកញ៉ា ទ្រី ភាព ដែល​មាន​រហស្សនាម​ថា​ស្តេច​គ្រញូង និង​ឧកញ៉ា លី យ៉ុងផាត់ ដែល​មាន​រហស្សនាម​ថា​ស្តេច​កោះកុង (King of Koh Kong) ដែល​ជាប់​ឈ្មោះ​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ខ្មែរ ក៏​មាន​ឧកញ៉ា​ដែល​ជួញដូរ​គ្រឿងញៀន​យ៉ាង​អនាធិបតេយ្យ​ពេញ​ប្រទេស​កម្ពុជា​ថែម​ទៀត។

ជាក់ស្តែង ឧកញ៉ា គិត ធាង ត្រូវ​ជា​បងប្រុស​បង្កើត​របស់​ឧកញ៉ា គិត ម៉េង ដែល​ជា​មនុស្ស​ជំនិត​បំផុត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម​កាលពី​អំឡុង​ឆ្នាំ​២០១៩ កន្លងទៅ ប៉ុន្តែ​ត្រូវ​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ក្រោយ​ជាប់​ពន្ធនាគារ​មួយ​រយៈពេល​ខ្លី។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង ដើម្បី​សិក្សា​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​សម្រាប់​ការ​គ្រប់គ្រង​ឧកញ៉ា ដូចជា​ការ​ផ្តល់​គោរមងារ​ឧកញ៉ា និង​ការ​ដកហូត​គោរមងារ​ជា​អ្នកឧកញ៉ា​ផង​ដែរ។

កាលពី​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២០ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន កែ​សម្រួល​អនុក្រឹត្យ​ចាស់​ដែល​លោក​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​១៩៩៤ ចំពោះ​សប្បុរសជន​ដែល​បាន​បរិច្ចាគ​ថវិកា​ជូន​រដ្ឋ​ចាប់ពី ១០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ នឹង​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា​នោះ ត្រូវ​កែប្រែ​ឡើងវិញ​ដោយ​តម្រូវ​ឱ្យ​បរិច្ចាគ​ថវិកា​ចាប់ពី ៥០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ​ចំពោះ​អ្នក​ដែល​ចង់​បាន​គោរមងារ​ជា​ឧកញ៉ា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស