អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រកាសជំហរថាគណបក្សភ្លើងទៀនសម្រេចចិត្តជ្រើសរើសយន្តការជជែកចរចាជាមួយគណបក្សកាន់អំណាច ដោយមិនយកយន្តការធ្វើបាតុកម្មតាមដងផ្លូវ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ និងទាមទារឱ្យដោះលែងលោក ថាច់ សេដ្ឋា ឡើយ ទោះបីរងការគំរាមកំហែងពីបក្សកាន់អំណាចយ៉ាងណាក៏ដោយ។
ការប្រកាសជំហររបស់គណបក្សភ្លើងទៀននេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីមានការចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា កាលពីថ្ងៃទី១៦ មករា។
លោក សុន ឆ័យ អះអាងថា ទោះបីគណបក្សភ្លើងទៀនរងការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញរហូតមានមានការចាប់ខ្លួនថ្នាក់ដឹកនាំគណបក្ស លោក ថាច់ សេដ្ឋា ក៏ដោយ ក៏គណបក្សនេះមិនធ្វើបាតុកម្មតាមដងផ្លូវដូចកាលពីពេលកន្លងទៅនោះឡើយ។
លោកថា គណបក្សនេះសម្រេចជ្រើសរើសយកយន្តការជជែកជាមួយគណបក្សកាន់អំណាច ដើម្បីស្វែងរកដំណោះស្រាយនយោបាយ និងឱ្យមានការដោះលែងអនុប្រធានគណបក្សភ្លើងទៀនវិញ។
លោក សុន ឆ័យ បញ្ជាក់ថា គណបក្សភ្លើងទៀនក៏មិនបានជ្រើសរើសយកយន្តការជេរប្រមាថលើគូប្រជែងដែរ ដើម្បីបញ្ចៀសកុំឲ្យមានការបង្កភាពឈឺចាប់ដល់គ្នានឹងគ្នានោះដែរ។
តែយ៉ាងណា លោកចាត់ទុកការចាប់ខ្លួនលោក ថាច់ សេដ្ឋា កាលពីថ្ងៃទី១៦ មករា ថាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ ដោយសារគិតត្រឹមថ្ងៃនេះមានថ្នាក់ដឹកនាំបក្សភ្លើងទៀនចំនួន ៣រូបហើយដែលត្រូវបានគណបក្សប្រជាជនកម្ពុជាប្ដឹងទៅតុលាការ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ លើកឡើងថា គណបក្សភ្លើងទៀនមិនគួរដើរតាមគន្លងគណបក្សសង្គ្រោះជាតិឡើយ។ លោកបន្តថា ពេលចាប់លោក កឹម សុខា គណបក្សសង្គ្រោះជាតិបានសម្ងំដោយមិនធ្វើសកម្មភាពតវ៉ាអ្វីឡើយ ខណៈនេះក៏មានការចាប់ខ្លួនលោក ថាច់ សេដ្ឋា ទៀត។ លោកថា តើគណបក្សនេះគួរបន្តនៅស្ងៀមទៀតដែរឬទេ?
លោក គឹម សុខ អះអាងថា បើគេបិទផ្លូវជិតអស់ទៅហើយ ទោះបីចូលរួមការបោះឆ្នោតក៏គ្មានខ្លឹមសារអ្វីនោះដែរ។
បន្ទាប់ពីមានការចាប់ខ្លួនលោក ថាច់ សេដ្ឋា គណបក្សភ្លើងទៀនក៏បានចេញសេចក្ដីថ្លែងការណ៍មួយដោយទាមទារឲ្យរដ្ឋាភិបាល និងតុលាការកម្ពុជាដោះលែងលោក ថាច់ សេដ្ឋា ជាបន្ទាន់ដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការចាប់ឃុំខ្លួន រួមទាំងការគំរាមកំហែងគ្រប់រូបភាពលើថ្នាក់ដឹកនាំ និងសកម្មជនបន្តទៀត ដើម្បីធានាដល់ដំណើរការបោះឆ្នោតខាងមុខ។
សេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ គណបក្សភ្លើងទៀនបានថ្កោលទោសចំពោះការចាប់ឃុំខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ហើយចាត់ទុកការចាប់ខ្លួននេះថាជាចលនានៃការបំភិតបំភ័យ និងគំរាមកំហែងពីសំណាក់អ្នកមានអំណាចមកលើថ្នាក់ដឹកនាំ និងសកម្មជនរបស់បក្សនេះ ហើយករណីនេះនឹងធ្វើឲ្យបរិយាកាសនយោបាយមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ រឹតតែមានភាពអាប់អួរថែមទៀត។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា បញ្ជាក់ថា ការចាប់ និងឃុំខ្លួនលោក ថាច់ សេដ្ឋា គឺដោយសារលោកមិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន ៥សន្លឹក ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៩។ តុលាការអះអាងថា លោក ថាច់ សេដ្ឋា បានខកខានក្នុងការចូលបំភ្លឺចំនួន ២លើកកាលពីអំឡុងឆ្នាំ២០២១ កន្លងទៅ៕