31 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​បក្ស​ភ្លើង​ទៀន​បញ្ឈប់​រិះគន់​បក្ស​កាន់​អំណាច​បន្ត​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន បាន​ណែនាំ​ទៅ​គណបក្ស​ភ្លើង​ទៀន ឈប់​ធ្វើ​យុទ្ធនាការ​ដោយ​ការ​ជេរប្រមាថ​គណបក្ស​ប្រជាជន​កម្ពុជា និង​លាប​ពណ៌​ប្រឆាំង​ពូជសាសន៍​ដើម្បី​បង្កើត​កំហឹង។

ការ​ណែនាំ​នេះ ធ្វើឡើង​ហាក់ដូចជា​បន្ទរ​តាម​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ដែល​បាន​ថ្លែង​កាលពី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៣ ដោយ​ទម្លាយ​រឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដែល​បាន​ទៅ​ជួប​លោក ហ៊ុន ម៉ាណែត។

លោក​បញ្ជាក់​ថា ក្នុង​ជំនួប​នោះ លោក ហ៊ុន ម៉ាណែត បាន​ទូន្មាន​លោក ថាច់ សេដ្ឋា ដោយ​ឲ្យ​អនុប្រធាន​បក្ស​ភ្លើង​ទៀន​រូប​នេះ ប្រដៅ​សមាជិក​សមាជិកា​ខ្លួនឯង​វិញ ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​បន្ត​ទៀត។

នៅ​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត លើកឡើង​ដែរ​ថា វប្បធម៌​សន្ទនា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បង្កើត​ឡើង​ជាមួយ​គណបក្ស​ប្រឆាំង​កន្លងមក មិន​មាន​ន័យ​ឡើយ ដោយសារ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​តែងតែ​ជេរប្រមាថ លាប​ពណ៌ ក្នុង​ចេតនា​ប្រកាន់​ពូជសាសន៍​ដើម្បី​បង្កើត​ជា​កំហឹង។

ក្នុង​ជំនួប​ដដែល​នោះ លោក​ក៏​បាន​រំលឹក​អំពី​ជំនួប​រវាង​គ្រួសារ​របស់​លោក​ជាមួយ​នឹង​គ្រួសារ​លោក សម រង្ស៉ី កន្លងទៅ ប៉ុន្តែ​ក្រោយមក លោក ហ៊ុន ម៉ាណែត ថា​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​យក​មក​ធ្វើជា​គោលដៅ​ដើម្បី​វាយប្រហារ ដោយ​ថា​ឪពុក​របស់​លោក​ខ្លាច​ចាញ់​ឆ្នោត ទើប​បង្កើត​វប្បធម៌​សន្ទនា ឬ​ជំនួប​នេះ​ឡើង។

លោក ហ៊ុន ម៉ាណែត ចាត់ទុក​ការ​វាយប្រហារ​របស់​លោក សម រង្ស៊ី ទៅ​លើ​ឪពុក​របស់​ខ្លួន​ថា គ្មាន​ភាព​មិន​ទៀងត្រង់ ទើប​ជំរុញ​ឲ្យ​ឪពុក​របស់​លោក​ប្រើប្រាស់​វិធានការ​ច្បាប់ ដោយសារ​គណបក្ស​ប្រឆាំង​ខ្លួនឯង​មិន​បាន​បង្កើន​ទំនុក​ទុកចិត្ត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ថែមទាំង​ជេរប្រមាថ និង​លាប​ពណ៌​ផង​ដែរ។

លោក​បញ្ជាក់​ថា ការ​ប្រើ​វិធានការ​ច្បាប់​នេះ​ដើម្បី​ការ​ថែរក្សា​ប្រជាធិបតេយ្យ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ និង​ទុកចិត្ត​គ្នា ដូច្នេះ​បើ​មិន​ឲ្យ​មាន​ការ​ចាត់​វិធានការ​ច្បាប់​នោះ សូម​គណបក្ស​ភ្លើង​ទៀន​កុំ​ធ្វើ​ខុស​ច្បាប់។

ក្រោយពី​មាន​ការ​ព្រមាន​ជា​បន្តបន្ទាប់ និង​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា កាលពី​ថ្ងៃទី​២៣ មករា ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​របស់​ខ្លួន។ ក្នុង​កិច្ចប្រជុំ​នោះ ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន បាន​ណែនាំ​ឲ្យ​សកម្មជន និង​សមាជិក​នៅ​ទាំង ២៥​រាជធានី-ខេត្ត​ត្រូវ​ឈប់​យក​រឿង​បុគ្គល​មក​ធ្វើការ​រិះគន់ និង​វាយប្រហារ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត ដើម្បី​កាត់បន្ថយ​ការ​ប៉ះទង្គិច​គ្នា និង​បន្ថយ​ភាព​តានតឹង​កម្ដៅ​នយោបាយ។

ក្រៅពី​ឲ្យ​ឈប់​រិះគន់​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ ថ្នាក់​ដឹកនាំ​បក្ស​ភ្លើង​ទៀន​ក៏​បាន​ឲ្យ​សកម្មជន​នៅ​តាម​មូលដ្ឋាន​ធ្វើ​សកម្មភាព​ដោយ​ស្ងាត់ស្ងៀម​ផង​ដែរ។

ការ​បើក​កិច្ចប្រជុំ​ដើម្បី​ណែនាំ​ទៅ​សកម្មជន​មូលដ្ឋាន​របស់​គណបក្ស​ភ្លើង​ទៀន​នា​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ​ទៅ​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ ក្នុង​នោះ​មាន​លោក សុន ឆ័យ និង​លោក គង់ គាំ ខណៈ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​នៅ​ថ្ងៃ​ដដែល។

លោក ហ៊ុន សែន បាន​ព្រមាន​ប្ដឹង​គណបក្ស​ភ្លើង​ទៀន​ទៅ​តុលាការ ក្រោយពី​ពិនិត្យ​ឃើញ​ថា​គណបក្ស​ភ្លើង​ទៀន បាន​ចោទ​ប្រកាន់​បក្ស​កាន់​អំណាច​ថា​បាន​បន្ត​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន ដាក់​ការ​គាបសង្កត់​ទៅ​លើ​ដៃគូ​ប្រកួត​នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​មក​ដល់។ លើស​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ចាប់​ខ្លួន​អ្នក​រិះគន់​ដាក់​ពន្ធនាគារ​ចាប់តាំងពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ នៅ​ពេល​រក​ឃើញ​ថា​នៅ​បន្ត​សាបព្រោះ​វប្បធម៌​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស