28.4 C
Phnom Penh

បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច​វាយបក​ទៅ​លើ​អ្នកវិភាគ​ក្រៅ​ស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ាណែត ស្នើ​ទៅ​អ្នកវិភាគ​លោក គឹម សុខ ឲ្យ​សិក្សា​ច្បាប់​ឡើងវិញ​សិន មុន​នឹង​ធ្វើការ​រិះគន់​លោក​ថា​ការ​តែងតាំង​លោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​ឪពុក ជា​ការ​បំពាន ឬ​ជា​ការ​រំលោភ​ច្បាប់​ធ្ងន់ធ្ងរ​នោះ។

កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន បាន​បង្ហោះ​វីដេអូ​ឃ្លីប​ជាង ៧​នាទី​លើ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​និយាយ​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ធ្វើ​ខុស និង​រំលោភ​ច្បាប់​ដូច​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ចោទប្រកាន់​ឡើយ ជាពិសេស​គឺ​ការ​តែងតាំង និង​គាំទ្រ​លោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ទោះបី​បច្ចុប្បន្ន​ខ្លួន​កំពុង​ជា​មេទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​ក៏ដោយ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ឪពុក​របស់​លោក​ដែល​ជា​នាយករដ្ឋមន្ត្រី​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យ​រីកចម្រើន និង​គោរព​ច្បាប់​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ទោះបី​លោក​កំពុង​កាន់​តួនាទី​ជា​មេទ័ព​ជើងគោក​ក៏​ពិត​មែន ប៉ុន្តែ​លោក​មិន​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​មេទ័ព​ទៅ​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​រំលោភ​ច្បាប់​នោះ​ឡើយ។ លើស​ពី​នេះ លោក​ក៏​បាន​ទាមទារ​ឲ្យ​លោក គឹម សុខ បង្ហាញ​រូបថត​ដែល​ថា​លោក​ស្លៀកពាក់​ឯកសណ្ឋាន ហើយ​ទៅ​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ។

លោក ហ៊ុន ម៉ាណែត ថា​គណបក្ស​ប្រជាជន​កម្ពុជា​គាំទ្រ​លោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី និង​អ្នក​បន្ត​វេន​នា​ពេលនេះ មិន​ខុស​ច្បាប់ ហើយ​ក៏​គ្មាន​ច្បាប់​ណា​ហាមឃាត់ ដោយសារ​ការ​សម្រេច​នេះ​ដោយ​មាន​ការ​ឯកភាព​ពី​ផ្ទៃក្នុង​បក្ស​ប្រជាជន​កម្ពុជា ខណៈ​ច្បាប់​ស្ដីពី​ការ​ជ្រើសតាំង​តំណាងរាស្ត្រ​ក៏​បាន​បើក​ផ្លូវ​ឲ្យ​ដាក់​ពាក្យ​លាឈប់​ពី​តួនាទី បើសិនជា​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នោះ។

លោក​ស្នើសុំ​ឲ្យ​លោក គឹម សុខ ពិនិត្យ​មើល​ច្បាប់​ឡើងវិញ មុន​នឹង​ធ្វើការ​រិះគន់​ខ្លួន ដោយ​ថា​កុំ​ធ្វើ​ជា​អ្នកវិភាគ​បែប​ស៊ី​អារម្មណ៍ ដោយ​ដឹង​ដែរ​ប៉ុន្តែ​ធ្វើ​មិន​ដឹង។

លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ជា​ឪពុក​លើក​បន្តុប​ឲ្យ​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី​រូប​នេះ​លើកឡើង​ថា ប្រសិនបើ​លោក គឹម សុខ នៅតែ​វិភាគ​បែប​នេះ​ទៀត នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ និង​តម្លៃ​របស់​ខ្លួន ព្រមទាំង​បាត់​ប្រជាប្រិយភាព ហើយ​ថែមទាំង​មាន​បាប​ទៀត ដោយសារ​ការ​និយាយ​មិន​ពិត។

ទោះជា​បែប​នេះ​ក្តី អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ កាលពី​ថ្ងៃទី​២៧ ខែ​មករា បាន​បង្ហោះ​វីដេអូ​ឃ្លីប​រយៈពេល​ជាង ៨​នាទី ដោយ​និយាយ​ថា ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​រឿង​ខុស​ច្បាប់ ហើយ​បក្ស​ប្រជាជន​កម្ពុជា​គួរ​ត្រូវ​រំលាយ​ចេញ​ផង​ដែរ។

មូលហេតុ​ដែល​លោក​លើកឡើង​ដូច្នេះ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន បាន​ដឹង និង​យល់​ច្បាស់​ពី​ច្បាប់ ប៉ុន្តែ​បែរ​ជា​បំពាន និង​រំលោភ​ច្បាប់​ធ្ងន់ធ្ងរ។ លោក គឹម សុខ លើកឡើង​ថា ត្បិត​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មាត្រា​១៥ អនុញ្ញាត​ឲ្យ​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ អាច​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ណា​មួយ​ក៏​បាន​ពិត​មែន ប៉ុន្តែ​ច្បាប់​នេះ​ក៏​បាន​ហាម​មន្ត្រី​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ដែរ។

លោក​ថា លោក ហ៊ុន ម៉ាណែត កំពុង​ដឹកនាំ​សកម្មភាព​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បាន​រៀបចំ​ផែនការ និង​យុទ្ធសាស្ត្រ​ទាំង​ដែល​ខ្លួន​នៅ​កាន់​តួនាទី​ជា​មេទ័ព​ជើងគោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស