29 C
Phnom Penh

បទ​អត្ថាធិប្បាយ៖ មេដឹកនាំ​ផ្ដាច់ការ​មួយ​ចំនួន​ក្នុង​អាស៊ាន​ចាត់ទុក​រដ្ឋធម្មនុញ្ញ​ជា​ឧបករណ៍​ពង្រឹង​អំណាច​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មាន ១០​ប្រទេស។ ក្នុង​ចំណោម​ប្រទេស​ទាំង ១០ នេះ មាន​ប្រទេស​ប្រកាន់​របប​កុម្មុយនីស្ត គឺ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ។ ក្រៅពី​ប្រទេស​ពីរ​នេះ សុទ្ធតែ​ប្រកាស​ប្រកាន់​របប​សេរី​ប្រជាធិបតេយ្យ​ពហុ​បក្ស ដោយ​មាន​រដ្ឋធម្មនុញ្ញ​ជា​ត្រីវិស័យ​ចង្អុល​ផ្លូវ​ឱ្យ​ដើរ។

យ៉ាងណា ប្រទេស​មួយ​ចំនួន​ទោះ​ជា​ប្រកាន់​របប​ប្រជាធិបតេយ្យ​ក៏ដោយ ក៏​ពុំ​មាន​គោលការណ៍​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​ពិតៗ​នោះ​ទេ។

មេដឹកនាំ​ប្រទេស​នោះ​ចាត់ទុក​រដ្ឋធម្មនុញ្ញ​គ្រាន់តែ​ឧបករណ៍​នយោបាយ​របស់​ខ្លួន​តែប៉ុណ្ណោះ។ គេ​ថា​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​នីតិរដ្ឋ ត្រូវ​ដើរ​ស្រប​គ្នា តែ​មេដឹកនាំ​ដែល​មាន​ចរិត​ផ្ដាច់ការ ពុំ​ដែល​គិត​ថា​រដ្ឋធម្មនុញ្ញ​ជា​មាគ៌ា​របស់​ខ្លួន​នោះ​ទេ។ គេ​ចង់​កែ គេ​ចង់​រុះរើ​នៅ​ពេល​ណា​ក៏​បាន ទៅ​តាម​កាលៈទេសៈ និង​តម្រូវ​តាម​មហិច្ឆតា​ដើម្បី​អំណាច និង​ដើម្បី​បក្សពួក​របស់​ខ្លួន​មាន​អំណាច​កាន់តែ​រឹងមាំ និង​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត។

បើ​ខ្លួន​គេ​ចុះ​ចេញពី​អំណាច គឺ​គេ​រក​រូបមន្ត​មួយ​ដោយ​ធ្វើការ​រុះរើ​មាត្រា ដើម្បី​ឱ្យ​ស្រប​តាម​ពេលវេលា និង​ស្ថានភាព​នយោបាយ ហើយ​ការ​រុះរើ​រដ្ឋធម្មនុញ្ញ​នេះ​ទៀតសោត ដើម្បី​ទប់ទល់​កម្លាំង​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា។ ជាក់ស្ដែង គេ​ឃើញ​ប្រទេស​ពីរ​ក្នុង​សមាគម​នេះ​ដែល​តែង​រុះរើ​រដ្ឋធម្មនុញ្ញ ឬ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ។

ក្រោយពី​រដ្ឋប្រហារ​នៅ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤ ទម្លាក់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​នៃ​គណបក្ស​ភឿថៃ ពួក​យោធា​ថៃ​ដឹកនាំ​ដោយ​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាន​រំលាយ​រដ្ឋធម្មនុញ្ញ​របស់​សភា​អាណត្តិ​មុន​ដោយ​រៀបរៀង​ឡើងវិញ។

រដ្ឋធម្មនុញ្ញ​នេះ​បាន​រៀបរៀង​ហើយ​នៅ​ឆ្នាំ​២០១៧ តែ​រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ចាត់ទុក​ថា​មិន​បាន​ឆ្លើយតប​ទៅ​នឹង​ប្រទេស​ដែល​អនុវត្ត​របប​រាជា​និយម​ប្រជាធិបតេយ្យ ដោយ​មិន​បាន​ចាត់ទុក​ឆន្ទៈ​រាស្ត្រ​ជា​ម្ចាស់​ឆ្នោត​ពិតប្រាកដ​របស់​ខ្លួន​នោះ​ទេ។

អ្នក​ច្បាប់ និង​អ្នក​ប្រជាធិបតេយ្យ​បាន​រក​ឃើញ​មាត្រា​ដែល​បង្កើត​ឱ្យ​មាន​ស្ថាប័ន​ព្រឹទ្ធសភា​មាន​សមាជិក ២៥០​រូប ដោយ​ពុំ​បាច់​ឆ្លងកាត់​ការ​បោះឆ្នោត​ពី​រាស្ត្រ ហើយ​បែរ​ជា​ផ្ដល់​សិទ្ធិ និង​បុព្វសិទ្ធិ​ចូល​ទៅ​អង្គុយ​ក្នុង​រដ្ឋសភា​ចាំ​អនុម័ត​ជ្រើសតាំង​អ្នក​នយោបាយ​ម្នាក់​ឱ្យ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ជា​ការ​ផ្ទុយ​ទាំងស្រុង​នូវ​គោលការណ៍​ប្រជាធិបតេយ្យ ដោយសារ​ក្រុម​ព្រឹទ្ធសភា​របស់​រាជាណាចក្រ​នេះ​ដែល​រាស្ត្រ​មិន​បាន​បោះឆ្នោត​ឱ្យ​ផង​នោះ បែរ​ជា​មាន​សិទ្ធិ​មក​ចូលរួម​បោះឆ្នោត​អនុម័ត​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​រដ្ឋសភា ៥០០​រូប​ដែល​បាន​ជាប់​ឆ្នោត​ចេញពី​ឆន្ទៈ​របស់​ប្រជាជន​ទៅវិញ។

មក​ដល់​ពេលនេះ នាយករដ្ឋមន្ត្រី​ថៃ​ដែល​មិន​បាន​ឈ្នះ​ដាច់​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​មីនា ឆ្នាំ​២០១៩ គឺ​លោក​ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ដែល​ជា​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ រូប​នេះ​ហើយ​បាន​តោង​អំណាច​នាយករដ្ឋមន្ត្រី​មក​ដល់​សព្វថ្ងៃ​បាន ដោយសារ​តែ​ស្ថាប័ន​ព្រឹទ្ធសភា​ជា​ក្រុម​បក្ខពួក​របស់​លោក បាន​ទៅ​បង្គ្រប់​សំឡេង​ឱ្យ​លោក​បាន​តោង​អំណាច​នាយករដ្ឋមន្ត្រី​រយៈពេល​ប្រាំ​ឆ្នាំ។

បច្ចុប្បន្ន រាជាណាចក្រ​នេះ​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ការ​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​ទៀត​នៅ​ក្នុង​ខែ​ឧសភា ដែល​លោក ប្រាយុទ្ធ មាន​បំណង​ចង់​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ម្ដង​ទៀត។ តែ​យ៉ាងណា ក្រុម​អ្នក​ប្រជាធិបតេយ្យ​កំពុង​តែ​បង្ខំ​ឱ្យ​សភា​បក្ស​កាន់​អំណាច​រុះរើ​ស្ថាប័ន​ព្រឹទ្ធសភា​នេះ​ឡើងវិញ ដោយ​ត្រូវ​ឱ្យ​បេក្ខជន​ថ្មី​ទាំងអស់​របស់​ស្ថាប័ន​នេះ ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​ចេញពី​ប្រជាជន​នៅ​ក្នុង​ពេលវេលា​ជាមួយ​គ្នា​នៃ​ការ​បោះឆ្នោត​សមាជិក​សភា ៥០០​រូប។

ចំណែក​ក្រុម​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ បាន​កំពុងតែ​ដាក់​សម្ពាធ​ទៅ​លើ​សមាជិក​សភា​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ឲ្យ​ប្រញាប់​រុះរើ​ស្ថាប័ន​នេះ​ចោល​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់ ដោយ​ពួកគេ​ចាត់ទុក​ថា​វា​ជា​ឧបករណ៍​របស់​លោក ប្រាយុទ្ធ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​លោក ប្រាយុទ្ធ ឆក់​យក​អំណាច​បាន​ម្ដង​ទៀត​តែប៉ុណ្ណោះ។

បើ​និយាយ​ពី​រដ្ឋធម្មនុញ្ញ​ដែល​ជា​គោលការណ៍​គ្រឹះ​នៃ​ការ​ទ្រទ្រង់​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ គេ​ត្រូវ​សម្លឹង​ទៅ​រក​រាជាណាចក្រ​មួយ​ទៀត​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ គឺ​កម្ពុជា។

រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត គឺ​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩៣។ អ្នក​តាក់តែង​រដ្ឋធម្មនុញ្ញ​នេះ​កើត​ចេញពី​កម្លាំង​អ្នក​តស៊ូ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​វៀតណាម និង​អ្នក​ប្រជាធិបតេយ្យ ហើយ​ក៏​រួម​ចំណែក​ផង​ដែរ​ដោយ​អ្នក​ច្បាប់​ជា​កម្មាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​ធ្វើឡើង​ក្នុង​អំឡុង​អង្គការ​សហប្រជាជាតិ​ជួយ​រៀបចំ​ការ​បោះឆ្នោត​ជា​លើកដំបូង​នោះ គឺ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​កម្ពុជា ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​អាស្រ័យ​រដ្ឋធម្មនុញ្ញ។

រដ្ឋធម្មនុញ្ញ​នេះ​លើក​តម្កើង​សិទ្ធិ​ពលរដ្ឋ សេរីភាព​ពលរដ្ឋ និង​សេរីភាព​ខាង​នយោបាយ ហើយ​ក៏​ចាត់ទុក​ព្រះមហាក្សត្រ​ជា​និមិត្តរូប​នៃ​ការ​ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ បង្រួបបង្រួម​ជាតិ និង​អធិបតេយ្យ​ជាតិ។

តែ​រដ្ឋធម្មនុញ្ញ​របស់​រាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​បក្ស​កាន់​អំណាច​បច្ចុប្បន្ន​នេះ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង លោក ហ៊ុន សែន បាន​រុះរើ ឬ​ធ្វើ​វិសោធនកម្ម​មិន​តិច​ជាង ១០​ដង​នោះ​ទេ។

ការ​រុះរើ​មាត្រា​ដែល​ពាក់ព័ន្ធ គឺ​សុទ្ធសឹងតែ​តម្រូវ​ចិត្ត​ទៅ​តាម​ពេលវេលា និង​កាលៈទេសៈ​របស់​បក្ស​កាន់​អំណាច ជាពិសេស​ទៅ​តាម​មហិច្ឆតា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ជាក់ស្ដែង ចុងក្រោយ​នេះ​មាន​ការ​រុះរើ​រដ្ឋធម្មនុញ្ញ​ទ្រង់ទ្រាយ​ធំ​មួយ​លើក​ទៀត​ដោយ​ផ្ដើម​ចេញពី​លោក ហ៊ុន សែន និង​ក្រុម​របស់​លោក ដោយ​មើល​ឃើញ​ពី​ភាព​ផុយ​ស្រួយ​នៃ​ការ​បែកបាក់​សម្ពន្ធភាព​ក្នុង​បក្ស​ប្រជាជន​កម្ពុជា លោក​ក៏​បាន​រុញ​ឲ្យ​អ្នក​ច្បាប់​កែប្រែ​មាត្រា​មួយ​ចំនួន​ធ្វើ​យ៉ាង​ណា​ឲ្យ​បេក្ខជន​មួយ​រូប​ដែល​មកពី​គណបក្ស​មាន​សំឡេង​ឆ្នោត​ច្រើន​ជាងគេ​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​ប្រជាជន គឺ​បក្ស​នោះ​ត្រូវតែ​មាន​សិទ្ធិ​យក​បេក្ខភាព​របស់​នាយករដ្ឋមន្ត្រី​ទៅ​សុំ​ការ​យល់ព្រម​ពី​ព្រះមហាក្សត្រ​ឲ្យ​មក​បង្កើត​គណៈរដ្ឋមន្ដ្រី​ថ្មី។

ការ​រុះរើ​មួយ​ទៀត​នោះ ត្រូវ​គេ​មើល​ឃើញ​ថា កាត់បន្ថយ​អំណាច​របស់​សមាជិក​សភា ដោយ​តម្រូវ​ឱ្យ​មាន​សមាជិក​សភា​រហូត​ដល់​ជាង ៤០​រូប​ទើប​ធ្វើ​ញត្តិ​ស្ដីបន្ទោស​ទៅ​រដ្ឋាភិបាល​បាន ឬ​ក៏​កោះហៅ​រដ្ឋមន្ត្រី​ណា​ម្នាក់​មក​ឆ្លើយ​បំភ្លឺ​ជុំវិញ​ស្ថានភាព និង​ការ​ដឹកនាំ​របស់​រដ្ឋមន្ត្រី​នោះ។

អ្នកជំនាញ​ច្បាប់​មើល​ឃើញ​ថា នេះ​ជា​ចំណុច​នៃ​ការ​រុះរើ​ធម្មនុញ្ញ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្មារតី​របស់​រដ្ឋធម្មនុញ្ញ ដែល​ចែង​អំពី​សិទ្ធិ​អំណាច​របស់​សមាជិក​សភា​ក្នុង​ការ​ជ្រើសតាំង​បេក្ខភាព​នាយករដ្ឋមន្ត្រី និង​ធ្វើ​ញត្តិ​បន្ទោស ឬ​ទម្លាក់​គណៈរដ្ឋមន្ដ្រី​ដែល​មាន​កំហុស។

ប៉ុន្តែ​អ្នក​សង្កេតការណ៍​មួយ​ចំនួន​មើល​ឃើញ​ថា បក្ស​កាន់​អំណាច​ដែល​រុះរើ​ធម្មនុញ្ញ​ពាក់ព័ន្ធ​ត្រង់​ចំណុច​នេះ គឺជា​ប្រយោជន៍​មួយ​ដ៏​សំខាន់​ទប់ទល់​កម្លាំង​គណបក្ស​ប្រឆាំង ដែល​អាច​រក​សំឡេង​ខ្លាំង​រួម​គ្នា​មួយ​នៅ​ក្នុង​រដ្ឋសភា​ដើម្បី​ផ្ដួល​បក្ស​កាន់​អំណាច។

គេ​សង្កេត​ឃើញ​ប្រទេស​ពីរ​ក្នុង​សមាគម​អាស៊ាន​នេះ គឺ​មេដឹកនាំ​របស់​ប្រទេស​ទាំង​ពីរ​នេះ​មាន​ចរិត​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា មាន​ល្បិច​យុទ្ធសាស្ត្រ​អាក្រក់​ដូច​គ្នា គឺ​ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន និង​បក្សពួក​ខ្លួន​តែប៉ុណ្ណោះ។

យ៉ាងណា កាលៈទេសៈ​នេះ​ប្រទេស​មួយ​ដែល​ជា​សមាជិក​អាស៊ាន​ផង ក៏​មាន​រដ្ឋធម្មនុញ្ញ​ចែង​អំពី​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​របប​សេរី​ពហុ​បក្ស​ផង​ដែរ តែ​ទីបំផុត ប្រទេស​នេះ​ធ្លាក់​ក្នុង​របប​សឹក​ទៅ​ហើយ គឺ​ប្រទេស​ភូមា។

ពួក​យោធា​សន្យា​ថា​នឹង​បោះឆ្នោត​សមាជិក​សភា​ឡើងវិញ គឺ​យ៉ាង​យូរ​នៅ​ចុង​ឆ្នាំ​២០២៣ នេះ ប៉ុន្តែ​ស្ថាប័ន​បោះឆ្នោត​របស់​ប្រទេស​នេះ គឺជា​ឧបករណ៍​របស់​ពួក​យោធា ហើយ​ក៏​មិន​ខុស​អ្វី​ទៅ​នឹង​ស្ថាប័ន​បោះឆ្នោត​នៅ​កម្ពុជា ដែល​ត្រូវ​បាន​កម្លាំង​ប្រឆាំង​ចាត់ទុក​ថា​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច​ដដែល​នោះ​ទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស