29.3 C
Phnom Penh

ក្រុម​តស៊ូ​មតិ៖ កម្ពុជា​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​តែងតាំង​មន្ត្រី​កងទ័ព​ធ្វើ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ អះអាង​ថា​លោក​នឹង​លាឈប់​ពី​ការងារ​ជា​អ្នកវិភាគ​នយោបាយ បើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បង្ហាញ​ថា កម្ពុជា​មាន​ច្បាប់​ចែង​អនុញ្ញាត​ឱ្យ​តែងតាំង​មន្ត្រី​កងកម្លាំង​នៃ​កងយោធពល​ខេមរភូមិន្ទ​ឱ្យ​ធ្វើ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​នយោបាយ​ណា​មួយ។

លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​៣១ មករា ថា គ្មាន​ច្បាប់​ណា​មួយ​របស់​ប្រទេស​កម្ពុជា ដូចជា​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​សូម្បីតែ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​ក៏ដោយ បាន​ចែង​អនុញ្ញាត​ឱ្យ​តែងតាំង​មន្ត្រី​កងកម្លាំង​នៃ​កងយោធពល​ខេមរភូមិន្ទ​ឱ្យ​កាន់​តួនាទី​នយោបាយ​ជាន់ខ្ពស់​នៃ​គណបក្ស​ណា​មួយ​នោះ​ទេ។

លោក​បន្ថែម​ថា ដូច្នេះ​ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ឬ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​អនាគត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ដែល​ខ្លួន​កំពុង​កាន់​តំណែង​ជា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​សព្វថ្ងៃ​នេះ គឺជា​ការ​រំលោភ​បំពាន​ច្បាប់​របស់​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​លើកឡើង​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត និង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​កងយោធពល​ខេមរភូមិន្ទ​ក៏ដោយ ចែង​ត្រឹមតែ​ថា មន្ត្រី​កងកម្លាំង​នៃ​កងយោធពល​ខេមរភូមិន្ទ​អាច​ចូល​ត្រឹមតែ​ជា​សមាជិក​គណបក្ស​នយោបាយ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត ប្រសិនបើ​ពួកគេ​ចង់​ធ្វើ​សកម្មភាព​ឃោសនា​គាំទ្រ​គណបក្ស​ណា​មួយ គឺ​ត្រូវ​ធ្វើ​សកម្មភាព​នៅ​ពេល គ.ជ.ប បើក​ឱ្យ​មាន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​នៅ​ក្រៅ​ម៉ោង​ធ្វើ​ការងារ​រដ្ឋ​ប៉ុណ្ណោះ។

លោក គឹម សុខ រិះគន់​ថា ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​អនាគត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ការ​រំលោភ​ច្បាប់​រួច​ទៅ​ហើយ ប៉ុន្តែ​ការ​យក​វេទិកា​នានា​ក្នុង​នាម​ខ្លួន​ជា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ឃោសនា​នយោបាយ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មុន​យុទ្ធនាការ​បោះឆ្នោត​ដូច​សព្វថ្ងៃ​នេះ គឺជា​ទង្វើ​ដែល​កាន់តែ​រំលោភ​ច្បាប់​ថែម​មួយ​កម្រិត​ទៀត។

កាលពី​ទី​៣០ ខែ​មករា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត យល់ស្រប​ថា មាត្រា​១៥ នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បាន​ចែង​ថា កងយោធពល​ខេមរភូមិន្ទ និង​កងកម្លាំង​នគរបាល​ជាតិ​នានា​អាច​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ​បាន តែ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ប្រឆាំង ឬ​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ​ពិតប្រាកដ​មែន។

ប៉ុន្តែ​អនាគត​បេក្ខភាព​នាយករដ្ឋមន្ត្រី​បក្ស​កាន់​អំណាច​រូប​នេះ​បកស្រាយ​ថា បើ​យោង​តាម​មាត្រា​៨៣ នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បាន​បើក​ច្រក​សម្រាប់​ច្បាប់​ខាងលើ​ដែល​ចែង​ថា បន្ទាប់ពី​បញ្ចប់​ម៉ោង​ធ្វើការ ឬ​ស្ថិត​នៅ​ក្រៅ​ម៉ោង​ការងារ ឬ​មិន​ស្ថិត​នៅ​ក្នុង​ម៉ោង​បំពេញ​ការងារ កងយោធពល​ខេមរភូមិន្ទ និង​មន្ត្រី​នគរបាល​ជាតិ ជាដើម អាច​ចូលរួម​ក្នុង​សកម្មភាព​ឃោសនា​គាំទ្រ​ចំពោះ​គណបក្ស​នយោបាយ​ណា​មួយ​បាន ដូច្នេះ​លោក​បញ្ជាក់​ថា ដោយ​យោង​ខ្លឹមសារ​ច្បាប់​នេះ លោក​មិន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ទាំងអស់។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ប្រើ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​មន្ត្រី​រាជការ ជាពិសេស​ក្នុង​នាម​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក ឃោសនា​នយោបាយ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មុន​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មក​ដល់​ដូច​ដែល​លោក ហ៊ុន ម៉ាណែត ធ្វើ​កន្លងមក​នេះ គឺជា​ការ​រំលោភ​លើ​ច្បាប់​នានា និង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ជាក់ស្តែង ក្នុង​រយៈពេល​ចុងក្រោយ​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា លោក ហ៊ុន ម៉ាណែត បាន​យក​វេទិកា​សាធារណៈ​ដែល​ត្រូវ​ធ្វើឡើង​ក្នុង​តួនាទី​មន្ត្រី​រាជការ​របស់​ខ្លួន ឃោសនា​នយោបាយ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ជាបន្តបន្ទាប់ ដែល​បញ្ហា​នេះ​ត្រូវ​គេ​រិះគន់​ថា បក្ស​កាន់​អំណាច​បាន​កេង​ចំណេញ​នយោបាយ​គ្រប់​រូបភាព​ដើម្បី​ឈ្នះ​ឆ្នោត ទោះ​សកម្មភាព​ទាំងនោះ​រំលោភ​បំពាន​លើ​ច្បាប់​ក៏ដោយ។

មាត្រា​១៥ នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បាន​ចែង​ថា កងយោធពល​ខេមរភូមិន្ទ និង​កងកម្លាំង​នគរបាល​ជាតិ​នានា អាច​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ​បាន តែ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ប្រឆាំង ឬ​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស