32.5 C
Phnom Penh

វៀតណាម​ឃ្វាល​គោ​ក្របី​ចូល​ទឹកដី​ខ្មែរ ប៉ុន្តែ​អាជ្ញាធរ​ថា​ដោយសារ​ដី​វៀតណាម​ចង្អៀត​ពេក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ឃុំ​គ្រួស ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង អះអាង​ថា អាជ្ញាធរ​មិន​អើពើ​នឹង​ការ​ឆ្លងដែន​របស់​ជនជាតិ​វៀតណាម ដែល​យក​គោ​ក្របី​របស់​ពួកគេ​មក​ឃ្វាល​នៅ​លើ​ទឹកដី​ខ្មែរ​នោះ​ឡើយ ខណៈ​អាជ្ញាធរ​ខ្មែរ​នៅ​ទីនោះ​អះអាង​ថា ដោយសារតែ​ដី​ខាង​ជនជាតិ​វៀតណាម​ចង្អៀត​ពេក។

ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ឃុំ​គ្រួស ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពលរដ្ឋ​វៀតណាម​បាន​នាំគ្នា​យក​គោ​ក្របី​របស់​ពួកគេ​មក​ឃ្វាល​នៅ​លើ​ដី​ខ្មែរ​រាប់​សិប​ក្បាល​ជា​រៀងរាល់​ថ្ងៃ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​វិញ​មិន​អាច​លែង​គោ​ក្របី​របស់​ខ្លួន​ឱ្យ​ចូល​ទៅ​ស៊ី​ស្មៅ​នៅ​ក្នុង​ទឹកដី​វៀតណាម​បាន​ឡើយ។ លើស​ពី​នេះ មាន​តែ​ខាង​វៀតណាម​ចាប់​យក​គោ​ក្របី​របស់​ពួកគេ​ទៅវិញ។

ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​អះអាង​ថា ពួកគេ​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ដែរ ដូចជា​ខាង​ប៉ុស្តិ៍​នគរបាល​ឃុំ​គ្រួស និង​មេឃុំ​គ្រួស​ជាដើម ប៉ុន្តែ​ពួកគេ​តែង​ឆ្លើយ​ថា​ជាប់​រវល់ និង​គ្មាន​ពេល​មក​មើល​គោ​ក្របី​របស់​វៀតណាម​ឆ្លង​ចូល​មក​ទឹកដី​ខ្មែរ​នោះ​ទេ។

ប្រភព​ដដែល​បញ្ជាក់​ថា គោ​ក្របី​វៀតណាម​ដែល​តែងតែ​ត្រូវ​លែង​ឱ្យ​ចូល​មក​ស៊ី​ស្មៅ​ក្នុង​ទឹកដី​ខ្មែរ​នោះ បាន​បំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ថែម​ទៀត។ ក្រៅពី​នេះ ប្រសិនបើ​គោ ឬ​ក្របី​របស់​ពលរដ្ឋ​ខ្មែរ​ណា​ដើរ​ចូល​ហ្វូង​គោ​ក្របី​របស់​ជនជាតិ​វៀតណាម​ទាំងនោះ គឺ​ពួកគេ​កៀង​យក​ទៅ​ទាំងអស់​តែម្តង មិន​អាច​តវ៉ា​យក​មក​វិញ​បាន​ឡើយ។

សមត្ថកិច្ច​ឃុំ​គ្រួស អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ជនជាតិ​វៀតណាម​ដែល​យក​គោ​ក្របី​មក​ឃ្វាល​ក្នុង​ទឹកដី​ខ្មែរ​បែប​នេះ គឺជា​រឿង​ធម្មតា​ប៉ុណ្ណោះ ព្រោះ​ដី​នៅ​ខាង​វៀតណាម​ចង្អៀត​ជាង​ដី​ខ្មែរ ដូច្នេះ​ការ​លែង​គោ​ក្របី​ចូល​មក​ទឹកដី​ខ្មែរ​ពី​សំណាក់​ជនជាតិ​វៀតណាម​ទាំងនោះ គឺជា​ការ​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅមក ហើយ​មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ​កន្លងមក។

ករណី​វៀតណាម​ឆ្លង​ចូល​ទឹកដី​ខ្មែរ​ដោយ​គ្មាន​ការ​អើពើ​ពី​អាជ្ញាធរ​នេះ ក៏​ធ្លាប់​មាន​ករណី​ស្រដៀង​គ្នា​ម្តង​រួច​មក​ហើយ​កាលពី​ចុង​ឆ្នាំ​២០២២ ដែល​បាន​កើតឡើង​នៅ​ឃុំ​បាសាក់ ស្រុក​ស្វាយជ្រុំ ដដែល ក្នុង​ខេត្ត​ស្វាយរៀង នេះ គឺ​ជនជាតិ​វៀតណាម​រាប់​សិប​នាក់​តែង​នាំគ្នា​ចូល​នេសាទ​ខុស​ច្បាប់​ដោយ​ប្រើ​ឧបករណ៍​ឆក់​ត្រជាក់ ឬ​យាំងកាវ ដែល​មាន​ប្រវែង​រាប់​រយ​ម៉ែត្រ ដោយ​គ្មាន​ការ​អើពើ​ពី​អាជ្ញាធរ​ខ្មែរ​ឡើយ។

យ៉ាងណា​ក៏ដោយ បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ព្រោងព្រាត ទើប​អាជ្ញាធរ​ចុះ​អន្តរាគមន៍​លើ​ករណី​នេះ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង បាន​ត្រឹម​សំណូមពរ​ដល់​អាជ្ញាធរ​វៀតណាម​កុំ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទៅ​នេសាទ​ត្រី​លើ​ទឹកដី​ខ្មែរ​ប៉ុណ្ណោះ ហើយ​ពួកគេ​ក៏​មិន​បាន​ចាត់​វិធានការ​ច្បាប់​ណា​មួយ​លើ​ជនជាតិ​វៀតណាម​ទាំងនោះ​ដែរ។

ខេត្ត​ស្វាយរៀង ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​រាជធានី​ភ្នំពេញ មាន​ព្រំប្រទល់​ខាងលិច​និង​ខាងជើង​ទល់​នឹង​ខេត្ត​ព្រៃវែង ខាងកើត​និង​ខាងត្បូង ទល់​នឹង​ខេត្ត​តៃនីញ អតីត​ខេត្ត​រោងដំរី ក្នុង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម និង​ខេត្ត​ឡុងអាន ប្រទេស​វៀតណាម ដែល​មាន​ប្រវែង​ប្រមាណ ២៥៨​គីឡូម៉ែត្រ។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក ពេជ្រ វីរៈ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស