29 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ចិន-ឡាវ-វៀតណាម​ដើម្បី​ផែនការ​ផ្ទេរ​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន ឡាវ និង​វៀតណាម នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ គឺ​ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​មេដឹកនាំ​ទាំងនោះ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​បន្ត​ពី​ខ្លួន​តែប៉ុណ្ណោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ កុម្ភៈ នេះ​ថា ចាប់តាំងពី​លោក ហ៊ុន សែន ប្រកាស​តែងតាំង​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មក ទាំង​វៀតណាម ទាំង​ចិន នៅ​មិនទាន់​បង្ហាញ​ជំហរ​ជាក់លាក់​ណា​មួយ​ចំពោះ​ការ​គាំទ្រ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេ។ ដូច្នេះ ដើម្បី​ធានា​នូវ​ការ​ផ្ទេរ​អំណាច​នៅ​ពេល​ខាងមុខ​នេះ​ប្រកប​ដោយ​សុវត្ថិភាព លោក ហ៊ុន សែន ត្រូវតែ​ប្រឹង​បញ្ចុះបញ្ចូល​មេដឹកនាំ​នៃ​ប្រទេស​ទាំងនោះ​ឱ្យ​គាំទ្រ​កូនប្រុស​របស់​គាត់​ឱ្យ​បាន​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

លោក ម៉ែន ណាត លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ដែល​វៀតណាម​បាន​បង្កើត​ឡើង ដូច្នេះ​នៅ​ក្នុង​ជួរ​គណបក្ស​នេះ​ក៏​មាន​មន្ត្រី​ដែល​ស្មោះស្ម័គ្រ​នឹង​វៀតណាម​ដែរ ស្រប​ពេល​ដែល​លោក ហ៊ុន សែន កំពុង​ងាករេ​ទៅ​រក​ចិន ជា​ខ្នង​បង្អែក​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ ប៉ុន្តែ​វៀតណាម ក៏​មិន​អាច​ជំទាស់​នឹង​លោក ហ៊ុន សែន ដែល​កំពុង​ផ្ចុងផ្ដើម​លោក ហ៊ុន ម៉ាណែត ឱ្យ​ស្នង​អំណាច​ពី​ខ្លួន​ដែរ ដើម្បី​កុំ​ឱ្យ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ការ​បែកបាក់ ដែល​នាំ​ឱ្យ​ខូចខាត​ប្រយោជន៍​វៀតណាម​ទៅ​ថ្ងៃ​មុខ ដូច្នេះ​ពួកគេ​នៅតែ​រង់ចាំ​មើល​សមត្ថភាព​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ ថា​តើ​បេក្ខភាព​មួយ​នេះ​អាច​គ្រប់គ្រង​អំណាច​ដែល​ឪពុក​ផ្ទេរ​ឱ្យ​បាន​កម្រិត​ណា និង​អាច​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​វៀតណាម​កម្រិត​ណា​នោះ។

កាលពី​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​វៀតណាម លោក ង្វៀន ហ្វូជុង នៅ​ទីក្រុង​ហាណូយ ដើម្បី​បង្កើន​នូវ​ទំនាក់ទំនង​បន្ថែម​ទៀត​នៃ​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ រឹងមាំ ស្ថិរភាព​យូរ​អង្វែង​រវាង​គណបក្ស រដ្ឋ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ លើកឡើង​ថា ភាគី​ទាំង​ពីរ​បាន​ធ្វើ​របាយការណ៍​ជូន​គ្នា​ទៅវិញ​ទៅមក ជាពិសេស​លទ្ធផល​នៃ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​គណបក្ស និង​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​នោះ​ភាគី​ទាំង​ពីរ​ក៏​បន្ត​បញ្ជាក់​ពី​ទំនាក់ទំនង​មិត្តភាព​ក្នុង​ការ​ជួយ​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ។ លើស​ពី​នេះ មេដឹកនាំ​កម្ពុជា និង​វៀតណាម ក៏​បាន​ឯកភាព​គ្នា​លើ​ទំនាក់ទំនង​នយោបាយ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។

ទំនាក់ទំនង​កម្ពុជា-វៀតណាម ចាប់តាំងពី​ឆ្នាំ​១៩៨៥ ដែល​កងទ័ព​វៀតណាម​បាន​លើក​បន្តុប​មេដឹកនាំ​ខ្មែរ គឺ​លោក ហ៊ុន សែន ឱ្យ​ធ្វើ​នាយករដ្ឋមន្ត្រី​មក ត្រូវ​គេ​មើល​ឃើញ​ថា រាល់​ជំនួប​ទាំងអស់​គ្មាន​អ្វី​ក្រៅពី​ការ​ចរចា និង​រក​ល្បិច​បើក​ផ្លូវ​ឱ្យ​វៀតណាម ឈ្លានពាន​កម្ពុជា​នោះ​ទេ ខណៈ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ក៏​មិន​ដែល​បដិសេធ​រាល់​សំណើ​ក្នុង​ចេតនា​ឈ្លានពាន​របស់​មេដឹកនាំ​វៀតណាម​នោះ​ដែរ ជា​ថ្នូរ​ដើម្បី​ឲ្យ​ប្រទេស​ជិតខាង​មួយ​នេះ​គាំទ្រ​កូនប្រុស​របស់​ខ្លួន​ឡើង​កាន់​អំណាច​បន្ត​ពី​ខ្លួន​ទៅ​ថ្ងៃ​មុខ។

ជាក់ស្តែង កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ បាន​សុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​មក​ជា​ការ​រស់នៅ​ដោយ​ស្រប​ច្បាប់​វិញ ខណៈ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បាន​យល់ព្រម​នឹង​សំណើ​នេះ​ទាំងស្រុង។

ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្ដី​ជូនដំណឹង​កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២២ ស្ដីពី​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ឱ្យ​ជនបរទេស​អន្តោប្រវេសន៍​នៅ​កម្ពុជា ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ជនអន្តោប្រវេសន៍​ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ច្រើន​លើសលប់​សព្វថ្ងៃ​នេះ គឺ​មាន​តែ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស